ចិន​រក​ឃើញ​ប្រអប់ខ្មៅ​របស់​យន្តហោះ​មួយគ្រឿង​ដែល​បាន​ធ្លាក់​កាល​ពី​ដើម​សប្ដាហ៍​នេះ

បំណែកយន្តហោះក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines ជើងហោះហើរលេខ MU5735 ដែលត្រូវបានចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Xin Hau នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។

មន្ត្រីនៃនិយ័តករអាកាសចរណ៍ចិនមួយរូប បានថ្លែងប្រាប់អ្នកយកព័ត៌មាននៅថ្ងៃពុធនេះ​ថា ប្រទេសរបស់​ខ្លួន​បាន​រកឃើញប្រអប់ខ្មៅមួយក្នុងចំណោមប្រអប់ខ្មៅទាំងពីរ ដែលជាកម្មសិទ្ធិរបស់យន្តហោះ​​ក្រុម​​ហ៊ុន​​​អាកាសចរណ៍ China Eastern Airlines ដែលបានធ្លាក់កាលពីដើមសប្ដាហ៍នេះហើយ។ នេះបើតាម​ការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters

ទោះជាយ៉ាងណា មូល​ហេតុ​នៃ​ការធ្លាក់យន្តហោះនេះនៅមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ ខណៈដែល​អាជ្ញាធរផ្នែកអាកាសចរណ៍នានាបានលើកឡើងថា ការស៊ើបអង្កេតរបស់ពួកគេអាចនឹងមានការលំបាកខ្លាំង ដោយសារតែយន្តហោះមួយនេះស្ថិតនៅក្នុងការខូចខាតយ៉ាងធ្ងន់ធ្ងរ។

គួរបញ្ជាក់ថា យន្ត​ហោះ​ផ្ទុក​មនុស្សសរុប​ចំនួន១៣២នាក់របស់​​ក្រុម​ហ៊ុន​​អាកាសចរណ៍​​ចិន China Eastern Airlines ដែលមានគោលដៅធ្វើដំណើរចេញពីទីក្រុងឃុនមីង (Kunming) ភាគនិរតី ឆ្ពោះទៅកាន់ទីក្រុងក្វាងចូវ (Guangzhou) បានធ្លាក់នៅតំបន់ភ្នំ ក្នុង​តំបន់​ក្វាង​ស៊ី (Guangxi) ភាគខាងត្បូងប្រទេស​ចិន កាលពីរសៀលថ្ងៃចន្ទ។

ទាក់ទិននឹងករណីនេះ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង​ ក៏​បានណែនាំផ្នែកសង្គ្រោះបន្ទាន់របស់ប្រទេសនេះ​ ឱ្យរៀបចំប្រតិបត្តិការស្វែងរក​ ជួយ​សង្គ្រោះ និង​កំណត់​អត្ត​សញ្ញាណ​ពីមូលហេតុនៃឧបទ្ទវហេតុនេះផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ