ពលរដ្ឋ​នៅ​ខេត្តកណ្ដាល​ដាក់ញត្តិ​នៅ​ស្ថានទូត​មួយចំនួន​ស្នើ​ឱ្យ​ជួយ​អន្តរាគមន៍​រឿង​វិវាទដីធ្លី

អ្នកភូមិប្រហែល៣០នាក់ មកពីខេត្តកណ្ដាល និងតាកែវ ​បាននាំ​គ្នាប្រមូល​ផ្ដុំនៅ​មុខ​ស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា ដាក់ញត្តិ​ស្នើដល់ស្ថាប័នមួយនេះជួយដោះ​ស្រាយ​សំណង​ដីធ្លីក្រោមគម្រោង​​អភិវឌ្ឍន៍​​​ព្រលាន​យន្តហោះ​អន្តរជាតិ​ថ្មី (OCIC) ព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១។ (ហ៊ី ឆាយ)

តំណាង​ប្រជាពលរដ្ឋ​ដែលកំពុងមានបញ្ហាដីធ្លីជាមួយក្រុមហ៊ុនព្រលាន​យន្តហោះអន្តរជាតិថ្មី នៅខេត្ត​កណ្ដាល នៅព្រឹក​ថ្ងៃពុធនេះ បានប្រមូលផ្ដុំគ្នា​ដាក់ញត្តិ​​នៅ​តាមបណ្ដាស្ថានទូតមួយចំនួន ដើម្បីស្នើ​ដល់ស្ថានទូតទាំងនោះជួយ​អន្តរាគមន៍ទៅរដ្ឋាភិបាលកម្ពុជាឱ្យ​ដោះស្រាយ​បញ្ហា​ដីធ្លី​របស់​ពួក​គាត់។

លោក ទួន វណ្ណៈ ដែលអះអាងថាជាតំណាងពលរដ្ឋ ឱ្យដឹងថា ក្រុមតំណាងពលរដ្ឋជាង១០នាក់ តំណាងឱ្យ៨៤គ្រួសារ មកពីឃុំព្រែក​ស្លែង និងឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង បាននាំគ្នា​ប្រមូលផ្ដុំដាក់ញត្តិនៅស្ថានទូតអាមេរិក អូស្ត្រាលី បារាំង ជប៉ុន និង​ចិន ដើម្បីឱ្យ​ស្ថានទូត​ទាំងនោះជួយ​តាមដាននិងជំរុញទៅរដ្ឋាភិបាល​កម្ពុជាដោះស្រាយ​បញ្ហា​ដីធ្លីរបស់ពួកគាត់ ដែល​កំពុងមានជម្លោះជាមួយក្រុមហ៊ុនសាងសង់ព្រលានយន្តហោះថ្មី។

លោក​បន្តថា ជុំវិញផលប៉ះពាល់ដីធ្លីពីគម្រោងអភិវឌ្ឍន៍នេះ​ ខាង​អាជ្ញាធរនៅតែរក្សា​ជំហរផ្ដល់​សំណង​ត្រឹមតែ៨ដុល្លារក្នុងមួយម៉ែត្រការ៉េ​ និងការដោះដូរដី ប៉ុន្តែអ្នកភូមិមិនអាចទទួលយកបាន ដោយ​ថា សំណងនោះតិចតួចពេក មិនអាចយកទៅទិញដីនៅក្បែរតំបន់ពួកគាត់បាន។

កាលពី​ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​មួយដោយ​ផ្ដល់​​ដី​រដ្ឋ​ទំហំប្រមាណ២ ៦០០ហិ​កតា ដែល​លាតសន្ធឹង​លើ​ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល និង​ស្រុក​បាទី ខេត្តតាកែវ ទៅ​ឱ្យ​ក្រុមហ៊ុន​វិនិយោគ​អាកាសយាន​ដ្ឋាន​កម្ពុជា ​(CAIC) ​វិនិយោគ​រួមគ្នាជាមួយ​សាជីវកម្ម​​ក្រៅប្រទេស និង​លេខាធិការ​ដ្ឋាន​អាកាសចរណ៍​ស៊ីវិល ដើម្បី​អភិវឌ្ឍ​ព្រលា​នយន្តហោះ​អន្តរជាតិ​ភ្នំពេញថ្មី​មួយ​នេះ​។

កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ អង្គការសង្គមស៊ីវិលចំនួន៣១ស្ថាប័នបានចេញសេចក្ដីថ្លែងការណ៍មួយ​ស្នើដល់​ស្ថាប័នពាក់ព័ន្ធ​ផ្ដល់សំណងឱ្យ​បាន​សមស្រប​តាម​តម្លៃ​ទីផ្សារ​​ជូន​ប្រជា​ពលរដ្ឋដែល​កំពុ​​ង​​រងផល​ប៉ះពាល់ដីធ្លីពីគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី​នេះ និងចៀសវាងនូវកិច្ចព្រមព្រៀង​ដោយ​មានការបង្ខិត​បង្ខំ ដើម្បីរក្សានូវការគោរពសិទ្ធិមនុស្សដែលទទួលស្គាល់ដោយរដ្ឋធម្មនុញ្ញកម្ពុជា។

ក្រុមអង្គការទាំងនេះបាន​ស្នើដល់ភាគីពាក់ព័ន្ធ ជាពិសេសរដ្ឋាភិបាល ត្រូវដោះស្រាយបញ្ហា​ជម្លោះ​​ដីធ្លី​នេះតាម​នីតិវិធី​ ដោយ​កោះ​ហៅ​ភាគីទំនាស់​មក​ចរចា​គ្នា ដោយ​ឈរ​លើ​ផល​ប្រយោជន៍ និង​សេចក្ដីត្រូវកា​រ​របស់​គ្រប់​​ភាគី ហើយ​ភាគី​ទំនាស់និងអាជ្ញាធរគួររក្សាឱ្យបាននូវភាពអហិង្សា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ