រដ្ឋាភិបាល​កំណត់​រូបមន្តថ្មី​សម្រាប់​កែសម្រួល​ថ្លៃលក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា

បុគ្គលិក​ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​កាល់តិច​ នៅទីតាំង​​ស្ថានីយមួយកន្លែង ​ក្នុងរាជធានី​ភ្នំពេញ ធ្វើការផ្លាស់​ប្ដូរ​តារាង​តម្លៃ​ប្រេង​ឥន្ធនៈ​តាមការ​ប្រកាស​របស់​ក្រសួងពាណិជ្ជកម្ម​ ​ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២។ (ហង់ សុខហុង)

អន្តរក្រសួង បាន​កំណត់រូបមន្ដសម្រាប់កែសម្រួល​ថ្លៃលក់​រាយ​ប្រេងឥន្ធនៈ​​នៅកម្ពុជា​ឡើង​វិញ ដើម្បីឱ្យ​​ថ្លៃ​លក់​រាយ​ប្រេង​ឥន្ធនៈ​នៅ​តាម​ស្ថានីយ​ប្រេង​ឥន្ធនៈ​ឡើង​ចុះ​តាម​តម្លៃ​នៅ​លើ​ទីផ្សារ​អន្ដ​រជាតិ។

យោងតាមប្រកាសរបស់អន្តរក្រសួង រួមមាន ក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង​រ៉ែនិងថាមពល ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ បាន​សម្រេច​កែសម្រួល​រូប​មន្ត​ថ្លៃលក់រាយ​ប្រេងឥន្ធនៈនៅតាមបណ្ដាស្ថានីយ ​ដោយ​កំណត់​យក «តម្លៃ​រាយ​/លីត្រ = មធ្យមភាគ MOPS + ពន្ធ +PREMIUM + អាករ​លើតម្លៃបន្ថែម (VAT OUT)»

ប្រកាសអន្តរក្រសួងបានពន្យល់ថា MOPS ( Mean of Platt Singapore) សំដៅលើតម្លៃមធ្យមភាគនៃ​ផលិត​ប្រេង​ឥន្ធនៈ​លក់​ដុំ​នៅ​ប្រទេស​សិង្ហ​បុរី ដែល​ចេញផ្សាយដោយក្រុមហ៊ុន Platts ខណៈពាក្យ​ PREMIUM សំដៅ​លើ​ចំណាយទូទៅ បូក​ពន្ធលើប្រាក់ចំណេញ និងប្រាក់ចំណេញ ហើយ​​ពន្ធ​សំដៅលើ​ពន្ធគយ បូក​អាករបន្ថែម បូក​អាករពិសេស។

ប្រកាសដដែលបន្តថា តម្លៃ PREMIUM កំណត់ថ្មី ត្រូវបានកំណត់ ០,២០ដុល្លារ​ក្នុងមួយលីត្រ សម្រាប់​ប្រេង​សាំង​ធម្មតា (EA92)។ ចំណែកតម្លៃ Premium ប្រេងម៉ាស៊ូត កំណត់ត្រឹម​ ០,២៣ដុល្លារក្នុង​មួយ​លីត្រ ខណៈ​តម្លៃ Premium សាំងស៊ុបពែ​ មិនត្រូវបានកំណត់ទេ ដោយអាចលក់តម្លៃប្រកួតប្រជែង ប៉ុន្ដែតម្លៃមួយទាបជាងថ្លៃ​ដែល​បាន​គណនាដោយរូបមន្ដ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម​ អាចចេញសេចក្ដីជូនដំណឹងភ្លាមៗ ​ដោយកំណត់ឱ្យ​ចេញថ្លៃលក់រាយជូនក្រុមហ៊ុន​ប្រេង​ឥន្ធនៈនៅ​ក្នុង​រយៈ​ពេល១០ថ្ងៃ ឬ១៥ថ្ងៃម្ដង ដើម្បីឱ្យ​មាន​សមាមាត្រគ្នារវាងតម្លៃប្រេងឥន្ធនៈនៅលើទីផ្សារអន្ដរជាតិ និងតម្លៃលក់រាយនៅទីផ្សារកម្ពុជា សម្រាប់រក្សាស្ថិរភាពនៃការផ្គត់ផ្គង់ប្រេង​ឥន្ធនៈនៅកម្ពុជា។

ប្រកាសដដែលក៏បានកំណត់ឱ្យ​គ្រប់ស្ថានីយ​លក់រាយប្រេងឥន្ធនៈទាំងអស់ ត្រូវ​មាន​ប្រភេទ​ផលិត​ផលប្រេងសាំងធម្ម​តា និងប្រេងម៉ាស៊ូត លក់ក្នុងតម្លៃមិនលើសពីថ្លៃ​ដែលបាន​កំណត់​ ដោយ​មិនអនុញ្ញាតឱ្យលក់​តែប្រភេទប្រេងសាំងស៊ុបពែតែមួយមុខ​បានទេ។ ក្នុងករណីល្មើស​ ស្ថានីយលក់រាយប្រេងឥន្ធនៈទាំងនោះនឹង​ត្រូវ​​ពិន័យអន្តរ​ការណ៍ជាប្រាក់មិនលើសពី ៤លានរៀល ហើយ​ក្នុង​ករណីទទួលរងការ​ពិន័យ​​ម្ដងរួច​មកហើយ តែនៅតែបន្ត​ប្រព្រឹត្ត​បទល្មើស​ដដែល ស្ថានីយ​លក់រាយប្រេងឥន្ធនៈ​នោះអាចនឹង​​រង​នូវ​ការ​បិទផ្អាក​ប្រតិបត្តិ​ការ​ជាបណ្ដោះអាសន្ន។

គួរបញ្ជាក់ថា តម្លៃប្រេងឥន្ធនៈ​នៅកម្ពុជាបានកើនឡើងជាបន្តបន្ទាប់ នារយៈពេលប៉ុន្មានខែចុងក្រោយនេះ​ ដោយ​បច្ចុប្បន្ននេះ តម្លៃប្រេងលក់រាយតាមស្ថានីយ​ដែលកំណត់ដោយក្រសួងពាណិជ្ជកម្ម គឺសាំងធម្មតានិងម៉ាស៊ូត​ តម្លៃ៥ ៣០០រៀល ដូចគ្នា ខណៈសាំងស៊ុបពែតម្លៃ៥ ៩០០រៀល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ