សមត្ថកិច្ច​ច្រានចោល​ការចោទ​ដែលថា​ទាហាន​បាញ់​និង​ប្រើ​ហិង្សា​លើ​សមាជិក​សហគមន៍​នៅ​កំពង់ស្ពឺ

គោយន្តដែលពលរដ្ឋអះអាងថា ត្រូវបានបាញ់ឱ្យបែកកង់ពីសំណាក់ក្រុមទាហាន «ង៧០» ពាក់ព័ន្ធនឹងវិវាទដីសហគមន៍«ឧត្ដមស្រែខ្ពស់» នៅខេត្តកំពង់ស្ពឹ។ (ផ្ដល់ឱ្យ)

សមត្ថកិច្ចនៅមូលដ្ឋានអះអាង​ថា ករណី​បាញ់និង​ប្រើ​ហិង្សា​លើ​សមាជិក​សហគមន៍​នៅ​ឃុំ​ត្រពាំង​ជោរ ស្រុក​ឱរ៉ាល់ ខេត្តកំពង់ស្ពឺ មិនមែន​ជា​ទាហានអ្នកធ្វើនោះទេ។

ប្រជាសហគមន៍ «ឧត្ដមស្រែខ្ពស់» នៅភូមិពោធិ៍មាស ឃុំត្រពាំងជោរ បានចោទ​ក្រុមទាហាន​នៃ​បញ្ជាការ​ដ្ឋាន​រថ​ក្រោះ​កង​​ទ័ព​ជើង​​គោក​​ ថា​​បាន​បាញ់ជាច្រើនគ្រាប់ និង​ប្រើអំពើហិង្សាលើ​សមាជិកសហគមន៍​ចំនួន២នាក់ ខណៈ​ពួកគេ​បើក​គោ​យន្ត​ដឹក​បង្គោល​​របង​​កាត់​​តំបន់​​ដែលទាហាន​​យាម កាល​ពីថ្ងៃទី​​១១ ខែ​មេសា ឆ្នាំ​២០២២។

មេប៉ុស្តិ៍ឃុំត្រពាំងជោរ លោក នៅ ណន បានទទួលស្គាល់ថា ពិតជាមានករណីបាញ់ឱ្យបែកកង់គោយន្ត និងមាន​ការប្រើហិង្សាលើពលរដ្ឋពិតមែន ប៉ុន្តែ​ជនប្រព្រឹត្ត​​មិន​​មែន​ជា​ក្រុម​ទាហាន​លេខ​ «ង៧០» ​​នោះទេ។ លោកថា ក្រុមទាហាន​ដែល​យាម​កាម​នៅ​​តំបន់​​មានជម្លោះនោះ ត្រលប់ទៅផ្ទះអស់៣ទៅ៤ថ្ងៃមុនកើតហេតុ ដើម្បីទៅចូលឆ្នាំ ដោយនៅតែកម្មករស៊ីឈ្នួលកាប់ព្រៃតែ២នាក់ប៉ុណ្ណោះប្រចាំការនៅទីនោះ។

លោក នៅ ណន ប្រាប់ វីអូឌី នៅថ្ងៃចន្ទនេះថា តាមការស៊ើបសួរនិងការស្រាវជ្រាវរបស់លោក អ្នកដែលប្រើប្រាស់អាវុធបាញ់កង់គោយន្តនិងវាយពលរដ្ឋនោះ ជាកម្មករកាប់ព្រៃឱ្យក្រុមទាហាន​នៃបញ្ជាការដ្ឋានរថក្រោះ​កង​ទ័ព​ជើង​គោក​ដែល​ទទួល​បាន​ដីសម្បទានសង្គមកិច្ច​ពីរដ្ឋាភិបាល នៅភូមិសាស្ត្រភូមិពោធិ៍មាស។

មេប៉ុស្តិ៍រូបនេះឱ្យដឹងថា ករណី​នេះ លោក​បានធ្វើរបាយការណ៍បញ្ជូនទៅអធិការដ្ឋាន​នគរបាល​ស្រុក​ឱរ៉ាល់ ដើម្បី​សម្រេចនិង​មាន​វិធាន​ការ​បន្ត​ហើយ។ លោកថា ហិង្សានេះជាជម្លោះរវាងបុគ្គលនិងបុគ្គល ដោយជនបង្ក​បាន​ប្រើកាំភ្លើង​ប្រភេទ​ឡុក​បាញ់​ជាច្រើន​គ្រាប់បំបែកកង់គោយន្តជនរងគ្រោះ។

លោកបន្ថែមថា៖ «តាមការស្រាវជ្រាវទៅកំណត់បណ្ដឹងនោះ គេចោទ​ថា ទាហាន”ង៧០” ប៉ុន្តែ​មិន​មែន​ទេ។ មិនមែនជា​កងកម្លាំងរបស់ទាហានទេ។ ពាក់ព័​ន្ធនឹងការបាញ់បោះ គឺគ្រាន់តែបាញ់គំរាម ហើយនិងបាញ់កង់គោយន្ត ការបាញ់មនុស្សឱ្យរបួសស្នាមនោះ អត់មានទេ។ ហើយយើងបានសួរយោបល់មេដែរ បើពាក់ព័ន្ធជាមួយទាហាន យើងអត់ពាក់ព័ន្ធ ទុកឱ្យអធិការកិច្ចគេចុះស្រាវជ្រាវ ព្រោះរឿងនេះពាក់ព័ន្ធតុលាការយោធា»

អធិការស្រុកឱរ៉ាល់ លោក ប៊ុត ប៊ុនធឿន បានចុចទូរសព្ទបិទ ក្រោយប្រាប់ថា វីអូឌី ទូរសព្ទទៅ និងមិនលើកទូរសព្ទ​។

សមាជិក​សហគមន៍​ឧត្ដម​ស្រែខ្ពស់​ម្នាក់ លោក ឃឿន គា ដែលអះអាងថា ខ្លួន និងប្អូនប្រុសឈ្មោះ ស៊ីម ចំប៉ា បាន​រង​នូវកា​របាញ់ប្រហារ និងការប្រើហិង្សាពីសំណាក់ទាហាន​នោះ បាន​និយាយថា លោក​បាន​ប្តឹងករណីនេះ​ទៅអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ កាលពីថ្ងៃទី១៣ ខែមេសា ដោយប្តឹង​​ចោទ​​ពី​បទ «មនុស្សឃាត»។ លោក​​ថា រហូតមកថ្ងៃនេះ ពុំទាន់​មានអាជ្ញាធរឬសមត្ថកិច្ចណាម្នាក់​ទៅ​​សួរនាំលោក​បន្ថែម ឬចាត់​វិធានការច្បាប់​ទៅលើជនបង្ក​នៅឡើយទេ។

លោកបន្ថែមថា៖ «ខ្ញុំសូមឱ្យសមត្ថកិច្ចពាក់ព័ន្ធស្រាវជ្រាវចាប់ជនបង្ក​មកផ្តទ្ទាទោសតាមច្បាប់​ឱ្យខានតែបាន​ ព្រោះនេះជាទង្វើមនុស្សឃាត»

លោក ឃឿន គា អះអាងថា ពេលកើតហេតុនោះ ទាហាន៦នាក់ដែល​យាម​ដី​កំពុង​មាន​ជម្លោះ​រវា​ងក្រុមទាហាន​នៃបញ្ជាការដ្ឋានរថក្រោះកងទ័ពជើងគោក និងប្រជាសហគមន៍ ស្ថិតក្នុងភូមិពោធិ៍មាស ចេញ​​មកបាញ់​ជាច្រើន​គ្រាប់​សំដៅ​ទៅ​​លើ​ពួកគាត់​ ​ដោយបណ្តាល​​ឱ្យបែកកង់​គោយន្ត និង​​ចាប់​​វាយប្អូ​នរបស់​លោកឱ្យ​រង​បួស​ដោយ​មិនប្រាប់ពីមូលហេតុ រួមទាំងវាយកម្ទេចគោយន្ត២គ្រឿង​របស់​លោក​​ឱ្យខូចខាតទាំងស្រុងថែម​ទៀត។

សមាជិកសហគមន៍ឧត្ដមស្រែខ្ពស់ម្នាក់ទៀត​ លោក ខន សារិទ្ធ អះអាងថា រូបលោក​ក៏ធ្លាប់​ត្រូវបាន​ទាហានលេខ​ង​៧០ បញ្ជាឱ្យកូន​ចៅ​បាញ់​សម្លាប់​ផង​ដែរ ខណៈរូបលោកនិងប្រជាសហគមន៍ចុះតវ៉ាប្រឆាំងក្រុមទាហាននេះមិនឱ្យឈូសឆាយនិងកាប់បំផ្លាញ​ព្រៃសហគមន៍​នាពេលកន្លងមក។

លោក​បន្តថា ចាប់តាំងពីមានជម្លោះដីធ្លីរវាងពលរដ្ឋនិងក្រុមទាហានមក គឺ​ទាហានបានបាញ់គំរាមនិងប្រើហិង្សាលើប្រជាសហគមន៍ជាច្រើនដងហើយ​ដោយអ្នកខ្លះបាក់ដៃ និងរបួសមុខ​​ជាដើម ប៉ុន្តែអាជ្ញាធរឬសមត្ថកិច្ចពាក់​ព័ន្ធ​មិនដែលមានចំណាត់ការទៅលើជនបង្ក​ឡើយ។ លោកថា បច្ចុប្បន្នទាហានទាំងនោះកំពុង​បង្ក​ការ​​គំរាម​​កំហែងនិងបង្ក​ការភ័យខ្លាច​ដល់ពលរដ្ឋក្នុងសហគមន៍។

លោកបន្ថែមថា៖ «កាលខ្ញុំ គាត់[ទាហាន​ឈ្មោះ​ អៀម ម៉ៅ] ថា​សម្លាប់​អាហ្នឹង​ចោល​ទៅ និង​អាធាមួយ​ទៀត ទុក​គាត់​ជា​អ្នក​ដោះ​ស្រាយ។ កាល​ហ្នឹង​ក្រុមគាត់អត់ទាន់ដកកាំភ្លើងទេ។ ពួកគាត់គ្រាន់តែទាញកាំបិតដេញ​កាប់​យើង។ អ្នក​បញ្ជាជាទាហានង៧០​ ឈ្មោះ អៀម ម៉ៅ។ ខ្ញុំថា ប្រសិនជាសមត្ថកិច្ចគាត់អត់ចាត់វិធាន​ការ និង​ដោះស្រាយបញ្ហានេះតាមច្បាប់ទេ គាត់ទុកនៅតែអ៊ីចឹង​ ពួកខ្ញុំនឹងប្រឈម​ ព្រោះទាហានធ្វើអីបានតាមចិត្ត ហើយច្បាប់អត់ដោះស្រាយ ចេះតែច្រានចោល»

វីអូឌី មិនអាចរកការឆ្លើយតប​ពី​លោក អៀម ម៉ៅ ដែលពលរដ្ឋប្រាប់​ថាជាទាហានលេខ«ង៧០»បាន​ទេ​ ពាក់​ព័ន្ធករណី​នេះ។

មន្ត្រី​សម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស​ នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក វណ្ណ សុផាត បានជំរុញទៅសមត្ថកិច្ចឱ្យស្រាវជ្រាវ និងចាត់វិធានការ​ករណីនេះ​ទៅតាមផ្លូវច្បាប់ ដើម្បីលុប​បំបាត់វប្បធម៌និទណ្ឌភាពនៅកម្ពុជា។ លោកថា សកម្មភាពបាញ់គំរាមកំហែង និងការប្រើហិង្សាលើពលរដ្ឋជាទង្វើខុសច្បាប់ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។

លោកបន្តថា ប្រសិនបើករណីនេះមិនត្រូវបានចាត់វិធានការ និងបន្តឱ្យកើតមានទៀតនោះ នឹងធ្វើឱ្យប៉ះពាល់​ដល់មុខ​មាត់កម្ពុជាលើឆាកអន្តរជាតិ ពាក់ព័ន្ធការរំលោភសិទ្ធិមនុស្ស។

លោកបន្ថែមថា៖ «យើង​ឃើញ​ថា ប្រជាពលរដ្ឋខ្មែរដែលរងផលប៉ះពាល់ដោយសារដីធ្លី​ ឬប៉ះពាល់ដោយ​សារ​ការ​រំលោភ​សិទ្ធិ​ផ្សេង​​ទៀត ពួកគាត់កាន់តែរងគ្រោះធ្ងន់ធ្ងរទៅៗ ដោយសារតែមាន​វប្បធម៌និទណ្ឌភាព​ចំពោះ​មន្ត្រីអ្នកអនុវត្តច្បាប់ ជាពិសេស​​ដូចជាកម្លាំងប្រដាប់អាវុធជាដើមហ្នឹង»

កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយកាត់ដីទំហំជាង២៦០ហិកតា (២៦២,២៤ហិកតា) ពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតភូមិសាស្ត្រភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីបែងចែកទៅឱ្យគ្រួសារកងទ័ពនៃបញ្ជាការដ្ឋានរថក្រោះកងទ័ពជើងគោក និងពលរដ្ឋចំនួន៤១គ្រួសារ សម្រាប់ធ្វើលំនៅឋាន និងបង្កបង្កើនផល។

ក្រោយរដ្ឋាភិបាលចេញអនុក្រឹត្យកាត់ដីនេះ ក្រុមទាហានបានដាក់គ្រឿងចក្រឈូសឆាយ និងប្រើកម្លាំងកម្មករ​ឱ្យទៅកាប់បំផ្លាញ​ព្រៃ​នៅ​តំប​ន់​នោះ ប៉ុន្តែត្រូវបានរារាំងជាបន្តបន្ទាប់ដោយអ្នកភូមិរាប់រយ​នាក់ ដោយអ្នក​​ភូមិ​អះអាង​ថា ដីដែលក្រុមទាហានកំពុងធ្វើសកម្មភាពឈូសឆាយនោះ ជាដីព្រៃសហគមន៍ «ឧត្ដមស្រែខ្ពស់» ហៅ «ព្រៃមេត្តាធម្មជាតិ» ជាព្រៃដែលពួកគេបានការពារជាង២០ឆ្នាំទៅហើយ។

អ្នកភូមិអះអាងថា ក្នុងជម្លោះដីព្រៃនេះផងដែរ ក៏មាន​តំណាងពលរដ្ឋ១០នាក់ជាប់បណ្តឹងនៅតុលាការផងដែរ ដោយសារតែការតវ៉ានេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ