៣ខែ​ឆ្នាំ២០២២ កម្ពុជា​បង្រ្កាប​បាន​ផលិតផល​ក្លែងបន្លំ​ជាង​៤០០ករណី

សកម្មភាព​កម្ទេច​ផលិតផល​ក្លែងក្លាយ​និង​ឱសថ​ខុសច្បាប់ នៅក្នុង​ពិធី​ដុត​កម្ទេច​ឱសថ​ខុសច្បាប់​និង​ផលិតផល​ក្លែងក្លាយ​ទូទៅ នៅ​បរិវេណ​ទីលាន​ចាក់សំរាម​ដង្កោ ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០។ (ជន ចាន់​រ៉ែ​ន)

ក្នុងត្រីមាសទី១ ឆ្នាំ២០២២ មន្រ្តីស៊ើបអង្កេតអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) នៃក្រសួងមហាផ្ទៃ បានរកឃើញបទល្មើសចំនួន៣៥៩ករណី ដែលជាផលិតផលមិនមានភាពអនុលោមតាមច្បាប់ និងរំលោភលើកម្មសិទ្ធិបញ្ញា។

អគ្គនាយកដ្ឋាននៃអគ្គនាយកដ្ឋាន ក.ប.ប. លោក ផាន អូន បានប្រាប់វីអូឌីថា ការបង្រ្កាបបទល្មើសភាគច្រើន ជាប្រភេទផលិតផលដែលមិនអនុលោមតាមច្បាប់ និងរំលាភកម្មសិទ្ធិនាំចូលផ្ដាច់មុខ​។

លោកនិយាយថា៖ «[ការបង្ក្រាបភាគច្រើនជា] ផលិតផលដែលមិនមានប្រសិទ្ធភាព ផលិតផលដែលរំលាភកម្មសិទ្ធិបញ្ញា​ ហើយដូចជាបទល្មើសមួយចំនួនទាក់ទងនឹងការបន្លំគុណភាព ជាពិសេសផលិតផលប្រេងឥន្ធនៈ»។

ជាមួយគ្នានេះ មន្រ្ដីចុះត្រួតពិនិត្យក៏បានពិន័យម្ចាស់អាជីវកម្មបន្លំប្រេងឥន្ធនៈ និងបានពិន័យអន្តរការណ៍ច្រើនជាង១ពាន់ករណី​ រួមមាន សុវត្ថិភាពចំណីអាហារ​ប្រើប្រាស់សារធាតុគីមីប៉ះពាល់ដល់សុខភាព ផលិតផលហួសកាលបរិច្ឆេទ និងការក្លែងបន្លំកម្មសិទ្ធិបញ្ញា ក្នុងរយៈពេល១ត្រីមាសឆ្នាំ២០២២នេះ។

យោងតាមរបាយការណ៍របស់មន្រី្ដស៊ើបអង្កេតអគ្គនាយកដ្ឋាន ក.ប.ប ចុះត្រួតពិនិត្យស្ថានីយ/ដេប៉ូលក់ប្រេងឥន្ធនៈចំនួន១១៣០ស្ថានីយ/ដេប៉ូ ដោយរកឃើញស្ថានីយ/ដេប៉ូចំនួន៣៨៧ មិនមានភាពស្មោះត្រង់ត្រឹមត្រូវ។ លើសពីនេះទៅទៀត ក៏រកឃើញករណីអ្នកដាក់លក់អាល់កុលក្លែងក្លាយ ជាប្រភេទសារធាតុមេតាណុលចំនួន៨០៧,៥០លីត្រផងដែរ។

យ៉ាងណាមិញ ផលិតផលក្លែងក្លាយភាគច្រើនជាការនាំចូល ហើយផលិតផលដែលផលិតក្នុងស្រុកភាគច្រើនជាម្សៅដែលលាបឱ្យស។ មន្ដ្រី ក.ប.ប ក៏យកចិត្តទុកដាក់ឱ្យម្ចាស់អាជីវកម្មដាក់ស្លាកសញ្ញា​និងសារធាតុផ្សំឱ្យបានត្រឹមត្រូវទៅតាមប្រកាសនៃការដាក់ស្លាកសញ្ញា ដើម្បីការពារ​អ្នកប្រើប្រាស់។

ចំពោះការចុះត្រួតពិនិត្យទីផ្សារវិញ បានចំនួន២៧៣លើក ហើយមន្រ្ដីបានដកហូតទំនិញមិនមានភាពអនុលោមតាមច្បាប់ចំនួន១២ ៦៣២គីឡូក្រាម។ បន្ថែមពីនេះ មន្រ្ដីជំនាញបានចុះត្រួតពិនិត្យទីតាំងផលិត កែច្នៃ និងឃ្លាំងស្តុកផលិតផលចំនួន៥២លើក ដោយរកឃើញផលិតផលមិនមានភាពអនុលោម ឬរំលោភសិទ្ធិនាំចូលផ្តាច់មុខចំនួន១ ២៧២តោន និង៦៨២គីឡូក្រាម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ