កម្មករ​រោងចក្រ រ៉ូស៊ីង តវ៉ា​ទាមទារ​ប្រាក់​អត្ថប្រយោជន៍ ខណៈ​រោងចក្រ​គ្រោង​បិទទ្វារ​ដោយ​គ្មាន​សំណង​តាមផ្លូវច្បាប់

លិខិតផ្សព្វផ្សាយអំពីកូវីដ-១៩ បិទនៅមាត់ទ្វាររោងចក្រកាត់ដេរមួយកន្លែងនៅក្នុងទីក្រុងភ្នំពេញ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២។ (ហ៊ី ឆាយ)

កម្មករ​-ក​ម្មការិនីរាប់រយនាក់បម្រើការងារនៅរោងចក្រកាត់​ដេរ រ៉ូស៊ីង ហ្គាមេន ស្ថិតក្នុងសង្កាត់​ទួល​សង្កែ​ទី១ ខណ្ឌ​ឫស្សីកែវ រាជធានីភ្នំពេញ បាននាំគ្នាតវ៉ាទាមទារប្រាក់អត្ថប្រយោជន៍ផ្សេងៗ ខណៈ​រោង​ចក្រ​នេះគ្រោង​បិទ​ទ្វារ ដោយគ្មានការដោះស្រាយសំណងតាមផ្លូវច្បាប់។

កម្មការិនី ឆុន ស្រីនី ដែលអះអាងថាធ្វើការនៅរោងចក្រ រ៉ូស៊ីង ប្រាប់វីអូឌីនៅថ្ងៃចន្ទនេះថា កម្មករជាង១ ០០០នាក់របស់រោងចក្រនេះ ត្រូវ​បាន​ថៅកែ​បញ្ឈប់​ពី​ការងារ​ជា​បន្ត​បន្ទាប់ ចាប់ពីដើមខែមេសានេះ ដោយពុំ​បាន​ជូនដំណឹងនិងដោះស្រាយសំណងត្រឹមត្រូវទៅតាមផ្លូវច្បាប់ឡើយ។

អ្នកស្រី ឆុន ស្រីនី អាយុ២៩​ឆ្នាំ ដែលអះអាងថាបម្រើកាងារនៅរោងចក្រ រ៉ូស៊ីង ៩ឆ្នាំនោះ បន្តថា ក្រុមកម្មករបាន​នាំ​គ្នា​តវ៉ាក្នុងរោងចក្រ​ប្រហែលមួយ​សប្ដាហ៍មកហើយ ដើម្បី​​ទាមទារប្រាក់អត្ថប្រយោជន៍៥ចំណុចទៅតាមផ្លូវច្បាប់ ខណៈថៅកែដោះស្រាយឱ្យ​តែ២ចំណុច​ប៉ុណ្ណោះ រួម​មាន ប្រាក់ខែចុងក្រោយ និងប្រាក់សំណងជំងឺចិត្ត។

អ្នកស្រីបន្ថែមថា៖ «ពេលដែលរោងចក្របញ្ឈប់ភ្លាមៗអ៊ីចឹង វាធ្វើឱ្យប៉ះពាល់ ដោយយើងមិនអាច​ទៅ​រកការ​ងារ​ធ្វើ​ភ្លាមៗ​បាន ហើយ​ប៉ះពាល់ដល់ការចំណាយយើង។ យើងជំពាក់គេច្រើន យើងអត់អីបង់ឱ្យគេបាន ហើយ​ឥលូវ​ជិតចូលឆ្នាំទៀត។ ខ្ញុំចង់ឱ្យក្រុមហ៊ុនដោះស្រាយសំណងតាមផ្លូវច្បាប់ជូនពួកយើង យើងមិន​​ចង់បានអ្វីលើសពីផ្លូវច្បាប់ទេ»

ប្រធាន​សហជីព​សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (​ស៊ីខាវឌូ) ប្រចាំ​រោង​ចក្រ រ៉ូស៊ីង លោក ខុន ជា មាន​ប្រសាសន៍ថា ជុំវិញរឿងវិវាទការងារនេះ ក្រុម​កម្មករ​បាន​ដាក់​បណ្ដឹង​ទៅ​ក្រុម​ប្រឹក្សាអាជ្ញា​កណ្ដាល កាល​ពីចុងខែមេសានេះ ដើម្បីទាមទារឱ្យថៅកែដោះស្រាយប្រាក់អត្ថប្រយោជន៍ចំនួន៥ចំណុច រួមមាន ប្រាក់ខែ​ចុងក្រោយ ប្រាក់​អតីតភាព​ការងារ ប្រាក់​ជូនដំណឹង ប្រាក់សំណង​​ជំងឺ​ចិត្ត និង​ប្រាក់​​ដំណាច់ឆ្នាំ​ដែល​នៅសល់ ដែលបានកំណត់ដោយច្បាប់។

ប្រធានសហជីពរូបនេះបន្តថា រហូតមកដល់ពេលនេះ ខាងក្រុមប្រឹក្សាអាជ្ញាកណ្ដាលមិន​ទាន់​សម្រេចថាយ៉ាង​ណានៅ​ឡើយ​ទេ ខណៈក្រុមកម្មករកំពុងរង់ចាំលទ្ធផល និងត្រៀមចិត្តយកសំណងតាមការកំណត់របស់ថៅកែ។

លោកបន្ថែមថា៖ «ការដែលថៅកែជូនដំណឹងបញ្ឈប់កម្មករហ្នឹងភ្លាមៗ ហើយច្រើន ដែលវាស្មើនឹងបិទទ្វារដែរ។ ជូនដំណឹងម្ដងបញ្ឈប់កម្មករជាង៩០០នាក់ និងម្ដងទៀតជាង៣០០នាក់។ ហើយរោងចក្រហ្នឹងមានកម្មករ​សរុបជាង១ ០០០នាក់ហ្នឹង អ៊ីចឹង​វាស្មើនឹងបិទទ្វារហើយ។ ហើយការទូរទាត់សំណង វាអត់មានសងអីដល់​កម្មករទេ វាសងតិចតួច។ និយាយរួម ​វាដោះស្រាយសំណងមិនត្រូវតាមផ្លូវច្បាប់ឡើយ»

ប្រធានរដ្ឋបាលរោងចក្រ រ៉ូស៊ីង អ្នកស្រី ឡាក់ ដារ៉ាមុន្នី មាន​ប្រសាសន៍​ថា ករណីរោងចក្របញ្ឈប់កម្មករក្នុងចំនួន​ច្រើននេះ ដោយសារគ្មានការបញ្ជាទិញ ហើយថា ការបញ្ឈប់កម្មករនេះ គឺបានជូនដំណឹងត្រឹម​ត្រូវ​ទៅតាម​ផ្លូវ​ច្បាប់។

យ៉ាងណា ពេលដែល​វីអូឌីសួរថា តើរោងចក្រ រ៉ូស៊ីង ត្រូវបិទទ្វារឬយ៉ាងណានោះ​ ប្រធានរដ្ឋបាលរោងចក្ររូបនេះសុំមិនឆ្លើយនោះទេ។

អ្នកស្រីបន្ថែមថា៖ «រោងចក្រអត់មានអ្នកបញ្ជាទិញផង អស់អ្នកទិញ​ពីរោងចក្រហើយ បើយើងចិញ្ចឹមបុគ្គ​លិក​ច្រើន​ យើង​បាន​ឯណាលុយ​ផ្ដល់​ឱ្យ​គាត់។ ថៅកែអត់លុយដែរ បើអត់ចំណូលផង។ យើងបញ្ឈប់ពួកគាត់ យើងជូនដំណឹងត្រឹមត្រូវតើ! យើងជូនដំណឹងមុន ​តាំងពី២ខែមុន បិទក្រដាស់ផង ជូនដំណឹងផ្ទាល់មាត់​ផង​តាំងពីខែ២​ រហូតដល់ខែ៤នេះ ជាបន្តបន្ទាប់តើ!»

វីអូឌី មិនអាចសុំការឆ្លើយតបពីប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាអាជ្ញាកណ្ដាល លោក ប៉ែន សាវ៉ាត បានទេ ពាក់ព័ន្ធករណីនេះ។

មន្ត្រីផ្នែក​ច្បាប់ និង​​ដោះស្រាយ​វិវាទ​នៅ​សម្ព័ន្ធ​សហជីព​ស៊ី​ខាវ​ឌូ លោក ស៊ាង យ៉ូ​ត ធ្លាប់ប្រាប់​វី​អូ​ឌី​ថា តាមផ្លូវ​​ច្បាប់ ​នៅពេល​ដែល​រោងចក្រ​ប្រកាស​បិទទ្វារដោយមិនបានជូនដំណឹងមុនត្រឹមត្រូវតាមផ្លូវច្បាប់ សម្រាប់​កម្មករ​ដែលប្រើ​ថេរវេលា​មិន​កំណត់ គឺថៅកែ​ត្រូវ​ដោះស្រាយ​សំណង​ជូន​ពួកគាត់​ចំនួន៥ចំណុច រួម​មាន ប្រាក់ខែ​ចុងក្រោយ ប្រាក់​អតីតភាព​ការងារ ប្រាក់​ជូនដំណឹង ប្រាក់សំណង​ជំងឺចិត្ត និង​ប្រាក់​ដំណាច់ឆ្នាំ​ដែល​នៅសល់។

កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (CCAWDU) បានបង្ហាញការខកចិត្តចំពោះក្រសួងការងារ ដែលមិនមានចំណាត់ការលើនិយោជក ក្រោយពីរោងចក្របាន​បិទទ្វារ និងបានបណ្ដេញកម្មករចេញពីការងារដោយមិនបានទូទាត់អត្ថប្រយោជន៍ជូនកម្មករនិយោជិត​តាមច្បាប់ស្ដីពីការងារ។

សម្ព័ន្ធសហជីពមួយនេះ ឱ្យដឹងថា រោងចក្រចំនួន២៣ទីតាំង ដែលមានកម្មករសរុប​១ ៤០៨នាក់ បានរងគ្រោះដោយការបញ្ឈប់ពីការងារ បន្ទាប់ពួកគេប្រើប្រាស់សិទ្ធិក្នុងការបង្កើតសហជីពក្នុងសហគ្រាស និងគ្រឹះ​ស្ថានន​ដែលពួកគេកំពុងធ្វើការ ខណៈរោងចក្រខ្លះទៀតត្រូវបាន​បិទ​ទ្វារ ដោយសារ​ថៅកែមិនបានទូទាត់​ប្រាក់ជូន​កម្មករតាមច្បាប់ការងារឡើយ។

មួយទៀត​នោះ សំណុំរឿងមួយចំនួនដែល​ក្រុមប្រឹក្សាអាជ្ញាកណ្ដាលបានដោះស្រាយ និងសម្រេចឱ្យកម្មករ​ឈ្នះហើយ គឺមិនត្រូវបានថៅកែឬនិយោជកអនុវត្តតាមសេចក្ដីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលឡើយ ដែលករណីនេះ សហជីពចាត់ទុក​ថាជា​ការរំលោភសិទ្ធិមនុស្ស​ធ្ងន់​ធ្ងរ និង​ជា​ការកេងប្រវ័ញ្ចកម្លាំងពលកម្ម​កម្មករ ដែលត្រូវបានហាមឃាត់ដោយច្បាប់ផងនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ