ក្រសួងសុខាភិបាលឱ្យដឹងថា មនុស្សចំនួន ៣២ នាក់បន្ថែមទៀត ត្រូវបានរកឃើញមានឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទ អូមីក្រុង ខណៈនៅថ្ងៃសៅរ៍នេះ មិនមានករណីស្លាប់ដោយសារជំងឺនេះទេ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកឆ្លងជំងឺកូវីដ-១៩ថ្មីជាង ៣០ នាក់ ក្នុងនោះនាំចូលពីក្រៅប្រទេសចំនួន ២ នាក់ និងឆ្លងក្នុងសហគមន៍៣០នាក់។ ចំណែក អ្នកជាសះស្បើយថ្មីវិញ ក្រសួងថា មានចំនួន ១៣២ នាក់ ខណៈអ្នកស្លាប់ ដោយជំងឺនេះគ្មាននោះទេ។
បើតាមក្រសួងសុខាភិបាល ថ្ងៃសៅរ៍នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុប១៣៥ ៧១៤ នាក់ ក្នុងនោះ អ្នកជំងឺព្យាបាលជាសះស្បើយចំនួន១៣១ ៩៤០នាក់និងអ្នកស្លាប់ចំនួន ៣ ០៥៤នាក់។ ចំណែកករណីឆ្លងអូមីក្រុងក្នុងសហគមន៍វិញ ក្រសួងថា គិតមកដល់ពេលនេះបានកើនដល់ ១៣ ៩២០ នាក់។
អ្វីជាការកត់សម្គាល់ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩នៅកម្ពុជាបានបន្តធ្លាក់ចុះជាបន្តបន្ទាប់នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ៕