គណបក្ស​ម៉ាឡេស៊ីមួយ​លើកឡើងពីករណីប្រើប្រាស់កម្លាំងពលកម្មមិន​ទាន់គ្រប់​អាយុ​នៅកម្ពុជា

ពលរដ្ឋ​ថៃ​ដែល​បញ្ជូន​ត្រឡប់​មក​វិញ​ឆ្លង​កាត់​នីតិវិធី​ពិនិត្យ​ជំងឺ​កូវីដ-១៩ នៅ​ព្រំដែន​ប៉ោយប៉ែត បន្ទាប់​ពី​បាន​ដោះលែង​ពី​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ពោធិ៍សាត់ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០២។ រូបភាព៖ (Royal Thai Police)

គណបក្សនយោបាយម៉ាឡេស៊ីមួយ បានសម្ដែង​ការព្រួយបារម្ភចំពោះការជួញដូរមនុស្ស ការរំលោភបំពានលើរូបរាងកាយ និងពលកម្មដោយបង្ខំនៅក្នុងប្រទេសកម្ពុជា ខណៈដែលពួកគេបាននាំឪពុកម្តាយរបស់ជនរងគ្រោះក្នុងករណីទាំងនេះមកធ្វើសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធ ដើម្បីស្នើសុំឱ្យមានការជួយសង្គ្រោះពួកគេ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ប្រទេសម៉ាឡេស៊ី។

យោងតាមអង្គការក្រៅរដ្ឋាភិបាលកម្ពុជា ស្ថានទូតនៃប្រទេសឥណ្ឌូនេស៊ី វៀតណាម ថៃ ប៉ាគីស្ថាន និងចិន កាលពីពេលកន្លងទៅក៏ធ្លាប់បានបង្ហាញក្តីព្រួយបារម្ភទាក់ទងនឹងស្ថានការណ៍ដូចគ្នានេះដែរ ខណៈ​អាជ្ញាធរថៃបានឱ្យដឹងកាលពីពេលថ្មីៗនេះថា ពួកគេក៏​គ្រោងមក​បញ្ជូនជនជាតិរបស់ខ្លួនប្រមាណ ៣ ០០០នាក់ចេញពីទីតាំង​ឆបោកនានានៅកម្ពុជាផងដែរ។

Malaysian Chinese Association (MCA) ជាគណបក្សនយោបាយមួយដែលតំណាងឱ្យជនជាតិចិន-ម៉ាឡេស៊ី និងជាផ្នែកនៃសម្ព័ន្ធនយោបាយដ៏សំខាន់មួយបានលើកឡើងថា ជនរងគ្រោះសញ្ជាតិម៉ាឡេស៊ីមួយចំនួន ជាយុវតីដែលមានអាយុតិចបំផុត ១៧ឆ្នាំ ហើយពួកគេទាំងនោះត្រូវបានឃុំឃាំងនៅក្នុងអគារក្រោមការយាមកាមដោយសន្តិសុខប្រដាប់ដោយអាវុធ និងរងនូវការរំលោភបំពានលើរូបរាងកាយទៀតផង។ នេះ​បើ​តាម​សារព័ត៌មាន The Star របស់​ម៉ាឡេស៊ី។

សារព័ត៌មានដដែលបន្តថា លោក Michael Chong ដែលជាប្រធានផ្នែកសេវាសាធារណៈ និងបណ្តឹងរបស់គណបក្សខាងលើបានលើកឡើងថា៖ «ប្រសិនបើជនរងគ្រោះគឺជាជនជាតិម៉ាឡេស៊ី ពួកគេនឹងត្រូវបានផ្តល់ជូននូវកុំព្យូទ័រយួរដៃដើម្បីធ្វើសកម្មភាពឆបោក​ប្រជាជនម៉ាឡេស៊ីដូចគ្នា។ ហើយក្នុងករណីដែលពួកគេធ្វើកិច្ចការងារនេះមិនបានល្អ ឬមិនអាចបោកប្រាស់នរណាម្នាក់បាននោះទេ ពួកគេនឹងត្រូវរងនូវការវាយដំជាក់ជាមិនខាន»។

ប្រភពដដែលបន្ថែមថា៖ «ជនរងគ្រោះដែលទាក់ទងមកកាន់ខ្ញុំមានចំនួន ១០នាក់។ ខ្ញុំ​គិត​ថា​ថា​ ជន​រង​គ្រោះ​សរុបមានយ៉ាងតិច​​ណាស់ក៏ ​១០០​នាក់ដែរ។ ខ្ញុំទទួលបានករណីជាង ១០ រួចមកហើយដែលស្នើសុំឱ្យមានការជួយសង្រ្គោះពីរូបខ្ញុំ ប៉ុន្តែមានតែ ២ករណីប៉ុណ្ណោះដែលត្រូវបានជួយសង្គ្រោះ»។

សារព័ត៌មាន The Star ដដែលបានរាយការណ៍ឱ្យដឹងទៀតថា យោងតាមសារដែលបង្ហាញទៅកាន់អ្នកសារព័ត៌មាន ជនរងគ្រោះម្នាក់បានលើកឡើងថា មានជនជាតិម៉ាឡេស៊ីចំនួន ៥០នាក់ត្រូវបានឃុំខ្លួននៅក្នុងទីតាំងដូចគ្នាជាមួយខ្លួន។

យោងតាមសារព័ត៌មានអនឡាញ Free Malaysia Today ឱ្យដឹងថា ឪពុកម្តាយរបស់ជនរងគ្រោះពីររូបក៏បានថ្លែងនៅក្នុងសន្និសីទកាសែតដោយបានលើកឡើងអំពីការស្នើសុំឱ្យមានការជួយសង្រ្គោះពីកូនៗរបស់ពួកគេផងដែរ។

សារព័ត៌មានដដែលនេះ បានស្រង់សម្ដីឪពុករបស់ជនរងគ្រោះអាយុ ១៨ឆ្នាំមួយរូបដែលបានថ្លែងថា៖ «គាត់ [កូនដែលជាជនរងគ្រោះ] បានទូរសព្ទមកកាន់ខ្ញុំដោយប្រាប់ថា ការងាររបស់គាត់គឺត្រូវឆបោកអ្នកដទៃតាមរយៈទូរសព្ទ ហើយប្រសិនបើខ្លួនបដិសេធក្នុងការធ្វើកិច្ចការងារនេះ ពួកគេនឹងវាយដំខ្លួន»។

ជាមួយគ្នានេះ សារព័ត៌មាន The Star ក៏បានស្រង់សម្ដីម្តាយរបស់ជនរងគ្រោះអាយុ ២៤ឆ្នាំមួយរូបយកមកចុះផ្សាយថា៖ «គាត់ [កូនរបស់ខ្លួន] មានការភ័យខ្លាចយ៉ាងខ្លាំង ហើយបានថ្លែងថា អគារដែលខ្លួនស្នាក់នៅត្រូវបានចាក់សោរ ខណៈដែលច្រកចូលត្រូវបានយាមយ៉ាងតឹងរ៉ឹងដោយខ្មាន់កាំភ្លើង ដោយមិនអាចចេញពីអគារនេះបាននោះទេ»។

ទាក់ទិន​ករណីនេះ លោក Michael Chong បានបន្ថែមថា មន្រ្តីនគរបាលម៉ាឡេស៊ីក៏បាននិងកំពុងតែធ្វើការជាមួយប៉ូលិស​អន្តរជាតិ​ Interpol​ ផងដែរ។ ទោះជាយ៉ាងណា ពួកគេអាចជួយសង្រ្គោះបានតែជនរងគ្រោះដែលបានរាយការណ៍មកតែប៉ុណ្ណោះ និងបានជំរុញឱ្យជនរងគ្រោះទាំងឡាយទាក់ទងទៅកាន់ស្ថានទូត។

ទាក់ទិន​ផែនការរបស់អាជ្ញាធរថៃក្នុងការបញ្ជូនមន្ត្រី និងនាវាកងទ័ពជើងទឹកមកកាន់ប្រទេសកម្ពុជា ដើម្បីប្រមូលជនជាតិថៃប្រមាណ​ ៣ ០០០នាក់ចេញពីទីតាំងដែលបម្រើការនៅក្រុមប្រតិបត្តិការឆបោកតាមប្រព័ន្ធអនឡាញនានានៅកម្ពុជា ឱ្យត្រឡប់ទៅកាន់ប្រទេសខ្លួនវិញ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមឃឿន បានបង្ហាញការគាំទ្រក្នុងកិច្ចសហការ​នេះ។

អ្នកនាំពាក្យរូបនេះថ្លែងថា៖ «យើង​ត្រូវតែ​សហការ ពីព្រោះយើងគឺ​ជា​ប្រទេស​ជិត​ខាងជាមួយគ្នា ហើយ​ក៏​ជា​សមាជិក​នៃនគរបាល​អាស៊ាន​ដូចគ្នាផង​ដែរ។ ទី២ បទល្មើសនេះ គឺជា​ឧក្រិដ្ឋកម្មមួយនៅក្នុងប្រធានបទដែលត្រូវការកិច្ចសហប្រតិបត្តិការ ដូចជាការជួញដូរមនុស្ស ការបង្ខាំងមនុស្ស និងការឆ្លង​ដែនខុសច្បាប់ជាដើម។ ​ទាំងអស់នេះ គឺជាវិស័យដែលតម្រូវឱ្យមានកិច្ចសហប្រតិបត្តិការ»។

ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានឱ្យដឹងកាលពីសប្តាហ៍មុនថា ខ្លួនមិនបានដឹងអំពីករណីពលរដ្ឋរបស់ខ្លួនណាម្នាក់ ដែលកំពុងតែត្រូវបានឃុំឃាំងឱ្យធ្វើជាទាសករនៅកម្ពុជានោះទេ ហើយខ្លួនសុំមិនធ្វើការអត្ថាធិប្បាយទាក់ទងនឹងករណីនេះឡើយ៕

បកប្រែ និងសម្រួលដោយ លោក ភុន ច័ន្ទឧសភា ចេញពីអត្ថបទដើមជាភាសាអង់គ្លេស៖

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ