អភិបាលខេត្តកំពតបញ្ជាឱ្យនាយកសាលាទិញរូបថតលោក ហ៊ុន សែន ដាក់តាមអគារសាលារៀន ​

កម្មវិធីសំណេះសំណាលជាមួយក្រុមគ្រួសារលោកគ្រូ អ្នកគ្រូពេទ្យ ក្រុមគ្រួសារលោកគ្រូ អ្នកគ្រូបង្រៀន និងក្រុមគ្រួសារម៉ូតូឌុប និងតាក់ស៊ី នៃក្រុងបូកគោ ខេត្តកំពត នៅវត្តរកា ស្ថិតក្នុងភូមិគីឡូ១២ សង្កាត់កោះតូច ក្រុងកំពត ខេត្តកំពត។ រូបភាព៖ (ហ្វេសប៊ុក រដ្ឋបាលខេត្តកំពត)

អភិបាលខេត្តកំពត និងជាក្មួយប្រសាររបស់លោកនាយករដ្ឋមន្ត្រី ​ បានណែនាំទៅនាយកសាលានៅក្នុងខេត្តនេះទាំងអស់ឱ្យទិញរូបថតលោក​ ហ៊ុន សែន ដាក់បំពាក់នៅតាមសាលារៀន ដើម្បីបង្ហាញការដឹងគុណមេដឹកនាំរូបនេះចំពោះការរំដោះទឹកដីកន្លងមក។

ក្នុងពិធីជួបសំណេះសំណាលជាមួយ ក្រុមគ្រូពេទ្យ អ្នករត់ម៉ូតូឌុប ឬអ្នករត់រថយន្តឈ្នួល និងគ្រូបង្រៀន  កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ អភិបាលខេត្តកំពត និងជាក្មួយប្រសាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងនោះ លោក ម៉ៅ ធនិន ថ្លែងថា នាយកសាលាទាំងបឋម និងមត្តេយ្យ ត្រូវទិញរូបលោកនាយករដ្ឋមន្ត្រី និងព្រះមហាក្សត្រ  ដាក់បំពាក់នៅតាមអគារសាលារៀន ដើម្បីប្រាប់កូនសិស្សនៅតាមសាលាឱ្យបានដឹងរឿងរំដោះទឹកដី។

លោកថា៖ «នៅតាមអគារ​របស់យើង លោកនាយកមកទេ ​លោកនាយកមកតែមួយទេ ​បាទ! ទៅវិញ ទិញរូប​សម្ដេចយើង ​សម្ដេចតេជោ ព្រះករុណា​ដាក់ទៅ ​។ រៃរ៉ាប់ប្រាប់ ​សម្ដេច ​ណែទឹកដីយើង ​ពីមុនមកវាស្មើសូន្យ​ ក្រោមសូន្យ យើងបានក្រោយរំដោះឆ្នាំ១៩​៧៩ តែបើប្អូនមិនបានកើតមុនថ្ងៃ ៧៩ ទេ ​ កើតក្រោយឆ្នាំ៧៩ ​លោកយាយលោកតាប្រាប់មក ថាអ៊ីចឹង។ ​ពីមុនមកអត់មានទេ ​ឥឡូវហ្នឹង យើងមានអ៊ីចឹង ដោយសារ អ្នកហ្នឹង ដោយសារ សម្ដេច សំខាន់ណាស់ ពាក្យមួយម៉ាត់នេះ គឺថា បានន័យគ្រប់គ្រាន់ នៅក្នុងចំណែក​ការប្អូនៗបានសងគុណ​នូវទឹកដីកំណើត ​​សងគុណតម្លៃសន្តិភាព ​ហើយមានតម្លៃពិតប្រាកដក្នុងនាមបញ្ញវន្ត»។

លោក ម៉ៅ ធនិន បន្តថា លោកគ្រូ-អ្នកគ្រូទាំងអស់គួរប្រាប់ទៅកាន់កូនសិស្សដែលកំពុងបង្រៀន ដើម្បីបង្ហាញពីភាពកត្តញ្ញូ និងជាការរម្លឹកគុណ ដែលមេដឹកនាំរូបនេះ បានកសាង។

លោកងថា«នៅសាលាតើយើងដែលមាននិយាយពាក្យនេះ ​ហើយយើងចង្អុលទៅកាន់ដំបូលសាលាទេ ​ថាសាលានេះ អ្នកណាជាអ្នកធ្វើមានដែលប្រាប់ទេ សម្ដេចតេជោជាអ្នកធ្វើ​​ សាលារាប់ម៉ឺនដំបូលសាលា​​ទូទាំងប្រទេស យើងដែលមានប្រាប់ទេ  មើលអ្នកណាបានប្រាប់ទះដៃ។ នៅមានកម្រិត ​យកពាក្យបងទៅគិតនេះ ហើយជាមនសិការដែលយើងចូលរួមការកសាង ការពារនូវសន្តិភាព​ សងគុណនៅសន្តិភាព និងទឹកដីកំណើតរបស់យើង…»។

ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពត លោក តាក ហាប់ ចាត់ទុកការណែនាំនេះ មិនខុសនោះទេ  ប៉ុន្តែការដាក់ឬមិនដាក់អាស្រ័យលើនាយកសាលានីមួយៗ។ លោកបន្តថា ចំពោះការប្រាប់ឱ្យលោកគ្រូ -អ្នកគ្រូណែនាំទៅសិស្សឱ្យដឹងគុណ និងស្រឡាញ់ថ្នាក់ដឹកនាំនោះក៏មិនមានអ្វីខុសដែរ ដោយថា កូនសិស្សត្រូវតែស្រឡាញ់​ថ្នាក់នាំបែបនេះហើយ។

លោកថា៖ «មានអីបើគាត់ដាក់មានអី ប៉ុន្តែ យើងមិនទាន់មានការណែនាំពីក្រសួងអប់រំ ។ គាត់ដាក់មិនខុស ព្រោះអីសាលាខ្លះដាក់ សាលាខ្លះក៏អត់ ព្រោះយើងក៏មិនថាអីដែរ»។

វីអូឌីមិនអាចសុំការបំភ្លឺបន្ថែមពីអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានទេ នៅថ្ងៃអង្គារនេះ។

ទោះជាយ៉ាងនេះក្តី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោកស្រី អ៊ុក ឆាយ៉ាវី ចាត់ទុកការសម្រេចរបស់អភិបាលខេត្តកំពតរូបនេះថា ជាការបង្ខិតបង្ខំ និងមិនបានគោរពដល់ព្រះមហាក្សត្រ។ លោកស្រីបន្តថា ការកសាងសាលារៀន និងហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេស វាជាកាតព្វកិច្ចរបស់រដ្ឋាភិបាលក្នុងការដឹកនាំប្រទេស។

លោកស្រីថា៖ «អ៊ីចឹងនេះ ជាការគំរាមកំហែង ​យ៉ាងធ្ងន់ធ្ងរហើយ បើសិនជាដាក់រូប ព្រះមហាក្សត្រ ដោយយោងទៅលើប្រទេសយើងមានស្ដេច នេះបានចំជាល្អ។  បើសិនជាដាក់រូបនាយករដ្ឋមន្ត្រីនេះ មិនមែនជាប្រទេសដែលមានស្ដេចគ្រប់គ្រងទេ»។

លោកស្រីថា​៖ «នាយករដ្ឋមន្ត្រី គ្រាន់តែជាអ្នកដឹកនាំប្រទេស តាមរយៈការបោះឆ្នោត ប៉ុន្តែប្រទេសមានសេ្ដច ត្រូវតែយកសេ្ដច ​ជាទីមួយ គោរពស្ដេច ព្រះមហាក្សត្រហ្នឹងហើយ ដែលជាគោលការណ៍នៃប្រទេសកម្ពុជាយើង។  បើសិនជាប្រទេសដែលអត់មានស្ដេច ​គេត្រូវដាក់រូបនាយករដ្ឋមន្ត្រី»។

នាយកប្រតិបត្តិអង្គការអភិវឌ្ឍន៍​ផ្នត់​គំនិត លោកបណ្ឌិត សេក សុជាតិ យល់ថា អាជ្ញាធរខេត្តគួរតែពិនិត្យមើលអំពី បាវចនាជាតិ របស់ប្រទេសដែលមាន «ជាតិ សាសនា និងព្រះមហាក្សត្រ»មុននឹងណែនាំទៅកាន់នាយកសាលាឱ្យដាក់រូបនាយករដ្ឋមន្ត្រីនៅតាមអគារសាលានោះ។ លោកចាត់ទុកការណែនាំរបស់អភិបាលខេត្តកំពតនេះថា ជាការជ្រៀជ្រែកការងាររបស់ក្រសួងអប់រំ ខណៈការបញ្ជ្រាប​គុណតម្លៃរបស់ថ្នាក់ដឹកនាំ ​  វាជាកាតព្វកិច្ចរបស់រដ្ឋាភិបាល ​និងក្រសួងសាម៉ីដែលជាអ្នកធ្វើ​ការងារនេះ។

លោកថា«អ្វីដែលសំខាន់ យើងគួរមើលទៅលើរដ្ឋធម្មនុញ្ញរបស់យើង តើគេតម្រូវឱ្យយើងធ្វើបែបហ្នឹងអត់ ទី២ យើងមើលពីការដឹងគុណ ពីព្រោះជាទូទៅ​ការដឹងគុណជារឿងមួយ នៅក្នុងសង្គមយើង ដែលយើងយកចិត្តទុកដាក់មែនទែន  ហើយយើងក៏អបអរដែរ ក៏ប៉ុន្តែការដឹងគុណ ​មិនមែនយករូបហ្នឹង ទៅដាក់នៅតាមសាលារៀន ​​​ដែលខុសពីបទដ្ឋានជាពិសេសការដាក់រូបទាំងអស់ហ្នឹង យើងត្រូវមើលក្រសួងអប់រំដែលជាស្ថាប័នសាមី ថាតើស្ថាប័នសាមីមានឯកសារ ឬបទដ្ឋានគិតយុត្តណាទៀត ​ដើម្បីគាំទ្រ ការដាក់តាំងរូបនាយករដ្ឋមន្ត្រី ដើម្បីដឹងគុណ ព្រោះយើងដឹងហើយថាការដឹងគុណមានវិធីសាស្ត្រច្រើនណាស់ត្រូវធ្វើ»។

លោកបណ្ឌិត សេក សុជាតិ បន្តថា ការណែនាំរបស់អភិបាលខេត្តកំពត ដោយតម្រូវឱ្យនាយកសាលាដាក់រូបនាយករដ្ឋមន្ត្រីនៅតាមអគារសាលា និងប្រាប់ទៅកាន់កូនសិស្សត្រូវដឹងគុណអ្នកកសាងអគារបែបនេះ វាជាការដើរខុសពីគោលការណ៍របស់ក្រសួងអប់រំ និងខុសពីវិជ្ជាជីវៈរបស់គ្រូបង្រៀនផងដែរ​ បើសិនជាការណែនាំនេះ មិនមាននៅក្នុងកម្មវិធីសិក្សារបស់ក្រសួងអប់រំ៕  ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ