នាយករដ្ឋមន្ត្រីជំរុញឱ្យរកលទ្ធភាពវិនិយោគផ្លូវរថភ្លើងល្បឿនលឿន​នៅលើផ្លូវចាស់

កម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់រចនាសម្ព័ន្ធ ផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២។ រូបភាព(ហ្វេសប៊ុក លោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន បានប្រាប់ឱ្យរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល សិក្សាលើកគម្រោងរកដៃគូដើម្បីកែលម្អរផ្លូវរថភ្លើងចាស់ អភិវឌ្ឍន៍ទៅជាផ្លូវរថភ្លើងល្បឿនលឿនជំនួសវិញ។

លោក ហ៊ុន សែន ថ្លែងថា រដ្ឋាភិបាលកំពុងគិតគូអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធផ្លូវដែកដែលមានស្រាប់ ព្រោះជាប្រព័ន្ធផ្លូវដែកហួសសម័យដែលធ្វើដំណើរបានតែ២០ឬ៣០គីឡូម៉ែត្រក្នុង១ម៉ោង ហើយជំនួសដោយផ្លូវដែកល្បៀនលឿនទាំងពីរទិសតែម្ដង។ ការថ្លែងនេះ ធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ ៣៨ខ្សែក្នុងក្រុងសៀមរាប នាព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២នេះ។

លោកថា គម្រោងអភិវឌ្ឍនេះ គឺត្រូវមានការតភ្ជាប់ខ្សែរថភ្លើងសម្រាប់ការដឹកជញ្ជូននៅក្នុងប្រទេសនិងការតភ្ជាប់ជាមួយប្រទេសជិតខាង ដោយបច្ចុប្បន្ននេះកម្ពុជាមានខ្សែរថភ្លើង​ពីរខ្សែ ដោយមួយខ្សែភ្ជាប់ពីភ្នំពេញទៅប៉ោយប៉ែត និងពីភ្នំពេញទៅខេត្តព្រះសីហនុ។

លោក ហ៊ុន សែន ក៏ជំរុញឱ្យរដ្ឋមន្រ្ដីក្រសួង​សាធារណការ លោក ស៊ុន ចាន់ថុល ស្វែងរកដៃគូប្រតិបត្តិការលើគម្រោងខ្សែរថភ្លើងល្បឿនលឿននេះឱ្យបានឆាប់ ដើម្បីឱ្យ​ទាន់សភាពការជឹកជញ្ជូននាពេលបច្ចុប្បន្ន។ ​

លោក បានបញ្ជាក់ថា៖ « រកដៃគូដើម្បីធ្វើជាផ្លូវរថភ្លើងល្បឿនលឿនលើផ្លូវរថភ្លើងចាស់ដដែល ហើយក៏ដាក់ឱ្យលោក ស៊ុន ចាន់ថុល ធ្វើការសិក្សានិងពិចារណាលើកគម្រោងរកដៃគូដើម្បីពិភាក្សាទៅរកបញ្ហានេះ ប្រសិនបើទុកដំណើរការបៀបនេះ ខិកខិកខិកអីចឹង វាទៅអត់រួច តាមមិនទាន់សភាពការ»។

កម្ពុជាមានផ្លូវ​រថភ្លើងពីរខ្សែ ដោយខ្សែទី​១  ភ្ជាប់ពីភ្នំពេញទៅប៉ោយប៉ែត ជាប់​ព្រំដែន​ប្រទេស​ថៃមានប្រវែង ៣៨៦គីឡូម៉ែត្រ ត្រូវ​បាន​សាងសង់​ឡើង​ពី​ឆ្នាំ១៩២៩ ដល់​ឆ្នាំ​១៩៤២ និង ​ខ្សែ​ទី​២ ​​ពីភ្នំពេញទៅ​ក្រុងព្រះសីហនុ​​ ដោយ​ឆ្លងកាត់​ខេត្ត​កំពត មានប្រវែង ​២៦៦គីឡូម៉ែត្រ ត្រូវបាន​សាងសង់​ពី​ឆ្នាំ​១៩៦០ ដល់​ឆ្នាំ១៩៦៩ ​។

ក្រៅពីគម្រោងវិនិយោគផ្លូវរថភ្លើងល្បឿនលឿនលើផ្លូវចាស់នេះ លោក ហ៊ុន សែន ក៏ស្នើឱ្យពិនិត្យមើលលទ្ធភាពតភ្ជាប់ផ្លូវពីខេត្តសៀមរាប ទៅខេត្តបាត់ដំបងផងដែរ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងជួយដល់ជីវភាពរបស់ប្រជាពលរដ្ឋ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ