រដ្ឋបាលរាជធានីភ្នំពេញមិនទាន់ឱ្យក្រុមយុវជនធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ ក្រោមហេតុផលប្រជុំអាស៊ាន

ក្រុមយុវជនមួយក្រុមយកញត្តិមកដាក់នៅសាលារាជធានីភ្នំពេញ សុំធ្វើបាតុកម្មដោយសន្តិវិធីនៅទីលានប្រជាធិបតេយ្យ ក្នុងបំណងទាមទារ​​​​​​បញ្ឈប់ការ​​​ចេញ​បណ្ណ​ស្នាក់​​​​នៅ​អចិន្ត្រៃយ៍ដល់​​ជន​​បរទេស និង​លុប​ចោល​គម្រោង​​​​បង្កើត​អគា​រ​​សិក្សាភាសាវៀតណាមនៅ​​សាកលវិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

រដ្ឋបាលរាជធានីភ្នំពេញ មិនទាន់អនុញ្ញាតឱ្យក្រុមយុវជន​ធ្វើបាតុកម្មនៅ​ទីលាន​​ប្រជា​ធិប​​តេយ្យ​ ប្រឆាំង​​​​​​​ការ​​​​ចេញ​បណ្ណ​ស្នាក់​​​​នៅ​អចិន្ត្រៃយ៍​ដល់​​​ជន​​​បរទេស និង​លុប​ចោល​គម្រោង​​​​បង្កើត​អគា​រ​​សិក្សាភាសាវៀតណាម​នៅ​​សាកលវិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ ដោយលើកហេតុផលថា ត្រូវ​រៀបចំសណ្តាប់ធ្នាប់កិច្ចប្រជុំកំពូល​អាស៊ាន។

ការបដិសេធនេះធ្វើឡើងក្រោយពីក្រុមយុវជន​ជួបប្រជុំ​ជាមួយ​មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃសុក្រនេះ ជុំវិញការ​ស្នើសុំធ្វើបាតុកម្ម​នៅទីលានប្រជាធិបតេយ្យ។

យុវជន អ៊ំ ឈុម ប្រាប់វីអូឌី​ក្រោយ​ជួបជា​មួយ​តំណាង​រដ្ឋបាលរាជធានីភ្នំពេញ​​ថា អាជ្ញាធរនៅ​​មិនទាន់​អនុញ្ញាត​ឱ្យ​ក្រុម​យុវជន​​ធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យនោះទេ ក្រោមហេតុផលថា រៀបចំសណ្តាប់ធ្នាប់ និងរក្សាសន្តិសុខសម្រាប់ការប្រជុំអាស៊ាន​នៅពេលខាងមុខនេះ ហើយក្រុមយុវជនត្រូវអនុវត្តតាមការសម្រេចរបស់អាជ្ញាធរនេះដែរ។

លោក អ៊ំ ឈុម បានចាត់ទុកករណីអាជ្ញាធរមិនឱ្យធ្វើបាតុកម្មនេះថាមានចេតនាពន្យារពេល និងរឹតត្បិតការតស៊ូមតិដែលធានាដោយច្បាប់ជាតិ និងអន្តរជាតិ។ យ៉ាងណា លោកថា រដ្ឋបាលរាជធានីភ្នំពេញ ឱ្យក្រុមយុវជនដាក់ពាក្យស្នើធ្វើបាតុកម្មម្តងទៀត ក្រោយចប់ប្រជុំអាស៊ាន។

លោកបន្ថែមថា៖ «យើងនៅតែរក្សារគោលជំហរធ្វើបាតុកម្មនេះ ទោះបីត្រូវរង់ចាំយូរយ៉ាងណាក៏ដោយ គឺយើងនៅតែធ្វើ អត់បញ្ឈប់ទេ។ ហើយពេលក្រោយ យើងអត់មានការស្នើទៀតទេ យើង​គ្រាន់តែជូនដំណឹង គឺយើងធ្វើតែម្តង»

អភិបាលរងរាជធានីភ្នំពេញ លោក កើត ឆែ បញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ មិនបានហាមក្រុមយុវជនមិនឱ្យធ្វើបាតុកម្មនោះទេ ប៉ុន្តែរង់ចាំការជួបពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដែល​ក្រុមយុវជនបានដាក់ពាក្យស្នើសុំធ្វើបាតុកម្មនេះ។

លោកបន្ថែមថា៖ «គ្មានពីណាមិនអនុញ្ញាត​ឱ្យ​គាត់​ទេ សិទ្ធិសម្តែងមតិ អ្នកណាក៏អនុញ្ញាត​ដែរ ប៉ុន្តែស្ថានភាព​ពួក​គាត់​បានដាក់​ពាក្យ​ទៅ​ដល់​ស្ថាប័ន​ពាក់​ព័ន្ធ​ហើយ អ៊ីចឹងរង់ចាំសួរទៅស្ថាប័នពាក់ព័ន្ធ​ទាំងនោះថាគាត់ឆ្លើយយ៉ាងម៉េច​សិន»

នាយក​​ទទួល​​បន្ទុក​កិច្ចកា​រ​ទូទៅ នៃអ​ង្គ​ការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មាន​ប្រសាសន៍ថា បើសិនរដ្ឋបាលរាជធានីភ្នំពេញ មានចេតនាបង្កការលំបាក និងភាពស្មុគស្មាញដល់ក្រុមយុវជនដែលស្នើសុំធ្វើបាតុកម្មដោយអហិង្សានោះ គឺជាការរំលោភ​លើ​សិទ្ធិ​របស់​ប្រជា​ពលរដ្ឋ ហើយទង្វើនេះ​ផ្ទុយពីច្បាប់ជាតិ និងច្បាប់អន្តរជាតិ ។

មន្ត្រីសិទ្ធិរូបនេះបន្តថា តាមច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី គឺប្រជាពលរដ្ឋគ្រាន់តែជូនដំណឹងពីការ​សុំធ្វើបា​តុកម្ម ឬ​ការជួបជុំគ្នាដោយសន្តិវិធីនៅទីលានប្រជាធិប​តេយ្យ ដោយ​មិន​ចាំបាច់​មាន​ការ​យល់​ព្រម​ពី​រដ្ឋបាល​​រាជធានីភ្នំពេញ ក៏ពួកគេអាច​ជួបជុំបានដែរ ប៉ុន្តែការជួបជុំនោះត្រូវធ្វើឡើងក្រោមមនុស្ស២០០នាក់។

លោកបន្ត​ថា៖ «ការជូនដំ​ណឹង វាខុសពីការសុំច្បាប់! បើការជូនដំណឹង មានកម្មវត្ថុ មានកាលបរិច្ឆេទ អំពីគោលបំណង​នៃការជូនដំណឹង និងការជួបជុំ មានតែប៉ុណ្ណឹង! ប៉ុន្តែ​បើ​ខុស​គ្នាប​ន្តិច​បន្តួច យើង​ជជែក​គ្នាបា​ន។ តែបើសិនជាឱ្យកែចុះកែឡើង វាហាក់ដូចជាមានភាពរឹតត្បិតមួយ ដែលនាំឱ្យប៉ះពាល់ដល់សេរីភាពក្នុងការជួបជុំដោយសន្តិវិធី ដែលធានាដោយច្បាប់ស្តីពីបាតុកម្មដោយសន្តិវិធី និងរដ្ឋធម្មនុញ្ញ ក៏ដូចជាបទដ្ឋានអន្តរជាតិ»

យ៉ាងណា ក្នុងកំណត់ហេតុក្នុងកិច្ចប្រជុំរវាងក្រុមយុវជន និងមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែតុលានេះ បានឱ្យ​ដឹង​​ថា ក្រុមយុវជន​បានស្នើសុំជួប​ជុំ​គ្នា​សម្តែង​មតិ​ដោយ​សន្តិ​វិធី នៅទីលាន​ប្រជាធិប​តេយ្យ​ រយៈ​ពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានអ្នកចូលរួមមិនលើសពី​២០០​នាក់។

កំណត់ហេតុ​ដដែល​នេះបញ្ជាក់ថា ក្រុមយុវជនយល់ព្រមពន្យារពេលរហូតដល់ខែធ្នូ ឆ្នាំ២០២២ ដើម្បី​រង់​ចាំកា​រ​ផ្តល់ព័ត៌​មាន​ពី​ការ​ដាក់​ញត្តិ​នៅ​ក្រសួង​អប់រំ និងក្រសួងមហាផ្ទៃ ក្រោយរដ្ឋបាលរាជធានីភ្នំពេញជួបពិភាក្សាជាមួយក្រសួងទាំងពីរ។

កំណត់ហេតុបញ្ជាក់ថា ប្រសិនបើក្នុងករណីពុំទាន់ទទួលបានព័ត៌មាននៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ ក្រុមយុវជនអាចដាក់ពាក្យ​ស្នើសុំម្តងទៀតទៅ​រដ្ឋបាលរាជធានីភ្នំពេញ។

ការស្នើសុំធ្វើបាតុកម្មរបស់ក្រុមយុវជន​ទាំងនេះ ធ្វើឡើងក្រោយពីក្រសួងអប់រំ យុវជន និងកីឡា គ្រោង​​បង្កើត​អាគារ​សិក្សា​​ភាសា​​​វៀត​​​ណាម​​​​នៅ​​​សាកល​វិទ្យាល័យភូ​មិន្ទ​ភ្នំពេញ ខណៈក្រសួង​មហាផ្ទៃ​បានក្រើនរំឭក​ដល់​​​មន្ត្រី​ក្រោម​ឱវាទ និង​វិស័យ​ឯកជនទទួល​ស្គាល់​បណ្ណ​​​​​ស្នាក់​នៅអចិន្ត្រៃយ៍ជនបរទេសអន្តោប្រវេសន្ត​សម្រាប់​បម្រើ​ក្នុងជីវភាពប្រចាំថ្ងៃ បន្ទាប់ពីរកឃើញថា មន្ត្រី​ថ្នា​ក់​ក្រោមជាតិ និងវិស័យឯកជនមួយចំនួន មិនទាន់​ទទួលស្គាល់តម្លៃ​ក្នុងការប្រើប្រាស់បណ្ណ​ស្នាក់នៅអចិន្ត្រៃយ៍​​របស់ជនបរទេសអន្តោប្រវេសន្តទាំងនោះ។

មាត្រា​​៣៥ នៃ​រដ្ឋធម្មនុញ្ញ ចែង​ថា ប្រជាពលរដ្ឋខ្មែរទាំង២ភេទ​មាន​​សិទ្ធិ​ចូល​រួមយ៉ាងសកម្មក្នុងជីវភាព​នយោ​បាយ សេដ្ឋ​កិច្ច សង្គម​កិច្ច និង​វប្បធម៌របស់ប្រទេសជាតិ។ សេចក្តីស្នើទាំងឡាយ​របស់​ប្រជា​ពលរដ្ឋ ត្រូវ​បានទទួល​ការពិនិត្យនិងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ។

ចំណែកមាត្រា៣៧ នៃរដ្ឋធម្មនុញ្ញ ចែងថា សិទ្ធិធ្វើកូដកម្ម និងធ្វើបាតុកម្មដោយសន្តិវិធី ត្រូវយកមកអនុវត្តនៅក្នុងក្របខណ្ឌនៃច្បាប់ ខណៈមាត្រា៤១ ​ចែងថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងបោះពុម្ពផ្សាយ និងសេរីភាពខាងជួបជុំ ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ