រដ្ឋាភិបាលថា ជនដៃដល់ម្នាក់ក្នុងសំណុំរឿងគប់គ្រាប់បែកទៅលើក្រុមលោក សម រង្ស៊ី កាលពី២៥ឆ្នាំមុនបានស្លាប់ហើយ

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ថ្លែងក្នុងសន្និសីទកាសែតនៅទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃព្រសហ្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២០។ (សូត សុខប្រាថ្នា)

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានអះអាងថា ជនដៃដល់ម្នាក់ក្នុងសំណុំរឿងគប់គ្រាប់បែកដៃទៅលើក្រុមបាតុករ ដែលដឹកនាំដោយលោក សម រង្ស៊ី កាលពី២៥ឆ្នាំមុន បានស្លាប់ហើយ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដែលធ្វើឱ្យតម្រុយនៃការស៊ើបអង្កេតឈានទៅចាប់ខ្លួនជនល្មើសត្រូវបានបាត់ដាន។

ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃនេះ ស្របពេលគណបក្សក្រៅរដ្ឋាភិបាលមួយ នៅព្រឹកថ្ងៃពុធនេះ បាន​ដឹកនាំរៀបចំពិធីរំលឹកខួប ២៥ឆ្នាំនៃព្រឹត្តិការណ៍គប់គ្រាប់បែកដៃទៅលើក្រុមបាតុករ ដែលដឹកនាំដោយលោក សម រង្ស៊ី ​បណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ចំនួន ១៦នាក់ស្លាប់ និងរបួសជិត ២០០នាក់ ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថា សមត្ថកិច្ចកម្ពុជា បានសហការជាមួយសមត្ថកិច្ច FBI ដើម្បី​ស៊ើបអង្កេត និងស្វែងជនដៃដល់ដែលបានគប់គ្រាប់បែកទៅលើក្រុមបាតុករដែលធ្វើបាតុកម្ម​ដឹកនាំដោយលោក សម រង្ស៊ី កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧​។ លោកបន្តថា អំឡុងពេលស៊ើបអង្កេតនោះ សមត្ថកិច្ចបានសួរសាក្សី និងអ្នកពាក់ព័ន្ធផ្សេងទៀត   ដោយរកឃើញជនដៃដល់ម្នាក់ ដែលលោកថា ជាអ្នកគប់គ្រាប់បែកផ្ទាល់ចូលទៅក្នុងព្រឹត្តិការណ៍កាលពី ២៥ឆ្នាំមុន​។

លោកបញ្ជាក់ថា សមត្ថកិច្ចបានតាមចាប់ខ្លួន ប៉ុន្តែជនដៃដល់រូបនោះ បានរត់គេចខ្លួន ហើយទៅចូលជាមួយគណបក្សនយោបាយមួយ ដែលលោកសុំមិនបញ្ចេញឈ្មោះ តែក្រោយមកលោកថាជនដៃដល់រូបនោះក៏បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍តែម្តង។

លោកថា៖«បានរត់គេខ្លួនទៅក្រោមការគ្រប់គ្រងរបស់គណបក្សមួយថាអ៊ីចឹងចុះ ខ្ញុំមិនបញ្ចេញឈ្មោះទេ ប៉ុន្តែក្រោយពីមានព្រឹត្តិការណ៍ស្រាប់តែលឺសូរអាប្រេស៊ីលហ្នឹង គាត់ជិះឡានងាប់បាត់  រកអាប្រេស៊ីលមិនឃើញប្រដោយ គឺស្លាប់បាត់ហើយ។ ដូច្នេះតាំងពីនោះ ការស្រាវជ្រាវរបស់យើងមុនជិតដល់ចុងបិទបញ្ចប់ និយាយរួមជិតចាប់បានជនល្មើសហើយ តែបាត់ដានពីនោះទៅ បាត់ដានរហូត តាំងពីនោះ លែងមានព័ត៌មានអី ដើម្បីបំភ្លឺផ្លូវទៀត បាត់ត្រឹមអាប្រេស៊ីលហ្នឹងតែម្ដង»។

លោក ខៀវ សុភ័គ បន្តថា ទោះបីជា ជនដៃដល់ឈ្មោះប្រេស៊ីល  ដែល​អះអាងថា ស្លាប់បាត់ទៅហើយក៏ដោយ ប៉ុន្តែលោកថា សំណុំរឿងនេះរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង នៅមិនទាន់បានប្រកាសបិទបញ្ចប់នៅឡើយទេ។

គណបក្សភ្លើងទៀន នៅថ្ងៃពុធនេះ  បានរៀបចំពិធីបង្សុកូលរាប់បាត្រប្រគេនព្រះសង្ឃ  ដើម្បីឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធ​វីរបាតុករដែលបានបាត់បង់ជីវិត ក្នុងសោកនាដកម្មវាយប្រហារដោយគ្រាប់បែកដៃនៅមុខអតីតមន្ទីរដ្ឋសភារាជធានីភ្នំពេញកាលថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ ​បណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ចំនួន ១៦នាក់ស្លាប់ និងរបួសជិត ២០០នាក់។

អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា អះអាងថា បើគណបក្សនេះ ឈ្នះការបោះឆ្នោតខាងមុខនឹងចាត់វិធានការច្បាប់លើជនដៃដល់ និងអ្នកនៅពីក្រោយខ្នងនៃការគប់គ្រាប់បែកទៅលើក្រុមបាតុករ ដែលដឹកនាំដោយលោក សម រង្ស៊ី កាលពី២៥ឆ្នាំមុន ដើម្បីផ្ដល់យុត្តិធម៌ដល់គ្រួសារជនរងគ្រោះ​។

លោកថា« បើយើងកាន់អំណាចវិញ យើងមិនខ្លាចទៅលើបុគ្គលណាទេ ព្រោះអនុវត្តច្បាប់ឱ្យស្មើភាពគ្នា ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញថា ប្រជាពលរដ្ឋ​មានសិទ្ធិស្មើភាពចំពោះមុខច្បាប់ ​មិនមែនខ្លួនជាមន្ត្រី ជាទាហាន ជាយោធា ជាប៉ូលីសរដ្ឋមន្ត្រីកុងសី​ប្រព្រឹត្តបទល្មើសស្រេចអំពើចិត្ត​គឺអត់ទេ យើងត្រូវស្រាវជ្រាវរកឱ្យឃើញ ​មកផ្ដន្ទាទោស មិនត្រឹមអ្នកដៃដល់នៅពីក្រោយខ្នង ​ក៏ត្រូវមានទោសដូចគ្នា ​​អាហ្នឹង គឺយើងមិនអាចលើកលែងបានទេ ពីព្រោះនៅពេលយើងដឹងនាំរដ្ឋាភិបាល យើងមានលទ្ធភាពគ្រប់គ្រាន់ ទាំងប្រព័ន្ធច្បាប់ទាំងអី យើងនឹងអនុវត្តច្បាប់ហ្នឹង ហើយយើងមានទាំងកម្លាំងប៉ូលីសកម្លាំងអីទាំងអស់»

ប្រធាន​​សហភាព​សហជីព​កម្ពុជា​ លោក រ៉ុង ឈុន  កត់សម្គាល់ថា ពន្លឺយុត្តិធម៌សម្រាប់គ្រួសារជនរងគ្រោះបានទទួលខ្លះៗហើយ តាមរយៈតុលាការបារាំង ដែលបច្ចុប្បន្ន តុលាការប្រទេសបារាំងកំពុងកោះហៅអ្នកពាក់ព័ន្ធក្នុងព្រឹត្តិការណ៍គប់គ្រប់បែកនោះ​មកសវនាការ។

លោកបន្តថា ដោយសារសំណុំរឿងនេះពាក់ព័ន្ធ​មន្ត្រីធំៗក្នុងជួរដ្ឋាភិបាល ទើបធ្វើឱ្យអាជ្ញាធរកម្ពុជា​ពិបាកវែកមុខរកជនដៃដល់ និងអ្នកនៅពីក្រោយខ្នង។ ​

លោកថា៖«អាជ្ញាធរកម្ពុជាយើងមានសមត្ថភាពដែលអាចវែកមុខរកអ្នកដែលបោកគ្រាប់បែក ​ឬអ្នកដៃដល់ មកផ្ដន្ទាទោស ​ក៏ប៉ុន្តែបញ្ហានេះ ​​ពាក់ព័ន្ធនឹងអ្នកមានតួនាទីធំៗ ដូច្នេះ ហើយបានជាអាជ្ញាធរកម្ពុជាយើង មិនបានវែកមុខរកអ្នកដៃដល់មកផ្ដន្ទាទោស»។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសានស៍ថា រយៈពេល ២៥ ឆ្នាំ ហើយដែលគ្រួសារជនរងគ្រោះនៅមិនទាន់ទទួលបានយុត្តិធម៌ ខណៈជនដៃដល់ និងអ្នកនៅពីក្រោយខ្នងសំណុំរឿងនេះ មិនទាន់ត្រូវបានចាប់ខ្លួនយកមកផ្ដន្ទាទោស​នៅឡើយ។

យ៉ាងណា លោកជំរុញទៅអាជ្ញាធរកម្ពុជា ឱ្យស៊ើបអង្កេតរឿងនេះបន្ថែមទៀត។ លោកថា ​  ប្រសិនបើសិន​បើរដ្ឋាភិបាលនៅតែមិនអាចចាប់ខ្លួនជនដៃដល់ និងអ្នកពាក់ព័ន្ធរឿងនេះ មកដាក់ទោសទេ វានឹងបង្កើតជាវប្បធម៌និទណ្ឌភាព ដោយសារអំពើឧក្រិដ្ឋកម្មនេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ​មួយនៅកម្ពុជា។

លោកថា«បញ្ហាទាំងអស់នេះ ​វាជាវប្បធម៌មួយដែលមិនល្អ ​ដែលគ្មានការទប់ស្កាត់ ​និងរាំងខ្ទប់​ព្រឹត្តិការណ៍របៀបនេះ ​។ អ៊ីចឹង​ ជាវប្បធម៌មួយដ៏អាក្រក់​ ហើយវាជាគំនូរមួយដ៏អាក្រក់​ ដែលព្រឹត្តិការណ៍ដ៏ធំធេង ​ដែលយើងមើលទៅសោកនាកម្មមួយដ៏ធំធេងមួយ ហើយមិនមានជនណាម្នាក់ចាប់មកផ្ដន្ទាទោស​ តាមផ្លូវច្បាប់ ដើម្បីស្វែងរកយុត្តិធម៌សម្រាប់គ្រួសារជនរងគ្រោះ»

ពាក់ព័ន្ធនឹងរឿងនេះ កាលពីថ្ងៃទី២៩ ខែមីនា  អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ​ ជំរុញជាថ្មីទៀតទៅតុលាការបារាំងឱ្យសហការជាមួយប៉ូលិសអន្តរជាតិអាំងទែរប៉ូល ​ចេញសំណើរឱ្យចាប់ខ្លួន មេ​​អង្គ​​រក្សដ៏មានឥទ្ធិពល ២រូប របស់​​លោក​​នាយ​ក​​រដ្ឋមន្រ្តី ហ៊ុន សែន ដែលជាប់​​ពាក់​ព័ន្ធ​​​រឿងក្តីគប់គ្រាប់បែកដៃចូលក្រុមបាតុករដែលមានលោក សម រង្ស៊ី ជាអ្នកនាំដឹកនាំ កាលពី ២៥ឆ្នាំមុន។

ការជំរុញនេះ បានធ្វើឡើងបន្ទាប់ពីតុលាការប្រទេសបារាំង បានចេញដីកាកោះហៅ លោក ហ៊ុយ ពិសិដ្ឋ និងលោក ហ៊ីង ប៊ុនហៀង ដែលចេញដោយចៅក្រម លោក សាប៊ីន ឃើរីស(Sabine Kh​​e​​ris) ជាអនុប្រធានផ្នែកស៊ើបអង្កេត នៃតុលាការប្រទេសបារាំង កាលពីចុងខែធ្នូ ឆ្នាំ២០២១​ កន្លងទៅ។

នៅក្នុងដីកាកោះហៅនោះ បង្ហាញថា មានភស្តុតាងបញ្ជាក់ ពីលោក ហ៊ុយ ពិសិដ្ឋ និងលោ ហ៊ីង ប៊ុនហៀង ដែលមានតួនាទីជាប្រធាន និងអនុប្រធាន នៃកងអង្គរក្សពិសេស របស់លោកនាយករដ្ឋមន្រ្តី បានរៀបចំ និងអនុវត្តការវាយប្រហារ ដោយគ្រាប់បែកដៃ កាលពីពីថ្ងៃទី៣០ ខែ មីនា ឆ្នាំ១៩៩៧ ដោយកំណត់យកលោក សម រង្ស៊ី ជាគោលដៅ។

ដីកាបន្តទៀតថា លោកនាយឧត្តមសេនីយ៍ ហ៊ុយ ពិ​សិដ្ឋ បានដាក់​ពង្រាយទាហាន របស់ខ្លួនដែលបំពាក់អាវុធគ្រប់ដៃ និងស្ថិតក្នុងប្រុងជើង​​ការ​​ដើម្បី​​ត្រៀម​​ប្រយុទ្ធ ខណៈនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង វិញជាមនុស្សមានឥទ្ធិពលបន្ទាប់ដែល​បានអនុវត្តការវាយ​​ប្រហារ​​ពេលនោះ​​។​ យ៉ាងណា សម្រាប់ លោក ហ៊ីង ប៊ុនហៀង បានច្រានចោលការចោទប្រកាន់ទាំងនេះ និងមិនខ្វល់ចំពោះការលើកឡើងរបស់អង្គការអន្តរជាតិនោះឡើយ៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ