គ្រួសារ​សកម្មជន​នយោបាយ អំពាវនាវ​ប្រទេស​ម្ចាស់​ហត្ថលេខី​កិច្ច​ព្រមព្រៀង​ក្រុងប៉ារីស​ជួយ​សង្គ្រោះ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា

ក្រុមស្ត្រីថ្ងៃសុក្រ ប្រមូលផ្ដុំជាថ្មីទៀតមកតាមដានញត្តិនៅស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា ដើម្បីស្វែងរកអន្តរាគមន៍ពីប្រទេសមួយនេះ ជួយដោះស្រាយករណីស្វាមីនិងសាច់ញាតិរបស់ពួកគេ (សកម្មជនបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ) នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២។ (គួយ ឡង់ឌី)

គ្រួសាររបស់សកម្មជន​នយោបាយ អំពាវ​នាវទៅប្រទេសម្ចាស់ហត្ថលេខីនៃកិច្ចព្រម​ព្រៀងសន្តិភាព​ទីក្រុង​ប៉ារីសជួយ​សង្គ្រោះ​ប្រជាធិប​តេយ្យ​នៅក​ម្ពុជា ខណៈ​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ដែលត្រូវបានតុលាការ​រំលាយ​ជាង​២០​នាក់នៅតែបន្តជាប់ឃុំ។

អ្នកស្រី ព្រំ ចន្ថា ជាភរិយារបស់លោក កាក់ កុម្ភារ ដែល​ជាសកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការ​រំលាយ បានថ្លែងនាព្រឹកថ្ងៃ១១ ខែមេសា ឆ្នាំ២០២២នេះ​ ថាដើម​ចម​ដែល​នាំ​ឱ្យ​គាត់និង​ក្រុមគ្រួសារសកម្មជន​បក្សផ្សេង​ទៀតប្រមូលផ្ដុំគ្នាតាមដានញត្តិ​នៅ​ស្ថានទូតម៉ាឡេស៊ីប្រចាំនៅ​កម្ពុជាជាថ្មីទៀតនេះ គឺ​ដើម្បី​ស្នើសុំទៅស្ថានទូតនេះ និង​ស្ថានទូតមួយចំនួនទៀត​ដែលជាម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជួយអន្តរាគមន៍ទៅរដ្ឋាភិបាលកម្ពុជាឱ្យ​​​សង្គ្រោះប្រ​ជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​មួយ​នេះ​ជា​បន្ទាន់ និង​ដោះលែងសកម្មជនគណបក្សប្រឆាំង​ជាង​២០នាក់​ឱ្យ​មាន​​សេរីភាពវិញនិងគ្មានលក្ខខណ្ឌ។

អ្នកស្រីបន្ថែមថា៖ «វារងអំពើអយុត្តិធម៌ខ្លាំងមែនទែន ដោយសារក្រុមគ្រួសារនាងខ្ញុំ និងគ្រួសារពួកគាត់ រងនូវអំពើអយុត្តិធម៌ដោយការចាប់ចង ធ្វើទុក្ខបុកម្នេញ យកទៅដាក់ពន្ធនាគារដោយអត់មានកំហុសសោះ។ ម្នាក់ៗសុទ្ធតែដាក់២ឆ្នាំមកហើយ អ៊ីចឹង​ខ្ញុំ​ជាគ្រួសារ​ គឺខ្ញុំត្រូវដើររកស្ថានទូត​ដែលកាន់​លទ្ធិប្រជាធិបតេយ្យ ដើម្បីឱ្យគាត់ជួយអន្តរាគមន៍»។

ភរិយា​អតីតជំទប់ទី១ ឃុំចន្ទ្រា ខេត្តស្វាយរៀង នៃអតីតគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការ​រំលាយ​ អ្នកស្រី អ៊ុក ចន្ធី ថ្លែង​ថា នេះជាលើកទី៤​ហើយ​ដែលក្រុមអ្នកស្រីបានមកតវ៉ានៅពីមុខស្ថានទូតម៉ាឡេស៊ី​។ អ្នកស្រីថា គោលបំណងនៃការតាមដានញត្តិនេះ គឺចង់ឱ្យស្ថានទូតម៉ាឡេស៊ីដែល​ជាប្រទេសហត្ថលេខីមួយក្នុងចំណោម១៨ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣តុលា ជួយឱ្យ​កម្ពុជាមានការគោរពស្មារតីនៃកិច្ចព្រមព្រៀងនេះឡើងវិញ និង​ជួយ​ជំរុញទៅ​រដ្ឋាភិបាលកម្ពុជាដោះលែង​សមាជិ​កគ្រួសារពួកគេដែលកំពុងជាប់ពន្ធនាគារ ពីព្រោះស្វាមីគាត់និងសកម្មជនផ្សេងទៀតមិនបានធ្វើខុសដូចការចោទប្រកាន់នោះទេ។

ក្រុមស្ត្រីថ្ងៃសុក្រ ប្រមូលផ្ដុំជាថ្មីទៀតមកដាក់ញត្តិនៅស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា ដើម្បីស្វែងរកអន្តរាគមន៍ពីប្រទេសមួយនេះ ជួយដោះស្រាយករណីស្វាមីនិងសាច់ញាតិរបស់ពួកគេ (សកម្មជនបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ) នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២។
ក្រុមស្ត្រីថ្ងៃសុក្រ ប្រមូលផ្ដុំជាថ្មីទៀតមកតាមដានញត្តិនៅស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា ដើម្បីស្វែងរកអន្តរាគមន៍ពីប្រទេសមួយនេះ ជួយដោះស្រាយករណីស្វាមីនិងសាច់ញាតិរបស់ពួកគេ (សកម្មជនបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ) នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២។ (គួយ ឡង់ឌី)

អ្នកស្រីបន្តថា បើសិនជាបណ្ដា​ស្ថានទូតទាំងនោះ​មិនជួយអន្តរាគមន៍ឱ្យមានការ​​ដោះលែងស្វាមីគាត់ និ​ងសកម្មជនបក្សប្រឆាំងផ្សេងទៀត​ឱ្យមានសេរីភាពវិញទេ គឺពួកគេកាន់តែជួបបញ្ហាប្រឈម​កាន់​តែខ្លាំងក្នុងជីវភាពគ្រួសារ។

អ្នកស្រីនិយាយថា៖ «ខ្ញុំឡើងមក ចំណាយថវិកាផ្ទាល់ខ្លួនច្រើនណាស់ ដោយសារប្ដីនាងខ្ញុំជាប់ពន្ធនាគាររយៈពេល២ឆ្នាំហើយ ខ្ញុំមានការខ្វះខាតខ្លាំងណាស់ ប៉ុន្តែដើម្បីទាមទារយុត្តិធម៌ឱ្យក្រុមគ្រួសារពួកខ្ញុំ ទាមទារឱ្យមានយុត្តិធម៌ដល់អ្នកនយោបាយទាំងអស់ ខ្ញុំត្រូវតែឡើងមក [ពីស្វាយរៀង មកភ្នំពេញ] ដើម្បីតាមដានញត្តិរបស់ពួកខ្ញុំ ព្រោះអីប្រទេសម៉ាឡេស៊ីជាម្ចាស់ហត្ថលេខី ២៣តុលា»។

អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កត្តា អ៊ន មានប្រសាសន៍ថា គ្រួសារសកម្មជនបក្សប្រឆាំង ដែលអំពាវនាវទៅស្ថានទូតមួយចំនួនឱ្យជួយអន្តរាគមន៍មករដ្ឋាភិបាលកម្ពុជាដោះលែងស្វាមីរបស់ពួកគាត់ ជាសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិតែប៉ុណ្ណោះ។ យ៉ាងណា លោកថា ការអំពាវនាវនេះមិនអាចទៅរួចនោះទេ ព្រោះ​កម្ពុជាមានអធិបតេយ្យភាពរបស់ខ្លួនស្របតាមច្បាប់ ។

លោកមានប្រសាសន៍ថា៖ «ទី១ ជាសិទ្ធិរបស់ពួកគាត់! ទី២ ស្ថានទូតនានាមិនមានការលូកដៃចូលក្នុងកម្ពុជាមួយនេះទេ! ទី៣ អ្វីដែលក្រុមគ្រួសាររបស់គាត់ដែលត្រូវបានផ្ដន្ទាទោសដោយតុលាការ អនុវត្តនូវទោសព្រហ្មទណ្ឌ មិនមែនជារឿងហេតុនយោបាយទេ។ ដូច្នេះ​ ខ្ញុំយល់ថា ការធ្វើបែបនេះ ការ​រត់​ទៅពឹងអ្នកនេះ រត់ទៅពឹងអ្នកនោះ វាមិនជាទម្លាប់ល្អសម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរយើង»។

លោកបន្ថែមថា៖ «ទី៤ តុលាការ គេមានឯករាជ្យភាពរបស់គេ គេបានគោរពតួនាទីភារកិច្ចឯករាជ្យ ជាពិសេស ដូច្នេះហើយវាជារឿងមួយដែលយើងត្រូវពិចារណាក្នុងក្របខណ្ឌច្បាប់។ អ្វីដែលសំខាន់ បងប្អូនត្រូវបង្ហាញភស្តុតាងដោះបន្ទុក ធ្វើយ៉ាងណាឱ្យតុលាការមើលឃើញថាមានសក្ខីកម្មត្រឹមត្រូវច្បាស់លាស់ នោះតុលាការពិចារណាតាមហ្នឹង»។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ការ​ទាមទាររបស់​ក្រុមគ្រួសារសកម្មជនបក្សប្រឆាំង​នោះ​ គ្រាន់​តែជា​សិទ្ធិសេរីភាព​បញ្ចេញមតិរបស់​ពួក​គាត់​តែ​ប៉ុណ្ណោះ។ បើសិ​ន​ជា​ចង់ឱ្យមានការដោះលែងសកម្ម​ជន​នយោបាយដែលកំពុងជាប់ឃុំនោះ លោកថា​​ លុះត្រាតែ​មាន​ការ​ចរចា​នយោបាយណាមួយរវាង​បក្សប្រឆាំង និងគណបក្ស​កាន់​អំណាច។

លោកមានប្រសាសន៍​ថា៖ «ដំណោះស្រាយដែលល្អបំផុត ហើយឆាប់រហ័ស គឺកា​រចរចា​ផ្នែកនយោ​បាយ ដែល​អាច​ធ្វើឱ្យស្ថានភាពហ្នឹងធូរស្រាលមកវិញ។ បើអត់មានការចរចា​ផ្នែកនយោបាយទេ ជាការ​សង្កេតរបស់ខ្ញុំ​ មិនងាយដោះលែង​ទេ ពីព្រោះយើងមើលទៅលើប្រវត្តិ​ឬក៏បទពិសោធន៍​កន្លងមក នៅ​ពេលជាប់គាំងនយោបាយ នៅពេលចាប់ខ្លួននៅអំឡុងពេលមានវិបត្តិនយោបាយ មានការចរចាផ្នែកនយោបាយ អាចធ្វើការដោះលែង ឬក៏លើកលែងបទចោទ»។

យ៉ាងណា ការ​បន្តស្វែងរកកិច្ចអន្តរាគមន៍របស់ភរិយាសកម្មជនបក្សប្រឆាំងដែលតុលាការរំលាយ ធ្វើឡើង​​បន្ទាប់​​​ពីស្វាមីរបស់​ពួក​គេ​កំពុង​ជាប់ពន្ធនាគារព្រៃស ដោយតុលាការបានកាត់ទោសឱ្យជាប់ពន្ធនាគារម្នាក់ៗ ៣ឆ្នាំ ៨​ខែ កាលពី​ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២។ ចំណែកអ្នកខ្លះទៀតកំពុងត្រូវបានតុលាការឃុំខ្លួនក្នុងពន្ធនាគារ ដើម្បីរង់ចាំសវនាការជិត២ឆ្នាំមក​ហើយ​ ក្រោមបទចោទប្រកាន់ «ញុះញង់ និងរួមគំនិតក្បត់» ពាក់ព័ន្ធនឹងគម្រោង​​ដំណើរវិលត្រលប់របស់លោក សម រង្ស៊ី ថ្ងៃទី៩ ខែ​វិច្ឆិកា ឆ្នាំ២០១៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ