កម្ពុជា​បោះឆ្នោត​អនុប្បវាទ​នៅពេល UN សម្រេច​ព្យួរ​រុស្ស៊ី​នៅ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ

សន្និបាតអង្គការសហប្រជាជាតិ ស្ដីពីការបោះឆ្នោតព្យួរសមាជិកភាពរបស់រុស្ស៊ីក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស ក្រោយពេលរុស្ស៊ីបានឈ្លានពានអ៊ុយក្រែន ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ United Nations)

រដ្ឋាភិបាលកម្ពុជាបោះឆ្នោតអនុប្បវាទលើ​វត្តមាន​​មហា​អំណាចរុស្ស៊ីនៅក្រុមប្រឹក្សាសន្តិសុខអង្គ​​​កា​​​រសហប្រជាជាតិ ខណៈមហាសន្និបាត​នៃអង្គការកំពូលមួយនេះសម្រេចព្យួរកៅអី​រដ្ឋសហ​​ព័ន្ធ​​​​​រុស្ស៊ីនេះ ដោយសំឡេងគាំទ្រ ២ភាគ៣ នៃប្រទេសសរុបចំនួន១៩៣ប្រទេសដែលជាសមាជិក​​​របស់អង្គការសហប្រជាជាតិ។

មហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃទី៧ ខែមេសា បាន​បើក​សម័យប្រជុំរបស់ខ្លួន ដោយ​​​ពិនិត្យ​ទៅលើការព្យួរ​អាសនៈឬកៅអី​របស់មហាអំ​​ណាចរុស្ស៊ី នៅក្រុមប្រឹក្សាសន្តិសុខ​អង្គ​ការ​​​​ស​​ហប្រជាជាតិ។

ជាលទ្ធផលនៃការ​បោះឆ្នោត​ព្យួរអាសនៈក្នុងសម័យ​ប្រជុំនោះបានបង្ហាញថា ៩៣​ប្រទេស​​​បោះ​​​ឆ្នោត​គាំទ្រ ២៤​ប្រទេសបោះឆ្នោតប្រឆាំង និង ៥៨​ប្រទេស​បោះឆ្នោ​ត​អនុ​​​ប្ប​វាទ ក្នុ​ង​នោះ ក​ម្ពុជា​ត្រូវ​បានបង្ហាញនៅក្នុងតារាង​នៃរដ្ឋជាសមាជិក ដែល​បានបោះ​ឆ្នោត​អនុប្បវាទ​ ចំពោះវត្តមានរុស្ស៊ី ក្នុង​ពេលដែល UN សម្រេចព្យួរកៅអី​​​ប្រ​​​ទេ​ស​មហាអំ​ណាច​ផ្នែក​សព្វា​វុធ​នេះ ដោ​​​យ​​​​​​សារ​មូល​ហេតុមានការរំលោភសិទ្ធិមនុស្សធ្ងន់​ធ្ងរ។

ការ​​​បោះ​​​​ឆ្នោ​តតាមរយៈរូបមន្តអនុប្បវាទនេះ មែន​ទែន​ទៅ មិនមែនតែកម្ពុជាមួយទេ​​​។ នៅក្នុងរដ្ឋ​​ជា​​​សមា​​ជិក​​​​អា​ស៊ាន មានប្រទេសចំនួន៦ហើយដែលបានបោះឆ្នោតតាមយន្តការដូចកម្ពុជានេះ ក្នុង​ពេល​ដែល​ប្រ​​ទេស​​វៀតណាម និង​ឡាវ បោះឆ្នោតប្រឆាំង​ការព្យួរអាសនៈដោយ​មហា​សន្និបាត​នេះ។

ដោយឡែក មានតែប្រទេស២ទេដែលជាសមាជិកអាស៊ាន គឺប្រទេសហ្វីលីពីន និងប្រទេសមី​​យ៉ាន់​​​​ម៉ា បោះឆ្នោតគាំទ្រ​ឱ្យព្យួរកៅអីរបស់ប្រទេសរុស្ស៊ីនេះ នៅក្រុមប្រឹក្សាសន្តិសុខ​អង្គការ​​ស​​ហ​​​ប្រជាជាតិ។

វីអូឌី មិនអាចសុំការបញ្ជាក់បន្ថែមជុំវិញបញ្ហានេះពីលោក ផៃ ស៊ីផាន ប្រធានអង្គភាព​អ្នកនាំ​​ពាក្យ​​រដ្ឋាភិបាលកម្ពុជា និងលោក ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេស​ បានទេ នៅថ្ងៃសុក្រនេះ។

កាល​​ពីពេលថ្មីៗនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តែងប្រកាន់គោលជំហរនយោបាយ​ការបរទេស ដោយ​​​បោះឆ្នោត​ប្រឆាំង​ការ​ឈ្លាន​ពាន​ដោយរុស្ស៊ី​ទៅលើ​អ៊ុយក្រែន។ ប៉ុន្តែរបត់ចុង​​ក្រោ​យ​​​នេះ គេនៅមិនទាន់​ដឹង​ពី​ជំហរថាតើមានមូលហេតុអ្វី​ដែលកម្ពុជាសម្រេចបោះឆ្នោត​អនុប្ប​​វា​ទនៅ​ក្នុង​មហា​សន្និបាត​អង្គការសហប្រជាជាតិ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះទេ។

យ៉ាងនេះក្ដី អ្នកស្រាវជ្រាវ​វិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព លោក វណ្ណ ប៊ុន​​​ណា យល់​​​ឃើ​​ញ​​​ថា ការសម្រេចចិត្ត​របស់រដ្ឋាភិបាលកម្ពុជានៅពេល​នេះ​ ទំនងជា​​មាន​​ការ​​ប្រយ័ត្ន​​ប្រ​យែង​​ជាង​​លើ​​ក​​​​​មុនៗ ដោយសារបញ្ហានេះ​ជាចំណុចរសើប។

លោក​បន្តថា អ្វីដែលជាបញ្ហានោះ គឺនៅត្រង់​​សេ​​ចក្ដីសម្រេច​របស់មហាសន្និបាត​នៃអង្គការសហ​ប្រ​ជាជាតិ​លើក​នេះ វាទាក់ទិននឹង​ការ​រំ​​លោភ​សិទ្ធិ​​មនុស្ស។ ហើយបើពិនិត្យមើល​ពីកម្ពុជាសព្វថ្ងៃ លោក ប៊ុន​​​ណា យល់ឃើញថា កម្ពុជា​នៅមានបញ្ហាខ្លះដែរជុំវិញ​​រឿង​​​សិទ្ធិមនុស្សនេះ។ ហេតុដូច្នេះ ចង់​​​ឬ​​មិនចង់ កម្ពុ​​ជា​​ត្រូវឈរលើផ្លូវកណ្ដាលមួយហើយ ដើម្បីបានសុខខ្លះ។

ប៉ុន្តែបើទោះជាការ​​សម្រេច​​ចិត្ត​​បែបនេះក្ដីរ​បស់​កម្ពុជា បើតាម​លោក ប៊ុនណា គឺ​នៅតែ​មាន​ផល​មិន​ល្អ​ឡើយសម្រាប់ប្រទេស​​កំ​​ពុង​អភិវឌ្ឍន៍មួយនេះនៅលើឆាកអន្តរជាតិ។

លោកបន្តថា៖ «ជាជំហរបស់កម្ពុជាពេលហ្នឹង វាជាជម្រើសត្រឹមត្រូវរបស់រដ្ឋាភិបាល។ ប៉ុន្តែវាមិន​​មែន​​ជា​​ជម្រើសល្អសម្រាប់កម្ពុជាទេ ព្រោះកម្ពុជាត្រូវបង្ហាញជំហរឱ្យច្បាស់លាស់ ទាក់​ទង​ការ​រំលោភ​​​សិទ្ធិ​​​មនុស្សណាមួយដែលវាបានកើតឡើង ជាពិសេសការរំលោភសិទ្ធិមនុស្ស​ពីការឈ្លាន​​ពាន​​របស់​​រុស្ស៊ីទៅលើប្រជាជនអ៊ុយក្រែនអីហ្នឹង»។

ជាមួយគ្នានេះ ​ទីក្រុងមូស្គូ ក៏បានសម្រេចដើរចេញពីកៅ​អីនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការ​សហ​​​ប្រ​​​​​ជាជាតិភ្លាមដែរ។

ឯកអគ្គរដ្ឋទូតរងប្រទេសរុស្ស៊ី លោក កេនណាឌី (Gennady) ប្រចាំនៅអង្គការស​​ហប្រជាជាតិ បានសម្រេច​ចិត្តប​ន្ទាន់​មួយ ដោយប្រកាសដើរចេញពីស្ថាប័នផ្នែកសិទ្ធិមនុស្សនេះ។ នេះ​​បើតាមសេចក្ដីរាយការណ៍​ដោយសារព័ត៌មាន Reuters កាលពីថ្ងៃព្រហស្បតិ៍​ម្សិលមិញ។

លោក កេនណាឌី ក៏បានព្រមានដែរពី​ហានិភ័យចំពោះរដ្ឋជាសមាជិកណាមួយដែលបោះ​​ឆ្នោត​​គាំទ្រឬអនុប្បវាទនេះ ដែលលោកថា ជាកាយវិការមួយមិនរាប់អានខ្លួន ហើយក៏ជាផលវិបាក​​ទៅ​​ថ្ងៃ​​មុខដែរអំពីទំនាក់ទំនងទ្វេភាគី។

នាយកចាត់ការទូទៅ​នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត យល់ឃើញថា ការ​​ព្យូរ​កៅអីរុស្ស៊ីនេះ មានន័យថា ​ស្មើនឹងការទណ្ឌកម្មបន្ថែមទៀត ចំពោះរដ្ឋ​សហព័ន្ធ​​​មួយ​​នេះ​​។ បើ​តាម​លោក អំ សំអាត ភាព​ប្រឈមផ្នែកសិទ្ធិមនុស្សរបស់រុស្ស៊ីនៅ​ពេលនេះ មិនត្រឹមតែ​ប៉ះពាល់​​ដល់​​​រដ្ឋាភិបាលទេ ចំពោះពលរដ្ឋក៏ជាផ្នែកមួយ នៃភាពរងគ្រោះពីសេចក្តីសម្រេចចិត្តនេះដែរ។

លោកបន្តថា៖ «រុស្ស៊ីយើងឃើញថា ឥលូវនេះកំពុងជួប​ផលលំបាក​ខ្លាំង​ហើយ​ចំពោះ​រដ្ឋាភិបាល​ផ្ទាល់​ ហើយ​​​នៅពេលដែលការដកឬក៏ព្យូរសមាជិកភាពពីក្រុមប្រឹក្សាសិទ្ធិមនុស្សទៀត​​ វាកាន់​តែ​ប៉ះ​ពាល់​​​រវាង​ទំនាក់​ទំនង ក៏ដូចជាបញ្ហាពាណិជ្ជកម្មអីផ្សេងៗក្រៅពីទណ្ឌកម្មហ្នឹង ដែលមានកន្លងមក​​ទៅ​​ទៀ​តហើយ»។

ផ្តើមចេញពីការឈានពានដោយរុស្ស៊ីទៅលើប្រទេសអ៊ុយក្រែននេះហើយ បានរុញឱ្យប្រទេសដែល​​​​​​​ធ្លាប់​​​ទទួលបានឋានៈ​ជាមហាអំណាចទី២ផ្នែកសព្វាវុធ ត្រូវក្លាយជារដ្ឋឯកោនៅលើពិភព​​​លោក​។ ​ទណ្ឌកម្មជាច្រើនផ្នែកពីប្រទេសលោកខាងលិច រាប់ទាំងការកាត់ផ្តាច់ផ្នែកពាណិជ្ជកម្ម ការបង្កក​​​ទ្រព្យ​​​​សម្បត្តិ និង​ផ្អាក​​លំហូរ​​សាច់​ប្រាក់ ជាដើម។ គិតចាប់ពីថ្ងៃ​បើកការវាយលុយ​ដោយ​​យោ​​ធា កាលពីថ្ងៃទី​២៤ ខែ​កុម្ភៈ ដែលប្រធានាធិបតីរុស្ស៊ី លោក ពូទីន ហៅថាជាប្រតិបត្តិកា​​​រ​ពិសេសទៅលើអ៊ុយក្រែន​​នោះ គឺមាន​ជន​​ស៊ីវិល​​រាប់​​​ម៉ឺននាក់ ត្រូវភៀសខ្លួនចេញពីប្រទេស​ និង​រាប់​ពាន់​នាក់​ទៀតបាន​ស្លាប់និងរបួស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ