សង្គមស៊ីវិល​គ្រោង​ដាក់ញត្តិ​ទៅ​ក្រសួង​បរិស្ថាន​ស្នើ​បើក​លំហ​សិទ្ធិ​សេរីភាព​ក្នុង​ការ​ចុះល្បាតព្រៃ​ឡើងវិញ

គល់ឈើនិងកំណាត់ឈើដែលបន្សល់ទុកក្រោយជនល្មើសលួចកាប់នៅតំបន់ព្រៃព្រះរការ ត្រូវបានប្រទះឃើញដោយក្រុមជនជាតិដើមភាគតិចកួយ ក្រោយការចុះល្បាតព្រៃក្នុងដែនជម្រកសត្វព្រៃព្រះរការ រយៈពេល២យប់៣ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី​១៩ ខែសីហា។ (ហ្វេសប៊ុក៖ សហគមន៍ជនជាតិដើមភាគតិចកួយភូមិប្រមេរុ)

អង្គការសង្គមស៊ីវិល គ្រោងនឹងដាក់ញត្តិទៅក្រសួងបរិស្ថាន​នៅចុងខែ​មីនា​ខាង​មុខ ដើម្បីស្នើសុំ​ឱ្យ​បើកលំហសិទ្ធិ​សេរីភាព​សហគមន៍ រួមទាំង​អង្គការសង្គមស៊ីវិល ក្នុងការ​ចុះល្បាត​ព្រៃ​នៅតាម​តំបន់​ការ​ពារ​ធម្មជាតិ និងតំបន់​ផ្សេងៗ​ឡើង​វិញ។

ប្រធាន​កម្មវិធី​ផ្នែក​ស្រាវ​ជ្រាវ និង​តស៊ូមតិនៃសមាគមបណ្ដាញយុវជន​កម្ពុជា លោក ហេង គឹមហុង ប្រាប់ ​វីអូឌី​ នាថ្ងៃព្រហស្បតិ៍នេះថា ការដាក់ញត្តិទៅកាន់ក្រសួងបរិស្ថាន​ គ្រោងនឹងធ្វើឡើងនៅ​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ២០២២ ខាង​មុខ​នេះ ដោយ​ស្នើ​ឱ្យក្រសួង​គោរពសិទ្ធិជនជាតិដើមភាគតិច សហគមន៍​ និង​​អង្គការសង្គមស៊ីវិល ក្នុងការ​ចូល​រួមការពារធនធាន​ធម្មជាតិ ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ការពារតំបន់ការពារធម្មជាតិ។

ជាមួយគ្នានោះ អង្គការ​ទាំងនោះ​​ក៏ស្នើទៅរដ្ឋាភិបាល ក៏​ដូចជាក្រសួងបរិស្ថាន ឱ្យ​​បង្ហាញការ​​ប្ដេជ្ញាចិត្តក្នុងការអនុវត្តកម្មវិធីជាតិដែល​​​​រដ្ឋាភិបាលបាន​​ដាក់បញ្ចូលក្នុងយុទ្ធសាស្ត្រចតុកោណ​ ដើម្បីថែរក្សាគម្របព្រៃឈើឱ្យបានចំនួន៦០ភាគរយក្នុងឆ្នាំ២០២៩ខាងមុខ និងបើកលំហសេរីភាពក្នុងការចុះល្បាតព្រៃ ជាដើម។

បើសិនជារដ្ឋាភិបាលនៅតែបិទមិនឱ្យក្រុមសហគមន៍ និងអង្គការសង្គមស៊ីវិលចុះល្បាតព្រៃទៀត លោក ហេង គឹមហុង បារម្ភ​ថា ព្រៃឈើនៅ​​កម្ពុជា​នឹង​វិនាស ដោយ​សារ​បច្ចុប្បន្ន​បទ​ល្មើស​ព្រៃឈើនៅតែមិន​ថយចុះ ខណៈថ្មីៗ​នេះ អង្គការអន្តរជាតិ​មួយ​​បានរកឃើញថា ក្នុ​ង​ឆ្នាំ​២០២១ ព្រៃឈើ​​​នៅ​កម្ពុជា​​ជាង៦ ០០០​​ហិកតាបាន​រង​នូវ​ការ​​កាប់​​បំផ្លាញនោះ។

លោកថា៖ «​ប្រសិនពុំមានការដោះស្រាយបញ្ហានេះទេ មែនទែនទៅ យើងមានការព្រួយបារម្ភ ​ព្រោះអីដើមឆ្នាំ២០២២ របាយការណ៍មួយរបស់គម្រោង ស៊ីចា [ឈ្មោះគម្រោង​របស់​អង្គការ​មួយ​] បាន​រក​ឃើញ​គម្រប​​ព្រៃឈើ​ជាង១០ហិកតាត្រូវបានបាត់បង់នៅក្នុងតំបន់ការពារធម្មជាតិចំនួន​២ ហើយ​ក្នុង​នោះ អង្គ​ការលើក​លែង​ទោស​អន្តរ​ជាតិ [Amnesty International]​​ ពីការបាត់បង់គម្រប​ព្រៃឈើ​ដែរ។ អ៊ីចឹង​បើសិន​នៅ​តែ​បិទ​សិទ្ធិ​សេរី​ភាព ពុំមានឆន្ទៈក្នុងការបើកលំហសិទ្ធិ​សេរីភាព​ឱ្យ​ចូល​រួម​ពិត​ប្រាកដ​ទេ ពី​សំណាក់​សហគមន៍​មូលដ្ឋាន​ យើងមានការព្រួយបារម្ភថា បទល្មើសព្រៃ​ឈើនៅតែបន្តកើតមានឡើង»។

បើតាមរបាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិ (Amnesty International)​​ ចេញផ្សាយកាលពីថ្ងៃទី​២៨ ខែមករា ឆ្នាំ២០២២​ បាន​បង្ហាញ​​​ថា ក្នុ​ង​ឆ្នាំ​២០២១ ព្រៃឈើ​​​លើ​​ផ្ទៃដីកម្ពុជា​​ជាង៦ ០០០​​ហិកតាបាន​រង​នូវ​ការ​​កាប់​​បំផ្លាញ​នៅ​តំបន់​ការពារ​ព្រៃឡង់ និង​​ព្រៃ​ព្រះ​រការ​ ដោយ​​មាន​​​​ការ​ទទួល​​​​សំណូក​ និង​ការ​​ប្រព្រឹត្ត​​អំពើ​ពុករលួយ​​របស់​អាជ្ញាធរ​​ពាក់ព័ន្ធ។

កាលពី​​​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ២០២១ ​ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានផ្ដាច់ជំនួយ​ពីរដ្ឋាភិបាលកម្ពុជា​ លើគម្រោង «ព្រៃឡង់បៃតង» ឆ្លើយតបនឹងវិធានការរបស់រដ្ឋាភិបាលដែល​បិទខ្ទប់សំឡេងនិងសកម្ម​ភាព​​សកម្មជន​ការពារព្រៃឈើ មិនឱ្យចូលល្បាតបទល្មើស​នៅ​តំបន់​ព្រៃឡង់ ហើយព្រៃឈើក្នុងតំបន់ការពារមួយនេះ​នៅបន្តរងការកាប់បំផ្លាញ។

ជាមួយគ្នានេះ សមាគម អង្គការសង្គមស៊ីវិល សហគមន៍មូលដ្ឋាន និងសហគមន៍ជនជាតិដើមភាគតិច បាន​នាំគ្នាប្រា​រព្ធ​កម្មវិធីទិវាព្រៃឈើពិភព​លោក​ឆ្នាំ២០២២ រយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ទី៣០​ ខែមីនា​នេះ ក្រោមប្រធានបទ ស្ដីពី “យើងមានសិទ្ធិចូលរួមការពារព្រៃឈើ ដើម្បីជីវិតនៅលើភពផែនដី”។

កាលពី​ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ថ្លែង​ដោយ​រម្លឹក​អំពី​ភាព​សម្បូរហូរហៀ​រនៃ​ព្រៃឈើ​នៅ​កម្ពុជា​កាល​ពី​អតីតកាល ខណៈ​បច្ចុប្បន្ន លោកថា ​ព្រៃឈើនៅសល់​តិចតួច​ប៉ុណ្ណោះ ដោយ​រក​តែ​ព្រៃ​សម្រាប់​បាំង​ថ្ងៃ​មិន​បានផង

សេចក្ដីកែតម្រូវ៖ «…ដើម្បីថែរក្សាគម្របព្រៃឈើឱ្យបានចំនួន៦៩ភាគរយក្នុងឆ្នាំ២០២៩ខាងមុខ…» ទៅជា «…ដើម្បីថែរក្សាគម្របព្រៃឈើឱ្យបានចំនួន៦០ភាគរយក្នុងឆ្នាំ២០២៩ខាងមុខ…»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ