ពលរដ្ឋ​ជាង​៤០០គ្រួសារ​នៅ​ខេត្តស្វាយរៀង​ស្នើ​អាជ្ញាធរ​កាត់ឆ្វៀល​ដី​ពួកគេ​ជិត​៧០០ហិកតា​ចេញ​ពី​ក្រុមហ៊ុន​មួយ

ប្រជាពលរដ្ឋសហគមន៍រងគ្រោះដីធ្លីប្រមាណជាង១០០នាក់ បានប្រមូលផ្ដុំគ្នានៅនៅមុខវត្តអំពិល ដើម្បីទៅដាក់ញត្តិនៅសាលាឃុំរមាសហែក និងសាលាស្រុករមាសហែក ឱ្យដោះស្រាយបញ្ហាដីធ្លីចំនួន៦៧០ហិកតា និងស្នើឱ្យកាត់ឆ្វៀលដីចេញពីក្រុមហ៊ុន អិនខេវេនឈ័រ (NKV) និងចេញបង្កាន់ដៃសាលាកបត្រព័ត៌មាន បណ្ណកម្មសិទ្ធិជូនពួកគាត់ចំនួន៤៤០គ្រួសារ។ (CCFC)

ពលរដ្ឋជាង១០០នាក់ តំណាងឱ្យ​​ពលរដ្ឋ​​ចំនួន​៤៤៣​​គ្រួសារ​ រស់នៅឃុំអំពិល ស្រុករមាស​ហែក ខេត្តស្វាយរៀង បាន​ប្រមូលផ្ដុំគ្នា​នៅមុខរដ្ឋបាលឃុំ​ នៅថ្ងៃអង្គារនេះ​​ ទាមទារឱ្យ​​​​អាជ្ញាធរពន្លឿនការ​​​​​ដោះស្រាយវិវាទដីធ្លី​ ដោយកាត់ឆ្វៀលដីទំហំជិត៧០០ហិកតា ពី​ក្រុម​ហ៊ុន​​​​ «អិន​ខេវេនឈ័រ» ឱ្យ​ប្រជាពលរដ្ឋ​កាន់កាប់ដូចដើមវិញ។

លោក ចាន់ ផន ដែលអះអាងជាតំណាងពលរដ្ឋនៅឃុំអំពិល ​​ប្រាប់​វីអូឌី​ថា បច្ចុប្បន្ន​​ ពួកគាត់គ្មាន​ដីសម្រាប់ធ្វើស្រែ​ចម្ការ​នោះ​​ទេ ក្រោយពីមានជម្លោះដីធ្លីជាមួយ​ក្រុម​ហ៊ុន​អស់រយៈពេលប្រមាណ១០ឆ្នាំមកហើយ ខណៈអាជ្ញាធរ​​​ហាក់​អូស​​បន្លាយ​ពេលវេលា​​ក្នុង​​ការ​ដោះស្រាយ​​​​វិវាទ​​ដីធ្លី។ 

លោក​បន្ត​ថា ដោយ​ជួប​បញ្ហាប្រឈម​នេះហើយ​​ បាន​ធ្វើឱ្យ​ប្រជាពលរដ្ឋ​នាំគ្នា​ទៅ​​ប្រមូល​​​ផ្ដុំ និង​​ដាក់ញត្តិ​ជាថ្មី នៅថ្ងៃនេះ ដើម្បីជំរុញទៅអាជ្ញាធរ​ឱ្យពន្លឿនការដោះស្រាយ ដោយ​កាត់​ឆ្វៀលដីពួកគាត់ចេញពីក្រុមហ៊ុន និងផ្ដល់បណ្ណកម្មសិទ្ធិ​ដល់ពួកគាត់ ដើម្បីឱ្យ​ពួកគាត់​មានដី​សម្រាប់បង្កបង្កើនផលចិញ្ចឹមជីវិតឡើងវិញ។

បើតាមលោក ចាន់ ផន ដី​ដែលពួកគាត់ស្នើសុំកាត់ឆ្វៀលនេះមានទំហំ៦៧០ហិកតា ត្រូ​វបាន​​អ្នក​ភូមិ​​អាស្រ័យផលតាំងពីឆ្នាំ១៩៩៨​មក​​ម្ល៉េះ ប៉ុន្តែ​នៅ​ឆ្នាំ២០១០ រដ្ឋាភិបាលបាន​ធ្វើដីសម្បទានសេដ្ឋ​កិច្ច​​ឱ្យ​ក្រុមហ៊ុន​ឥណ្ឌាឈ្មោះ ​​​អិនខេវេនឈ័រ ដើម្បី​​​ដាំ​អំពៅ ដោយ​មិន​បាន​ចុះសិក្សាពីផល​ប៉ះ​ពាល់ទៅលើ​ប្រជាពល​រដ្ឋ​​ឡើយ។ 

លោកថា៖ «អាជ្ញាធរ​គេ​តែង​ប្រកាសប្រាប់​ថា ​ក្រុមហ៊ុន អិន​ខេវេនឈ័រ បានក្ស័យ​ធន អ៊ីចឹងរដ្ឋត្រូវដកដីហ្នឹងមកវិញ​ហើយ។ ស្រាប់​តែ​ឆ្នាំ​២០១៦ មានក្រុមហ៊ុនមួយទៀត ​ហើយមុនឆ្នាំ២០១៦ ប្រជាពលរដ្ឋចូលដាំដំឡូងធម្មតា​អំឡុងឆ្នាំ២០១៤ និង២០១៥ ដាំដំឡូងនៅលើដីហ្នឹង​ពេញ​ ស្រាប់ឆ្នាំ២០១៦ មានក្រុមហ៊ុនណាមកទៀត គេមិនប្រកាស​ប្រាប់​ទេ ​តែក្រុមហ៊ុនចុះមកដាក់គ្រឿងចក្រ ​ដាក់ប៉ូលិស ទាហាន​ ប៉េអឹម មកគំរាម​បាញ់សម្លាប់ប្រជាពលរដ្ឋ​។ អ្នក​ណាហ៊ាន​ចូល​ដី​ហ្នឹង បាញ់សម្លាប់ចោល ស្រាប់តែចាប់ដាក់គុកដាក់ច្រវាក់»។

​​លោក ចាន់ ផន អះអាងថា រយៈ​ពេល១០​ឆ្នាំ​មក​នេះ ពួក​គាត់​ទាំង៤៤៣​គ្រួសារ បាននាំគ្នាដើរដាក់ញត្តិរកកិច្ចអន្តរាគមន៍​ពីថ្នាក់ជាតិឱ្យជួយដោះស្រាយ ប៉ុន្តែ​មក​​ដល់បច្ចុប្បន្ន ​មិន​មាន​ស្ថាប័ន​ជាតិ​ណាមួយ​​ចេញ​មុខ​មក​ដោះស្រាយ​ឱ្យ​ប្រជាពលរដ្ឋឡើយ។

ជុំវិញ​ការ​តវ៉ានេះ ​មេឃុំ​អំពិល​ លោក ជា សារ៉ន មាន​ប្រសាសន៍​ថា អាជ្ញាធរឃុំមិនអាចដោះស្រាយ​រឿងវិវាទដីធ្លី​នេះ​បាន​ទេ ប៉ុន្តែលោ​ក​នឹង​បញ្ជូន​ញត្តិ​របស់ប្រជាពលរដ្ឋទៅអាជ្ញាធរស្រុក ដើម្បីពិនិត្យនិងរកដំណោះស្រាយ។

លោកថា៖ «ដាក់សំណើឱ្យឃុំដោះស្រាយហ្នឹង ឃុំអត់មានលទ្ធភាពដោះស្រាយកន្លងមក រហូតដល់ថ្នាក់​ស្រុក​ ខេត្ត និងជាតិ ហើយបានដោះស្រាយរួចហើយ។ ​ដីហ្នឹងជាដីរបស់ក្រុមហ៊ុន ដែលរដ្ឋាភិបាលផ្ដល់ឱ្យធ្វើវិនិយោគដីកសិកម្ម​។ អ៊ីចឹងអត់មានលទ្ធភាពដោះស្រាយ អាចបញ្ជូនញត្តិហ្នឹងទៅខាងលើទៀត»។

បើតាមមេឃុំអំពិល កាលពីឆ្នាំ២០១០ អ្នកភូមិចំនួន​៤៤៣​គ្រួសារ នៅ​ឃុំ​អំពិល ចាប់​ផ្ដើម​មានជម្លោះ​ដីធ្លីជាមួយក្រុមហ៊ុន អិន​ខេវេនឈ័រ បន្ទាប់​ពី​ក្រុមហ៊ុននោះទទួលបានដីសម្បទានសេដ្ឋកិច្ច​​ពីរដ្ឋាភិបាល ដើម្បីអភិវឌ្ឍដំណាំកសិកម្ម ប៉ុន្តែនៅអំឡុងឆ្នាំ២០១១ ក្រុមហ៊ុននេះបាន​ផ្ទេរ​ដី​​សម្បទាន​នោះ​​ទៅ​​ឱ្យក្រុម​ហ៊ុន​មួយ​ទៀតដែល​​មានម្ចាស់​​ជន​ជាខ្មែរ​ឈ្មោះ ហេង វិញ។

វីអូឌី មិនអាចសុំការឆ្លើយតបពីអភិបាលស្រុករមាសហែក​ លោក សួស ម៉ុល បានទេ​ នៅ​ថ្ងៃ​នេះ ។

ប្រធានសមាគម​​សម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន ចាត់​​ទុក​ការយឺតយ៉ាវ​ក្នុងការ​​​ដោះស្រាយបញ្ហា​ដីធ្លី​ពីសំណាក់អាជ្ញាធរ​ជូន​ពលរដ្ឋ​ ថា​អាច​នឹង​ធ្វើឱ្យប៉ះពាល់​ដល់​រដ្ឋាភិបាល ខណៈកម្ពុជានឹង​មាន​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​នៅខែមិថុនា ឆ្នាំ​នេះ និង​ការ​បោះឆ្នោត​​​ជាតិ នៅឆ្នាំ២០២៣ ខាង​មុខ។

លោកថា៖ «អាជ្ញាធរដែលមិនបានដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ អាចនឹងធ្វើឱ្យប៉ះពាល់ដល់សិទ្ធិក្នុងការសម្រេចចិត្ត​របស់ប្រជាពលរដ្ឋ ព្រោះយើងគិតថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានឹងឈានចូលមកដល់ខែ​៦នេះ អ៊ីចឹង​គាត់នឹង​ពិចារណា ក៏​ដូច​ជាគិតគូរអំពីសមត្ថភាពនៃការដោះស្រាយ ក៏ដូចជាការឆ្លើយតបរបស់អាជ្ញាធរមូលដ្ឋានចំពោះ​គាត់ ក្នុង​នាម​គាត់​ជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុងការនាំក្ដីកង្វល់និងបញ្ហា ដើម្បីផ្ញើជូនទៅថ្នាក់ខេត្ត និងថ្នាក់ជាតិ ជំរុញឱ្យមានការដោះស្រាយ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ