ប្រជាពលរដ្ឋប្រមាណ ៣០០គ្រួសារ នៅឃុំត្បែង២ ស្រុកគូលេន ខេត្តព្រះវិហារ អះអាងថា ពួកគាត់កំពុងជួបទុក្ខលំបាកដោយចងតង់សំរាកទាំងគ្រួសារនៅតាមចម្ការដំឡូង ឬសុំរោងចាំចម្ការគេស្នាក់នៅ ខណៈកូនៗបាត់បង់ការសិក្សា ក្រោយពេលអាជ្ញាធរឈូសឆាយផ្ទះពួកគាត់ក្រោមហេតុផលថារស់នៅលើដីរបស់រដ្ឋ។
អ្នកស្រី ចាន់ អាត អាយុ៣៥ឆ្នាំ អះអាងថា ជាពលរដ្ឋបានមកតាំងទីលំនៅក្នុងភូមិក្តាក់ ឃុំត្បែង២ ជាង១០ឆ្នាំ បានឱ្យដឹងថា គាត់បានសង់ផ្ទះមួយខ្នង ដោយចំណាយថវិកាជាង ១លានរៀល ដើម្បីស្នាក់នៅជាមួយស្វាមីនិងកូន២នាក់ ដែលម្នាក់អាយុ៩ឆ្នាំរៀនថ្នាក់ទី២ និងម្នាក់ទៀតអាយុ៤ឆ្នាំ។
អ្នកស្រីបន្តថា កាលពីថ្ងៃទី១៦ ខែមីនា សមត្ថកិច្ចស្រុកជាច្រើននាក់ បានប្រើប្រាស់គ្រឿងចក្រទៅឈូសឆាយផ្ទះរបស់ប្រជាពលរដ្ឋប្រមាណ ៣០០ខ្នង ដោយកម្ទេចចោលទាំងស្រុង និងបានប្រាប់ពួកគាត់ថា ដីដែលកំពុងរស់នៅនេះ ជាដីកម្មសិទ្ធរបស់រដ្ឋធ្វើសម្បទានឱ្យទៅក្រុមហ៊ុនឯកជនមួយ។
អ្នកស្រី ចាន់ អាត ឱ្យដឹងបន្តទៀតថា ក្រោយពេលដែលអាជ្ញាធរបណ្តេញចេញ គាត់បានមករស់នៅតាមព្រៃ ដោយយកតង់ និងកាច់មែកដំឡូងប្រក់ធ្វើជាជម្រកដើម្បីរស់នៅ។
អ្នកស្រីនិយាយថា៖ «ជួនកាលពេលខ្ញុំទៅធ្វើដំឡួង[ដកដំឡូង] ឱ្យគេ! ខ្ញុំយកមែកដំឡូងធ្វើ [ជម្រក] ទៅ ! ខ្ញុំយកតង់កៅស៊ូគ្របពីលើ។ ពេលភ្លៀងមកវា អត់លិចទេ បានតង់កៅស៊ូ បើម្ចាស់ចំការគេមានរោង គេអាណិត គេឱ្យដេកចឹងទៅ»។
អ្នកស្រីបន្ថែមថា គាត់បារម្ភពីសុខភាព និងសុវត្ថិភាព នៅពេលមករស់នៅតាមព្រៃ ហើយថាគាត់ត្រូវប្រើប្រាស់ទឹកស្រះ ដើម្បីទទួលទាន ខណៈការទទួលទានអាហារមិនបានគ្រប់គ្រាន់នោះទេ ដែលពេលខ្លះធ្វើឱ្យគាត់មានជំងឺមិនអាចចេញធ្វើការរកចំណូល។
ស្រ្តីវ័យ ៣៥ឆ្នាំរូបនេះ ស្នើអាជ្ញាធរផ្តល់ជាជំនួយស្បៀងអាហារ និងរៀបចំទីតាំងមួយដើម្បីឱ្យគាត់បានរស់នៅសមរម្យដូចពលរដ្ឋដទៃ និងអាចឱ្យកូនៗរបស់គាត់បានចូលរៀនត្រឹមត្រូវផងដែរ។
អ្នកស្រី ចាន់ អាត បន្តថា៖ «ខ្ញុំចង់ថា ឱ្យគេរៀបចំ សុំឱ្យគេជួយមានទីជម្រកនៅមក ខ្ញុំមានដីផ្ទះនៅត្រឹមត្រូវដូចគេគ្រាន់បានយកកូនទៅរៀន»។
ពលរដ្ឋមួយរូបទៀត លោក ជឹម ចាន់ វ័យ៥៨ឆ្នាំ បានរៀបរាប់ថា លោកបានរស់នៅក្នុងភូមិក្តាក់ ជិត១០ឆ្នាំមកហើយ ដោយបានសាងសង់ផ្ទះលើដីទំហំបណ្តោយ ៤ម៉ែត្រ និងទទឹង៣ម៉ែត្រ។ លោកថា បច្ចុប្បន្ន លោកសុំខ្ទមម្ចាស់ចម្ការដែលលោកស៊ីឈ្នួលដើម្បីសា្នក់នៅ ហើយថា ចៅរបស់លោកចំនួន ២នាក់ បានខកខានរៀនសូត្រ ក្រោយពេលអាជ្ញាធរឈូសឆាយផ្ទះរបស់គាត់ចោល។
លោក ជឹម ចាន់ និយាយថា៖ «ប្រជាពលរដ្ឋគ្នាអត់ឃ្លានមែនទែន បើឃើញជាក់ស្តែងបានប្រាកដថា គាត់អត់មែនទែន សូម្បីដីឡូត៍ផ្ទះក៏គ្មាន មានដីបន្តិចបន្តួចក៏គេដេញទៀត វាពិបាករស់នៅណាស់ ពិបាករស់ណាស់។ ចៅមិនបានយកទៅរៀនទៀត»។
ចំណែក ពលរដ្ឋម្នាក់ទៀត លោក ខិត វ័រ វ័យ៣៨ឆ្នាំ បានឱ្យដឹងថា លោកបានរស់ភូមិក្តាក់ រយៈពេល៤ឆ្នាំមកហើយ ដោយបានចំណាកស្រុកពីខេត្តកំពង់ចាម មកធ្វើជាកម្មករដកដំឡួងនៅតំបន់នេះ។ លោកត្រូវរស់នៅជាមួយសមាជិកគ្រួសារចំនួន ៥នាក់ នៅក្នុងផ្ទះដែលមានទំហំបណ្តោយ ៤ម៉ែត្រ និងទទឹង ៥ម៉ែត្រ។ លោកថា ក្រោយពេលឈូសឆាយផ្ទះរបស់គាត់រួចមក អាជ្ញាធរមិនមានដំណោះស្រាយឱ្យពលរដ្ឋនៅឡើយទេ។
លោក ខិត វ័រ បន្ថែមថា៖ «មេភូមិ ក្រុមប្រឹក្សាឃុំ គេថា ទៅរកដីណាបាននៅទៅៗ! មកពីណាទៅហ្នឹងទៅ គេអត់ទទួលខុសត្រូវទេ [អ្នកចំណាកស្រុក] »។
បើតាមប្រភពពីប្រជាពលរដ្ឋដែលបានផ្តល់បទសម្ភាសន៍ ដីរបស់ពួកគាត់មិនមានប្លង់កម្មសិទ្ធិកាន់កាប់នោះទេ គឺឃើញទំនេរកន្លែងណា ពួកគាត់កាប់ស្ការដើម្បីធ្វើជម្រកស្នាក់នៅកន្លែងនោះ។
មន្ត្រីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តព្រះវិហារ លោក ឡោ ចាន់លើកឡើងថា ករណីនេះ អាជ្ញាធរគួរដោះស្រាយដោយសន្តិវិធី មិនត្រូវប្រើហិង្សា ក៏ដូចជាកម្លាំងចុះទៅបង្រ្កាប និងឈូសឆាយផ្ទះសម្បែងរបស់ប្រជាពលរដ្ឋនោះទេ។
យ៉ាងណា លោកបានជំរុញឱ្យអាជ្ញាធររកដំណោះស្រាយឱ្យប្រជាពលរដ្ឋដែលរងគ្រោះ ដោយផ្តល់ដីសម្បទានសង្គមកិច្ចឱ្យពួកគាត់បានរស់នៅសមរម្យ។
លោក ឡោ ចាន់ មានប្រសាសន៍ថា៖ «បើសិនជាប្រជាពលរដ្ឋគាត់មានភាពខ្វះខាត អាហ្នឹងគាត់ក៏អាចស្នើសុំដីសម្បទានសង្គមកិច្ចបានដែរ ឱ្យតែគាត់ខ្វះខាតពិតប្រាកដ ពីព្រោះយោងតាមអនុក្រឹត្យលេង១៩ គឺរាជរដ្ឋាភិបាលមានសិទ្ធផ្តល់ដីសង្គមកិច្ចផ្សេងៗឱ្យពលរដ្ឋណាក្រីក្រពិតប្រាកដ»។
អភិបាលខេត្តព្រះវិហារលោក ប្រាក់ សុវណ្ណ មិនអាចសុំការឆ្លើយតបជុំវិញករណីនេះបានទេ ដោយលោថា កំពុងរវល់ប្រជុំ រួចបានចុចបិទទូរស័ព្ទ។
ចំណែក នាយករដ្ឋបាលសាលាខេត្តព្រះវិហារ លោក យ៉ុង គឹមហឿង ក៏មិនបានឆ្លើយតបជុំវិញករណីដែរ ដោយលោកថា ការងារនេះមិនស្ថិតក្រោមការគ្រប់គ្រងរបស់លោក។
មាត្រា៣ នៃអនុក្រឹត្យលេខ ១៩ ស្តីពីសម្បទានដីសង្គមកិច្ច បានបញ្ជាក់ថា ដីសម្បទានសង្គមកិច្ច អាចត្រូវផ្តល់ឱ្យសម្រេចគោលដៅសង្គមកិច្ច ដោយអនុលោមតាមគោលដៅណាមួយឬ គោលដៅច្រើន ដោយក្នុងនោះដីអាចផ្តល់ដល់គ្រួសារក្រីក្រដែលគ្មានទីលំនៅសម្រាប់សង់លំនៅឋាន ផ្តល់ដីដល់គ្រួសារក្រីក្រសម្រាប់ធ្វើកសិកម្មលក្ខណៈគ្រួសារ ផ្តល់ដីឱ្យគ្រួសារដែលរងគ្រោះធម្មជាតិ គ្រួសារមាតុភូមិនិវត្តន៍ យោធិនរំសាយ និងគ្រួសារយុទ្ធជនពលី ពិការជាដើម៕