​អតីតកម្មការិនីរោងចក្រមួយនៅភ្នំពេញទាមទាររកយុត្តិធម៌ក្រោយថៅកែបិទអាជីវកម្មជាង៤ឆ្នាំមិនបានផ្តល់សំណង

សន្និសីទសារព័ត៌មានមួយនៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។ រូបភាព៖(ផ្តល់ឱ្យ)

អតីតកម្មការីនី ៩នាក់ ដែលបម្រើការងារនៅក្រុមហ៊ុន អេវើរហ្គ្រីន អឹភែរឹល ស្ថិតសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញបានបន្តទាមទារកយុត្តិធម៌ ក្រោយថៅកែបិទទ្វាររោងចក្រជាង ៤ឆ្នាំដោយមិនបានផ្តល់សំណងតាមច្បាប់ជូនពួកគេ។

ការទាមទារនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានមួយនៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី នៅថ្ងៃទី៣១ ខែមីនានេះ ដោយកម្មការីនីទាំងនោះ ស្នើដល់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសក្រសួងការងារត្រូវស្វែងរកថៅកែឱ្យទទួលខុសត្រូវលើការដោះស្រាយសំណងជូនពួកគេ។

អតីតកម្មការិនីរបស់រោងចក្រអេវើរហ្គ្រីន ម្នាក់អ្នកស្រី មែក សុលី រៀបរាប់ថា កាលពីឆ្នាំ២០១៩ ​ថៅកែរោងចក្រនេះ ​បានឱ្យកម្មករស្ម័គ្រចិត្តលាឈប់ពីការងារដោយខ្លួនឯង និងទទួលបានឧបត្ថម្ភចំនួន ១០០ដុល្លារក្នុងមួយឆ្នាំ ក្រោមហេតុផលថា រោងចក្រគ្មានការងារឱ្យកម្មករធ្វើទៀតឡើយ។

អ្នកស្រី មែក សុលី ដែលអះអាងថា បម្រើការងាររោងចក្រអេវើរហ្គ្រី១០ឆ្នាំទៅហើយនោះ បន្តថា មានកម្មករភាគច្រើនបានទទួលយកសំណងត្រឹម ១០០ដុល្លារ និងព្រមលាឈប់ពីការងារនៅរោងចក្រនេះ ដើម្បីទៅរកការងារកន្លែងផ្សេង ប៉ុន្តែសម្រាប់ពួកគាត់ ៩នាក់មិនព្រមទទួលយកឡើយ ដោយសារថៅកែ អះអាងថា រោងចក្រមិនទាន់បិទទ្វារ ហើយមួយទៀតយល់ថា ការដោះស្រាយសំណងអតីតភាពការងារនោះ មិនត្រឹមតាមផ្លូវច្បាប់។

អ្នកស្រីបន្ថែមថា«រយៈពេលកន្លងមក រោងចក្រអេវើរហ្គ្រីនហ្នឹងគាត់អត់បានប្រកាសជាសាធារណៈថា គាត់បិទទ្វារទេ ប៉ុន្តែពួកយើងបានជួបជាមួយតំណាងក្រសួងការងារ និងតំណាងGMAC នៅខែមិថុនា ឆ្នាំ២០១៩ ហ្នឹងតំណាងក្រសួងនិងGMACបានប្រាប់ថា រោងចក្រហ្នឹងបានបឹងទ្វារហើយ ដោយមិនបានប្រកាសជាសាធារណៈឡើយ។ ហើយខាងគាត់និយាយថា គាត់មិនដឹងធ្វើម៉ិចដែរ ព្រោះគាត់គ្មានសិទ្ធិទៅកំណត់ឱ្យថៅកែធ្វើតាមបានឡើយ»

អតីតកម្មការិនីម្នាក់ទៀតអ្នកស្រី សេង រីទ្ធី និយាយថា រយៈពេលជាង៤ឆ្នាំមកនេះ ពួកគាត់ទាំង៩នាក់នោះ មិនបានបោះបង់ការទាមទារនោះទេ។ អ្នកស្រីថា ពួកគាត់រកកិច្ចអន្តរាគមន៍ពីក្រសួងការងារ ខុទ្ទការល័យនាយករដ្ឋមន្ត្រី និងទីស្តីការគណៈរដ្ឋមន្ត្រីជាដើម ប៉ុន្តែមិនទទួលបានដំណោះស្រាយឡើយ។

កម្មការិនី ដែលបម្រើការងារនៅរោងចក្រអេវើរហ្គ្រីន ៥ឆ្នាំរូបនេះ បន្តថា ប្រសិនក្រោយធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃនេះចប់នៅតែគ្មាន​ដំណោះស្រាយ ពួកគាត់នឹងបន្តស្វែងរកអន្តរាគមន៍ពីស្ថានប័ន​ពាក់ព័ន្ធផ្សេងទៀត រហូតមានដំណោះស្រាយ។

អ្នកស្រីបន្ថែមថា៖ «ប្រសិនបើយើងធ្វើសន្និសីទថ្ងៃនេះអត់មានការឆ្លើយតបពីថៅកែ និងអាជ្ញាធរមានសមត្ថកិច្ចដែលពាក់ព័ន្ធទេ។ អញ្ចឹងពួកយើងក៏ត្រៀមខ្លួនធ្វើផែនការ ដើម្បីរកយុត្តិធម៌ជូនខ្លួនឯង និងកម្មករផ្សេងទៀតដែលរងយុត្តិធម៌ដោយសាររោងចក្របិទទ្វារ ដោយគ្មានការដោះស្រាយសំណងតាមផ្លូវច្បាប់»។

អតីតកម្មការិនីម្នាក់ទៀតអ្នកស្រី នីន យាង និយាយទាំង​ទឹកភ្នែករហាមថា រយៈពេលតវ៉ា និងការរង់ចាំដំណោះស្រាយនោះគឺ អ្នកស្រី និងអ្នកផ្សេងទៀត បានជួបការលំបាកជាខ្លាំងដោយសារខ្វះថវិកាសម្រាប់ចំណាយផ្សេងៗ ដូចជាបង់ថ្លៃបន្ទប់ជួល ទឹកភ្លើង ថ្លៃព្យាបាលសុខភាព ថ្លៃចំណាយលើការចិញ្ចឹមគ្រួសារនៅស្រុកកំណើត និងបានជំពាក់បំណុលធនាគារទ្វេដង រួមទាំងត្រូវបានម្ចាស់បន្ទប់ជួលដេញចេញពីបន្ទប់ជាដើម។

អ្នកស្រីបន្ថែមថា៖«តាំងពីនៅក្រៅរោងចក្រមកគឺខ្ញុំលំបាករហូត ហើយមកដល់សម័យកូវីដ-១៩ បញ្ហាទឹកជំនន់ទៀត។ ខ្ញុំត្រូវខ្ចីលុយទៀតបង្វិលឱ្យក្មួយៗ ដែលកំព្រីកំព្រាគ្មានឪពុកម្តាយចិញ្ចឹម ផ្តល់ជូនម្តាយចាស់ជរានៅផ្ទះ។ ហើយខាងរោងចក្រក៏អត់មានផ្តល់លុយឱ្យខ្ញុំ ហើយខ្ញុំត្រូវខ្ចីលុយគេមួយតង់ទៀត ដើម្បីបង់ថ្លៃទឹកថ្លៃភ្លើង ធនាគារ គេលេងឱ្យខ្ចីដោយសារយើងជាកម្មករអត់ការងារធ្វើ»។

អគ្គលេខាធិការរងគណៈកម្មការដោះស្រាយកូដកម្មបាតុកម្មគ្រប់មុខសញ្ញានៃក្រសួងការងារ លោក វង្ស សុវណ្ណ មានប្រសាសន៍ថា លោកបានសម្របសម្រួលរវាងកម្មករ និងតំណាងក្រុមហ៊ុនជាច្រើនដងហើយ ដើម្បីស្វែងរកដំណោះជុំវិញវិវាទការងារនេះ ប៉ុន្តែភាគីទាំង២មិនព្រមព្រៀងគ្នាទេ។

លោក វង្ស សុវណ្ណ បន្តថា ការសម្របសម្រួលដោះស្រាយនោះ គឺភាគីកម្មករទាមទារដោះស្រាយសំណង៥ចំណុចទៅតាមផ្លូវច្បាប់ ប៉ុន្តែភាគីក្រុមហ៊ុនសម្រេចឱ្យ៤ចំណុច ក្រោមហេតុផលថា ក្រុមហ៊ុនក្ស័យធន។

យ៉ាងណា លោកថា ជុំវិញ​ករណីនេះ គឺក្រសួងការងារនៅតែជួយសម្របសម្រួលឱ្យមានដំណោះស្រាយ ប្រសិនបើមានការស្នើសុំពីកម្មករបន្តទៀត ហើយលោកក៏ស្នើដល់កម្មករប្តឹងករណីនេះទៅតុលាការផងដែរ។

លោកបន្ថែមថា៖«ខ្ញុំមានយោបល់ខ្លះដែរ ជូនបងប្អូនកម្មករយើង។ ទី១យើងបានសម្របសម្រួលជាច្រើនសារហើយមិនត្រូវគ្នា។ អញ្ចឹងគាត់អាចប្តឹងទៅតុលាការបន្តបាន។ ទី២ប្រសិនជាបងប្អូនយើងសំណូមពរមកខាងគណៈកម្មការយើងឱ្យជួយដោះស្រាយទៀត។ យើងនៅតែបន្តជួយពួកគាត់ទៀត»។

មន្ត្រីផ្នែក​ច្បាប់ និង​ដោះស្រាយ​វិវាទ​នៅ​សម្ព័ន្ធ​សហជីព​ស៊ី​ខៅ​ឌូ លោក ស៊ាង យ៉ូ​ត ធ្លាប់ប្រាប់​វី​អូ​ឌី​ថា តាមផ្លូវ​ច្បាប់នៅពេល​ដែល​រោងចក្រ​ប្រកាស​បិទទ្វារដោយមិនបានជូនដំណឹងមុន សម្រាប់កម្មករដែលប្រើថេរវេលាមិនកំណត់ គឺថៅកែ​ត្រូវ​ដោះស្រាយ​សំណង​ជូន​ពួកគាត់​ចំនួន៥ចំណុចរួមមាន ប្រាក់ខែ​ចុងក្រោយ ប្រាក់​អតីតភាព​ការងារ ប្រាក់​ជូនដំណឹង ប្រាក់សំណង​ជំងឺចិត្ត និង​ប្រាក់​ដំណាច់ឆ្នាំ​ដែល​នៅសល់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ