សកម្មជនសិទ្ធិមនុស្សស្នើ​ក្រសួង២​​ចាត់វិធានការ​លើ​អ្នក​ប្រើហិង្សានិ​ង​បៀត​បៀន​លើ​​កូដករ​ណាហ្គា​

សកម្មជនសិទ្ធិមនុស្សដាក់ញត្តិនៅក្រសួងកិច្ចការនារីនៅថ្ងៃទី៤ខែមេសាឆ្នាំ២០២២។ រូបភាពដោយ(ជន ចាន់រ៉ែន)

សកម្មជនសិទ្ធិមនុស្ស បានស្នើទៅក្រសួង​មហាផ្ទៃ និងក្រសួងកិច្ចការនារី ចាត់​វិធាន​ការ​លើ​អាជ្ញាធរ​ដែល​ពួកគេ​អះអាង​ថា បា​ន​ប្រើ​ហិង្សា និង​បៀតបៀនកេរ្តិ៍ខ្មាស​​​លើ​កូដករ​ណាហ្គាវើលដ៍ ខណៈកូដករទាំង​នោះតវ៉ា​ទាម​​ទារ​​រក​ដំណោះស្រាយវិវាទការងារនាពេលកន្លងមក។

តាមញត្តិដាក់ទៅក្រសួងមហាផ្ទៃ និងក្រសួងកិច្ចការនារី នៅថ្ងៃចន្ទនេះ បានឱ្យដឹងថា មន្ត្រីអាជ្ញាធរបានប្រើអំពើ​ហិង្សា និងបៀបបៀនកេរ្តិ៍ខ្មាស​ទៅលើកូដករ​ជាស្ត្រីភេទ​អំឡុង​ពេល​កូដករទាំង​នោះ ធ្វើការជួបជុំគ្នាធ្វើកូដ​កម្មដោយសន្តិវិធីស្របតាមច្បាប់ជាតិ និងអន្តរជាតិ ដែលបានធានាឱ្យមានការជួបជុំ និងប្រមូលផ្តុំដោយ​សេរី។

សកម្មជនសិទ្ធិមនុស្សដាក់ញត្តិនៅក្រសួងនានានៅថ្ងៃទី៤ខែមេសាឆ្នាំ២០២២។ រូបភាពដោយ(ជន ចាន់រ៉ែន)

ញត្តិដដែល​បញ្ជាក់​ថា កាល​ពីខែ​ធ្នូ ឆ្នាំ​២០២១ អាជ្ញាធរបានប្រើប្រាស់ភាសារអាសគ្រាម​ដោយមិនសមរម្យទៅលើកូដករ​ម្នាក់ និងបានគំរាមរំលោភបំពានផ្លូវភេទ​ទៅលើនាងថែមទៀតផង។

ញត្តិបញ្ជាក់ទៀ​ត​ថា កាលពីខែកុម្ភៈ​ឆ្នាំ២០២២ បុរស​ម្នាក់ដែលជាមន្ត្រីអាជ្ញាធរបានចាប់ និង​បៀត​បៀន​លើ​​ស្ត្រីជាកូដករ ម្នាក់​ខណៈ​ដែល​ស្ត្រីរូប​នោះ កំពុង​ត្រូវបានសមត្ថកិច្ចចាប់​បញ្ចូល​​​​ទៅក្នុងរថយន្តក្រុង ហើយ​នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២នេះ កូដករជាស្ត្រីម្នាក់ទៀត ត្រូវបានអាជ្ញាធរវាយចំ​ភ្នែក ពេល​ដែលសមត្ថ​កិច្ចកំពុង​រុញច្រានយ៉ាង​ហិង្សា និងបង្ខំឱ្យក្រុមកូដករចូលក្នុងរថយន្តក្រុង។

ក្រុមយុវជន និងសកម្មជនសិទ្ធិមនុស្ស លើកឡើង​ក្នុងញត្តិទៀត​​ថា សកម្មភាពរបស់អាជ្ញាធរទាំងនេះ គឺពួកគេ​មិន​អាច​ទទួល​យក​បាន​ឡើយ ដោយ​ពួក​គេ​ទាមទារទៅក្រសួងមហាផ្ទៃ ចាត់វិធានការច្បាប់លើជនទាំងនោះឱ្យខាន​តែ​បាន។

សកម្មជនសិទ្ធិមនុស្ស និង​ជា​សមាជិក​ក្រុមយុវជនខ្មែរថាវរៈ លោក ហ៊ុន វណ្ណៈ ដែល​យក​ញត្តិ​ទៅ​ដាក់​នៅ​ក្រសួងមហាផ្ទៃ បានស្នើដល់លោក​​​ស ខេង ដែលជាថ្នាក់ដឹកនាំក្រសួងនេះ ​ស្រាវ​ជ្រាវ និង​ចាត់វិធានការលើមន្ត្រីអាជ្ញាធរ​ដែល​ប្រើ​ហិង្សាលើ​កូដករណាហ្គាវើលដ៍នេះទៅតាមផ្លូវច្បាប់។

លោកបន្ថែមថា៖ «បញ្ហាដែលកើតមានលើកូដករណាហ្គាវើលដ៍ ដែលពួកគាត់គ្រាន់តែអនុវត្តសិទ្ធិសេរីភាព ដែល​មានចែងក្នុងរដ្ឋធម្មនុញ្ញ ហើយពួកគាត់អត់មានបានធ្វើអ្វី​ដែល​ប៉ះពាល់​​ដល់​ក្រុមហ៊ុន និង​សង្គម​ទេ។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​អ្វី​ដែល​គាត់​ទទួល​បាន​ គឺ​ការ​ប្រើ​ហិង្សា ការ​បៀតបៀនកេរ្តិ៍ខ្មាសពួកគាត់​យ៉ាង​អយុត្តិធម៌ ហើយ​​កើតចេញពីសំណាក់មន្ត្រីអាជ្ញាធរជាមន្ត្រីអនុវត្តច្បាប់។ អីចឹង​ក្នុង​នាម​យើង​ជា​សកម្មជន​សិទ្ធិ​មនុស្សយើង​មិនអាចទទួលយកសកម្មភាពហ្នឹងបានទេ ហើយក៏មិនចង់ឱ្យអ្នកដែលប្រព្រឹត្តកំហុសនេះរួចខ្លួនដែរ»

សកម្មជនសិទ្ធិមនុស្សដាក់ញត្តិនៅក្រសួងមហាផ្ទៃនៅថ្ងៃទី៤ខែមេសាឆ្នាំ២០២២។ រូបភាពដោយ(រី សៅរួន)

លោក​ក៏បានជំរុញដល់​រដ្ឋមន្ត្រីក្រសួងកិច្ចការ​នារី លោកស្រី អ៊ឹង កន្ថាផាវី យក​ចិត្តទុកដាក់ និង​ការពារកូដករ​ណាហ្គាវើលដ៍ ដែលកំពុង​រងការបៀត​បៀន និងហិង្សានេះផងដែរ។

លោកបន្ថែមថា៖ «យើងទៅដាក់ញត្តិនៅក្រសួងកិច្ចការនារីនេះ យើងចង់សួរទៅក្រសួងដែលមានតួនាទី ជាអ្នកបារម្ភឈឺឆ្អាលរឿងស្ត្រីនេះថា តើគាត់នឹងការអន្តរាគមន៍យ៉ាងណា? គាត់បានដឹងរឿងហ្នឹង​អត់?ពីព្រោះព័ត៌​មាន ហ្វេសប៊ុក​គេបានផ្សាយជាបន្តបន្ទាប់មានទាំងរូប​ភាព​វាយ រូបភាព​បៀត​បៀន​ទៀត ហើយគាត់​ជាក្រសួងកិច្ចការនារីហ្នឹង តើគាត់នឹងមានដំណោះស្រាយយ៉ាងណា»

យ៉ាង​ណា ការដាក់ញត្តិរបស់សកម្មជនសិទ្ធិមនុស្សនៅថ្ងៃនេះ គឺ​មន្ត្រី​ក្រសួង​មហាផ្ទៃ​មិន​ទទួល​យក​ញត្តិនោះ​ទេ ក្រោមហេតុផលថា ញត្តិនោះធ្វើមិន​ត្រឹមត្រូវ​តាម​បែប​បទ​រដ្ឋបាល។ ចំណែកមន្ត្រីក្រសួងកិច្ចការនារី បានទទួលយកនូវញត្តិនេះហើយ​។

រដ្ឋ​លេខាធិការ និងជាអ្នកនាំពាក្យ​ក្រសួងកិច្ចការនារី លោកស្រី ម៉ាន ចិន្តា មិន​ទាន់​បានឆ្លើយតប​ជាមួយ​វីអូឌីនៅ​ឡើយទេ នៅថ្ងៃចន្ទនេះ ​ក្រោយលោកស្រី​ឱ្យផ្ញើ​សំណួរ​តាម​ប្រព័ន្ធ​តេឡេ​ក្រាម។

កូដករណា​ហ្គាវើលដ៍ អ្នកស្រី វ៉ាន់ ណារី ដែលអះអាងថា បម្រើការងារនៅក្រុមហ៊ុនល្បែងមួយនេះ​១៦​ឆ្នាំ បាន​និយាយ​ថា ពេល​ចេញ​តវ៉ា​ម្តងៗ ​អាជ្ញាធរ​តែង​តែ​រុញ​ច្រាន ចាប់​អូស​ទាញ ចាប់​បោះ​ទៅ​លើ​ឡាន​ក្រុង និង​បៀតបៀនផ្សេងៗទៀតទៅរាង​កាយរបស់ពួកគាត់។ អ្នកស្រីចាត់ទុក​ករណីនេះ​ថា ជាទង្វើអសីល​ធម៌របស់​មន្ត្រី​អាជ្ញាធរ។

អ្នកស្រីបន្ថែមថា៖ «ពេលដែលក្រុមកូដករបានប្រាប់ទៅអាជ្ញាធរ​ទាំងអស់ហ្នឹង​បាន​ប៉ះនូវកេរ្តិ៍របស់​គាត់ហើយ ប៉ុន្តែពួកគាត់អត់មានទម្លាក់ដៃទេ ពួកគាត់នៅតែចាប់ថែម​យកទៅបោកផ្ទុបនឹងឡាន។ ទង្វើបែបនេះ​សរ​បញ្ជាក់​ថា ក្រុមអាជ្ញាធរគាត់បានបៀតបៀនមកលើពួកយើងជាកូដករ។​ ទង្វើនេះជាទង្វើអមនុស្សធម៌»

យ៉ាងណា កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញ បានចេញលិខិតមួយច្រានការលើក​ឡើង​នេះ ហើយ​បាន​ចោទ​ក្រុម​កូដករ​វិញ​ថា ​បាន​ប្រើអំពើ​ហិង្សា និងជេ​រប្រមាទមកលើសមត្ថកិច្ច។ 

រដ្ឋបាលរាជធានីភ្នំពេញ បន្តថា ក្រុមកូដករបាន​ប្រើពាក្យពេចន៍អ​សុរោះ អាកប្បកិរិយា និង​កាយ​វិការ​មិនសមរម្យ​ដាក់​​អាជ្ញាធរ ដើម្បីបញ្ឆេះកំហឹង និងត្រៀមចាំផ្ដិតយក​រូប​​ភាព​ផ្សេងៗ ​ទុក​ធ្វើការចោទប្រកាន់មកលើអាជ្ញាធរ។

កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ សង្គម​​ស៊ីវិល និងសហគមន៍ជាង​៧០​ បាន​ស្នើទៅរដ្ឋាភិបាលឱ្យបញ្ឈប់ការឃាត់ខ្លួន និងការប្រើប្រាស់ហិង្សាទៅលើសមាជិកសហជីព និងកូដករណាហ្គាវើលដ៍ ​ព្រម​ទាំង​​ចាត់​វិធាន​ការ​​​ច្បាស់លាស់​​​ដោះ​ស្រាយ​​វិវាទ​ការ​ងារនេះ​​ ដែល​​រួម​មាន​ទាំង​​ការ​ធានា​ឱ្យ​​ក្រុម​ហ៊ុន​ចូល​រួម​ចរចា​​ដោយ​ភាព​​ស្មោះ​ត្រង់​ ដើម្បីបញ្ចៀសនូវការរំលោភសិទ្ធិមនុស្សកាន់តែធ្ងន់ធ្ងរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ