កសិករមួយចំនួនជំពាក់បំណុលធនាគារទ្វេដង ក្រោយ​ដំណាំស្វាយរបស់ពួកគេគ្មានទីផ្សារ

ប្រជាកសិករដែលដាំដំណាំស្វាយ លើកដាក់រៀបចំផ្លែស្វាយដើម្បីយកទៅលក់ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

ប្រជាកសិករមួយចំនួន អះអាង​ថា ពួកគេ​បាន​ជំពាក់​បំណុល​ធនាគារទ្វេដង ក្រោយពីផលដំណាំស្វាយគ្មានទីផ្សារសម្រាប់លក់ និងបានកាប់ដំណាំប្រភេទនេះ ចោលដោយដាំណាំផ្សេង ដើម្បីរត់តាមទីផ្សារ។

អ្នកស្រី មី លើត រស់នៅស្រុកភ្នំព្រឹក ខេត្តបាត់​ដំបង ប្រាប់វីអូឌីនៅថ្ងៃអង្គារ​​នេះ​ថា គ្រួសារ​អ្នក​ស្រីបាន​ខ្ចីលុយ​ពី​ធនាគារ​ប្រហែល​ ១០លានរៀល​ក្នុង១ឆ្នាំ សម្រាប់ដាំ​ដំណាំស្វាយ​​ជាង ៣ហិកតា។ កសិកររូបនេះបន្តថា រយៈពេល៣ឆ្នាំមកនេះ អ្នកស្រីខាតបង់​ដំណាំស្វាយ​រាប់ពាន់​ដុល្លារ និងជំពាក់បំណុលធនាគារទ្វេ​​ដង ដោយសារស្វាយចុះថោកគ្មានទីផ្សារសម្រាប់លក់។

អ្នកស្រី មី លើត ឱ្យដឹងថា នៅខេត្ត​បាត់​ដំបង ឆ្នាំនេះ ស្វាយកែវល្មៀត​លក់​បាន​តែ ១គីឡូ ៥០រៀល​ប៉ុណ្ណោះ និង​គ្មាន​ឈ្មួញ​មក​ទទួល​ទិញ​ថែម​ទៀត ខណៈក្នុងមួយរដូវផ្លែស្វាយជាង ៣០តោន របស់អ្នកស្រីត្រូវទុកឱ្យ​ស្អុយ​​ចោល។ អ្នកស្រី​បន្ត​ថា គ្រួសារអ្នកស្រី​សម្រេច​កាប់​ដើម​ស្វាយ​ទាំងនោះ​ចោល នាពេលថ្មីៗនេះ ដើម្បីដាំពោត និង​ដំឡូងមីជំនួសវិញ​ ក្រោយលឺថា ដំណាំ២ប្រភេទ​នេះ មានតម្លៃខ្ពស់។

អ្នកស្រីបន្ថែមថា៖ «ថ្នាំហើយនឹងជីឆ្នាំនេះ ថ្លៃទ្វេមួយ​ជា​បី យើង​ធ្លាប់ទិញមួយប៉ាដុង ៦ ៥០០០រៀល ឆ្នាំនេះ​ឡើងដល់១៤ម៉ឺន​ទៅ១៥ម៉ឺនរៀល។ អីចឹង​ពេលស្វាយយើងអត់បានបេះ យើងខាតច្រើន ខាតរហូតជំពាក់​បំណុលធនាគារគុណជាពីរជាបីដងហើយ ដែលពីមុនយើងមិនដែលជំពាក់ធនាគារទេ»

កសិករ​នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង​ម្នាក់ទៀត​លោក ទួន ធីម ឱ្យដឹងថា ដើមស្វាយកែវល្មៀតជាង ៥ហិក​តា របស់លោក​ត្រូវបានកាប់ចោលកាលពីដើមសប្តាហ៍​នេះ ដើម្បីដាំដំណាំផ្សេងរត់ទៅតាមទីផ្សារ។ លោកថា ការដាំស្វាយបានធ្វើឱ្យលោកខាតបង់ទាំងពេលវេលា និងថវិការាប់ពាន់ដុល្លារក្នុងមួយឆ្នាំៗ។

កសិកររូបនេះ បន្តថា ក្នុងដើមស្វាយ​ជាង​ ១ ០០០ដើម លោកត្រូវចំណាយដើមទុនជាង ១៥លាន​រៀលសម្រាប់​ជី ថ្នាំ និងកម្លាំង​កម្មករ​ថែទាំ។ លោកឱ្យដឹងថា ក្នុង១ដូវ ស្វាយរបស់លោកត្រូវបានផលជាផ្លែ​ជាង១០០​តោន។

លោក ទួន ធីម លើកឡើងទៀត​​ថា រយៈពេល៣ឆ្នាំដែលស្វាយកែវល្មៀតគ្មាន​ទីផ្សារ និង​ទុកឱ្យជ្រុះចោលនេះ គឺពុំមានអាជ្ញាធរ​ឬមន្ត្រីរដ្ឋាភិបាលណាចុះសួរនាំ និងរកទីផ្សារឱ្យកសិករបានលក់ដូរល្អឡើយ។

លោកបន្ថែមថា៖ «ខ្ញុំបានខាតពេលវេលាដាំវាអស់៤ឆ្នាំ បើធ្វើវាក្នុងមួយឆ្នាំ​យើងចំណាយលុយអស់ប្រហែល ១៤ទៅ១៥លានរៀល សម្រាប់ទិញថ្នាំជី តែពេលយើងប្រមូលផលវិញមានតែខាត។ ខ្ញុំខាតរយៈពេល​៣ឆ្នាំ​ហើយ លក់អស់​អត់​រួច​ថ្លៃ​ដើម​ទេ ដល់អីចឹង​យើងរត់អត់រួច»

បើតាមកសិកររូបនេះ ក្នុង​ស្រុកភ្នំព្រឹក​មានកសិករជាច្រើនគ្រួសារ​​​ដែលបានខ្ចីលុយ​ធនគារ ដើម្បីធ្វើដើម​ទុនដាំស្វាយ​កែវល្មៀត​រាប់រយ​ហិកតា ប៉ុន្តែបច្ចុប្បន្ន​នេះ ដើម​ស្វាយប្រភេទ​នេះ ជាង​ពាក់​កណ្តាលទៅហើយ​ត្រូវបាន​កាប់ចោល​យកដីដាំ​ណាំផ្សេង ដូចជា ពោត និងដំឡូងមី​។

លោក ពោ សុខ ជា​កសិករដាំស្វាយនៅស្រុកកោះធំ ខេត្តកណ្តាល និយាយថា​ ស្វាយកែវល្មៀតរបស់លោកប្រហែងជាង១០តោន កំពុងទុក​ឱ្យ​ទុំ​ជ្រុះ​ចោល​ពេញ​ចំការ​ដោយ​សារគ្មានទីផ្សារសម្រាប់លក់ ខណៈ​ការចំណាយ​លើការដាក់ជី និងបាញ់ថ្នាំម្តងអស់ពី ៤ទៅ៥លានរៀល។

លោក​បន្តថា​ កសិក​រ​មួយចំនួន​នៅស្រុកនេះ ដែលធ្លាប់កាប់ដើមស្វាយចោលយកដីដាំចេកនោះ ក៏កំពុងជួប​បញ្ហា​ដែរ ដោយសារចេកនៅឆ្នាំនេះ គ្មានទីផ្សារសម្រាប់លក់ដូចស្វាយដែរ។

លោកបន្ថែមថា៖ «ស្វាយឥលូវនេះវាគ្មានប្រយោជន៍ទេ បាន​តែ​ដាំ បាន​តែ​ម៉ានឿយ បាន​ម៉ាអស់​លុយ​ព្រោះវា​អត់​ទីផ្សារ។ ទីផ្សារគេមានដែរ១គីឡូ១៥០រៀលឥលូវហ្នឹង ធ្លាក់ពេញដីទុំ​ឥលូវហ្នឹង។ កសិករម្នាក់ៗយំលែងចេញហើយ។ ឥលូវនេះកសិករដាំស្វាយជួបលំបាកខ្លាំងណាស់ អ្នកណាអត់ខ្លាំង សឹងលក់ដីសងគេមិន​គ្រប់»

​សមាជិក​ព្រឹទ្ធសភា និងមានងារជា​​ឧកញ៉ា លោក ម៉ុង ឬ​ទ្ធី បាន​សសេរលើហ្វេសប៊ុករបស់លោក​កាលពីចុងខែ​មីនា​នេះដែរ​ថា នៅឆ្នាំ២០២២ តម្លៃ​ផ្លែស្វាយកែវល្មៀតនៅក្រៅកញ្ចប់​ លក់ឱ្យឈ្មួញក្នុងស្រុកបានតម្លៃតែ ២០០រៀល​ប៉ុណ្ណោះក្នុង១គីឡូ។

លោកបន្ថែមថា៖ «បើ​ប្រៀបធៀប​តម្លៃ​កាលពីមុន​វិបត្តិ​កូវិដ-​១៩​ តម្លៃ​ផ្លែស្វាយ​កែវល្មៀត​ក្រៅ​កញ្ចប់​យ៉ាង​ថោកបំផុត​ក៏លក់បាន​ ១ ០០០រៀល​ដែរ នៅពេលនេះ​តម្លៃ​ទំនិញឡើងថ្លៃ​ស្ទើ​តែគ្រប់មុខ។​ អភ័ព្វ​អីតែ​តម្លៃ​ផ្លែស្វាយ​កែវល្មៀត​​ចុះថ្លៃ​ស្ទើតែ​ដល់​កម្រិត​​សូន្យ​​ទៅហើយ ផលផ្លែស្វាយ​ចំការខ្ញុំ​ជា​មធ្យម​ ១០០​តោន​​ក្នុងមួយ​ឆ្នាំៗ»​។

លោកឧកញ៉ា ម៉ុង ឬទ្ធី បន្តថា ដើម្បីកាត់បន្ថយថ្លៃដើម លោក​ស្នើដល់ប្រជា​កសិករឱ្យផលិតជីសេរីរាង្គ​ដោយ​​ខ្លួ​ន​ឯង​ ដោយលោកថា ការទិញ​ជី​សេរីរាង្គ​មកពីខាងក្រៅខ្ពស់មិនអាចរួចដើមឡើយ ដោយសារជីសេរីរាង្គ​នាំចូលតម្លៃ ៤២០ដុល្លារ នាពេលបច្ចុបន្ន ខណៈពីមុន​តម្លៃ​ជាមធ្យម​តែ ២២០​ដុល្លារប៉ុណ្ណោះ១តោន។

កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២នេះ ប្រមុខរដ្ឋាភិបាលបានចេញសារលិខិតមួយដោយជំរុញឱ្យមានការជួយ​គាំទ្រ និងជួយលើកកម្ពស់ផលិតផលក្នុងស្រុក។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញ​ទៅ​ក្រសួង​ពាណិជ្ជ​កម្ម និងក្រសួងពាក់ព័ន្ធ រួមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយ​ពីផលិត​​ផល​ខ្មែរ និងផ្តល់ជំនាញនានាដល់ផលិតករលើដំណើរការខ្សែសង្វាក់ផលិតកម្ម ការពង្រឹងគុណភាព សុវត្ថិ​ភាព​ផលិត​ផល ការ​កែ​ច្នៃ និង​ការ​វេចខ្ចប់​ជា​ដើម​ ដើម្បីឆ្លើយតបទៅនឹងទីផ្សារក្នុងប្រទេស និងក្រៅប្រទេស។

ប៉ុន្តែមន្ត្រីសង្គមស៊ីវិលលើកឡើងថា ការអំពាវនាវនេះ គឺមិនអាចទៅរួចនោះទេ ប្រសិនបើរដ្ឋាភិបាលពុំមានយន្តការ និងយុទ្ធសាស្ត្រ​​ច្បាស់​​លាស់​ក្នុង​ការជំរុញឱ្យក្រសួង​ពាក់​ព័ន្ធ​ដោះស្រាយបញ្ហានេះ តាម​រយៈ​​ការ​ជជែក និង​ប្រមូលក្តី​កង្វល់​​​ពី​សំណាក់​អ្នក​ផលិត ឬកសិករ​ យកមកដោះស្រាយរួមគ្នា និងរកទីផ្សារជូនពួកគេ។

វីអូឌី មិនអាចសុំការឆ្លើយតបពីរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និងនេសាទ លោក វេង សាខុន បានទេពាក់​ព័ន្ធករណី​នេះ។

កាលពីចុងឆ្នាំ២០២១ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសេចក្តី​ប្រកាសព័ត៌មាន​មួយ​ដោយស្នើដល់​​កសិករ​ដាំ​ស្វាយ​ទាំង​អស់ ទៅចុះបញ្ជីនៅកសិដ្ឋានដាំស្វាយសម្រាប់ការនាំ​ចេញនៅ​អគ្គនា​យ​​កដ្ឋាន​កសិ​កម្ម ដើម្បីងាយ​ស្រួល​ទទួល​បាន​ព័ត៌​មាន និងសេវាបណ្តុះបណ្តាល​បច្ចេក​ទេស ក្នុងការបង្កើនផលិត​ភាព និង​​គុណភាពផ្លែស្វាយតាមស្តង់ដារ ព្រមទំាង​រៀប​ចំចងក្រងជាបណ្តុំអាជីវកម្មស្វាយ សម្រាប់​ទំនាក់ទំនង​​ជាមួ​យ​ក្រុម​ការ​ងារ​ក្នុងស្រុក និងក្រៅ​ស្រុក ដើម្បីចុះកិច្ចសន្យាប្រមូលទិញធ្វើការកែច្នៃ និងនាំចេញ។

ក្នុងសេចក្តីប្រកាសព័ត៌មានដដែលនោះ លើកឡើងថា តម្លៃស្វាយ​ប្រែប្រួល​មិនទៀងទាត់ទៅតាមរដូវកាល ទំហំ​​ផ្គត់ផ្គង់ និងតម្រូវការទីផ្សារ។ ក្រសួង​អះអាងថា ខ្លួនបានខិតស្វែងរកទីផ្សារឱ្យកសិករយ៉ាងខ្លាំង​នាពេលកន្លងមក ដូចជា សាធារណរដ្ឋកូរ៉េ ចិន និងជប៉ុនជាដើម។

របាយការណ៍​របស់អគ្គនាយកដ្ឋានកសិកម្ម កាល​ពីខែធ្នូ ឆ្នាំ២០២០ បានឱ្យ​ដឹងថា ប្រទេសមានផ្ទៃដីដាំដុះស្វាយសរុបចំនួន ១២៤ ៣១៩ហិកតា​ ក្នុងនោះផ្ទៃ​ដីប្រមូល​ផលមានចំនួន ៩១ ៣៩៨ហិកតា ដោយទទួលទិន្នផលជា​មធ្យមចំនួន​ ១៦តោនក្នុង១ហិកតា​នៅ១រដូវ ដែលមានបរិមាណផលសរុបចំនួន១ ៤៤៨ ៦៧៧​តោន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ