ពលរដ្ឋ​ជាង​១០០គ្រួសារ​នៅ​កំពត​ទាមទារ​សំណងដីធ្លី ក្រោយ​រង​ផល​ប៉ះពាល់​ពី​គម្រោង​សាងសង់​ផ្លូវ​ក្រវាត់​ព្រំដែន

បង្គោលព្រំដែនលេខ៣០២ ក្នុងភូមិសាស្ត្រស្រុកកំពង់ត្រាច ខេត្តកំពត ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តកំពត)

ប្រជាពលរដ្ឋជាង១០០គ្រួសារ នៅស្រុកកំពង់ត្រាច ខេត្តកំពត ទាម​ទារ​ទៅ​រដ្ឋាភិបាល​ផ្ដល់​សំណង​ដីធ្លី ក្រោយ​ដីរបស់ពួកគេ​​បាន​​រង​ផល​ប៉ះពាល់ ​ពីគម្រោងសាងសង់ផ្លូវ​ក្រវាត់ព្រំដែនកម្ពុជា-វៀតណាម។

លោក ឌី គន្ធា ដែល​អះ​អាង​ថាជា​តំណាងពលរដ្ឋ ប្រាប់វីអូឌីនៅថ្ងៃព្រហស្បតិ៍​នេះ​ថា ពលរ​ដ្ឋចំនួន១០៣គ្រួសារ រស់នៅភូមិ​ចំនួន៥ រួម​មាន ​​ភូមិព្រែកក្រឹស ភូមិ​ព្រៃ​ព្រួស ភូមិ​ព្រទ្រហឹង ភូមិ​កោះ​តាកូវ និង​ភូមិ​កោះត្នោត នៃឃុំក្រឹស ស្រុកកំពង់ត្រាច បាន​រងផលប៉ះពាល់​ពីគម្រោង​សាង​សង់ផ្លូវក្រវាត់ព្រំដែន​នោះ។

តំណាងពលរដ្ឋរូបនេះបន្តថា ដីដែលរងផលប៉ះពាល់​ជាដីដែ​ល​មានបណ្ណកម្មសិទ្ធិស្របច្បាប់តាំងពីឆ្នាំ២០១៨​មក​ និងមាន​​ទំហំ​ចន្លោះពីកន្លះហិកតា ទៅជាង១ហិកតា ចាប់​ពី​បង្គោលព្រំដែន​លេខ​៣០១ ទៅដល់​បង្គោល​ព្រំដែន​លេខ៣០៧។

លោក ឌី គន្ធា បន្ថែមថា កន្លងមក អ្នកភូមិបានរកកិច្ចអន្តរាគមន៍ពីទីស្ដីការគណៈរដ្ឋមន្ត្រីឱ្យជួយដោះស្រាយ ហើយនៅឆ្នាំ២០២០ ​ស្ថាប័ន​មួយ​នេះ បាន​ចេញសេចក្ដីជូនដំណឹងមួយឱ្យរដ្ឋបាលខេត្តកំពត​ជួបពិភាក្សាជាមួយ​តំណាង​ពលរដ្ឋ ដើម្បី​ឈាន​ទៅ​រកការដោះស្រាយជូនពលរដ្ឋ ប៉ុន្តែរហូតមកដល់​បច្ចុប្បន្ននេះនៅតែពុំមានដំណោះស្រាយនៅឡើយ​។ លោកថា ពលរដ្ឋទាមទារឱ្យមានការដោះស្រាយសំណងផលប៉ះពាល់​នៃការបាត់បង់ក្បាលដីស្រែទៅតាមតម្លៃទីផ្សារ​បច្ចុប្បន្ន និងរៀបចំធ្វើ​បណ្ណកម្ម​សិទ្ធិថ្មីជូនពលរដ្ឋវិញដោយមិនយក​លុយ។

លោកបន្ថែមថា៖ «អ៊ីចឹង​សំណងក៏មិនទាន់ដោះ និងការធ្វើប្លង់ថ្មីក៏មិនទាន់បាន។ កាលសម័យអភិបាលខេត្តចាស់ លោក ជាវ តាយ គឺគាត់អសមត្ថភាព គ្មានឆន្ទៈដោះស្រាយសំណង និងមិនអើពើពីការការពារឆ្នាំងបាយរបស់​កសិករ​ទេ។ ហើយថ្មីៗនេះ លោក ម៉ៅ ធនិន អភិបាលខេត្តថ្មី ទំនួលខុសត្រូវរបស់គាត់ ក៏ដូចជា ជាវ តាយ អ៊ីចឹង​ដែរ។ តំណាងកសិករបានដាក់សំណើទៅគាត់តាំងពីខែ​១១ ឆ្នាំ​២០២១ ឱ្យគាត់ជួយអន្តរាគមន៍ជួយដោះស្រាយជូនកសិករ ដោយយោងតាមលិខិតណែនាំរបស់រដ្ឋាភិបាលទៀត ប៉ុន្តែគាត់មិនត្រឹមតែមិនដោះនោះទេ គឺគាត់មិនគោរពតាមការណែនាំរបស់រដ្ឋាភិបាលថែមទៀត»

ពលរដ្ឋនៅឃុំក្រឹសម្នាក់ទៀត​​ លោក សុខ សារឿន ដែលអះអាងថាបានប៉ះពាល់ដីស្រែជាង១ហិកតា បានឱ្យដឹង​ថា ការដែលរដ្ឋាភិបាលដាក់គ្រឿងចក្រឈូសឆាយដីស្រែរបស់អ្នកភូមិ ដើម្បីសាងសង់ផ្លូវខ្សែក្រវាត់ព្រំដែននោះ គឺអាជ្ញាធរពាក់ព័ន្ធមិនជូនដំណឹងជាមុន ឬ​ពិភាក្សាជាមួយពលរដ្ឋពីផលប៉ះពាល់ និងការផ្ដល់សំណងឡើយ ថែមទាំងបានដាក់​កម្លាំងសមត្ថកិច្ចពាក់ព័ន្ធ​ចាំការពារ​មិនឱ្យពលរដ្ឋតវ៉ាថែមទៀត។

ពលរដ្ឋរូបនេះបន្តថា ចាប់​តាំង​ពី​មាន​ការឈូសឆាយនៅឆ្នាំ២០១៨មក អ្នកភូមិមួយ​ចំនួនបានបាត់បង់និង​ខូចខាត​ដីស្រែស្ទើរទាំងស្រុង ដោយ​ពួកគេមិន​អាច​បង្ក​បង្កើនផលបានទៀតឡើយ ដែលធ្វើឱ្យ​​ពលរដ្ឋខ្លះ​​សម្រេចចិត្តចំណាកស្រុកទៅប្រទេសថៃ។

លោកបន្ថែមថា៖ «កាលណោះអត់មានប្រជុំប្រាប់ប្រជាពលរដ្ឋទេ ពេលឮ​គេ​ឈូលឆាយ ខ្ញុំទៅមើល គេដាក់​កម្លាំង​ប៉ូលិស​ទាហាន ​មិន​ឱ្យយើងទៅជិតផង។ អត់​មាន​លោក​មេភូមិ​មេឃុំណាម​ក​ប្រាប់ថា គេសុំជីកដីស្រែធ្វើនេះ​ធ្វើនោះ អត់! គួរតែគិតមើល​ទៅ យកឆ្នាំងបាយប្រជាជន​ អត់មានអាណិតអាសូរប្រជាជនសោះ ហើយមិនអត់មនុស្សទេ រាប់រយគ្រួសារ។ អ្នកខ្លះមានមុខរបរ​មាន​បាយ​​ហូបទៅ អ្នកខ្លះអត់មុខរបរធ្វើមុខ​ស្អុយ​ហ៊ូ។ បើ​ពលរដ្ឋ​ពីរបី​គ្រួសារនោះ ​គ្នាអស់រលីងតែម្ដង គ្នាអត់[ដីស្រែ]ធ្វើ បានទៅធ្វើ​ខ្ញុំថៃ មិនទាន់មកវិញផង»

មេឃុំក្រឹស លោក ឈិន សេក មានប្រសាសន៍ថា គម្រោងសាងសង់ផ្លូវខ្សែក្រវាត់ព្រំដែន​របស់រដ្ឋាភិបាល​បាន​​ធ្វើឱ្យប៉ះពាល់​ដីធ្លីប្រជាពលរដ្ឋជាង១០០គ្រួសារ។ លោកថា ផលប៉ះពាល់​នៃគម្រោងទៅលើដី​ស្រែ​របស់​ប្រជាពលរដ្ឋនោះ​ ហួសពីដែនសមត្ថកិច្ចរបស់លោកក្នុងការដោះស្រាយ។ លោកបន្តថា​ បញ្ហានេះមានតែរដ្ឋាភិបាលប៉ុណ្ណោះអាចសម្រេចនិងដោះស្រាយបាន។

លោកបន្ថែមថា៖ «រឿងប៉ះពាល់ហ្នឹង រដ្ឋាភិបាលគេដឹងហើយ​ មិនមែនប៉ះពាល់តែខេត្តកំពត​យើង​ទេ ប៉ះពាល់​៥ខេត្តនោះ។ អត់មានយើងពាក់ព័ន្ធទេនៅថ្នាក់ឃុំ»

អភិបាលខេត្តកំពត លោក ម៉ៅ ធនិន មិនទទួលទូរសព្ទរបស់វីអូឌីទេ នៅថ្ងៃព្រហស្បតិ៍នេះ។

មន្ត្រីសម្របសម្រួលគម្រោង​ធុរកិច្ច និងសិទ្ធិមនុស្ស នៃមជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ លោក វណ្ណ សុផាត សង្កេត​ឃើញថា កន្លងមក រាល់គម្រោងអភិវឌ្ឍន៍​នានារបស់​ក្រុមហ៊ុន​ឯក​ជន និង​រដ្ឋាភិបាល​ ហាក់​មិនបាន​អនុវត្ត​​តាមច្បាប់​រដ្ឋធម្មនុញ្ញ ច្បាប់ភូមិបាល និង​ច្បាប់អស្សាមិករណ៍​​ឡើយ។

លោកថ្លែង​ថា៖ «ទាំងរដ្ឋធម្មនុញ្ញ ច្បាប់ភូមិបាល ច្បាប់អស្សាមិករណ៍ គឺ​បានចែងយ៉ាងច្បាស់ណាស់ថា ការដែលដកហូតអចលនទ្រព្យរបស់នីតិបុគ្គល ឬរូបវន្តបុគ្គលណាមួយ គឺត្រូវតែមានសំណងសមរម្យ និងមាន​ការយល់ព្រមពីម្ចាស់អចលនទ្រព្យហ្នឹងផងដែរ។ ហើយប្រសិនបើយកដោយពុំមានការយល់ព្រម គ្មានផ្ដល់សំណងសមរម្យអាចទទួលយកបានទេ អាហ្នឹងគឺជាការដកហូតដោយខុសច្បាប់ ហើយជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងររបស់ប្រជាពលរដ្ឋ ជាពិសេសមានដីធ្លី និងលំនៅឋានសមរម្យ»

កាលពីឆ្នាំ២០២០ ទីស្ដីការគណៈរដ្ឋមន្ត្រី បានចេញសេចក្ដីណែនាំមួយឱ្យអាជ្ញាធរពាក់ព័ន្ធ សិក្សានិងដោះស្រាយសំណងដីធ្លីជូនពលរដ្ឋ៩៩គ្រួសារ ស្មើក្បាល​ដី​១២០ក្បាល​ដី ក្រោយ​ពីប៉ះពាល់ដោយគម្រោងសាងសង់ផ្លូវក្រវាត់​ព្រំដែន​កម្ពុជា-វៀតណាម តាមបណ្ដោយព្រំដែនលេខ៣០១ ដល់​៣០៧ នៅភូមិចំនួន៥ នៃឃុំក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ