ប្រជាសហគមន៍មួយនៅកំពង់ស្ពឺលែងហ៊ានចុះល្បាតព្រៃ ក្រោយទាហានបាញ់គំរាម និងរងហិង្សា

ព្រៃដែលត្រូវបានឈូសឆាយ។ រូបភាព៖ (ផ្តល់ឱ្យ)

ប្រជាសហគមន៍មួយ​នៅ ​ស្រុក​​ឱរ៉ាល់ ខេត្ត​កំពង់​ស្ពឺ អះអាងថា ពួកគេលែង​ហ៊ានចុះល្បាតព្រៃឈើនៅព្រៃសហគមន៍ឧត្តមស្រែខ្ពស់ ក្រោយ ទាហានបាញ់គំរាម និងរងហិង្សាជាបន្តបន្ទាប់។

ចាប់តាំងពីចុងឆ្នាំ២០២១មក អ្នកភូមិរាប់​រយ​នាក់ បាន​នាំគ្នា​តវ៉ាប្រឆាំងក្រុមទាហាន​នៃបញ្ជាការដ្ឋាន​រថក្រោះ​កង​ទ័ពជើងគោក មិនឱ្យកាប់បំផ្លាញព្រៃសហគមន៍ «ឧត្ដមស្រែខ្ពស់» ហៅ «ព្រៃមេត្តាធម្មជាតិ» ស្ថិតនៅភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ដោយពួកគេអះអាងថា បានការពារជាង២០ឆ្នាំមកហើយ។

សមាជិកសហគមន៍​ឧត្ដមស្រែខ្ពស់ម្នាក់ លោក ខន សារិទ្ធ ប្រាប់​វីអូឌី​នៅថ្ងៃពុធនេះថា ព្រៃឈើសហគមន៍«ឧត្ដមស្រែខ្ពស់» បន្តរងការឈូសឆាយ និងកាប់បំផ្លាញ់ស្ទើរ​រាល់ថ្ងៃពី​សំណាក់​ក្រុម​ទាហាន ខណៈ​អ្នក​ភូមិលេង​ហ៊ាន​ចុះ​ទប់​ស្កាត់ ក្រោយ​ពី​មានការបាញ់គំរាម និងប្រើហិង្សាលើពួកគេ។

សមាជិកសហគមន៍រូបនេះ​ អះ​អាង​ថា អ្នកភូមិ៧នាក់​បាន​រងរបួសដោយបាក់ដៃ បែកក្បាល និងជាំមុខ​ជាដើម ដោយ​សារ​ក្រុម​ទាហានប្រើហិង្សា និងទូរស័ព្ទជាច្រើនគ្រឿងត្រូវបានដកយក ខណៈពួកគេចុះ​ទប់ស្កាត់​ការ​ឈូស​ឆាយ និងកាប់បំផ្លាញព្រៃសហគមន៍នាពេលកន្លងមក។

លោកបន្ថែមថា៖ «អ៊ុំស្រី ឃន ​ខន គាត់​រង​របួស​ធ្ងន់​ជាង​គេបាក់ដៃ អ្នកផ្សេងទៀត​គាត់​បែកក្បាល អ្នកខ្លះជាំមុខ ថ្លោះក ឥលូវ​ព្រៃសហគមន៍ហ្នឹងដឹងយ៉ាងម៉េច​ទេ។ យើង​អត់​ហ៊ានទៅទប់ស្កាត់​​គេ ​ចេះតែឈូសឆាយ ប្រជា​ពលរដ្ឋទាំងគេ​ទាំងខ្ញុំ ចេះបារម្ភខ្លាច​គេបាញ់​​ត្រូវ ព្រោះគេបាញ់គំរាមក្បែរៗ​ជើង​​​យើង​ឥលូវបាញ់​ច្រើនៗ​គ្រប់​ណាស់។ ហើយគេគំរាមថា ឱ្យយើងទៅមុខដដែលគេបាញ់ចោលហើយ»

សមាជិកសហគមន៍ម្នាក់ទៀត អ្នកស្រី ឃន ខន រស់នៅឃុំត្រពាំងជោរ ឱ្យដឹងថា អ្នកស្រីបាន​បាក់ដៃខាងឆ្វេង និង​ពលរដ្ឋផ្សេងទៀត​រងរបួសធ្ងន់ស្រាល ដោយអ្នក​ខ្លះបែកក្បាល អ្នក​ខ្លះហើមមុខ​ ដោយសារក្រុមទាហានវាយ ខណៈពួ​ក​គាត់​ចុះ​ទប់​ស្កាត់​មិនឱ្យទាហានទាំងនោះ កាប់បំផ្លាញព្រៃសហគមន៍ កាលពីថ្ងៃទី៥ខែមិនានេះ។

ជុំវិញ​ហិង្សា​នោះ ស្ត្រី​​មេម៉ាយ​វ័យ​៦៥ឆ្នាំរូបនេះ អះអាង​ថា រូបគាត់​និងអ្នករងរបួសផ្សេងទៀត បាន​ដាក់​បណ្តឹង​ទៅសមត្ថកិច្ចនៅក្នុងឃុំដែរ ប៉ុន្តែរហូតមកដល់ពេលនេះ ពុំទាន់​មានចំណាត់ការណាមួយទៅលើជនបង្ករឡើយ។

អ្នកស្រី ឃន ខន លើក​ឡើង​ទៀត​ថា អ្វីដែលអ្នកភូមិនាំតវ៉ា និងរារាំងក្រុមទាហានមិនឱ្យឈូសឆាយព្រៃសហគមន៍​នោះ គឺ​គ្រាន់តែចង់រក្សាព្រៃឈើនេះ​ឱ្យគង់សម្រាប់បរិស្ថាន សម្រាប់ប្រជាពលរដ្ឋអាស្រ័យផល និង​សម្រាប់កន្លែង​ទេសចរណ៍ប៉ុណ្ណោះ ខណៈព្រៃសហគមន៍​មាន​សត្វព្រៃជាច្រើនប្រភេទកំពុងរស់នៅ​ដូចជា សត្វក្ងោក​ មាន់​ព្រៃ ទោច ស្វា និង​សត្វព្រៃផ្សេងទៀត។

អ្នកស្រីបន្ថែមថា៖ «ខ្ញុំមិនអាចទទួលយកបានត្រង់ថា យើងជាអ្នកការពារព្រៃឈើដើម្បីបរិស្ថាន ដើម្បីទុកសម្រាប់ក្មេងជំនាន់ក្រោយបែរជាយើងខុសទៅវិញ ចំណែកអ្នកកាប់បំផ្លាញបែរជាត្រូវទៅវិញ ហើយបានមក​វាយ មក​រកកាប់សម្លាប់យើង​អ្នកការពារទុកព្រៃទៅវិញ។ ខ្ញុំមិនយល់ មិនអាចទទួលយកបានត្រង់ចំណុច​ហ្នឹង​ណាស់»

ព្រះតេជគុណ​ ព្រំ សុជាតិ ដែល​កំពុងគង់​នៅអាស្រមមួយ ស្ថិតក្នុងព្រៃឈើសហគមន៍«ឧត្ដមស្រែខ្ពស់» បាន​ផ្សព្វ​ផ្សាយ​លើ​ហ្វេស​ប៊ុក​របស់​ព្រះអង្គ​កាលពីថ្ងៃទី២៩ខែមីនានេះថា ក្រុមទាហានបានធ្វើសកម្មភាពឈូស​ឆាយ និងកាប់បំផ្លាញព្រៃចូលដល់​ព្រំ និងបរិវេណដីអាស្រម​មេត្តាធម្មជាតិហើយ។

ព្រះអង្គ​មាន​សង្ឃដីកា​បន្ត​ថា ក្នុងកំឡុងពេល​​ព្រះអង្គនិមន្តទៅមើល​បរិវេណ​គេ​ឈូសដី​ព្រៃ​នៅ​ក្បែរៗអាស្រម​នោះ ត្រូ​វបានអ្នកឈូសឆាយព្រៃ បាញ់ជាច្រើនគ្រាប់​ក្បែរៗព្រះបាត​ព្រះអង្គ និង​បាន​ដក​យកទូរស័ព្ទ​ព្រះអង្គ​ថែម​ទៀត​ផង។

ព្រះអង្គមានសង្ឃដីកា​ក្នុងវីដេអូឃ្លីបដែលបង្ហោះលើហ្វេស​ប៊ុក​ថា៖ «ញោមៗ​មក​ឈូសព្រៃនៅជុំ​វិញអាស្រម​​ដ្ឋាន។ អាស្រមដ្ឋានមេត្តាធម្មជាតិ ដែលជាតំបន់ថែរក្សាសត្វព្រៃដែលបងប្អូនធ្លាប់ស្គាល់ ធ្លាប់ឃើញ​ ធ្លាប់យល់​កន្លង​មក ឥលូវញោមៗឈូសយកអស់ហើយ។ ពិភពលោកនេះជារបស់ញោមហើយ មិន​ដឹង​ជា​ធ្វើយ៉ាងម៉េចទេ។ យើងបានថែរក្សាតាមទឹកចិត្តមន្តសិក្កា ដើម្បីជួយពិភពលោក ប៉ុន្តែឥលូវ​ពិភពលោក​អត់​យល់ អត់សណ្តោសប្រណី អីចឹង​ព្រៃហ្នឹងក៏អស់​ហើយ»

មន្ត្រីសម្របសម្រួលសហគមន៍នៅសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាប្រចាំខេត្តកោះកុង និងកំពង់ស្ពឺ លោក ញ៉ិល ភាព មានប្រសាសន៍ថា ករណីក្រុមទាហានបាញ់គំរាម និងការប្រើអំពើហិង្សាលើពលរដ្ឋនេះជាទង្វើខុសច្បាប់ និងរំលោភសិទ្ធិពលរដ្ឋធ្ងន់ធ្ងរ។ លោក​ស្នើដល់​សមត្ថកិច្ចពាក់ព័ន្ធត្រូវតែស្រាវជ្រាវចាប់ជន​បង្ក​មកផ្តន្ទាទោសតាមច្បាប់​ និង​ដោះ​ស្រាយ​វិវាទ​ដី​ព្រៃសហគមន៍ រវាងពលរដ្ឋ​​និងក្រុមទាហានតាមនីតិវិធី។

លោកបន្ថែមថា៖ «អ្វីដែលបានកើតឡើង ជាអំពើហិង្សាដ៏ធ្ងន់ធ្ងរមកលើពលរដ្ឋ ដែលគាត់គ្រាន់តែប្រើប្រាស់​សិទ្ធិរបស់ពួកគាត់ក្នុងការការពារដីព្រៃសហគមន៍ គឺពួកគាត់បានទៅដាក់ពាក្យបណ្តឹងនៅតាមអាជ្ញាធរថ្នាក់មូលដ្ឋានដល់ថ្នាក់ជាតិ ប៉ុន្តែមិនមានការយកចិត្តទុកដាក់ដោះស្រាយឡើយ។​ មិនត្រឹមតែប៉ុណ្ណឹងពេលពលរដ្ឋចូលបំភ្លឺនៅតុលាការ ត្រូវបានព្រះរាជអាជ្ញា​​សំឡុត បានគំរាមកំហែង បានដាក់គំនាបឱ្យពួកគាត់​ឈប់តវ៉ាថែមទៀត»

មេប៉ុសិ៍ឃុំត្រពាំងជោរលោក នៅ ណន បានច្រានចោលចំពោះការលើកឡើងថា មានអ្នក​រងរបួសបាក់ដៃ និងរងហិង្សា ក្នុងជម្លោះដីព្រៃសហគមន៍ ជាមួយក្រុមទាហាននោះ​។ លោកថា ករណីអ្នកស្រី ឃន ខន​ គឺរត់​ដួល​ខ្លួន​ឯង​តែ​ប៉ុណ្ណោះ គ្មានការ​ប្រើហិង្សាឡើយ ហើយក៏គ្មានចាត់ការលើបណ្តឹង​នោះ​ដែរ។

លោកបន្ថែមថា៖ «បើមានករណីវាយធ្ងន់ធ្ងរបង្ក​របួសស្នាមលើអ្នកដទៃ​មែន​នោះ យើងនៅស្ងៀមម៉េច​កើត ព្រោះប្រ​ជាពលរដ្ឋយើង»

កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយកាត់ដីទំហំជាង ២៦០ហិកតា (២៦២,២៤ហិកតា​) ពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតភូមិសាស្ត្រ​ភូមិ​ពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីបែងចែកទៅឱ្យគ្រួសារកងទ័ពនៃបញ្ជាការដ្ឋាន​​រថក្រោះកងទ័ពជើងគោក និងពលរដ្ឋចំនួន ៤១គ្រួសារ សម្រាប់​ធ្វើលំនៅឋាន និងបង្កបង្កើនផល។

អភិបាលខេត្តកំពង់ស្ពឺលោក វី សំណាង អះអាងថា តំបន់ដីដែលកាត់ទៅឱ្យគ្រួសារកងទ័ពនេះ មិន​ប៉ះពាល់ដល់​ដី​សហគមន៍ឡើយ។ លោក​​​បាន​ចោទ​ពលរដ្ឋដែល​នាំគ្នាតវ៉ា​នោះថា​ ជា​ក្រុម​បក្សប្រឆាំង ហើយថា​ ការតវ៉ានោះមានការញុះញង់​​​ពី​មេខ្យល់ និងក្រុមអង្គការសង្គមស៊ីវិល​មួយចំនួន។

យ៉ាងណា ប្រធាន​អង្គការ​ប្រឆាំង​អំពើពុករលួយ ទប់ស្កាត់​ការបំផ្លាញ​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ (ACNCIPO) លោក ជា ហ៊ាន ដែលចុះពិនិត្យករណីនេះ ប្រាប់វីអូឌីកាលពីថ្ងៃ​ទី២៤ខែ​កុម្ភៈ​ថា ការ​កាត់​ដីចេញ​ពី​ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់​រប​ស់​ក្រសួងបរិស្ថាន ដើម្បីបែងចែកទៅឱ្យគ្រួសារកងទ័ព​នៅ​ឃុំត្រពាំង​ជោរ​នោះ គឺ​មាន​ភាពមិន​ប្រក្រតី​ជាច្រើន និងបានប៉ះពាល់ដល់ដីសហគមន៍។

ពាក់ព័ន្ធនឹងជម្លោះដីធ្លីរវាងប្រជាសហគមន៍ និងក្រុមទាហាននេះដែរ ក៏​មានពលរដ្ឋ​ចំនួន ១០នាក់ កំពុង​​រង​បណ្តឹង​​នៅតុលាការផងដែរ​។

បើតាមសមាជិកសហគមន៍ លោក ខន សារិទ្ធ កាលពីដើមឡើយសហគមន៍​«ឧត្ដមស្រែខ្ពស់» ហៅ «ព្រៃមេត្តាធម្មជាតិ» មាន​ផ្ទៃដីព្រៃទំហំជាង២ ០០០ហិកតា ប៉ុន្តែក្រោយមក មានក្រុមហ៊ុន​ឯកជន និង​ក្រុម​ទាហាន​បានចូលទៅរំលោភយក​ជា​បន្ត​បន្ទាប់ ដោយបច្ចុប្បន្ន សហគមន៍នេះសល់ដីតិចតួចប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ