ក្រសួង​ប្ដូរ​លក្ខខណ្ឌ​ធ្វើ​ចត្តាឡីស័ក​ពី​១៤ថ្ងៃ​មក​៧ថ្ងៃ​វិញ សម្រាប់​អ្នកដំណើរ​ពី​បរទេស​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង

យន្តហោះកំពុងតែធ្វើការចុះចតនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

ក្រសួងសុខាភិបាលបានសម្រេចផ្លាស់ប្ដូរលក្ខខណ្ឌនៃការធ្វើចត្ដាឡីស័កពីរយៈពេល១៤ថ្ងៃ មកនៅត្រឹមរយៈពេល៧ថ្ងៃវិញ ទាំងអ្នកដំណើរមកពីបរទេសចូលតាមផ្លូវអាកាស និងតាមព្រំដែនគោក ដែលមិនបានចាក់វ៉ាក់សាំង ឬចាក់មិនបានពេញលេញ។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី២១ ខែមេសានេះ បានកែសម្រួលលក្ខខណធ្វើចត្ដាឡីស័កចំពោះអ្នកមកពីបរទេសដែលមិនបានចាក់វ៉ាក់សាំង ឬមិនទាន់បានចាក់វ៉ាក់សាំងពេញលេញ ដែលតម្រូវឱ្យពួកគេធ្វើចត្តាឡីស័កមកនៅត្រឹមរយៈពេល៧ថ្ងៃប៉ុណ្ណោះ ហើយត្រូវធ្វើតេស្ដរហ័សនៅថ្ងៃទី៧ ដើម្បីបញ្ចប់ការធ្វើចត្តាឡីស័កផងដែរ។

ជាមួយគ្នានេះដែរ អ្នកដំណើរមកពីបរទេសតាមព្រំដែនគោក ត្រូវធ្វើតេស្ដរហ័សចំនួនពីរលើក ដោយលើកទី១ នៅថ្ងៃទី១ មុនពេលចូលមណ្ឌលធ្វើចត្តាឡីស័ក និងលើកទី២ នៅថ្ងៃទី៧ ដើម្បីបញ្ចប់ការធ្វើចត្តាឡីស័ក។

ក្រសួងក៏បានបញ្ជាឱ្យអាជ្ញាធរមានសមត្ថកិច្ច​ពាក់ព័ន្ធ ត្រូវបន្ដរក្សាការចាក់វ៉ាក់សាំងកូវីដ-១៩ដល់ប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នា ដើម្បីបង្កើនភាពស៊ាំក្នុងសហគមន៍ជាតិ។

បើ​តាម​ក្រសួង​សុខាភិ​បាល គិតត្រឹមព្រឹកថ្ងៃ​ពុធម្សិលមិញនេះ កម្ពុ​ជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន១៣៦ ១១៧នាក់ ក្នុង​នោះ ​អ្នកជំងឺព្យាបាលជាសះស្បើយ​ចំនួន១៣២ ៨២៥នាក់ និងអ្នកស្លាប់មានចំនួន​៣ ០៥៦នាក់។​ ចំណែកករណីឆ្លងអូមីក្រុងក្នុងស​ហគមន៍វិញ ក្រសួង​ថា គិត​មកដល់​ពេលនេះបានកើនដល់១៤ ៣២១នាក់៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ