តុលាការ​កំពូល​សម្រេច​កម្កល់​សាលដីកា​សំណុំ​រឿង​សកម្មជន​ដីធ្លី​ខេត្ត​ត្បូងឃ្មុំ​ទុក​ជា​បាន​ការ​ដដែល​

បុរសពីរនាក់ជិះម៉ូតូកាត់មុខតុលាការកំពូល រាជធានីភ្នំពេញ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០។ (ពៅ មេត្តា)

តុលាការកំពូលសម្រេចកម្កល់សាលដីកាសំណុំរឿង«សមគំនិតក្នុងអំពើញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខ​សង្គម» លើសកម្មជនដីធ្លី​ និងសកម្មជនបក្សប្រឆាំងត្រូវបានតុលាការរំលាយចំនួន ៧នាក់នៅខេត្តត្បូងឃ្មុំទុកជាបានការដដែល។

ការសម្រេចកម្កល់នេះ ធ្វើឡើងបន្ទាប់ពីតុលាការកំពូលបើកសវនាការកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ តាមបណ្ដឹងសាទុក្ខ​មេធាវី​ការពារក្ដី​ឱ្យសកម្មជនបក្សប្រឆាំងដែលត្រូវបានតុលាការរំលាយ និងសកម្មជនដីធ្លីចំនួន ៧នាក់  ដោយតុលាការបានដោះលែងចំនួន ៦នាក់ បន្ទាប់ពីពួកគេអនុវត្តទោសចប់ ប៉ុន្តែលោក សែម ចំណាន ដែលជាសកម្មជនដីធ្លីភូមិស្រែប្រាំង​ នៅស្រុកតំបែរមិនទាន់ត្រូវបានដោះលែងនៅឡើយ។

ក្នុងបន្ទប់សវនាការ នាថ្ងៃពុធនេះ ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូលលោក សឹង បញ្ញាវុឌ្ឍ  បានសម្រេចកម្កល់សាលដីកាបណ្ដឹងសាទុក្ខរបស់សកម្មជនដីធ្លី និងសកម្មជនបក្សប្រឆាំងទុកជាបានការដដែល ដោយថា ការសម្រេចរបស់សាលាដំបូងខេត្តត្បួងឃ្មុំ និងសាលាឧទ្ធរណ៍ គឺជារឿងត្រឹមត្រូវ។

យ៉ាងណា ការប្រកាសសាលដីកានាថ្ងៃពុធនេះ មិនមានវត្តមានជនជាប់ចោទទាំង ៧នាក់ និងមេធាវីចូលរួមស្ដាប់ឡើយ។

ជនជាប់ចោទចំនួន៧នាក់ ក្នុងសំណុំរឿង «សមគំនិតក្នុងអំពើញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» នេះ រួមមាន​​ឈ្មោះ ផុន សុផល, ម៉ក់ សំអាន, ព្រៅ ចាន់ធឿន, ខន ទន, អ៊ុំ យ៉េត​, ស៊ូ យាន និង សែម ចំណាន។

ប៉ុន្តែក្នុងចំណោមពួកគេទាំង៧នាក់ គឺមាន​​ជនជាប់ចោទ​ចំនួន​៦នាក់ត្រូវ​បាន​ដោះ​លែង​ចេញ​ពី​ពន្ធនាគារ បន្ទាប់​ពី​ពួក​គេបានអនុវត្តទោសគ្រប់១ឆ្នាំ ខណៈលោក សែម ចំណាន មិន​ទាន់ត្រូវបានដោះលែងនៅឡើយ ដោយសារ​រូបលោកមានជាប់បទចោទក្នុងសំណុំរឿងដីធ្លីមួយផ្សេងទៀត។

លោក សែម ចំណាន ត្រូវបានសាលាដំបូងខេត្តត្បូងឃ្មុំ ចេញសាលក្រមសម្រេចផ្ដន្ទាទោសដាក់​ពន្ធនាគារ៧ឆ្នាំ ក្រោមបទចោទ «កំហែងយកដោយមានស្ថានទម្ងន់​ទោស ប្រើ​ប្រាស់​អាវុធ» កាល​ពីខែ​មិថុនា ឆ្នាំ២០២០ ពាក់​ព័ន្ធនឹងរឿងតវ៉ាដីធ្លី។ ក្រោយ​ពី​មាន​ការសម្រេចនេះ មេធាវីការពារក្ដីបានប្ដឹងសាទុក្ខសាលាឧទ្ធរណ៍ ហើយសាលាឧទ្ធណ៍សម្រេចឱ្យលោកអនុវត្តទោសក្នុងពន្ធនាគារ២ឆ្នាំវិញ។

តំណាង​សហគមន៍ស្រែប្រាំង នៅភូមិស្រែប្រាំង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ លោក សែម ចំណាន ត្រូវ​បានអាជ្ញាធរចាប់ខ្លួនកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ នៅស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ហើយ​បានបញ្ជូនមកកាន់ពន្ធនាគាខេត្តត្បូងឃ្មុំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ