យន្តហោះចិន​ដឹក​អ្នកដំណើរ​១២៣នាក់​ធ្លាក់​នៅ​តំបន់​ក្វាងស៊ី​ភាគខាងត្បូង

បំណែកយន្តហោះក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines ជើងហោះហើរលេខ MU5735 ដែលត្រូវបានចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Xin Hau នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។

យោងតាមរដ្ឋបាល​អាកាសចរណ៍ស៊ី​វិលចិន (CAAC) បានឱ្យដឹងថា យន្ត​ហោះ​មួយ​គ្រឿង​ផ្ទុក​មនុស្សសរុប​ចំនួន១៣២នាក់ របស់​​ក្រុម​ហ៊ុន​​អាកាសចរណ៍​​ចិន China Eastern Airlines បានធ្លាក់នៅតំបន់ភ្នំ ក្នុង​តំបន់​ក្វាង​ស៊ី (Guangxi) ភាគខាងត្បូងប្រទេសចិន កាលពីរសៀលថ្ងៃចន្ទ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន CNN

រដ្ឋបាលអាកាសចរណ៍ស៊ីវិលចិន បានបន្តឱ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា យន្តហោះ​របស់​ក្រុម​ហ៊ុនដែល​ជា​ប្រភេទ​ប៊ូអ៊ីង​ 737 (Boeing 737) នេះ ត្រូវបានគេដឹងថាមានគោលដៅធ្វើដំណើរចេញពីទីក្រុងឃុនមីង (Kunming) ភាគនិរតី ឆ្ពោះទៅកាន់ទីក្រុងក្វាងចូវ (Guangzhou) និងបានបាត់ការទាក់ទងនៅពេលដែលចូលមកដល់ទីក្រុង​ វូចូវ (Wuzhou) ដោយនៅលើយន្តហោះនោះមានអ្នកដំណើរសរុបចំនួន១២៣នាក់ រួមនឹងបុគ្គលិកបម្រើការលើយន្តហោះចំនួន៩នាក់ផ្សេងទៀត។

ទាក់ទិននឹងករណីនេះ ក្រុមហ៊ុន​អាកាសចរណ៍​ China Eastern Airlines បានបញ្ជាក់​ថា ខ្លួន​បានដំណើរ​ការ​នីតិ​វិធី​សង្គ្រោះបន្ទាន់​នានា រួមទាំងខ្សែបណ្ដាញសម្រាប់សមាជិកគ្រួសាររបស់អ្នកដំណើរទាំង​ឡាយ​ផង​ដែរ ខណៈដែលកិច្ចខិតខំប្រឹងប្រែងក្នុងការជួយសង្គ្រោះកំពុងតែដំណើរការនៅកន្លែងកើតហេតុ។

ទោះជាយ៉ាងណា ព័ត៌មានលម្អិតអំពីមូលហេតុដែលបង្កឱ្យមានជាឧបទ្ទវហេតុនេះកើតឡើង និង​​ចំនួនអ្នក​ស្លាប់និងរបួស​ មិនទាន់ត្រូវបានបញ្ជាក់ឱ្យដឹងភ្លាមៗនោះទេ។

ជាមួយគ្នានេះ ក្រុមហ៊ុន​អាកាសចរណ៍​ចិននោះក៏បានចូលរួមរំលែកទុក្ខដល់ជនរងគ្រោះដែលបានស្លាប់ក្នុងឧបទ្ទវហេតុនេះផងដែរ ដោយមិនបានបញ្ជាក់ពីចំនួនអ្នកស្លាប់នោះទេ។

ក្រុមហ៊ុនបានឱ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ «មូលហេតុនៃការធ្លាក់យន្តហោះនេះកំពុងតែស្ថិតនៅក្រោមការស៊ើបអង្កេតនៅឡើយ។ ក្រុមហ៊ុនសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះអ្នកដំណើរនិងបុគ្គលិកបម្រើការលើយន្តហោះដែលបានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍ធ្លាក់យន្តហោះនេះ»។

ក្រុមហ៊ុនដដែលបន្ថែមថា ខ្លួនក៏កំពុងតែទាក់ទងជាមួយក្រុមប្រឹក្សាសុវត្ថិភាព​ដឹកជញ្ជូន​ជាតិ​​របស់​​អាមេរិក​ (NTSB) ខណៈដែលអ្នកជំនាញបច្ចេកទេសនានាត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមជាមួយ CAAC ក្នុងកិច្ចការស៊ើបអង្កេត។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនមួយបានរាយការណ៍ឱ្យដឹងដែរ​ថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង​ ក៏​បានណែនាំផ្នែកសង្គ្រោះបន្ទាន់របស់ប្រទេសនេះ​ ឱ្យរៀបចំប្រតិបត្តិការស្វែងរក​ជួយ​សង្គ្រោះ និង​កំណត់​អត្ត​សញ្ញាណ​ពីមូលហេតុនៃគ្រោះថ្នាក់នេះផងដែរ។

ប្រភពដដែលបន្តថា៖ «បន្ទាប់ពីទទួលបានដំណឹងនៃឧបទ្ទវហេតុនេះ លោកប្រធានាធិបតី ស៊ី ជីនពីង បានធ្វើការណែនាំភ្លាមៗ ឱ្យចាប់ផ្ដើមយន្តការសង្គ្រោះបន្ទាន់ រៀបចំប្រតិបត្តិការរុករក ជួយសង្គ្រោះ និងដោះស្រាយទៅតាមស្ថានការណ៍ជាក់ស្ដែង»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ