មន្ត្រី​សាលាស្រុកពួក​ម្នាក់​ត្រូវ​បាន​ក្រពើ​ខាំ​បណ្ដាល​ឱ្យ​រង​របួស​ធ្ងន់

បុរសម្នាក់ធ្វើការបង្ហាញដល់អាជ្ញាធរនូវទីតាំងដែលបុរសជាម្ចាស់អាងចិញ្ចឹមក្រពើម្នាក់រងការវាយប្រហារក្រោយធ្លាក់ចូលអាងក្រពើ។ (ផ្ដល់ឱ្យ)

មន្ត្រី​អធិការដ្ឋាននគរបាលស្រុកពួក ខេត្តសៀមរាប បានឱ្យដឹងថា មន្ត្រីសាលាស្រុក​ម្នាក់ដែលជាអ្នកចិញ្ចឹមក្រពើផងនោះ ត្រូវបានជួយសង្គ្រោះនិងបញ្ជូនមក​ព្យាបាលនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ដោយសារក្រពើខាំ ក្រោយពីមន្ត្រីរូបនោះធ្លាក់ចូលក្នុងអាងចិញ្ចឹមសត្វក្រពើ។ ​

អធិការនគរបាលស្រុកពួក លោក ទេព ពុំសែន មានប្រសាសន៍ប្រាប់​វីអូឌីថា ​បុរសដែលរងគ្រោះដោយសារក្រពើខាំ​នោះ ឈ្មោះ ស៊ូ សុធា ភេទប្រុស អាយុ៣៧ឆ្នាំ ​មានមុខរបរជាមន្ត្រីរដ្ឋបាលសាលាស្រុកពួក។ លោកបន្តថា ហេតុការណ៍នេះបានកើតឡើងកាលពីយប់ឆ្លងចូលថ្ងៃ​ទី១៨ ខែមេសា ឆ្នាំ២០២២ ចំណុចទ្រុងក្រពើ ស្ថិតនៅខាងក្រោយផ្ទះរបស់ខ្លួន ក្នុងភូមិកំពង់តាយ៉ង ឃុំពួក ស្រុកពួក ខេត្តសៀមរាប។

មន្ត្រីនគរបាលរូបនេះបញ្ជាក់ថា គ្រោះថ្នាក់នេះកើតឡើង ក្រោយពេលជនរងគ្រោះធ្លាក់ក្នុងអាងចិញ្ចឹមសត្វក្រពើរបស់ខ្លួន ក្រោយពេលលោកត្រលប់ពីចូលរួមពិធីជប់លៀងក្នុងគ្រួសារ ហើយទៅសម្រាន្តលើអង្រឹងក្នុង​រោងដែលសង់នៅលើអាងចិញ្ចឹមក្រពើដូចសព្វដង។ ​

អធិការស្រុកពួកដដែលឱ្យដឹងថា ចំពោះការសន្និដ្ឋានរបស់សមត្ថកិច្ច បញ្ហានេះកើតឡើងអាចដោយសារជនរងគ្រោះក្រោកទៅបត់ជើងតូច ហើយរអិល​ធ្លាក់ចូលក្នុងអាងសត្វក្រពើតែម្តង៕ ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ