លោក ស ខេង ក្រើនរំលឹក​មន្ត្រីឱ្យ​​ទប់ស្កាត់​អស្ថិរភាពសង្គម និង​ហិង្សា​ផ្នែកនយោបាយ ​មុន​​និង​ក្រោយការ​បោះ​ឆ្នោត

កិច្ចប្រជុំផ្សព្វផ្សាយផែនការអន្តរស្ថាប័នស្ដីពីកិច្ចការងារពិនិត្យបញ្ជីឈ្មោះ និងការបោះឆ្នោតថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ តាមប្រព័ន្ធបញ្ជូនសំឡេង និងរូបភាពនៅថ្ងៃទីទី២៨ ខែមីនា ឆ្នាំ២០២២។(រូបភាព៖ ហ្វេសប៊ុក លោក ស ខេង)

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត (គ.ស.អ) លោក ស ខេង ក្រើនរំលឹក​ដល់​​​រដ្ឋបាលរាជធានី-ខេត្ត និង​សមត្ថកិច្ចពាក់ព័ន្ធ​ បំពេញ​ភារកិច្ច និង​មុខ​​ងារសា​ធារណៈឱ្យបានម៉ត់ចត់ ដោយ​​ទប់ស្កាត់ឱ្យ​បាន​ដាច់ខាត​នូវអំពើហិង្សា ការបង្កអសន្តិសុខ និងអស្ថិរភាព​សង្គម នៅក្នុងដំណាក់កាលមុន និង​ក្រោយ​ការ​បោះឆ្នោត។

នៅ​ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការអន្តរស្ថានប័នស្ដីពីកិច្ចការងារពិនិត្យបញ្ជីឈ្មោះ និងការបោះឆ្នោតថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ លោក ស ខេង លើកឡើង​ថា កិច្ច​ការ​អាទិភាព​ចំពោះមុខសម្រាប់អាជ្ញាធរពាក់ព័ន្ធ គឺការការពារសន្តិសុខ​ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥។

លោកថា គណៈបញ្ជា​ការ​ឯកភាព​រដ្ឋបាល​រាជធានី-ខេត្ត ដែល​ជាក្បាលម៉ាស៊ីនដឹកនាំសំខាន់នៅថ្នាក់ក្រោមជាតិ ត្រូវលើកកម្ពស់តួនាទី​ និង​ទទួលខុសត្រូវរបស់ខ្លួន ក្នុងការដឹកនាំ សម្របសម្រួលសន្តិសុខនៃ​ការ​បោះឆ្នោត ដើម្បីធានាឱ្យមានកម្លាំងសមត្ថកិច្ចគ្រប់គ្រាន់​សម្រាប់ផ្តល់សេវាសន្តិសុខ សុវត្ថិភាពគ្រប់​ដំណាក់​កាល​នៃ​ការ​បោះឆ្នោត។

ក្រៅពីនោះ លោកថា អាជ្ញាធរត្រូវយកចិត្តទុកដាក់គ្រប់គ្រងសភាព​ការសន្តិសុខ ក្នុងមូលដ្ឋានឱ្យកាន់តែល្អប្រសើរ ជាពិសេស​ត្រូវទប់ស្កាត់​ឱ្យ​បាន​នូវការ​កេងចំណេញ​នានាពីការ​ប្រកួត​ប្រជែងខាងនយោបាយ ព្រមទាំង​ត្រូវបញ្ជៀសឱ្យ​បាន​នូវ​រាល់​អំពើហិង្សា ការ​បង្ក​អសន្តិសុខ និងអស្ថិរភាព​សង្គម ទាំងមុន អំឡុង​ពេល និង​ក្រោយ​ការ​បោះឆ្នោត។

លោកថា៖ «ក្នុងការបំពេញភារកិច្ចការពារការបោះឆ្នោត កម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវមានអព្យា​ក្រិត​ភាព និង​គោរពឱ្យបានត្រឹមត្រូវតាមច្បាប់ស្តីពីការបោះឆ្នោត បទបញ្ជា នីតិវិធីសម្រាប់ការបោះឆ្នោត និងក្រមសីលធម៌ភ្នាក់ងារសន្តិសុខបោះឆ្នោត ដោយត្រូវបង្កលក្ខណៈងាយស្រួល និងផ្តល់សេវាសន្តិសុខដល់គ្រប់គណបក្សនយោបាយ បេក្ខជនទាំងអស់ តំណាងគណបក្សនយោបាយ វាគ្មិន អ្នកសង្កេតការជាតិ អន្តរជាតិ និងប្រជាពលរដ្ឋគ្រប់រូបប្រកប​ដោយ​តម្លាភាព និងគ្មានការរើសអើង»។

ជាមួយគ្នានេះដែរ លោក ស ខេង ក៏បានឯកភាពឱ្យ​មានការ​ប្រើ​កម្លាំងប្រជាការ​ពារ បន្ថែម​លើ​កម្លាំង​​នគរបាល និង​កង​រាជអាវុធហត្ថ ដើម្បីជួយ​គាំទ្រ​រក្សា​សន្តិ​សុខ​​សម្រាប់ការបោះឆ្នោត ដោយ​ត្រូវមានការបណ្ដុះបណ្ដាលអំពីគោលការណ៍សំខាន់មួយចំនួនដល់ពួកគេ​ផង​ដែរ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ កត់សម្គាល់ថា នាពេលកន្លងមក​ គណបក្សនយោបាយដែលចូលរួមបោះឆ្នោត និងសមត្ថកិច្ចពាក់ព័ន្ធ បាន​ខិត​ខំ​​ប្រឹងប្រែងឱ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ និងភ្ជាប់នូវអព្យាក្រិតភាព។

លោកថា៖ «កម្ពុជាយើង [ជាប្រទេស] កំពុងអភិវឌ្ឍមែន ក៏ប៉ុន្តែបោះឆ្នោតរៀងរាល់លើកមិនដែលមានការបង្ហូរឈាម ឬក៏ស្លាប់ពលរដ្ឋអស់ម្នាក់ទេ គ្មានតែម្តង! លើកលែងតែៗកាលជំនាន់អ៊ុនតាក់ [ឆ្នាំ ១៩៩៣] ៩៣ តែកាលហ្នុងរៀបរៀងដោយអ៊ុនតាក់ទេ។ ក្រោយៗមកកាន់តែល្អប្រសើរពីមួយលើកទៅមួយលើកកាន់តែល្អ រហូតមកដល់ចុងក្រោយនេះ គ្មានពលរដ្ឋណាម្នាក់ហូរឈាម ឬក៏បាត់បង់ជីវិតដោយសារការបោះឆ្នោតទេ។ [អញ្ចឹងមានន័យថា គ.ស.អ ធានាបាននូវអព្យាក្រឹតភាពសម្រាប់ការបោះឆ្នោត?] បានៗ! ហ្នឹងហើយ អត់មានហ្វឹកហ្វរ បង្ហូរឈាម កាប់ចាក់គ្នា»។

លោក​ថា បើក្នុងករណី​មាន​​មន្ត្រីណាហ៊ានបំពានបទបញ្ជាថ្នាក់លើនោះ នឹងមានការដាក់ពិន័យដូច​ជា ការ​​​ស្តីបន្ទោសជាលាយលក្ខណ៍អក្សរ ដកតំណែង បណ្តេញចេញពីក្របខណ្ឌ បញ្ជូនទៅតុលាការ និងផ្តន្ទាទោសតាមច្បាប់​ជាធរមានជាដើម។

តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញមកពីគណបក្សប្រជាជនកម្ពុជា លោក ឃុត ចាន់ដារ៉ា គាំទ្រការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយសារ​មន្ត្រីថ្នាក់ក្រោមជាតិ និង​សមត្ថកិច្ចពាក់ព័ន្ធ បានអនុវត្ត​ទៅតាមការណែនាំនេះ។

អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលបច្ចុប្បន្នជាអនុប្រធានបណ្តោះអាសន្ន​គណបក្សកែ​ទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន បាន​លើកឡើង​ថា ការថ្លែង​របស់​លោក ស ខេង យ៉ាងដូច្នេះ គឺធ្វើឡើងជាច្រើនដង​ហើយ តែអ្វីដែលសំខាន់ថាតើមន្ត្រីថ្នាក់ក្រោម មានឆន្ទៈក្នុងការអនុវត្ត​ឬយ៉ាងណានោះ។

លោកថា៖ «ខ្ញុំឃើញថ្នាក់ជាតិហាក់ដូចជាមានតែអនុសាសន៍ម្តងម្កាលចឹង! ហើយថ្នាក់ក្រោមធ្វើអី ហាក់ដូចជាធ្វើទៅតាមការយល់ឃើញខ្លួនឯងទៅ ហើយអ្នកដែលពាក់ព័ន្ធ អ្នកដែលមានការគំរាមកំហែងទៅគណបក្សដទៃ រើសអើងអីហ្នឹង ហាក់ដូចជាមិនមានទទួលជាការណែនាំ ឬទោសទណ្ឌអីទេជាទូទៅ ហើយធ្វើឱ្យគណបក្សកាន់អំណាចជាពិសេសមន្ត្រីមូលដ្ឋានមិនសូវជាយកចិត្តទុកដាក់លើការណែនាំរបស់ថ្នាក់លើទេ»។

លោក សំ គន្ធាមី នាយកប្រតិបត្តិនិចហ្វិក ដែលជាអង្គការឃ្លាំមើលការបោះឆ្នោត ​សាទរចំពោះការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយ​ថា នឹង​អាច​ធានាឱ្យការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និង យុត្តិ​ធម៌។ លោក​ថា ដើម្បីធានាឱ្យការបោះឆ្នោតដំណើរការដោយរលូន គ្មានអំពើហិង្សា និងការគម្រាមកំហែង ទាម​ទារឱ្យមានការចូលរួមពីគ្រប់អាជ្ញាធរពាក់ព័ន្ធ រួមទាំងកងកម្លាំងប្រដាប់អាវុធ។

ជាមួយគ្នានេះដែរ លោកក៏បានជំរុញ​ឱ្យមានការ​ដាក់​ពិន័យឱ្យ​បាន​ម៉ឹងម៉ាត់តាមផ្លូវច្បាប់ ក្នុងករណីដែលអាជ្ញាធរ​ពាក់ព័ន្ធ ដែលបណ្តែតបណ្តោយឱ្យ​មាន​ហិង្សា និង​ការរំលោភសិទ្ធ​លើគណបក្ស​នយោ​បាយណាមួយ​ក្នុងដំណើរការ​បោះឆ្នោត​នោះ។

លោក សំ គន្ធាមី ថា៖ «បើអត់បានដាក់ទោស បានន័យថាគាត់មិនយកចិត្តទុកដាក់ដើម្បីធានាការបោះឆ្នោតៗដោយសេរី ត្រឹមត្រូវ យុត្តិធម៌ម៉េចកើត! បើសិនឃើញមន្ត្រីរបស់ខ្លួនធ្វើខុសហើយ យើងអត់ដាក់ទោសម៉េច? ដាក់ទោសតែគណបក្សផ្សេងម៉េចកើត? ដាក់ទោសៗទាំងអស់គ្នា ជាពិសេសមន្ត្រីហ្នឹងឯង»។

បើតាមប្រតិទិនរបស់​​គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះឆ្នោត ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំសង្កាត់ នឹងប្រព្រឹត្តទៅនៅថ្ងៃទី​៥ ខែមិថុនា ឆ្នាំ២០២២ និងការ​បោះឆ្នោត​ជាតិ​នឹង​ប្រព្រឹត្តទៅនៅឆ្នាំ២០២៣៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ