អាជ្ញាធរ​​អនុញ្ញាត​ឱ្យ​​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរ​ជាតិ​១​ឧសភា​​នៅ​សួន​ច្បារ​ជិត​វត្ត​ភ្នំ​ តាម​សំណើ​ក្រុម​សហជីព​

លោក រ៉ុង ឈុន និងលោក អាត់ ធន់ ចុះជួបកូដករណាហ្គាវើលដ៍ អំឡុងពេលពួកគេឈរធ្វើកូដកម្មទាមទារដំណោះស្រាយការងារ និងទាមទារដោះលែងតំណាងសហជីព ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២។ (ត្រាន់ តិចសេង)

សាលារាជធានីភ្នំពេញ បានអនុញ្ញាតឱ្យសហជីពរៀបចំប្រារព្ធទិវាពលកម្មអន្តរជាតិ ១ឧសភា នាថ្ងៃអាទិត្យស្អែកនេះ ដោយមានអ្នកចូលរួម​​ចំនួនជិត ១ ​០០០នាក់ ​ នៅសួនច្បារក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬCDC ជិតវត្តភ្នំ។

ការអនុញ្ញាតនេះ បន្ទាប់ពីក្រុមសហជីពបានដាក់សំណើទៅសាលារាជធានីភ្នំពេញ ដើម្បីស្នើសុំរៀបចំប្រារព្ធទិវាពលកម្មអន្តរជាតិ ១ ឧសភា  ដែលជាខួបលើកទី១៣៦ នៅសួនច្បារ CDC មុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅក្បែររមណីយដ្ឋានវត្តភ្នំ​នៅថ្ងៃទី១ ខែឧសភា ដោយមានអ្នកចូលរួមចំនួន ៨០០នាក់។

ក្នុងលិខិតឆ្លើយតបរបស់សាលារាជធានីភ្នំពេញចេញនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា អាជ្ញាធរយល់ព្រមអនុញ្ញាតឱ្យសហជីពរៀបចំប្រារព្ធពិធីនេះ ចាប់ពីម៉ោង ៦:៣០នាទីព្រឹកដល់ម៉ោង ១២:៣០ នាទីថ្ងៃត្រង់ តាមសំណើតំណាងសហជីព  និងសមាគមធ្វើការក្នុងវិស័យការងារនៅកម្ពុជា។

ជាមួយគ្នានេះ ដើម្បីរៀបចំទិវានេះឱ្យរលូន និងធានាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់និងរបៀបរៀបរយសាធារណៈ ក្រុមសហជីពត្រូវបានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ និងអនុវត្តឱ្យបានដូចស្មារតីក្នុងអង្គប្រជុំកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ នៅសាលារាជធានីភ្នំពេញ។

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ចាត់ទុកការអនុញ្ញាតរបស់សាលារាជធានីភ្នំពេញថា ជាសញ្ញាវិជ្ជមានមួយ ប៉ុន្តែការបើកឱ្យរៀបចំធ្វើពិធីតែមួយព្រឹករបស់អាជ្ញាធរនៅមិនទាន់មានលក្ខណៈទូលំទូលាយនៅឡើយ។ លោកបន្តថា រដ្ឋាភិបាលគួរតែបើកលំហ​ឱ្យមានការជួបជុំគ្នា ដោយកុំមានការរឹតត្បិតទៀត ដែលសិទ្ធិទាំងនេះ ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ និងច្បាប់ផ្សេងៗផងដែរ។

លោកថា៖«ខ្ញុំគិតថា ការអនុញ្ញាតត្រឹមតែព្រឹកថ្ងៃ ១ ឧសភា ​ វាជាការបើកលំហតូចតាចទេ ប៉ុន្តែអ្វី​ដែលរដ្ឋត្រូវធានាដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ស្ដីពីការធ្វើបាតុកម្មដោយសន្តិវិធីនោះ មានន័យថា ត្រូវផ្ដល់ឱកាសឱ្យច្រើនជាងនេះទៀត ទាំងការជួបជុំ ទាំងការប្រមូលផ្ដុំ​ ការធ្វើបាតុកម្មផ្សេងៗ ដែលមានកន្លងមក ដែលមានការហាមឃាត់គួរតែមានការបើកលំហឱ្យមានសេរីភាពឡើងវិញ»។

ក្រោយជួបជុំគ្នាថ្លែងសារក្នុងទិវាពលកម្មអន្តរជាតិ ១ឧសភា នាថ្ងៃ​ស្អែកនេះ​ លោក អាត់ ធន់ បន្តថា សហជីពនឹងយកញត្តិទៅដាក់នៅស្ថាប័នជាតិ ក្នុងនោះរួមមានរដ្ឋសភា ទីស្ដីការគណៈរដ្ឋមន្ត្រី និងក្រសួងការងារ ដើម្បីឱ្យដោះស្រាយបញ្ហាមួយចំនួន​ផងដែរ។

ក្នុងសេចក្ដីថ្លែងការណ៍រួមមួយដែលចេញដោយក្រុមសហជីពនាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ ឱ្យដឹងថា  ខួបលើកទី១៣៦  នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ក្រុមសហជីពស្នើទៅរដ្ឋាភិបាល ជួយអន្តរាគមន៍ដោះស្រាយនូវសំណើចំនួន ១០ចំណុច  ដើម្បីកាត់បន្ថយបញ្ហាប្រឈមនានារបស់កម្មករនិយោជិត។

​សំណើទាំង ១០ចំណុច ​ មានដូចជា  ស្នើរដ្ឋាភិបាលអន្តរាគមន៍ទៅនិយោជកឱ្យទទួលយកថ្នាក់ដឹកនាំ និងសកម្មជនសហជីពដែលត្រូវបានក្រុមហ៊ុនបញ្ឈប់ពីការងារដោយខុសច្បាប់ឱ្យពួកគេចូលធ្វើការវិញ ព្រមទាំងសងប្រាក់រំលឹកដល់ពួកគេ ហើយជួយអន្តរាគមន៍ទៅស្ថាប័នតុលាការឱ្យទម្លាក់បទចោទប្រកាន់នានាលើសហជីព និងសកម្មជនសហជីព។

ជាមួយគ្នានោះ ស្នើទៅរដ្ឋាភិបាលជំរុញឱ្យរោងចក្រ សហគ្រាស បញ្ឈប់ការប្រើប្រាស់កិច្ចសន្យាការងារខ្លី និងឱ្យរដ្ឋាភិបាល រក្សាថ្ងៃឈប់សម្រាកបុណ្យជាតិ និងអន្តរជាតិមានប្រាក់ឈ្នួល ដែលធ្លាប់មានកន្លងមក ព្រមទាំងថ្ងៃបុណ្យជាតិ-អន្តរជាតិ ប៉ះចំថ្ងៃអាទិត្យ ត្រូវលើកឱ្យឈប់ថ្ងៃបន្ទាប់ ដែលត្រូវបានរដ្ឋាភិបាលលុបចោល​កន្លងមក។

មួយវិញទៀត ក្រុមសហជីពក៏ស្នើទៅរដ្ឋាភិបាលពង្រីកវិសាលភាពបេឡាជាតិរបបសន្តិសុខសង្គមឬ ប.ស.ស ដល់កម្មករក្រៅប្រព័ន្ធ ឱ្យដូចគ្នា​កម្មករក្នុងប្រព័ន្ធដែរ។ បន្ថែមពីនេះ ក្រុមសហជីពក៏ជំរុញទៅនិយោជកឱ្យផ្ដល់មធ្យោបាយដឹកជញ្ជូនប្រកបដោយសុវត្ថិភាពដល់កម្មករនិយោជិត រួមទាំងកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់វិស័យសេវាកម្ម សំណង់ សប្បិកម្ម និងកម្មករធ្វើការងារតាមផ្ទះ។

បន្ថែមពីនេះ ពួកគេក៏ស្នើរដ្ឋាភិបាលអន្តរាគមន៍ពិនិត្យឡើងវិញ ចំពោះការអនុវត្តអនុសញ្ញាអន្តរជាតិ ខាងការងារលេខ ៨៧និង៩៨ ស្ដីពីសេរីភាព សមាគម សហជីព និងសិទ្ធិចរចាសមូហភាព និងជួយអន្តរាគមន៍បញ្ចុះតម្លៃ និងទប់ស្កាត់ការឡើងថ្លៃទំនិញ ដូចជាតម្លៃប្រេងសាំងជាដើម ដើម្បីជួយសម្រាលការចំណាយរបស់ពលរដ្ឋ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ