ក្រសួង​ព្រមាន​ពី​ការ​ឆ្លង​វីរុស​អូមីក្រុង​ក្នុង​ទ្រង់ទ្រាយធំ​ឡើងវិញ បើ​បុគ្គល​ម្នាក់ៗ​ធ្វេសប្រហែស​និង​ភ្លេចខ្លួន

រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានពាក់ព័ន្ធនឹងកូវីដ-១៩ ក្នុងថ្ងៃចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងដែលជាជំនួយពីចិន ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត (ពេទ្យរុស្ស៊ី)។ (ជន ចានរ៉ែន)

ក្រសួងសុខាភិបាលព្រមានជាថ្មីពីការឆ្លងរាលដាលជំងឺកូវីដ-១៩បំប្លែងថ្មីក្នុង​ទ្រង់​ទ្រាយ​ធំ​ឡើង​វិញ ​ប្រសិនបើមិនពង្រឹងវិធានការទប់ស្កាត់ ហើយ​​​​​ប្រជាពលរដ្ឋ​មានការធ្វេសប្រហែស មិនចូលរួម​អនុវត្តវិធានការ​សុខា​ភិបាល​ឱ្យបានត្រឹមត្រូវនិងហ្មត់ចត់ទេនោះ។

ការព្រមាននេះធ្វើឡើងនៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃអង្គារនេះ​ ស្ដីពី​យុទ្ធនាការ​អប់រំសុខភាព រួមគ្នាទប់ស្កាត់​ការចម្លងវីរុសកូវីដ-១៩ ក្រោមប្រធានបទ «រួមគ្នា​ប្រយុទ្ធវីរុស​កូវីដ-១៩ បំប្លែងថ្មី អូមីក្រុង ដែលឆ្លងលឿនខ្លាំងជាងមុន អាចបង្កឱ្យ​មាន​ហានិ​ភ័យ​ធ្ងន់​ធ្ងរ​​ដល់​​អ្នក​និង​គ្រួសារ»

ក្រសួងសុខាភិបាល បានលើកឡើងក្នុងសេចក្ដីជូនដំណឹងនោះថា កម្ពុជាបានបើកដំណើរ​ការ​ឡើង​វិញនូវ​សកម្មភាពសេដ្ឋកិច្ចនិងសង្គម​នានា កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ប៉ុន្តែ​តាម​ការ​អង្កេត​តាមដានរបស់អង្គការ​សុខភាពពិភពលោក បង្ហាញថា ជំងឺរាតត្បាតកូវីដ-១៩ នៅតែ​កំពុង​បន្តវាយលុក​ខ្លាំងនៅ​ក្នុង​បណ្ដាប្រទេស​នៅតំបន់អាស៊ីប៉ាស៊ីហ្វិកនៅឡើយ ក្នុងនោះមានទាំងកម្ពុជាផងដែរ។

ក្រសួងបន្តថា បញ្ហា​នេះបាន​បង្កើតជាកង្វល់​នៃការដែលអាចមានការ​រាតត្បាតទ្រង់ទ្រាយ​ធំ​ឡើង​វិញ ដោយសារ​តែ​ការចរាចរយ៉ាងទូលំទូលាយ​នៃ​វីរុស​បំប្លែងថ្មី អូមីក្រុង ដែល​ឆ្លង​ក្នុង​ល្បឿន​មួយ​លឿន​ជាងវីរុស​បំប្លែងថ្មីប្រភេទមុនៗ គួបផ្សំនឹងកា​រខ្វះចន្លោះនៃការ​អនុវត្ត​វិធាន​ការ​​មិន​ប្រើ​ឱសថ ខណៈពលរដ្ឋ​មួយចំនួន​ហាក់​នៅធ្វេស​ប្រហែស​ភ្លេចខ្លួន​ក្នុងការ​អនុវត្ត​វិធានការ​សុខាភិបាល​ត្រឹមត្រូវ​និងហ្មត់ចត់។

ក្រសួងសុខាភិបាលបន្តទៀតថា ចា​ប់តាំងពីវីរុសអូមីក្រុងចូលមកកម្ពុជា កាលពីពាក់​កណ្ដាល​​​ខែ​ធ្នូ​ ឆ្នាំ២០២១ មកដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះ ករណីឈឺនិងស្លាប់​នៅតែរក​ឃើញជាបន្តបន្ទាប់ជារៀងរាល់ថ្ងៃ និងអាចស្ថិត​ក្នុងកម្រិត​ខ្ពស់នៅក្នុងចំណោម​សហគមន៍ ដោយសារ​តែ​ពលរដ្ឋមួយចំនួន​បានធ្វើតេស្ត និងព្យាបាលនៅតាមផ្ទះ​ដោយ​​ខ្លួន​ឯង។

បើតាមក្រសួងសុខាភិបាល គិតចាប់ពីថ្ងៃទី១៤ ខែធ្នូ ដល់ថ្ងៃទី១២ ខែមីនា កម្ពុជាបាន​រក​ឃើញ​អ្នកមានវិជ្ជមាន​កូវីដ-១៩ អូមីក្រុង ចំនួន១៣ ៥៦១នាក់ និងមានអ្នកស្លាប់​ចំនួន៥១នាក់។

ក្រសួងថា៖ «ប្រសិន​បើបុគ្គលនៅតែបន្តមានការ​ធ្វេសប្រហែស វីរុស​អូមីក្រុងនឹងបន្ត​រាតត្បាត​វាយលុក​ចូលក្នុងសហគមន៍របស់​យើង ដែលទាមទារ​ឱ្យមានវិធានការ​រួម​ផ្សំ​គ្នា​ជាច្រើន​ និង​ទាមទារឱ្យ​មានការ​រួបរួមគ្នា ដើម្បីអាចទប់ស្កាត់ការចម្លងនេះបាន»។

រដ្ឋមន្ត្រីក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង បានអំពាវនាវ​នៅ​ក្នុង​សេចក្ដីជូន​ដំណឹង​នេះ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់បន្ត​អនុវត្ត​វិធានការ​បង្ការ​ជំងឺ «៣ការពារ ៣កុំ» និង​ចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យ​បាន​គ្រប់ៗគ្នា។

លោកក៏បានអំពាវនាវដល់ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងអាជ្ញាធរមូល​ដ្ឋាន វិស័យ​ឯក​ជន និងអង្គការ​ជាតិ-អន្តរជាតិ ចូលរួម​គាំទ្រ​សកម្មភាព​យុទ្ធនាការ​ជាតិនេះ និង​បន្តអប់រំផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​បុគ្គលិក​ក្រោម​ឱវាទរបស់ខ្លួន​ពីការបង្ការនិង​ទប់​ស្កាត់ការ​ឆ្លងវីរុស​នេះឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បីរួមចំណែក​កាត់ផ្ដាច់ខ្សែចម្លង​វីរុស​កូវីដ-១៩ និងការ​ចម្លងវីរុស​កូវីដ-១៩ពីបុគ្គលម្នាក់ទៅម្នាក់ ជាពិសេស​ត្រូវ​ចូលរួម​បញ្ចៀស​នូវការ​រាត​ត្បាត​ជាលក្ខណៈទ្រង់ទ្រាយ​ធំ​នៅក្នុងសហគមន៍។

គួរបញ្ជាក់ថា ក្រសួងសុខាភិបាលបាន​ចាប់ផ្ដើម​យុទ្ធនាការ​ជាតិអប់រំសុខភាព រួមគ្នាទប់ស្កាត់​ការ​ចម្លងវីរុស​កូវីដ-១៩ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២នេះ ក្នុងក្របខណ្ឌទូទាំងប្រទេស ​ដើម្បី​ក្រើន​រម្លឹក ពញ្ញាក់​ស្មារតី និងបង្កើន​ជំរុញ​ការ​ចូលរួម​របស់​ពលរដ្ឋ ក្រសួង​​ស្ថាប័ន​​ពាក់ព័ន្ធ អាជ្ញា​ធរ​​មូល​ដ្ឋានគ្រប់លំដាប់ថ្នាក់ អង្គការ​ជាតិ-អន្តរជាតិ និង​សេវា​ឯក​ជន​ទាំង​អស់ ពួតដៃ​គ្នា​​បន្ត​អនុវត្ត​​វិធានការ​ចាំបាច់នានា ដើម្បីពង្រឹងការអនុវត្តវិធានការ​​ប្រយុទ្ធ និងទប់ស្កាត់​ការ​ឆ្លង​រាល​ដាល​វីរុស​​កូវីដ-១៩ ក្នុង​សហគមន៍៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ