សហជីព​ខកចិត្ត​ដែល​ក្រសួង​ការងារ​មិនចាត់​វិធានការ​លើ​និយោជក​ករណី​មិន​ទូទាត់​ប្រាក់​ជូន​កម្មករ

លោក គង់ អាទិត្យ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា។ (ហ្វេសប៊ុក៖ CCAWDU ស៊ីខៅឌូ)

សហជីពមួយបង្ហាញការខកចិត្តចំពោះក្រសួងការងារដែលមិនចំណាត់វិធានការលើនិយោជក ក្រោយពីរោងចក្របិទនិងបានបណ្ដេញកម្មករចេញពីការងារដោយមិនទូទាត់អត្ថប្រយោជន៍ជូនកម្មករនិយោជិកតាមច្បាប់ស្ដីពីការងារ។

ក្នុងសេចក្ដីថ្លែងការណ៍របស់សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ចេញថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ ឱ្យដឹងថា រោងចក្រចំនួន២៣ទីតាំង ដែលស្មើនឹងកម្មករនិយោជិតសរុប១ ៤០៨នាក់ បានរងគ្រោះដោយការបញ្ឈប់ពីការងារ បន្ទាប់ពួកគេប្រើប្រាស់សិទ្ធិក្នុងការបង្កើតសហជីពក្នុងសហគ្រាសនិងគ្រឹះសា្ថនដែលពួកគេកំពុងធ្វើការ ខណៈរោងចក្រខ្លះទៀតត្រូវបានបិទទ្វារ ដោយថៅកែមិនបានទូទាត់ប្រាក់ជូនកម្មករតាមច្បាប់ការងារឡើយ។

សេចក្ដីថ្លែងការណ៍ដដែលថា វិវាទការងារនេះ កម្មករបានប្ដឹងទៅក្រសួងការងារ ដើម្បីឱ្យជួយដោះស្រាយ ប៉ុន្តែមកដល់ពេលនេះនៅមិនទាន់មានដំណោះស្រាយសម្រាប់កម្មករនិយោជិតដែលមិនបានទូទាត់ប្រាក់សំណងតាមប្រភេទនៃកិច្ចសន្យាការងាររបស់ពួកគាត់តាមច្បាប់ស្ដីពីការងារនោះទេ។

សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ចាត់ទុកករណីនេះថាជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងជាការកេងប្រវ័ញ្ចកម្លាំងពលកម្មករនិយោជិតដែលត្រូវហាមឃាត់ដោយច្បាប់។

ចំណែកសំណុំរឿងមួយចំនួនទៀតដែលក្រុមប្រឹក្សាអាជ្ញាធរកណ្ដាលបានដោះស្រាយហើយនោះ ប៉ុន្តែក៏និយោជកឬថៅកែមិនបានអនុវត្តតាមសេចក្ដីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលផងដែរ។

ពួកគេបង្ហាញការសោកស្ដាយនិងខកចិត្តចំពោះក្រសួងការងារដែលដោះស្រាយមានភាពយឺតយ៉ាវ គ្មានប្រសិទ្ធភាព ហើយថែមទាំងមិនមានវិធានការលើនិយោជកដែលមិនបានអនុវត្តតាមច្បាប់កន្លងមក ទោះបីជាកម្មករនិយោជិតត្រូវបានរងគ្រោះដោយការប្រើប្រាស់ និងកាតព្វកិច្ចដែលត្រូវបានទទួលដោយមានចែងក្នុងច្បាប់ក៏ដោយ។

សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ស្នើទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យជួយចាត់វិធានការនិងចាត់ចែងគណៈកម្មការពិសេស ឬស្ថាប័នពាក់ព័ន្ធ រួមទាំងក្រសួងការងារ ដោះស្រាយបញ្ហារបស់កម្មករទាំង២៣រោងចក្រ ដើម្បីបញ្ចប់វិវាទការងារនេះ និងឱ្យកម្មករវិលត្រលប់ចូលធ្វើការវិញផងដែរ។

ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា លោក គង់ អាទិត្យ បន្ថែមថា កម្មករទាំង២៣រោងចក្រដែលត្រូវបានបញ្ឈប់ពីការងារ ភាគច្រើនដោយសារពួកគាត់បង្កើតសហជីពកន្លែងធ្វើការ ដើម្បីការពារផលប្រយោជន៍កម្មករនិយោជិត។

លោកថា៖ «ជួនកាលយើងបង្កើតបានហើយ តែនិយោជិកប្រើល្បិច ប្រើអីអ៊ីចឹង ដើម្បីឱ្យមានលេសអ៊ីចឹង ​ធ្វើឱ្យគាត់ត្រូវបានគេ​បញ្ឈប់អ៊ីចឹងទៅ។ តែករណីជាចាំបាច់​ហើយសំខាន់នោះ ​គឺរើសអើង មានន័យថារើសអើងសហជីពឯករាជ្យ ដែលការពារផលប្រយោជន៍កម្មករពិតប្រាកដ។ សម្រាប់រូបភាពនៃការបញ្ឈប់ វាមានរូបភាពផ្សេងៗគ្នា»។​

កម្មកររោងចក្រ «អាយខេ» នៅខេត្តកំពង់ស្ពឺ ត្រូវបានបញ្ឈប់ពីការងារ អ្នកស្រី ប៉ាន់ ម៉ារ៉ា បង្ហាញការគាំទ្រចំពោះសេចក្ដីថ្លែងការណ៍នេះ ដោយថា ពួកគាត់ជិត១០នាក់ត្រូវបានថៅកែបញ្ចប់កិច្ចសន្យាពីការងារ បន្ទាប់ពីពួកគាត់បាននាំគ្នាចងក្រងដើម្បីបង្កើតសហជីពក្នុងរោងចក្រ។ អ្នកស្រីបន្តថា នៅក្នុងរោងចក្ររបស់គាត់ធ្វើការមានសហជីពដែរ ប៉ុន្តែសហជីពក្នុងរោងចក្រការពារតែក្រុមហ៊ុន មិនបានការពារផលប្រយោជន៍កម្មករ ទើបពួកគាត់សម្រេចចិត្តបង្កើតសហជីពមួយទៀត។

អ្នកស្រីថា៖ «បង្កើតសហជីពមួយ ដើម្បីជួយដល់កម្មករ ដែលគាត់មានបញ្ហា ដូចជា ត្រូវគេកៀបសង្កត់ពីប្រធានក្រុម​។ ដល់ពេលខ្ញុំបង្កើតហើយ ​ គាត់ហៅពួកខ្ញុំទៅ​សាកសួរ និងប្រាប់ពីមូលហេតុ​​ថាសហជីពហ្នឹងគ្មានប្រយោជន៍សម្រាប់ក្រុមគ្រួសារយើងទេ។ បើយើងនៅតែបង្កើតសហជីពហ្នឹង នឹងត្រូវបាត់អត្ថប្រយោជន៍​ពីក្រុមហ៊ុន។ បើយើងលាឈប់ពីឥលូវ ល្អ! ហើយពួកខ្ញុំអត់ព្រមលាឈប់ទេ ​ពេលអត់ព្រមលាឈប់ គឺគាត់បញ្ចប់កិច្ចការងារ​ពួកខ្ញុំតែម្ដង»។

ករណីនេះ អ្នកស្រី ប៉ាន់ ម៉ារ៉ា ស្នើក្រសួងការងារជួយដោះស្រាយដល់ពួកគាត់ដែលត្រូវបានបញ្ឈប់ពីការងារ ដោយសារការរើសអើងសហជីពពីសំណាក់ថៅកែ ខណៈការបញ្ឈប់នេះ ក៏និយោជកមិនបានទូទាត់ប្រាក់អត្ថប្រយោជន៍តាមច្បាប់ការងារឱ្យពួកគាត់ដែរ។

អ្នកនាំក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ ប្រាប់វីអូឌីតាមប្រព័ន្ធតេឡេក្រាមថា បើសិនជាវិវាទការនោះត្រូវបានក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងក្រសួងបានដោះស្រាយហើយ ប៉ុន្តែថៅកែមិនអនុវត្តតាមនោះ ពួកគេអាចប្ដឹងទៅក្រសួងជាថ្មី។

លោកថា៖ «ក្នុងករណីដែលរោងចក្រ​ស្ថិតនៅ​ដំណើរការ ហើយមានការបណ្ដេញចេញ​ដោយមិនបានទូទាត់ប្រាក់បំណាច់ផ្សេងៗ គឺសុំប្ដឹងមកក្រសួង។ ដោយឡែក ចំពោះរោងចក្រដែលក្ស័យធន ​យើងនឹងអនុវត្តទៅតាមច្បាប់ក្ស័យធន ឬយើងប្រើយន្តការនៃការលក់ឡាយឡុងទ្រព្យសម្បត្តិរបស់រោងចក្រ ដើម្បីយកប្រាក់នៃការបានមក​ពីការលក់ឡាយឡុងហ្នឹងជូនទៅបងប្អូនកម្មករតាមកម្រៃជាក់ស្ដែង។ នេះជាអ្វីដែលយើងបាននិងកំពុងអនុវត្តនៅគ្រប់រោងចក្រទាំងអស់។ អ៊ីចឹងសុំឱ្យភាគីទាំងកម្មករនិយោជិត​ដែលធ្វើការនៅរោងចក្រណាមួយ ​មិនទាន់ទូទាត់បានសំណង សូមប្ដឹងមកក្រសួងបញ្ជាក់ឱ្យច្បាស់»។

បើតាមសេចក្ដីថ្លែងការណ៍សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាដដែលថា បើសិនជាវិវាទការងារនេះនៅតែមិនមានដំណោះស្រាយ កម្មករនឹងធ្វើការតវ៉ា និងស្វែងរកកិច្ចអន្តរាគមន៍ពីក្រសួងការងារ នៅដើមខែឧសភាខាងមុខនេះ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ