UPDATED៖ ពលរដ្ឋ​នៅ​ខេត្ត​កណ្ដាល​ដាក់​ញត្តិ​នៅ​ស្ថានទូត​មួយ​ចំនួន​ស្នើ​ឱ្យ​ជួយ​អន្តរាគមន៍​រឿង​វិវាទដីធ្លី

តំណាងពលរដ្ឋរងគ្រោះដីធ្លីក្រោមគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះថ្មី ត្រូវបានអនុញ្ញាតឱ្យយកញត្តិចូលទៅដាក់នៅក្នុងស្ថានទូតបារាំងប្រចាំកម្ពុជា ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២។ (ហ៊ី ឆាយ)

តំណាង​​ប្រជាពលរដ្ឋ​ដែលកំពុងមានបញ្ហាដីធ្លីជាមួយក្រុមហ៊ុនព្រលាន​យន្តហោះអន្តរជាតិថ្មី នៅខេត្ត​កណ្ដាល នៅព្រឹក​ថ្ងៃពុធនេះ បានប្រមូលផ្ដុំគ្នា​ដាក់ញត្តិ​​នៅ​តាមបណ្ដាស្ថានទូតមួយចំនួន ដើម្បីស្នើ​ដល់ស្ថានទូតទាំងនោះជួយ​អន្តរាគមន៍ទៅ​រដ្ឋាភិបាលកម្ពុជាឱ្យ​ដោះស្រាយ​បញ្ហា​ដីធ្លី​របស់​ពួក​គាត់។

លោក ទួន វណ្ណៈ ដែលអះអាងថាជាតំណាងពលរដ្ឋ ឱ្យដឹងថា ក្រុមតំណាងពលរដ្ឋជាង​១០នាក់ តំណាងឱ្យ១២១គ្រួសារ ដែលមានដីជាង៦០ហិកតា​ នៅឃុំព្រែក​​ស្លែង និងឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង បាននាំគ្នា​​ទៅ​ប្រមូលផ្ដុំដាក់ញត្តិនៅស្ថានទូតអាមេរិក អូស្ត្រាលី បារាំង ជប៉ុន និង​ចិន ដើម្បីឱ្យ​ស្ថានទូត​ទាំងនោះជួយ​តាមដាន និងជំរុញទៅរដ្ឋាភិបាល​កម្ពុជាដោះស្រាយ​បញ្ហា​ដីធ្លីរបស់​ពួក​គាត់ដែល​​កំពុង​មាន​ជម្លោះជាមួយ​ក្រុមហ៊ុនសាងសង់ព្រលានយន្តហោះថ្មី។

លោក ទួន វណ្ណៈ ដែលអះអាងថា ប៉ះពាល់ដីស្រែនិងដីលំនៅឋានកន្លះហិកតា បានបន្តថា ជុំវិញផលប៉ះពាល់ដីធ្លីពីគម្រោងអភិវឌ្ឍន៍នេះ​ ខាង​អាជ្ញាធរនៅតែរក្សា​ជំហរផ្ដល់​សំណង​ត្រឹមតែ៨ដុល្លារក្នុងមួយម៉ែត្រការ៉េ​ និងការដោះដូរដី ប៉ុន្តែអ្នកភូមិមិនអាចទទួលយកបាន ដោយ​ថា សំណងនោះតិចតួចពេក មិនអាចយកទៅទិញដីនៅក្បែរតំបន់ពួកគាត់បាន។

លោកបន្ថែមថា៖ «សូមរាជរដ្ឋាភិបាលពិចារណាដោះស្រាយជូនពលរដ្ឋរងគ្រោះដីធ្លីនេះ កុំឱ្យមានការរងគ្រោះបន្តទៅទៀត អាណិតរាស្ត្ររបស់យើង ព្រោះរាស្ត្រមិនដឹងពឹងអីទេ ពឹងតែដីធ្លីហ្នឹងហើយ ដើម្បីប្រកបអាជីវកម្មធ្វើស្រែចម្ការ។ និយាយទៅ ខ្ញុំតាំងពីរងគ្រោះដីធ្លីដោយសារព្រលានយន្តហោះនេះ ខ្ញុំបានជំពាក់លុយធនាគារ ហើយធនាគារគេលែងចង់ឱ្យខ្ចីហើយ។ ពីមុន ខ្ញុំមិនដែលស្គាល់ពាក្យថាខ្ចីធនាគារទេ តែពេលនេះ កូនខ្ញុំរៀនទាំងទឹកភ្នែក ព្រោះលុយ»

ពលរដ្ឋម្នាក់ លោក ណៃ ភន នៅឃុំបឹងខ្យាង បាននិយាយទាំងទឹកភ្នែកថា គ្រួសារលោកបានប៉ះពាល់ដីលំនៅឋានចំនួន៨អា និង​ដីស្រែ១​ហិក​តា។ លោក​ថា ក្រោម​គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះនេះ បានធ្វើឱ្យគ្រួសារលោកជំពាក់បំណុលធនាគារទ្វេដង និងបានជួបបញ្ហាជីវភាពជាខ្លាំង ដោយសារគ្មានដី​សម្រាប់​បង្ក​បង្កើន​ផល ខណៈ​គ្រួសារ​​លោក​គ្មាន​មុខរបរអ្វីផ្សេងក្រៅពីធ្វើស្រែចម្ការនោះទេ។

លោកបន្ថែមថា៖ «ពេលដែលខ្ញុំឮដំណឹងថាមានការអភិវឌ្ឍព្រលានយន្តហោះនៅស្រុកនេះ ខ្ញុំគិតថាជីវភាព​ខ្ញុំនឹងធូរស្បើយនិងរីកចម្រើន។ ប៉ុន្តែមកដល់ដំណាក់កាលនេះ ពួកខ្ញុំបើប្រៀបទៅ​ ឋាននរកដឹងប៉ុន្មានជាន់​ទេ! គ្មាន​សិទ្ធិ​ គ្មានសេរី! ផ្ទះរបស់ពួកខ្ញុំដែលកំពុងរស់នៅសព្វថ្ងៃនេះ ក៏នៅក្នុងគម្រោងត្រូវគេវាយចោលដែរ ប៉ុន្តែតម្លៃសំណងណាមួយនោះ គឺអត់ទាន់ដឹងទាំងអស់»

ពលរដ្ឋរូបនេះ​បន្ថែមថា រូបលោកក៏ដូចជាអ្នកភូមិផ្សេងទៀត ទាមទារសំណងសមរម្យដែលអាចយកទៅទិញដីក្បែរៗនោះបាន ខណៈដីនៅក្បែរ​ព្រលាន​នោះមានតម្លៃចន្លោះពី​៥០ដុល្លារទៅ១០០ដុល្លារក្នុង១ម៉ែត្រការ៉េ។

តំណាងពលរដ្ឋម្នាក់ទៀត អ្នកស្រី​ អៀង សារី និយាយថា អ្នកភូមិសម្រេចមករកកិច្ចអន្តរាគមន៍ពីស្ថានទូតនានានៅរាជធានីភ្នំពេញ ឱ្យជួយជំរុញទៅរដ្ឋាភិបាលកម្ពុជាដោះស្រាយវិវាទដីធ្លីជូនពួកគាត់ ដោយសារគាត់អស់ជំនឿលើការ​ដោះស្រាយរបស់អាជ្ញាធរមូលដ្ឋាននិងថ្នាក់ជាតិ ខណៈពួកគាត់បានដាក់ញត្តិ​រកអន្តរា​គម​ន៍​ជាច្រើនដង ប៉ុន្តែពុំមានដំណោះស្រាយ។

តំណាងពលរដ្ឋរូបនេះ​បន្តថា ការ​ចុះដោះស្រាយរបស់អាជ្ញាធរពាក់ព័ន្ធនាពេលកន្លងមក មិនបានជួបពិភាក្សាជាមួយប្រជាពលរដ្ឋឱ្យបានច្បាស់លាស់និងស៊ីជម្រៅឡើយ ដោយថា អាជ្ញាធរធ្វើការសម្រេចលើការកំណត់តម្លៃដោយឯកតោភាគីតែប៉ុណ្ណោះ។ 

អ្នកស្រីចាត់ទុកការដោះស្រាយរបៀបនេះថា ជាការ​រំលោភច្បាប់និងសិទ្ធិរបស់ពួកគាត់យ៉ាងធ្ងន់ធ្ងរ ហើយអ្នកស្រី​សង្ឃឹមថា ស្ថានទូតរបស់ប្រទេសលោកសេរីដែលមានការគោរពសិទ្ធិមនុស្សទាំងនោះ នឹងអាចជួយជំរុញទៅរដ្ឋាភិបាលកម្ពុជាឱ្យដោះស្រាយបានសមរម្យសម្រាប់ពួកគាត់។

អ្នកស្រី​​បន្ថែមថា៖ «ខ្ញុំគិតថា ស្ថានទូតនីមួយៗក៏ចង់ឃើញការអភិវឌ្ឍមួយមានការគោរពសិទ្ធិមនុស្ស និងគោរពភាពថ្លៃថ្នូររបស់ប្រជាពលរដ្ឋដែរ ដោយមិនចង់ឱ្យមានការបាញ់ មិនចង់ឱ្យមានការកៀបសង្កត់ និងធ្វើអំពើអមនុស្សធម៌ណាមួយមកលើប្រជាពលរដ្ឋទេ។​ អ៊ីចឹង​ខ្ញុំគិតថា ស្ថានទូតទាំងនេះ​នឹង​មានទឹក​ចិត្តជួយជំរុញទៅរដ្ឋាភិបាលកម្ពុជា ឱ្យមានការសម្របសម្រួលឬក៏ពិភាក្សា​ជាមួយប្រជាពលរដ្ឋក្នុងការផ្ដល់​សំណងដែលពលរដ្ឋអាចទទួលយកបាន»

បើតាមអ្នកស្រី អៀង សារី មន្ត្រីតាមស្ថានទូតនីមួយៗអនុញ្ញាតឱ្យតំណាងពលរដ្ឋចូលយកញត្តិទៅដាក់និងទទួលញត្តិរបស់ពួកគាត់ ក្នុងនោះ មន្ត្រីស្ថានទូតបារាំង​បានសន្យាយកកង្វល់របស់អ្នកភូមិទៅជជែកជាមួយ​រដ្ឋាភិបាលកម្ពុជា​ ដើម្បីជំរុញឱ្យមានដំណោះស្រាយ។

វីអូឌី មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះពីអភិបាលស្រុកកណ្ដាលស្ទឹង លោក អ៊ូច សាវឿន បាន​ទេ នៅថ្ងៃពុធនេះ។

ប៉ុន្តែលោក​ធ្លាប់ប្រាប់​វីអូឌីថា ការ​ដោះស្រាយ​សំណងឬការកំណត់តម្លៃសំណងត្រឹម៨ដុល្លារជូនពលរដ្ឋ​នេះ គឺ​គ្មានការប្រែប្រួល​ឡើយ ព្រោះនេះជាគោលការណ៍កំណត់ដោយរបស់រដ្ឋាភិបាល។

អភិបាលស្រុករូបនេះឱ្យដឹងថា ក្រៅពីដោះស្រាយសំណង៨ដុល្លារក្នុង១ម៉ែត្រការ៉េ គឺពលរដ្ឋអាចទទួលយកការដោះដូរដីនៅកន្លែងផ្សេងបាន។

កាលពី​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ២០២០ រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​មួយដោយ​ផ្ដល់​​ដី​រដ្ឋ​ទំហំប្រមាណ២ ៦០០ហិ​កតា ដែល​លាតសន្ធឹង​លើ​ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល និង​ស្រុក​បាទី ខេត្តតាកែវ ទៅ​ឱ្យ​ក្រុមហ៊ុន​វិនិយោគ​អាកាសយាន​ដ្ឋាន​កម្ពុជា ​(CAIC) ​វិនិយោគ​រួមគ្នាជាមួយ​សាជីវកម្ម​​ក្រៅប្រទេស និង​លេខា​ធិការ​​ដ្ឋាន​​អាកាសចរណ៍​​ស៊ីវិល ដើម្បី​អភិវឌ្ឍ​ព្រលា​នយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី​មួយ​​នេះ​។

កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ អង្គការសង្គមស៊ីវិលចំនួន៣១ស្ថាប័ន​បានចេញសេចក្ដីថ្លែងការណ៍មួយ​ ដោយ​​ស្នើដល់​ស្ថាប័នពាក់ព័ន្ធ​ផ្ដល់សំណងឱ្យ​បាន​​សមស្រប​តាម​តម្លៃ​ទីផ្សារ​​ជូន​ប្រជា​ពលរដ្ឋដែល​កំពុ​​ង​​រងផល​ប៉ះពាល់ដីធ្លីពីគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី​នេះ និងចៀសវាងនូវកិច្ចព្រមព្រៀង​ដោយ​មានការបង្ខិត​បង្ខំ ដើម្បីរក្សានូវការគោរពសិទ្ធិមនុស្សដែលទទួលស្គាល់ដោយរដ្ឋធម្មនុញ្ញកម្ពុជា។

ក្រុមអង្គការទាំងនេះបាន​ស្នើដល់ភាគីពាក់ព័ន្ធ ជាពិសេសរដ្ឋាភិបាល ត្រូវដោះស្រាយបញ្ហា​ជម្លោះ​​ដីធ្លី​នេះតាម​នីតិវិធី​ ដោយ​កោះ​ហៅ​ភាគីទំនាស់​មក​ចរចា​គ្នា ដោយ​ឈរ​លើ​ផល​ប្រយោជន៍ និង​សេចក្ដីត្រូវកា​រ​របស់​គ្រប់​​ភាគី ហើយ​ភាគី​ទំនាស់និងអាជ្ញាធរគួររក្សាឱ្យបាននូវភាពអហិង្សា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ