គ.ជ.ប ថ្លែង​ការពារ​ពី​ការ​រំលាយ​បញ្ជី​បេក្ខជន​បក្សភ្លើងទៀន​នៅ​សង្កាត់​ទួលស្វាយព្រៃ១

គ.ជ.ប ធ្វើសន្និសីទកាសែតបញ្ជាក់ពីជំហររំលាយបេក្ខភាពគណបក្សភ្លើងទៀននៃសង្កាត់ទួលស្វាយព្រៃ១ នៅទីស្ដីការ គ.ជ.ប ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២។ (ម៉ម មុនីរតន៍)

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បញ្ជាក់ពីជំហរ​នៃការរំលាយបញ្ជីបេក្ខភាពនៅ​សង្កាត់​​​ទួលស្វាយព្រៃទី១ មកពីគណបក្សភ្លើងទៀន ថាមាន​ភាព​ត្រឹម​ត្រូវ​តាមនីតិវិធី និង​បទ​បញ្ជា​ស្ដីពីដំណើរ​​ការ​​​បោះ​ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដោយមិនមានភាពលម្អៀង​​ទៅរកគណបក្ស​​នយោ​​បាយ​ណាមួយឡើយ។

លោក សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប បានធ្វើការ​អះអាង​បែបនេះ​នៅចំពោះមុខ​អ្នក​​​​សារ​ព័ត៌​មាន​ក្នុងសន្និសីទកាសែតមួយ​​នៅទីស្ដីការ គ.ជ.ប ព្រឹកថ្ងៃទី​២៥ ខែមីនានេះ។

​​លោក សោម សូរីដា បានលើកឡើង​ថា មូលហេតុដែល​​​នាំ​​ឱ្យ​ គ.ជ.ប សម្រេចរំលាយ​ចោល​ទាំង​ស្រុង​នូវ​បញ្ជីបេក្ខភាព​ដែលឈរឈ្មោះជាមេ​​ឃុំចៅ​​​សង្កា​​ត់របស់គណបក្សភ្លើងទៀន ក្នុង​សង្កាត់​ទួល​ស្វាយ​ព្រៃ​ទី១​ ដោយ​សារ​បញ្ជី​ឈ្មោះ​នេះមានភាព​មិន​​​ត្រឹម​​ត្រូវ និងលួច​​ក្លែង​​​ឯក​សារ​សាធារណៈ​​។

លោកបន្តថា៖ «ឯកសារភ្ជាប់ទៅ​នឹងការសុំចុះបញ្ជីមានភាពមិនប្រក្រតី។ នៅ​ក្នុង​ភាព​មិន​ប្រក្រតី​នេះ គឺសំដៅទៅលើការបំពេញប្រវត្តិរូប​ដោយ​ក្រុម​ការងាររបស់គណបក្សភ្លើងទៀន និង​ផ្ដិត​មេដៃ​ជំនួស​​ដោយ​​គណបក្សភ្លើងទៀន ចំពោះបេក្ខជនដែលឈរឈ្មោះបោះឆ្នោតទី១។ ហើយ​ទី២​ទៀត​ សាម៉ី ឬ​​​ក៏​​តំណាងគណបក្សភ្លើងទៀន ក៏បានសារភាពទៅលើបញ្ហានេះដែរ»។

កាលពីថ្ងៃទី​២២ ខែ​មីនា លោក ប្រាជ្ញ ចន្ទ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ គ.ជ.ប បាន​សម្រេច​​​រំ​​លាយ​​​​បញ្ជី​​​​​បេក្ខភាពរបស់គណបក្សភ្លើងទៀន ដែលឈរឈ្មោះជាចៅសង្កាត់ទួលស្វាយព្រៃទី១ ចេញពី​​បញ្ជី​​​​​​បោះឆ្នោត​​ជ្រើស​​រើស​​ក្រុ​​មប្រឹក្សាឃុំសង្កាត់ សម្រាប់​​អាណត្តិទី៥នេះ។

​​ធ្លាប់ជាអតីតអភិបាល​​​​​ខេត្ត​​​​ត្បូង​​​​ឃ្មុំ មកពីគណបក្ស​​ប្រ​​ជាជនកម្ពុជា លោក ប្រាជ្ញ ចន្ទ បានសម្រេច​​នៅ​ក្នុង​អង្គសវនា​​កា​​​រ​រប​ស់ ​​​​​គ.ជ.ប ថា​បញ្ជីឈ្មោះគណបក្សភ្លើងទៀន មានភាពមិនប្រក្រតី ដោយ​គណបក្ស​នេះអនុវត្ត​ខុស​ពីបទ​ប្បញ្ញត្តិនិងនីតិវិធីដូចមានចែងក្នុងច្បាប់ស្ដីពី​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​​ប្រឹ​​ក្សា​​​​​​ឃុំសង្កាត់។

តាម​​រយៈសេចក្ដីប្រកាសព័ត៌មាន​របស់ គ.ជ.ប ដែលចេញក្នុងថ្ងៃតែមួយ បង្ហាញថា ទាំងដើម​​បណ្ដឹង​​​​​ឈ្មោះ ម៉ៅ មុន្នី ជាបេក្ខភាពមកពីគណបក្សប្រជាជនកម្ពុជា និងបេក្ខជន៤រូប ដែលឈរជា​​ចៅ​​​​សង្កាត់ឱ្យគណបក្សភ្លើងទៀន គឺមានភាពស៊ីសង្វាក់គ្នា។ ផ្អែកលើចម្លើយសារភាព និងការចុះ​​អង្កេ​ត​​​​​ស្រាវជ្រាវរបស់អគ្គលេខាធិការដ្ឋាន គ.ជ.ប រកឃើញថា បេក្ខជនដែលឈរឈ្មោះទាំង៤រូបឱ្យ​​គ​​ណ​​​​បក្សភ្លើងទៀន ពិតជាមិនបានបំពេញនិងចុះហត្ថលេខាលើជីវប្រវត្តិសង្ខេបដោយផ្ទាល់ទេ​ ផ្ទុយ​ទៅវិញ ក្រុមការងារគណបក្សភ្លើងទៀន​នៅសង្កាត់ទួលស្វាយព្រៃទី១ នៃខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ជាអ្នកបំពេញនិងចុះហត្ថលេខាជំនួស។

ប្រតិកម្មនឹង​ការលើកឡើងរបស់មន្រ្តី គ.ជ.ប នេះ អ្នកនាំពាក្យគណបក្សភ្លើងទៀន ​លោក ថាច់ សេដ្ឋា ថ្លែង​ថា តាមពិត អ្វីដែលគណ​​បក្ស​​​ក្រៅ​​រដ្ឋាភិបាលមួយនេះជំទាស់​ការ​សម្រេច​របស់​ស្ថាប័ន​ជាតិ​​​រៀប​​​​ចំ​​​ការបោះឆ្នោត ដោយហេតុថា ដើមបណ្ដឹងក្នុងរឿងក្ដីនេះ គឺជាបេក្ខភាពឈរឈ្មោះជាចៅ​​សង្កាត់​​​ដូច​​​គ្នា។

បើតាមអ្នកនាំពាក្យរូបនេះ ការ​​ដែល​​សមាជិកបក្សកាន់អំណាច​ចេញមកប្ដឹងដូច្នេះ ឆ្លុះ​​បញ្ចាំង​ឱ្យ​ឃើញ​ពីការរំលោភអំណាច និងរូប​​ភាព​នៃការគំរាមកំហែងដោយពិតប្រាកដ។

លោកបន្តថា៖ «ប្រជាពលរដ្ឋខ្មែរ​ ប៉ុន្តែតួនាទីគាត់គឺជាបេក្ខជន ហើយអ៊ីចឹង​ឱ្យ​តែ​ប្រជា​ពលរដ្ឋ​ខ្មែរ​ហ្នឹង​អត់​មាន​កំណត់​តួនាទី និងឋានៈទេហ្អី? ឬយ៉ាងម៉េចហ្នឹង? គាត់ជាបេក្ខជន​​ដែលមានភារកិច្ច​​នៅ​​​ក្នុង​​​ប្រអប់​មួយ​ទៀត។ ដូច្នេះ បើមិនអ៊ីចឹងទេ មិនមែនគេចែងពី​​ទំនាស់ផលប្រយោជន៍​​ទេ។ ប្រជា​​ពល​​រដ្ឋដូចគ្នាតើ! អ៊ីចឹងធ្វើបានទាំងអស់ទៅចុះ

គិតមកដល់ពេលនេះ បេក្ខភាពឈរឈ្មោះជាចៅសង្កាត់ចំនួន​៣ របស់គណបក្ស​ភ្លើង​ទៀន ត្រូវ​បាន គ.ជ.ប រំលាយ​ចោល​ទាំង​ស្រុង​ចេញពីបញ្ជីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ​២​​​​​០២២ ក្នុងនោះ​មាន​ ១​​​សង្កាត់​នៅក្នុងខណ្ឌបឹងកេងកង និង២ឃុំ​-សង្កាត់ទៀតនៅខេត្តកំពង់ចាម។​

នាយកប្រតិបត្តិអង្គការនិចហ្វិក លោក សំ គន្ធាមី ចាត់ទុកថា ការបន្តរំលាយបញ្ជីឈ្មោះ និង​​​រូប​ភាពនៃ​​​ការ​ធ្វើទុកបុកម្នេញទៅលើបេក្ខភាពឈរជាមេឃុំចៅសង្កាត់នេះ បង្ហាញ​​ឱ្យ​​ឃើញ​​ពី​​ការ​​មិន​​​គោរព​​​​​សិទ្ធិ​​ផ្នែកនយោបាយពី​បក្សដទៃ។ មួយវិញទៀត លោកថា ប្រសិនបើបរិយាកាសនយោបាយ មាន​​​ភាព​អួអាប់នៅមុន​ការបោះឆ្នោតមកដល់បែបនេះ ប្រាកដណាស់​នឹងធ្វើឱ្យមានផលប៉ះ​​ពាល់ទៅ​​​​​ដល់ដំណើរការ​បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់​នាពេលខាងមុខ។

លទ្ធផលបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ កាលពីឆ្នាំ២០១៧ គណបក្ស​​សង្រ្គោះ​ជាតិដែលត្រូវបានតុលាការរំលាយ កាលណោះ ឈានទៅគ្រប់គ្រងជា​​ចៅសង្កាត់​​ស្ទើរ​​ពាក់​​កណ្ដាល សម្រាប់​​មណ្ឌល​​នៅ​​ភ្នំ​​ពេញ​។ លទ្ធផលផ្លូវការដែលប្រកាស​ដោយ គ.ជ.ប បង្ហាញថា ដោយ​​​ឡែក ​សម្រាប់​​​សង្កាត់​​ទួល​​ស្វាយ​​ព្រៃទី១ ដែលកំពុងមានវិវាទនេះ គណបក្សប្រឆាំង​​ដែល​​ត្រូវ​បាន​​​តុលាការរំលាយ ឈ្នះអាសនៈជាចៅសង្កាត់រងទី២ និងមានសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ប្រហែល​​នឹងគណបក្សប្រជាជនកម្ពុជាដែរនៅក្នុងមណ្ឌលមួយនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ