ឧទ្ធរណ៍​រាជធានី​ភ្នំពេញ​លើក​ពេល​សវនាការ​សំណុំរឿង​អតីត​មន្ត្រី​និង​មន្ត្រី​សិទ្ធិមនុស្ស​អាដហុក​៥រូប

មន្ត្រីជាន់ខ្ពស់នៃសមាគមអាដហុក (ADHOC) លោក យី សុខសាន្ត (ម៉ាស់ស អាវខៀវ) និងលោក នី សុខា (ម៉ាស់ស អាវពណ៌ផ្ទៃមេឃ) ផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានពាក់ព័ន្ធករណី «សូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សី» នៅក្រៅសាលាឧទ្ធរណ៍រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២។ (ជន ចាន់រ៉ែន)

សាលាឧទ្ធរណ៍រាជធានីភ្នំពេញ លើកពេលសវនាការលើ​បណ្ដឹងសាទុក្ខ​ក្នុង​សំណុំរឿង​អតីតមន្ត្រី និង​​​មន្ត្រី​ជាន់​ខ្ពស់ផ្នែកសិទ្ធិមនុស្ស​នៃសមាគម​អាដហុក​ចំនួន​៥​រូប ដោយ​សារ​មេធាវី​មួយ​រូប​ជាប់​ធ្វើ​ចត្តាឡី​ស័ក ក្រោយ​​មាន​ពាក់ព័ន្ធជាមួយ​អ្នកជំងឺកូវីដ-១៩ ប្រភេទ អូមីក្រុង។

កាលពីថ្ងៃ​​ទី​​២៦​ ខែ​កញ្ញា ​ឆ្នាំ​២០១៨​ ​​សា​លា​ដំ​បូង​រាជ​ធានី​ភ្នំពេញ​ ​បាន​សម្រេច​ផ្ដន្ទា​ទោស​អ្នកទាំង៥រូប​ដាក់​​ពន្ធ​នា​គារ​​ម្នាក់ៗ​​ចំនួន៥​​ឆ្នាំ​ ក្រោមបទចោទ​ប្រកាន់​​ «សូកប៉ាន់​​សាក្សី និង​​សមគំនិត​សូកប៉ាន់​សាក្សី​»។ ទោស៥ឆ្នាំនេះ តុលាការសម្រេចឱ្យពួកគាត់អនុ​វត្ត​ក្នុង​ពន្ធ​នា​គារ​រយៈ​ពេល​​១៤​​ខែ ​និង​ទោសនៅ​សល់​ត្រូវ​​ព្យួរ​។

ដោយមិនពេញចិត្តចំពោះការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញនេះ កាល​ពី​ថ្ងៃ​ទី​​២៣ ​ខែ​តុ​លា ​ឆ្នាំ​២០១៨​ អ្នក​ទាំង​៥​រូប តាមរយៈមេធាវី​ បានសម្រេច​ដាក់​ពាក្យ​បណ្ដេង​សាទុក្ខទៅ​សាលា​ឧទ្ធរណ៍។

ប៉ុន្តែសវនាការ​ដែលគ្រោង​​បើក​នាថ្ងៃនេះ ត្រូវបានប្រធានក្រុមប្រឹក្សាសាលាឧទ្ធរណ៍រាជធានីភ្នំពេញ លោក ស៊ិន វិសាល សម្រេច​លើក​ពេល​ទៅថ្ងៃ​​ក្រោយវិញ ដោយសារ​មេធាវីការពារក្ដីឱ្យលោក នី ចរិយា គឺលោក សំ សុគង់ បានដាក់​ពាក្យ​ស្នើសុំ​ពន្យារ​ពេល ក្រោយ​ពីលោកពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩។ លោកបន្តថា សំណុំរឿងនេះជារឿងព្រហ្មទណ្ឌ មេធាវីត្រូវតែចូលរួមជាចាំបាច់ មិនអាចអត់បានទេ ទោះបីជាអ្នកការពារសិទ្ធិមនុស្សអាដហុកចំនួន៤រូបទៀត គាត់មានមេធាវីចូលរួមក៏ដោយ។

លោក ស៊ិន វិសាល គូសបញ្ជាក់​ថា៖ «លោក សំ សុគង់ បាន​ដាក់​ពាក្យ​សុំ​ពន្យា​រពេល ដោយសារ​ជាប់​ធ្វើចត្តាឡីស័ក ព្រោះគាត់មានពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩ ប្រភេទ អូមីក្រុង។ អ៊ីចឹងនីតិវិធីហ្នឹងមិនអាចបន្តទៅបានទេ ដោយសារ​អវត្តមានមេធាវី លោក សំ សុគង់។ រឿងនេះនឹងលើកទៅថ្ងៃក្រោយ អាចចុងខែមេសា​ខាង​មុខ​នេះ»។

ប្រាប់អ្នកសារព័ត៌មាននៅមុខសាលាឧទ្ធរណ៍រាជធានីភ្នំពេញ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា បានលើកឡើង​​ថា រូបគាត់ និង​អ្នកការពារសិទ្ធិមនុស្សផ្សេងទៀត បានរង់ចាំសវនាការបណ្ដឹងសាទុក្ខនេះជាច្រើនឆ្នាំមក​ហើយ ខណៈដែលពួកគាត់បានដាក់បណ្ដឹងទៅ​សាលាឧទ្ធរណ៍ តាំង​​ពី​ឆ្នាំ​២០១៨ តែតុលាការប្រកាសបើកសវនាការក្នុងខែមីនា ឆ្នាំ២០២២។

លោកថា៖ «សម្រាប់យើងពិតជាមានឆន្ទៈចង់ឱ្យបន្តសវនាការនេះ ព្រោះយើងរង់ចាំយុត្តិធម៌យូរហើយ។ ការ​យើង​ដាក់​បណ្ដឹង​ឧទ្ធរណ៍​ប្រហែល​ជាង៥​ឆ្នាំ​ហើយ ដូច្នេះ​ ការរង់ចាំយុត្តិធម៌នេះ វាយូរពេកហើយសម្រាប់​យើង។ ដូច្នេះ​ យើងពិតជាចង់ចូលរួម​ក្នុងដំណើរការនេះ ចង់ដឹងថា ពួកយើងនឹងទទួលបានយុត្តិធម៌កម្រិតណាពីតុលាការ»។

លោក នី សុខា ស្នើទៅតុលាការឱ្យកោះហៅសាក្សី​ ឈ្មោះ ខុម ចាន់តារាទី ហៅ ស្រីមុំ និងមេធាវីរបស់គាត់ គឺ​អ្នកស្រី ទ្រី ឈួន ម​ក​សួរដេញដោលក្នុងសវនាការ ដោយថា មកដល់ថ្ងៃនេះ តុលាការមិនបានកោះហៅសាក្សីទាំងពីរ​នេះមក​ចូលរួមសវនាការឡើយ។

​ចំណែកលោកស្រី លឹម មុនី បង្ហាញការសោកស្ដាយចំពោះការអូសបន្លាយ​រយៈពេលយូរឆ្នាំ ហើយទើបនឹងយក​មក​សវនាការ​ថ្ងៃនេះ ប៉ុន្តែត្រូវបានលើកពេលទៀត។ លោកស្រីចាត់ទុកការចោទប្រកាន់លើ​ពួកគាត់ថា​ជា​រឿង​អយុត្តិធម៌ និងជាការធ្វើទុក្ខបុកម្នេញលើអង្គការសង្គមស៊ីវិលដែលជាអ្នក​ចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាសង្គម​ជាមួយរដ្ឋាភិបាល។

លោកស្រីថា៖ «ដើម្បីរកយុត្តិធម៌ផ្ទាល់ខ្លួន ឱ្យពួកខ្ញុំទាំង៥នាក់ដែលមិនបានប្រព្រឹត្តកំហុសអ្វី ហើយត្រូវបានជាប់ពន្ធនាគារអស់រយៈពេល​យ៉ាង​យូរ ហើយ​ទ​ទួលការកាត់សេចក្ដីដោយមិនផ្ដល់យុត្តិធម៌​ឱ្យពួកយើង​ខ្ញុំ។ មួយទៀត ដូចយោបល់​លោក នី សុខា ដែរ​យើងខ្ញុំទាមទារឱ្យ​សាក្សី ២នាក់​ ដែលឆ្លើយដាក់​បន្ទុកមក​លើ​ពួកយើង​ខ្ញុំ​ ឱ្យបានចូលមកបំភ្លឺដូចគ្នា»។

នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព មានប្រសាសន៍ថា អ្នកការពារសិទ្ធិទាំង៥រូប មិនគួរត្រូវបានតុលាការប្រកាន់តាំងពីដំបូងមកម្ល៉េះ ដោយសារពួកគាត់ធ្វើការងារដើម្បីជួយការពារសិទ្ធិជនរងគ្រោះ ខណៈការងារដែលពួកគាត់ធ្វើស្របតាមច្បាប់។

លោកថា៖ «យើងសង្ឃឹមថានឹងមានការទម្លាក់បទចោទប្រកាន់ទៅលើពួកគាត់ ប៉ុន្តែយើងដឹងថា នៅពេលដែលមានករណីពាក់ព័ន្ធនឹងសកម្មជនសិទ្ធិមនុស្ស វាកម្រដែលមានការទម្លាក់បទចោទប្រកាន់ណាស់។ នេះជារឿងមួយដែលជាការឆ្លុះបញ្ចាំភាពអយុត្តិធម៌មួយនៅក្នុងសង្គមកម្ពុជាយើង ដែលសកម្មជន ហើយអ្នកដែលធ្វើការក្នុងវិស័យសិទ្ធិតែងតែប្រឈម»។

កាលពីខែមេសា ​ឆ្នាំ​២០១៦ អ្នកការពារ​សិទ្ធិមនុស្ស​សមាគម​អាដហុកចំនួន​៤​រូប គឺលោក នី សុខា, លោក យី សុខសាន្ត, លោក ណៃ វ៉ង់ដា និង​លោកស្រី លឹម មុនី ព្រមទាំង​អគ្គលេខាធិការ​រង នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត និង​ជា​អតីត​មន្ត្រី​ជាន់ខ្ពស់​សមាគមអាដហុក លោក នី ចរិយា ត្រូវបានចាប់ខ្លួន ដោយ​ចោទ​​ប្រកាន់​​​ពី​​បទ​ «សូកប៉ាន់​សាក្សី និង​សមគំនិត​សូកប៉ាន់​សាក្សី​» ក្នុង​សំណុំរឿងផ្ដល់ប្រាក់ជាង២០០ដុល្លារទៅឱ្យស្ត្រីម្នាក់​ឈ្មោះ​ ខុម ចាន់តា​រា​ទី ហៅ ស្រីមុំ ក្នុងនាមជនរងគ្រោះដែលរត់មករកអាដហុក​ឱ្យ​ជួយ​​ពេល​នោះ។ ​ស្ត្រីឈ្មោះ ខុម​ ចាន់តារាទី នៅពេលនោះ ត្រូវបាន​គេ​ចោទថាជាស្រីកំណាន់របស់​លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ​​ដែល​ត្រូវបានតុលាការ​រំលាយ។

​ពួកគេទាំង៥នាក់ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធ​នា​គារ​ព្រៃ​ស ​កាលពី​ថ្ងៃ​ទី​១​ ខែ​ឧសភា ​ឆ្នាំ​២០១៦​ រហូត​ដល់​ថ្ងៃ​ទី​២៩ ​ខែ​មិ​ថុ​នា ឆ្នាំ​២០១៧​​ ត្រូវបានតុលាការសម្រេចដោះលែងឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន។

យ៉ាងណាក៏ដោយ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ គណៈកម្មការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ (UN) ​បានបង្ហាញក្ដីបារម្ភយ៉ាងខ្លាំងចំពោះកម្ពុជា ក្នុងការប្រើប្រាស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ជា​ឧបករណ៍​យាយី​និងធ្វើទុក្ខបុកម្នេញលើអ្នកការពារសិទ្ធិមនុស្ស គណបក្សប្រឆាំងនានា និង​អ្នក​លើក​ឡើង​​ពី​អំពើពុករលួយ តាម​រយៈ​ការចោទប្រកាន់​ដែលខុសពីការពិត​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ