មន្ត្រី​សាលាស្រុកពួក​ម្នាក់​ដែលត្រូវ​​ក្រពើ​ខាំ​បណ្ដាល​ឱ្យ​របួសធ្ងន់​បាន​ស្លាប់​ហើយ

បុរសម្នាក់ធ្វើការបង្ហាញដល់អាជ្ញាធរនូវទីតាំងដែលបុរសជាម្ចាស់អាងចិញ្ចឹមក្រពើម្នាក់រងការវាយប្រហារក្រោយធ្លាក់ចូលអាងក្រពើ។ (ផ្ដល់ឱ្យ)

​មន្ត្រី​អធិការដ្ឋាននគរបាលស្រុកពួក ខេត្តសៀមរាប បានឱ្យដឹងថា មន្ត្រីសាលាស្រុក​ម្នាក់​ដែលត្រូវបានក្រពើខាំឱ្យរងរបួសធ្ងន់នោះ បានស្លាប់បាត់បង់ជីវិតហើយកាលពីម្សិលមិញ ក្រោយពេល​បញ្ជូនមក​ព្យាបាលនៅមន្ទីរពេទ្យរាជធានីភ្នំពេញបានពីរថ្ងៃ។ ​

បុរសដែលរងគ្រោះដោយសារក្រពើខាំ​រហូតបណ្ដាលឱ្យស្លាប់នោះ ឈ្មោះ ស៊ូ សុធា ភេទប្រុស អាយុ៣៧ឆ្នាំ ​មានមុខរបរជាមន្ត្រីរដ្ឋបាលសាលាស្រុកពួក និងជាអ្នកចិញ្ចឹមក្រពើផងដែរ។ ហេតុការណ៍ក្រពើខាំឱ្យរបួសធ្ងន់នេះកើតឡើងកាលពីយប់ឆ្លងចូលថ្ងៃ​ទី១៨ ខែមេសា ឆ្នាំ២០២២ ចំណុចទ្រុងក្រពើ ស្ថិតនៅខាងក្រោយផ្ទះរបស់ជនរងគ្រោះ ក្នុងភូមិកំពង់តាយ៉ង ឃុំពួក ស្រុកពួក ខេត្តសៀមរាប។

អធិការនគរបាលស្រុកពួក លោក ទេព ពុំសែន មានប្រសាសន៍ប្រាប់ វីអូឌី នៅរសៀលថ្ងៃពុធនេះថា ​បុរសដែលត្រូវក្រពើខាំនោះបានស្លាប់ហើយ កាលពីរសៀលម្សិលមិញ ហើយបាន​ដឹកពីភ្នំពេញមកស្រុកពួក ខេត្តសៀមរាបវិញ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។

លោកនិយាយថា៖ «និយាយជារួម គឺពេលកើតហេតុគ្មាននរណាបានដឹងបានឃើញនោះទេ ដោយចន្លោះម៉ោង១ហ្នឹងមានឮសូរស្រែក ហើយបងប្អូនប្រជាពលរដ្ឋដែលនៅជិតខាង គាត់បានឮស្រែកឱ្យជួយ ហើយបានហៅគ្នាវាយ[ក្រពើ]ជួយសង្គ្រោះហ្នឹងឯង»។

អធិការស្រុកដដែលបញ្ជាក់ថា ការស្លាប់របស់លោក ស៊ូ សុធា នេះ បើមើលតាមរូបភាពជាក់ស្ដែង គឺក្រពើបានខាំច្រើនកន្លែងពេក​ ដូចជា ក្បាល ដៃ ជើង ខ្លួន ជាដើម។ អធិការស្រុកពួកដដែល ឱ្យដឹងថា ចំពោះការសន្និដ្ឋានរបស់សមត្ថកិច្ច បញ្ហាក្រពើខាំនេះកើតឡើងអាចដោយសារជនរងគ្រោះក្រោកទៅបត់ជើងតូចនៅរំលងអធ្រាត្រនោះ ហើយរអិល​ធ្លាក់ចូលក្នុងអាងសត្វក្រពើតែម្តង៕ ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ