កម្មការិនី​មួយរូប​ប្ដឹង​ភាគី​រោងចក្រ​ទៅ​ក្រសួង​រឿង​បញ្ឈប់​ពី​ការងារ​ដោយ​ខុសច្បាប់

ក្រសួងការងារ បណ្ដុះបណ្ដាលនិងវិជ្ជាជីវៈ។ រូបភាព៖ ជន ចាន់រ៉ែន

កម្មការិនីមួយរូបនៅក្រុមហ៊ុន ​«ជា ស៊ីណាត ហ្គាមេន» បានប្ដឹង​ក្រុមហ៊ុនមួយនេះទៅក្រសួងការងាររឿងបញ្ឈប់គាត់ពីការងារដោយខុសច្បាប់ និងដោយសារកម្មការិនីរូបនោះជាសមាជិកសហជីព ក្រោមហេតុផល​គ្មានការងារឱ្យធ្វើបន្តទៀត ខណៈក្រុមហ៊ុនបន្តរើសកម្មករថ្មីទៅវិញ។ ​​

ក្នុងពាក្យបណ្ដឹងរបស់កម្មការិនីរោងចក្រ ជា ស៊ីណាត មួយរូប គឺកញ្ញា អុល សុខម៉េង ដែលដាក់ទៅនាយកដ្ឋាន​វិវាទការងារនៃក្រសួងការងារ កាលពីថ្ងៃទី៤ ខែមេសា បានប្ដឹងក្រុមហ៊ុនមួយនេះ ចំពោះការបញ្ឈប់ខ្លួនពីការងារដោយខុសច្បាប់។

ក្នុងពាក្យបណ្ដឹងដដែលឱ្យដឹងថា ការបញ្ឈប់ពីការងារនេះកើតឡើងកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ដោយខាងគណនេយ្យបានហៅកញ្ញាទៅ ហើយប្រាប់ថា ខាងក្រុមហ៊ុនមិនបន្តកិច្ចសន្យាការងារឱ្យបន្តទៀតទេ ដោយសារក្រុមហ៊ុនគ្មានការងារឱ្យធ្វើ ម្យ៉ាងដោយសារកញ្ញាជាសកម្មជនសហជីពឯករាជ្យផងដែរ។

កម្មការិនី​ និងសកម្មជនសហជីពឯករាជ្យនៅរោងចក្រ ជា ស៊ីណាត ​កញ្ញា សុខម៉េង ​​បានឱ្យវីអូឌីដឹងកាលពីម្សិលមិញថា ក្រុមហ៊ុនកាត់ដេរមួយនេះ មិនបន្ដកិច្ចសន្យាការងារឱ្យគាត់ទៀតទេ​ ប៉ុន្តែ​ក្រុមហ៊ុនបានសម្រេច​បន្ដកិច្ចសន្យាការងារឱ្យកម្មករនៅក្នុងក្រុមដេរជាមួយគាត់ជាង១០០នាក់ផ្សេងទៀត និងរើសកម្មករថ្មីចូលរាល់ថ្ងៃផងដែរ។

បញ្ហានេះ កញ្ញាយល់ថា ការបញ្ឈប់គាត់ពីការងារ ដោយសារខ្លួនជាសកម្មជនសហជីពតែម្តង។

កញ្ញាថ្លែងថា៖ «សហជីពមានពីរក្រុម គាត់មកពីសហព័ន្ធឯករាជ្យ មានគ្នា៤នាក់ ប៉ុន្ដែបញ្ឈប់តែគាត់មួយនាក់។ គាត់[ក្រុមហ៊ុន]លើកថាអត់មានអីធ្វើ គេអត់បន្ដអាណត្តិឱ្យ តែគាត់ផ្សាយរើសកម្មករជារៀងរាល់ថ្ងៃ ការបញ្ឈប់ហ្នឹងគេបញ្ចប់តែខ្ញុំមួយ ហើយគេបន្ដឱ្យអ្នកផ្សេងទាំងអស់»។

ប្រធានសហព័ន្ធសហជីពឯករាជ្យ លោក រី សិទ្ធីណែត ​បានថ្លែង​ថា ចំពោះរឿងនេះ ខាងលោកបានដាក់ពាក្យបណ្ដឹងទៅក្រសួងការងារ ហើយកំពុងរង់ចាំនីតិវិធីដោះស្រាយពីនាយកដ្ឋានវិវាទការងារ ដែលមានពេល១៥ថ្ងៃដើម្បីដោះស្រាយរឿងនេះ​។ លោកបន្តថា​ ក្រុមហ៊ុនបានរក្សាអត្រាប្ដូរប្រាក់ទាបជាងទីផ្សារ ហើយមានការរើសអើងចំពោះ​សហជីពឯករាជ្យលើការតវ៉ាលក្ខខណ្ឌមួយចំនួន​របស់ក្រុមហ៊ុន។

លោកនិយាយថា៖ «តាមពិត មិនមែនរឿងអត់ការងារធ្វើទេ រឿងគឺរោងចក្ររើសអើងសហជីព ពួកខ្ញុំចង់និយាយអ៊ីចឹង! ដោយសារគន្លងមក ពួកខ្ញុំបានព្យាយាមតវ៉ាលក្ខខណ្ឌមួយចំនួន ឧទាហរណ៍ថា ​រោងចក្រនៅបន្ដបើកលុយខ្មែរ ហើយអត្រាប្ដូរប្រាក់របស់ពួកគាត់គឺ៤០០០ [រៀលក្នុង១ដុល្លារ]។ ក្រោម១០០ដុល្លារ គឺគាត់បើកឱ្យលុយខ្មែរទាំងអស់ ហើយគាត់គិតអ៊ីចឹងសម្រាប់កម្មករទាំងអស់នៅក្នុងរោងចក្រហ្នឹង»។

​​ជំនួយការ​រដ្ឋបាលក្រុមហ៊ុន ជា ស៊ីណាត លោក សេង មករា បានបដិសេធក្នុងការឆ្លើយតបរឿងនេះ កាលពីម្សិលមិញ ដោយថាលោកជាប់រវល់។

ដោយឡែក មន្ត្រីសហជីព​មួយរូបដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា ​ក្រុមហ៊ុន​បានសុំស្នើគាត់និយាយផ្ទាល់មាត់ច្រើនដងមកហើយ ដោយដាច់ខាតមិនឱ្យកញ្ញា អុល សុខម៉េង ចូលធ្វើការវិញនោះទេ ប៉ុន្តែខាងក្រុមហ៊ុនមិនបានប្រាប់មូលហេតុលម្អិតរឿងបញ្ឈប់នេះឡើយ ដោយថាជារឿងផ្ទៃក្នុងក្រុមហ៊ុន។

​ក្រុមហ៊ុន ជា ស៊ីណាត ហ្គាមេន ខូអិលធីឌី មានអាសយដ្ឋានស្ថិតនៅភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មាននិយោជិតប្រហែល៦០០នាក់។ ​

ទំព័រហ្វេសប៊ុកមួយឈ្មោះ អ៊ិនទូហ្វិ (Intufe) កាលពីម្សិលមិញ បានឱ្យដឹងថា ថ្នាក់ដឹកនាំសហជីពឯករាជ្យនៃក្រុមហ៊ុនមួយនេះបានទៅផ្ដល់ព័ត៌មានដែលតំណាងភាគីកម្មករនិយោជិតទាមទារលក្ខខណ្ឌការងារចំនួន១៣ចំណុច នៅនាយកដ្ឋានវិវាទការងារនៃក្រសួងការងារ។  ​

ចំណុចទាំង១៣នោះ រួមមាន ទាមទាឱ្យភាគីនិយោជកសងរំលឹកប្រាក់ភាគទានសហជីព ជូនសហជីពឯករាជ្យ ដែលក្រុមហ៊ុនធ្លាប់បានគណនាខុស ​ហើ​យទាមទារឱ្យភាគីនិយោជកទូទាត់ប្រាក់រង្វាន់ និងប្រាក់ថ្លៃបាយជូនកម្មករនិយោជិតរៀងរាល់១សប្ដាហ៍ម្ដង។

លើសពី​នេះ ទាមទារឱ្យភាគីនិយោជករៀបចំបន្ទប់ទឹក​ស្អាតនិងអនាម័យ ព្រមទាំងស្នើឱ្យភាគីនិយោជកផ្លាស់ប្ដូរកិច្ចសន្យាការងារមានថេរវេលាកំណត់ទៅជាកិច្ចសន្យាការងារមានថេរវេលាមិនកំណត់ សម្រាប់កម្មករនិយោជិតដែលបានបម្រើការងារនៅក្នុងក្រុមហ៊ុនលើសពី២ឆ្នាំ រួមទាំងចំណុចមួយចំនួនទៀត។

យ៉ាងណា ក្នុងពាក្យបណ្ដឹងរបស់កញ្ញា សុខម៉េង ដដែល បានស្នើ​ក្រសួងអន្តរាគមន៍ឱ្យគាត់បានចូលបម្រើការងារនៅក្រុមហ៊ុននេះបន្តទៀត ប៉ុន្តែប្រសិនបើមិនបានធ្វើការវិញទេ កម្មការិនីរូបនេះទាមទារឱ្យភាគីរោងចក្រទូទាត់សំណងជូនគាត់តាមច្បាប់ការងារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ