ក្រសួង​ក្រើនរម្លឹក​ឱ្យ​រៀបចំ​ផ្ដល់​សេវា​២៤ម៉ោង​លើ​២៤ម៉ោង​នៅ​តាម​មណ្ឌល​សុខភាព​និង​ពេទ្យបង្អែក

បុរសម្នាក់កំពុងបើកម៉ូតូនៅមុខមណ្ឌលសុខភាពព្រែកអំបិល ស្ថិតនៅក្នុងឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២។ (ទួក ពិសិដ្ឋ)

ថ្នាក់ដឹកនាំក្រសួងសុខាភិបាលក្រើន​រម្លឹក​ដល់​មន្ទីរ​សុខាភិបា​ល​នៃ​រដ្ឋបាល​រាជ​ធានី-ខេត្ត ត្រូវ​ចាត់​វិធានការ​ឱ្យ​​ការិយា​ល័យ​ស្រុក​ប្រតិ​បត្តិ និង​មូល​ដ្ឋាន​សុខាភិបាលសាធារណៈ​ទាំងអស់ រៀបចំ​​ផ្ដល់សេ​វា​២៤ម៉ោង​លើ​២៤​ម៉ោងជូន​ប្រជាពលរដ្ឋ​ដែលទៅទទួលសេវា។

លិខិតរបស់រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ផ្ញើជូនអភិបាលរាជធានី-ខេត្ត ចុះ​​ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ បាន​លើកឡើង​​​ថា ក្រសួង​បានសង្កេតឃើញ​មាន​មន្ទីរ​ពេទ្យបង្អែក និង​មណ្ឌល​សុខ​ភាព​មួយចំនួន​ធំ បាន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ផ្ដល់​សេវា​ជូន​ប្រជាពល​រដ្ឋ​បាន​ល្អ​ប្រសើរ ប៉ុន្តែនៅមានមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពមួយចំនួនតូច នៅ​មានការ​ខ្វះខាតក្នុងការផ្ដល់សេវា២៤ម៉ោងលើ២៤ម៉ោង​នៅឡើយ។

ករណីនេះ លោក​រដ្ឋមន្ត្រីបាន​ណែនាំ​ក្រើន​រម្លឹកដល់​មន្ទីរ​សុខាភិបាលទាំងអស់ចាត់វិធានការ​​ដល់ការិយាល័យ​ស្រុកប្រតិបត្តិ​ និង​មូលដ្ឋាន​សុខាភិបាល​សាធារណៈ​ទាំងអស់ ត្រូវធានា​ការ​ផ្ដល់​សេវា ២៤ម៉ោងលើ២៤ម៉ោង ជូន​ប្រជាពលរដ្ឋ និង​ត្រូវ​ធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះនិងលេខ​ទូរ​សព្ទអ្នកប្រចាំការ​​ផ្តល់សេវា​នៅតាម​មូល​ដ្ឋាន​សុខាភិបាល​ជាទៀងទាត់ ហើយត្រូវ​បិទផ្សាយ​នៅ​​កន្លែង​ផ្ដល់​សេវារបស់ខ្លួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ