តុលាការ​សម្រេច​ឃុំខ្លួន​និង​បង្កក​ទ្រព្យសម្បត្តិ​បុរសម្នាក់​ពីបទ​កែច្នៃ​សំណាក​សត្វព្រៃកម្រ

ទិដ្ឋភាពនៅពីមុខសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។ (គួយ ឡង់ឌី)

សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួននិងបង្កកទ្រព្យសម្បត្តិរបស់បុរស​ម្នាក់នៅក្នុងពន្ធនាគារ​​ព្រៃស ពាក់ព័ន្ធនឹងករណីកែច្នៃសំណាកសត្វព្រៃកម្រ​និងជិតផុតពូជ។

ការសម្រេចនេះបានធ្វើឡើងបន្ទាប់ពីកងកម្លាំងខណ្ឌរដ្ឋបាលព្រៃឈើ រាជធានីភ្នំពេញ បានចុះឆែកឆេរលំនៅដ្ឋានមួយកន្លែង ស្ថិតនៅភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាល​ពីថ្ងៃទី​១៥ ខែ​មីនា ឆ្នាំ២០២២ ដោយបានឃាត់ខ្លួនម្ចាស់ផ្ទះម្នាក់ឈ្មោះ ឡា សេងងួន អាយុ៤២ឆ្នាំ ដោយបានរកឃើញថា លោកបានកែច្នៃសំណាកសត្វព្រៃក្នុង​ក្រុម​កម្រនិងជិតផុតពូជ។

ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ​លោក ស៊ិន សុវណ្ណរ័ត្ន បានចេញសេចក្ដីសម្រេច​នេះ ​កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ ដោយឱ្យបង្កកទ្រព្យសម្បត្តិរបស់ឈ្មោះ ឡា សេងងួន និងបញ្ជូនទៅឃុំខ្លួននៅក្នុងពន្ធនាគារព្រៃស។

ដីកាបង្គាប់ថា៖ «បង្កកទ្រព្យសម្បត្តិលេខ៤០ អ.ដ.ប.ទ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ របស់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបង្កកទ្រព្យសម្បត្តិរបស់ឈ្មោះ ឡា សេងងួន រួមមានផ្ទះ និងសម្ភារ​ផ្សេងៗទៀត ដោយហាមមិនឱ្យលក់ដូរ ផ្ទេរកម្មសិទ្ធិ ជួល បញ្ចាំ និងធ្វើអំណោយផ្សេងៗ រហូតមានដីកាសម្រេចថ្មីពីសាលាដំបូងរាជធានីភ្នំពេញ»។

ចំណែកអ្នកពាក់ព័ន្ធ៣នាក់ទៀតដែលកំពុងរត់គេចខ្លួន រួមមាន ឈ្មោះ សុខ ធារ៉ា, ឈ្មោះ លី ហេងហួរ និងឈ្មោះ សី ហួរ ក៏បានត្រូវតុលាការបង្កទ្រព្យសម្បត្តិដែរ។

យោងតាមការស្រាវជ្រាវ ផ្ទះខាងលើបានមកពីការធ្វើពាណិជ្ជកម្ម សន្និធិ និងកែច្នៃសំណាកសត្វព្រៃក្នុងក្រុមកម្រនិងជិតផុតពូជ ដែលសមត្ថកិច្ចរកឃើញថា ធ្វើឡើងកាលពីអំឡុងចុងឆ្នាំ២០១៩ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ