ក្រសួង​កសិកម្ម​អំពាវនាវដល់​​កសិករកុំ​​បង្ហោះ​​ព័ត៌​មាន​​ដែល​ថា​​ក្រសួង​​មិន​ជួយ​ដោះ​ស្រា​យ​​ករណី​កសិផល​ចុះថោក

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា ថ្លែងក្នុងសន្និសីទមួយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ ឌិត ទីណា – DITH Tina)

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវដល់ប្រជាកសិករ​ឱ្យបញ្ឈប់ការបង្ហោះព័ត៌មានតាមបណ្ដាញសង្គម ដែល​ថាក្រសួងមិនអើពើក្នុងការជួយដោះស្រាយករណីកសិផលចុះថោក ខណៈក្រុមការងារ​ក្រសួងបាន​ចុះ​ដោះ​ស្រាយ​បញ្ហា​​នេះជូន​កសិករនៅកន្លែងជាក់ស្តែងហើយ។

ការអំពាវនាវ​​របស់ក្រសួងធ្វើឡើង​ក្រោយពីកសិករមួយចំនួននៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ បានបង្ហោះសារជាបន្តបន្ទាប់នៅលើបណ្ដាញសង្គមហ្វេសប៊ុក​ ក្នុង​ខែវិច្ឆិកា ឆ្នាំ២០២២នេះ ពាក់ព័ន្ធនឹងករណី​តម្លៃស្រូវ​ចុះ​ថោក ឬ​គ្មាន​ទីផ្សារ​លក់ និង​គ្មាន​ការ​ជួយ​អន្តរាគមន៍ពីអាជ្ញាធរពាក់ព័ន្ធ។

កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រសួងកសិកម្មបានចេញសេចក្តីប្រកាសព័ត៌មានមួយ​ដោយលើកឡើងថា ការបង្ហោះនិងចែករំលែក​​ព័ត៌​មាន​​បែប​​នេះ​នៅលើបណ្តាញសង្គម នឹងបង្កការ​ភ័យ​ខ្លាចឬព្រួយបារម្ភ​ដល់​ប្រជាកសិករ​ផ្សេងទៀតដែល​មិន​ទាន់​ដល់​ពេល​ប្រមូលផល​ ឱ្យប្រញាប់ច្រូតស្រូវទាំង​មិន​ទាន់​គ្រប់​គុណ​ភាពដើម្បីលក់ ដែល​ធ្វើឱ្យថ្លៃស្រូវ​កាន់តែ​​ធ្លាក់​ចុះ​ថែម​ទៀត។

ក្រសួងកសិកម្ម ឱ្យដឹងថា ការធ្លាក់ចុះថ្លៃស្រូវនៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ នៅពេលនេះ គឺក្រសួងបានចាត់ឱ្យ​អនុរដ្ឋលេខាធិការចំនួន២រូប គឺ​លោក ឃី កុសល និងលោក ឈុំ ឆុនលី ព្រម​ទាំងក្រុមការងារផ្សេងទៀត ចុះដោះស្រាយជូន​ប្រជាកសិករដល់កន្លែងជាក់ស្តែងហើយ។

ក្រសួងបញ្ជាក់​ថា ពេញមួយខែវិច្ឆិការហូតដល់ពាក់កណ្ដាលខែធ្នូ គឺជាពេលវេលាដែលប្រជាកសិករប្រមូលផលស្រូវរដូវ​វស្សា​ ជាពិសេស​ប្រភេទ​ពូជ​ស្រូវ​រំដួល ដែល​ជា​ហេតុធ្វើ​ឱ្យ​រោង​ម៉ាស៊ីន​កិន​ស្រូវ​ត្រូវ​រង​ការ​កក​ស្ទះ និង​ជះ​ឥទ្ធិពល​ដល់​ថ្លៃ​ស្រូវ​ដូច​​កាល​ពី​ឆ្នាំ​មុន។ ក្រសួងកសិកម្មអះអា​ង​ទៀត​ថា បើទោះជាឆ្នាំនេះ ដំណាំស្រូវត្រូវរងផលប៉ះពាល់ដោយសារទឹកជំនន់ក៏ដោយ ប៉ុន្តែការប្រមូល​ផល​នៅតែមានច្រើន និងសម្រុកធ្វើឡើងព្រមៗគ្នា ដែលធ្វើឱ្យស្រូវមានចំនួនច្រើន។

បើតាមក្រសួងកសិកម្ម នៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ មានរោងម៉ាស៊ីនកិនស្រូវជាច្រើន​កំពុ​ងមមាញឹក​ក្នុងការ​ប្រមូល​ទិញ សម្ងួត និង​កិនស្រូវ​ប្រភេទផ្ការំដួល​ ទៅតាមសមត្ថភាព និងលទ្ធភាពរៀងៗខ្លួន ហើយក្រសួងបាន​ដាក់​លេខទូរសព្ទ​មន្ត្រីចំនួន២ខ្សែ (លេខ ០៩៥ ៩៥១ ១១១ សម្រាប់​ខេត្ត​បាត់ដំបង និងលេខ ០១២ ៨៣៨ ៩៣៧ សម្រាប់​ខេត្ត​បន្ទាយមាន​ជ័យ) សម្រាប់ឱ្យ​​ប្រជាកសិករទំ​នាក់​ទំនង​សុំ​អន្តរាគម​ន៍​ដោះ​ស្រាយ ក្នុង​ករណី​កសិករ​ជួប​បញ្ហា​ស្រូវ​ចុះថោក។

កាលពីសប្តាហ៍មុននេះ កសិករនៅឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង បានបង្ហោះឃ្លីបវីដេអូតាមបណ្តាញសង្គមហ្វេសប៊ុកជុំវិញតម្លៃស្រូវចុះថោក ប៉ុន្តែឃ្លីបវីដេអូនោះ​ត្រូវ​ម្ចាស់​ហ្វេសប៊ុក​ដើម​លុប​ចោល​វិញកាល​ពី​យប់ថ្ងៃម្សិល​មិញ​នេះ ក្រោយ​ក្រសួង​កសិកម្មចេញសេចក្តីអំពាវនាវហាមបង្ហោះសារ​បែប​នោះ។

ក្នុងវីដេអូឃ្លីបជាង១នាទី ដែលវីអូឌីទទួលបានកាលពីថ្ងៃ​ម្សិល​មិញ បានរៀបរាប់ថា កាលពីរដូវបង្កបង្កើនផលធ្វើស្រែត្រូវបាន​ទឹកជន់លិច ហើយសល់ពីទឹកជន់លិច ទិន្នផលស្រូវ​បានផល​បន្តិច​បន្តួច​ និង​គ្មានអ្នកទិញទៅវិញ។

ក្នុងវីដេអូឃ្លីបនោះ កសិករបានលើកឡើងថា​៖ «ដល់ពេលគេទិញ គេថាគេទិញបានតែគ្រប់​ឡាន​ទេ។ គេទិញគ្រប់តែ២ឬ៣ឡាន​ទេ។ គេអត់ទិញទៀតទេ សល់ប៉ុន្មានថោកនោះ​ថោក​ ហើយអ្នកស្រែសង្ឃឹមអី? អាលិចទឹកក៏លិចទឹក សល់ពីលិចទឹក សល់​តិច​តួច​ បានស្រូវហើយគេមិនទិញទៀត»

កសិករម្នាក់​នៅស្រុក​បវេល ខេត្តបាត់ដំបង លោក ចាន់ សុទី ប្រាប់វីអូឌី​នៅថ្ងៃពុធនេះថា បច្ចុប្បន្ននេះ ប្រភេទស្រូវផ្កាម្លិះ និងផ្ការំដួល ដែល​ជា​ប្រភេទស្រូវល្អបានធ្លាក់ថ្លៃដល់៨០០រៀល​ហើយក្នុង១គីឡូក្រាម ខណៈគ្រួសារលោក​ធ្វើ​ស្រូវ​ប្រាំង​ ៦​ហិកតា​​ កាន់តែមានតម្លៃថោកថែមទៀត។

កសិកររូបនេះអះអាង​ថា ក្នុង​មួយ​រដូវ​ លោក​បាន​ខ្ចី​លុយពីធនាគាររាប់ពាន់ដុល្លារ ធ្វើដើមទុនសម្រាប់ធ្វើស្រែ ដូចជា ការទិញ​ជី ថ្នាំ ប្រេង​សាំង និង​សម្ភារផ្សេងៗទៀត។

លោកបន្ថែមថា៖ «បើស្រូវផ្ការំដួលដែលជាស្រូវលេខ១​ ចុះ​ថោក​ហើយ! អ៊ីចឹង​ក្រៅ​ពីស្រូវរំដួល ​ថោក​មែន​ទែន! គេអត់មើល គេមិន​ទិញ​ទៀត​ផង។ អ្នកធ្វើស្រែមិនអាចរកឱ្យមាន​​បានទេ បើតម្លៃនៅលើមាត់គេ។ បានមួយរស់ៗហ្នឹងហើយនេះ​ បើបាន! ​ចុះបើអត់​បាន មាន​តែ​លក់​ដី​សង​បំណុល​គេ»

កសិករ​នៅស្រុក​ស្វាយ​ចេក ខេត្ត​បន្ទាយ​មាន​ជ័យ អ្នកស្រី ញ៉េប ស្រីហំ និយាយថា អ្នកស្រី​បានបង្ហោះសារពាក់ព័ន្ធស្រូវចុះថោកតាមបណ្តាញសង្គមផងដែរ ដើម្បីឱ្យសាធារណជន និងអាជ្ញាធរពាក់ព័ន្ធបានដឹង និងជួយដោះស្រាយ។

កសិកររូបនេះឱ្យដឹងថា អ្នកស្រីបានបង្កបង្កើនផល​ប្រភេទស្រូវផ្កាម្លិះ ផ្ការំដួល និង​ប្រភេទស្រូវល្អផ្សេងទៀត លើដីទំហំ៧ហិកតា ដោយចំណាយ​ដើម​ទុន​ប្រហែល​៩លានរៀល សម្រាប់ទិញជី ថ្នាំ ប្រេង​សាំង កម្លាំងពលកម្ម និងសម្ភារប្រើប្រាស់ផ្សេងៗ​ទៀត។

អ្នកស្រី ញ៉េប ស្រីហំ អះអាង​ថា ពីរបីថ្ងៃមុន​នេះ ស្រូវប្រភេទផ្ការំដួល និងផ្កាម្លិះ បានធ្លាក់ថ្លៃជាបន្តបន្ទាប់រហូត ៨០០​រៀលក្នុង​១គីឡូ​ក្រាម ដែល​តម្លៃនេះ​មិន​អាច​ឱ្យក​សិក​រ​ចំណេញនោះទេ។ អ្នកស្រីថា ឆ្នាំ២០២២នេះ ជី ថ្នាំ ប្រេងសាំង និងសម្ភារកសិកម្មផ្សេងទៀតបានហក់ឡើងថ្លៃខ្ពស់ ខណៈផលស្រូវរបស់កសិករចុះថោក។

អ្នកស្រីបន្ថែមថា៖ «ឆ្នាំនេះ ជី ថ្នាំសម្លាប់សត្វល្អិត ថ្នាំប៉ូវ ឡើង​ថ្លៃគុណនឹង២ដង ដល់តម្លៃស្រូវវាអត់ខុសពីឆ្នាំមុន វានៅដដែល អ៊ីចឹងទៅបានជាកសិករវាអត់ចំណេញទេ។ នៅភូមិខ្ញុំ ពលរដ្ឋមានមុខរបរតែធ្វើស្រែនេះឯង ដល់ឥលូវនេះមានឈប់ធ្វើខ្លះហើយ ដោយសារតែគាត់ជំពាក់គេច្រើនពេកដោយសារការធ្វើស្រែនេះ គាត់ទៅថៃវិញ»

កសិកររូបនេះបន្ថែមថា តម្លៃស្រូវចាប់ពី១ ០០០រៀល ក្នុង១គីឡូក្រាម​ឡើង​ទៅ ទើប​កសិករ​ធ្វើ​ស្រែបា​ន​ចំណេញខ្លះ ប្រសិន​បើ​ជី ថ្នាំ ប្រេង​សាំង និង​សម្ភារកសិកម្មបន្តឡើងថ្លៃដូចសព្វថ្ងៃនេះ។ អ្នកស្រីអះអាង​ដែរ​​ថា នៅភូមិរបស់អ្នកស្រីមានពលរដ្ឋប្រហែល​៧០ភាគរយបានបោះបង់ការធ្វើស្រែ ដោយសារជំពាក់បំណុលធនាគារ និង​ចំណាកស្រុកទៅរកការ​ងារ​ធ្វើ​នៅ​ប្រទេសថៃទាំងស្រប​ច្បាប់ និងខុសច្បាប់។

ប្រធាន​សមាគមសម្ព័ន្ធសហគមន៍​កសិករ​កម្ពុជា​ លោក ថេង សាវឿន មានប្រសាសន៍ថា ករណីក្រសួងកសិកម្ម​ហាមកសិករបង្ហោះព័ត៌មាន​ដែលថាក្រសួងមិនជួយដោះស្រាយករណីកសិផលចុះថោក គឺជារឿងមិនត្រឹមត្រូវ។ លោក​ថា ពលរដ្ឋ​មាន​សិទ្ធិ​​បង្ហាញពីទុក្ខ​កង្វល់របស់ពួកគេឱ្យមហាជនបានដឹង ហើយក្រសួងគួរតែដោះស្រាយបញ្ហានេះជូនពលរដ្ឋឱ្យបានឆាប់ល្អជាង។

លោកបន្ថែមថា៖ «បើពលរដ្ឋគ្រាន់តែបង្ហាញក្តីកង្វល់ដោយ​គ្មាន​ការ​ចោទ​ប្រកាន់ ឬជេរ​ប្រមាថ អាហ្នឹង​ជា​សេរីភា​ព​របស់ប្រជាពលរដ្ឋ ​មិន​គួរណា​ហាម​ប្រាម​ទេ ហើយ​រដ្ឋគួរតែទទួលយក ហើយរិះរកមធ្យោបាយដោះស្រាយបញ្ហាហ្នឹងឱ្យបានល្អប្រសើរ​ ជាជាងការហាមឃាត់កសិករមិនឱ្យបង្ហោះ ឬការផ្សព្វផ្សាយនូវបញ្ហាទាំងអស់ហ្នឹង»

លោក ថេង សាវឿន បន្ថែមថា ដើម្បីដោះស្រាយបញ្ហា​ស្រូវធ្លាក់ថ្លៃនេះ រដ្ឋត្រូវធ្វើជាលក្ខណៈយុទ្ធសាស្រ្ត និងជាប្រព័ន្ធ ដោយរដ្ឋត្រូវគិតគូរក្នុងការបង្កើនថវិកាជាតិ គាំទ្រវិស័យ​កសិកម្ម ដោយផ្ដល់ថវិកានេះទៅរោងម៉ាស៊ីនកិនស្រូវ ឬអ្នករក​ស៊ី​កែច្នៃ​ស្រូវ ហើយត្រូវធានាឱ្យអ្នកទាំងនេះទិញស្រូវពីប្រជាកសិករក្នុងតម្លៃសមស្របណាមួយដែលអាចទទួលយកបាន។

មន្ត្រីសង្គមស៊ីវិលរូបនេះបន្តថា បើរដ្ឋាភិបាលមិនអាចដោះស្រាយ​បញ្ហា​នេះ​ទេ អាច​ធ្វើឱ្យកសិករអស់​សង្ឃឹម ហើយ​ពួកគេបោះបង់មុខរបរធ្វើស្រូវលក់ និង​ចំណាកស្រុកទៅក្រៅប្រទេសអស់ ហើយវា​ក៏អាចធ្វើឱ្យប៉ះពាល់ខ្សែចង្វាក់ផលិតកម្មក្នុងការនាំចេញស្រូវអង្ករនៅថ្ងៃខាងមុខផងដែរ។

លោកបន្ថែមថា៖ «ក៏ត្រូវគិតដែរថា ការប្រមូលទិញស្រូវរបស់ក្រុមហ៊ុន និងរោងម៉ាស៊ីនកិនស្រូវ ដែលទទួលបានហិរញ្ញប្រទាន​ ដោយ​ទទួល​បាន​ការ​ប្រាក់​ទាប​ពីរដ្ឋាភិបាលទាំងអស់ហ្នឹង គាត់ត្រូវសហការយ៉ាងម៉េច​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​ការប្រមូល​ទិញ​ អាហ្នឹងគឺជាចំណុចដែលត្រូវដោះស្រាយ។ ប៉ុន្តែបើគ្រាន់តែឱ្យមន្ត្រីទៅដោះស្រាយ ហើយយើងពឹងអាស្រ័យទីផ្សារទៅប្រទេសជិតខាង ដូចជា ថៃ និងវៀតណាម ដដែល ​វា​ពិបាក​ដោះស្រា​យ​ដដែល ហើយ​ឱ្យប្រជាពលរដ្ឋធុញទ្រាន់ជាមួយរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហានេះដដែល»។

ក្នុងពិធីចូលកាន់តំណែងកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២​ រដ្ឋមន្ត្រីថ្មី នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានប្ដេជ្ញាប្រែក្លាយកសិកម្មកម្ពុជាឱ្យទៅជាកសិកម្មកាន់តែទំនើប ឆ្លាតវៃ ប្រកបដោយបរិយាបន្ន ហើយមាននិរន្តរភាព ធន់នឹងបម្រែបម្រួលអាកាសធាតុ ព្រមទាំងបម្រើឱ្យផលប្រយោជន៍ពិតប្រាកដដល់ប្រជាពលរដ្ឋ រួមទាំងលើកកម្ពស់ជីវភាពរបស់កសិករ ជាដើម។

រដ្ឋមន្ត្រីថ្មីរូបនេះក៏បានប្តេជ្ញាដោះស្រាយរាល់បញ្ហាប្រឈមក្នុង​វិស័យកសិកម្ម និងស្វែងរ​ក​ទីផ្សារបន្ថែមសម្រាប់ផលិតផលកសិកម្ម តាម​រយៈកិច្ចសហការជាមួយមន្រ្តីក្រោមឱវាទ និងស្ថាប័នពាក់ព័ន្ធ ដើម្បីបម្រើ និងដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ