បទយកការណ៍៖ អ្នកដំណើរលើកឡើងពីការលំបាក ដោយសារផ្លូវនៅ«កោះដាច់»ខូច២ឆ្នាំហើយមិនមានការជួសជុល

រថយន្តដឹកដីកំពុងធ្វើចរាចរណ៍លើដងផ្លូវដែលកំពុងខូចខាត សង្កាច់កោះដាច់ ខណ្ឌជ្រោយចង្វារ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២។ (ពក ពន្លឺ)

​ផ្លូវមួយខ្សែ​​ដែល​មានប្រវែង២៤គីឡូម៉ែត្រ និង​​ទទឹង​ប្រហែល​៣ម៉ែត្រ ព័ន្ធជុំវិញ​សង្កាត់​កោះដា​ច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ជា​ប្រភេទ​ផ្លូវ​ចាក់​បេតុង​ពាក់​កណ្ដាល និង​ក្រួសក្រហម​ពាក់កណ្ដាល ដោយ​ប្រើប្រាស់​​លុយ​រដ្ឋ​ក្នុង​ការ​សាង​សង់​។

បើតាមប្រជាពលរដ្ឋ​ជាអ្នកធ្វើដំណើរទៅមក​ជាប្រចាំនៅសង្កាត់កោះដាច់នេះ បាន​លើក​ឡើងថា ​​ផ្លូវ​​សំខាន់​មួយ​​ខ្សែ​នេះបាន​ខូចខាតអស់រយៈពេល​​២ឆ្នាំមកហើយ ប៉ុន្តែមិនមានការ​ជួសជុល​នោះទេ ដែលករណីនេះបានធ្វើ​ឱ្យ​​ប៉ះពាល់ដល់សុខភាព​អ្នកធ្វើដំណើរ ដោយសារតែផ្លូវមានសភាព​​ហុយខ្លាំង ពិបាកធ្វើដំណើរ ឬដឹកទំនិញ​ផ្សេងៗ។​

ប្រជាពលរដ្ឋមួយ​រូប​​រស់នៅសង្កាត់​កោះដាច់​​ លោក​ ជា សារុម ថ្លែង​ថា​ ផ្លូវនេះខូច​បន្តិច​ម្ដងៗ​អស់រយៈពេលជាង២ឆ្នាំមកហើយ ដោយមិនមាន​អាជ្ញាធរ ឬអ្នកពាក់ព័ន្ធណាជួយរកវិ​ធី​ដោះស្រាយទេ ដែល​ធ្វើ​ឱ្យ​ផ្លូវ​កាន់តែខូច​ខាត​​​ធ្ងន់​​ធ្ងរ។ លោកបន្ត​​ថា ផ្លូវនេះពិត​ជាមានសារៈ​សំ​ខាន់​ខ្លាំងនិងធំជាងគេក្នុងតំបន់ សម្រាប់ប្រជាពលរដ្ឋ សិស្សានុសិស្ស និង​កសិករ ធ្វើដំណើរ​​ជារៀងរាល់ថ្ងៃ ដើម្បីយកកសិផលទៅលក់ ទៅ​សាលារៀន និងជាផ្លូវទៅកាន់តំបន់ទេសចរណ៍​កោះដាច់ផងដែរ។

លោកមានប្រសាសន៍ថា៖ «ខ្ញុំចេះតែព្រួយបារម្ភហើយ ប៉ុន្តែមិនដឹងធ្វើម៉េច! ហើយពិបាកធ្វើដំណើរខ្លាំង ចង់ឱ្យគេ[អាជ្ញាធរ]ជួយ​ពន្លឿនក្នុង​ការ​ដោះស្រាយ​ កាន់លឿនកាន់តែល្អ ព្រោះភា​គច្រើនពលរដ្ឋប្រកបរបរកសិកម្មនៅតំបន់នេះ ដូចជា ដំណាំពោត សណ្ដែក ចេក ស្វាយ និង​ដំណាំ​ហូបផ្លែជាច្រើនទៀត ដូច្នេះវាប៉ះពាល់ខ្លាំងក្នុងការនាំផលិតផលទៅលក់នៅផ្សារ ព្រោះបញ្ហាផ្លូវនេះ»

រថយន្តដឹកដីកំពុងធ្វើចរាចរណ៍លើដងផ្លូវដែលកំពុងខូចខាត សង្កាច់កោះដាច់ ខណ្ឌជ្រោយចង្វារ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២។
រថយន្តដឹកដីកំពុងធ្វើចរាចរណ៍លើដងផ្លូវដែលកំពុងខូចខាត សង្កាច់កោះដាច់ ខណ្ឌជ្រោយចង្វារ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២។ (ពក ពន្លឺ)

ខណៈផ្លូវសំខាន់មួយនេះ​កំពុងរងការខូចខាតនោះ រថយន្តដឹកខ្សាច់ រថយន្តដឹកដី និង​រថយន្តដឹកទំនិញធុនធ្ងន់ផ្សេងទៀតក៏នៅតែមមាញឹកក្នុងការឆ្លងកាត់ផ្លូវមួយនេះដែរ។​

យុវតី ហូច ចិន្ដា ជាសិស្សថ្នាក់ទី១២ នៅ​វិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែន​ កោះដាច់ ដែលបានធ្វើដំណើរ​តាមផ្លូវនេះទៅកាន់សាលា​រៀន​រាល់​ថ្ងៃ បាន​លើកឡើង​ថា កញ្ញាមាន​ការ​ព្រួយ​បារម្ភពីសុខភាព ​ជាពិសេស​បញ្ហា​ផ្លូវ​ដង្ហើម​នៅ​ពេល​អនាគត និង​ករណីគ្រោះថ្នាក់​ចរាចរណ៍​ដែលអាចកើតឡើង​​ ដោយសារ​តែ​ផ្លូវនេះមាន​ជង្ហុកច្រើននិង​​ហុយ​ខ្លាំង។

កញ្ញា​និយាយ​ថា៖ «ខ្ញុំធ្វើដំណើរទៅសាលារាល់ថ្ងៃ ព្រួយបារម្ភណាស់ ព្រោះពេលខ្លះកំពុងជិះម៉ូតូលើផ្លូវហ្នឹង មើលគ្នាមិនសឹងឃើញផង ព្រោះហុយខ្លាំងពេក បាំងអ្នកជិះម្ខាងទៀត។ ហើយខ្ញុំកាន់តែបារម្ភនៅពេលឮមិត្តភក្តិនិយាយថា មានគេដួលម៉ូតូ ឬបុកគ្នាកាលពីព្រឹកមិញនេះ»។

យុវតីរូប​នេះក៏បានបង្ហាញការមិនសប្បាយចិត្ត​​ នៅពេលដែលឃើញរថយន្ត​ដឹកដីនិងដឹកខ្សាច់ធំៗបើកបរក្នុង​ល្បឿន​លឿន ខណៈផ្លូវនេះ​ខូចខាតខ្លាំងនិងមានភាពតូចចង្អៀត។  

កញ្ញា ហូច ចិន្តា​ និយាយ​​​ថា៖ «ខ្ញុំមិនសប្បាយចិត្តសោះ ពេលមកដល់សា លាខោអាវខ្ញុំប្រឡាក់សុទ្ធតែធូលីនិងកម្ទេចដី ដែលនាំឱ្យប៉ះពាល់ដល់ការសិក្សារៀនសូត្ររបស់ខ្ញុំ»

ប្រជាពលរដ្ឋម្នាក់ទៀតដែលជាអ្នកធ្វើដំណើរនៅលើដងផ្លូវនេះដែរ លោក ស៊ីម សោភា បាន​បញ្ជាក់​ថា ផ្លូវនេះមានជង្ហុក​ធំៗ និង​សឹងតែគ្រប់កន្លែងនៃដងផ្លូវ ដែល​បណ្ដាលឱ្យ​ពិបាកធ្វើដំណើរ។

លោកថា៖ «ផ្លូវនេះខូចខាតយ៉ាងដំណំ ហើយ​ឡានធំៗបើកលឿនទៀត ហុយ​ពេញណាពេញណី ហើយ​បើមិនព្រមជួសជុលឆាប់ៗនេះទេ ខ្ញុំគិតថា​ ផ្លូវនេះខូចកាន់តែខ្លាំងជាងនេះទៀត។ ខ្ញុំអំពាវនាវឱ្យអាជ្ញាធរមូលដ្ឋានជួយអន្តរាគមន៍រឿងនេះដល់ប្រជាពលរដ្ឋផង»

ឆ្លើយតបចំពោះបញ្ហានេះ លោក ប៉ាត់ អ៊ែល ចៅសង្កាត់កោះដាច់ បញ្ជាក់ថា កន្លងមក លោក​បាន​បញ្ជាឱ្យ​​អាជ្ញាធរ​មូលដ្ឋានចុះត្រួតពិនិត្យ និង​រកដំណោះស្រាយ​ ដោយស្រោចទឹកលើផ្លូវជូនពលរដ្ឋ ប៉ុន្តែលោកថា ពេលខ្លះការអនុវត្តតាមការណែនាំនេះមានភាពខ្វះចន្លោះ។​

លោកប្រាប់ថា៖ «រឿងផ្លូវហ្នឹង យើងបានជំរុញឱ្យម្ចាស់ឡានដឹកដីឬឡានដឹកខ្សាច់​ ចាក់ទឹកស្រោចផ្លូវហ្នឹងហើយ​ ហើយនិងសម្អាតផ្លូវ គ្រាន់​តែថាការមើលរបស់យើងមិនបានគ្រប់ជុ្រងជ្រោយ ព្រោះពេលខ្លះគេ [ឡានដឹកដី ឬខ្សាច់] មិនប្រាប់យើងថាបានអនុវត្តឬអត់»

លោកបន្ថែមទៀតថា​ តាំងពីដើមមក ផ្លូវនេះ​ធ្វើដោយ​គ្មាន​គុណភាពនិង​ស្ដង់ដារ រួម​ទាំងទទឹង​ផ្លូវ​តូច​ផង ដែលជាហេតុ​ចម្បង​មិន​អាច​ទ្រាំទ្រ​បាន​ចំពោះរថយន្ត​ដឹកដីនិង​ខ្សាច់ធំ​ៗ​​។ ម្យ៉ាងទៀត​ លោកមិនអាចហាមឃាត់ចំពោះរថយន្ត​ទាំងអស់នោះមិនឱ្យ​បើកបរ​លើ​ផ្លូវនេះ​​​បានទេ​ ព្រោះនេះជាផ្លូវសាធារណៈ។

លោកថា៖ «ដោយសារគុណភាពផ្លូវមិនសូវមាំទាំ ព្រោះខ្នង​ចាក់​សាប គឺ​ឫស្សី គួរផ្សំ​ជាមួយ​នឹងការដឹកធ្ងន់ដែរ! គ្រាន់ថាផ្លូវ បើយើងមិនឱ្យគេដឹក វាមិន​កើត»

លោក ប៉ាត់ អ៊ែល បញ្ជាក់​ផង​ដែរ​ថា រហូតមកដល់ពេលនេះ ខាងអាជ្ញាធរមូលដ្ឋាន​នៅមិនទាន់មានចំណាត់​ការ​អ្វីផ្សេងទេ ហើយ​ចំពោះមុ​ខ​​ ពួក​​គាត់​​ត្រឹម​តែ​បង្កើន​ការស្រោច​ទឹក និងឃ្លាំមើលចំពោះក្រុមហ៊ុន​ដែល​ដឹក​ដីនិង​ដឹកខ្សាច់នៅលើដងផ្លូវតែប៉ុណ្ណោះ។

ដោយឡែក តាមរយៈអ្នកជំនាញផ្លូវដង្ហើម លោកសាស្រ្តាចារ្យ ជ័យ វិទ្យា ពន្យល់ថា ជំងឺផ្លូវដង្ហើម គឺបង្ករោគដោយ​វីរុសដែលអាចប៉ះពាល់ដល់ច្រមុះ បំពង់ក និងផ្លូវដង្ហើម។ លោកពន្យល់​ថា ដំណើរការនៃការដកដង្ហើម គឺ​ការយក​អុក​ស៊ី​សែន​ពី​ខ្យល់និង​លំហ​អាកាស យកទៅចិញ្ចឹម​កោសិកា ដោយមានគ្រាប់ឈាមក្រហមជាអ្នកដឹកនាំ។

លោកសាស្ត្រាចារ្យមានប្រសាសន៍ថា៖ «នៅពេលលំហអាកាសឬខ្យល់មានមេរោគ ជាពិសេសការធ្វើដំណើតាមផ្លូវថ្នល់ដែលមាន​បញ្ហាហុយខ្លាំង ការហុយទាំងអស់នោះសុទ្ធជាខ្យល់បង្កទៅជាមេរោគ ដែលធ្វើឱ្យមានបញ្ហាដកដង្ហើម បញ្ហាច្រមុះ និងបញ្ហាបំពង់កនៅថ្ងៃ​ណាមួយមិនខាន»។

យោងតាមរដ្ឋបាលសង្កាត់ដោះដាច់ ភូមិសាស្ត្រនេះមានភូមិចំនួន​៥ រួមមាន ភូមិចុងកោះ ភូមិល្វា ភូមិក្បាលកោះ ភូមិកោះដាច់ និងភូមិរនះ ដែលជាអតីតឃុំ​​នៃស្រុក​មុខ​កំពូល ខេត្តកណ្ដាល ​ប៉ុន្តែ​ក្រោយមកក៏មាន​ការ​កាត់​ចូល​ជាសង្កាត់កោះដាច់។ ប្រជាពលរដ្ឋ​រស់នៅក្នុងតំបន់នេះ ភាគច្រើនប្រកបរបរកសិកម្ម និង​សិប្បកម្មតម្បាញ​ មាន​ដូចជា ហូល ផាមួង និងស៊ឹង ជាដើម ដែលជាមុខរបរចិញ្ចឹមជីវិតតពីដូនតាមក៕

អត្ថបទដោយ៖ ពក ពន្លឺ និង សុក លីហេង

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ