សភា​អឺរ៉ុប​​ស្នើ​​លុប​ចោល​​ប្រពន័្ធ​​អនុគ្រោះពន្ធ EBA ទាំង​ស្រុង​​ពី​​​កម្ពុជា​​បើ​​ការ​​បោះឆ្នោត​​គ្មាន​​ភាព​​ត្រឹមត្រូវ

លោក ហ៊ុន សែន – លោក កឹម សុខា – លោក សម រង្ស៊ី និងលោកស្រី Cecilia Malmstrom ស្នងការពាណិជ្ជកម្មនៃសហភាពអឺរ៉ុប។ (បណ្ដាញសង្គម)

សមាជិក​​សភា​​អឺរ៉ុប​​កាល​​ពី​​ថ្ងៃទី៥ ខែឧសភា បាន​​ស្នើ​ទៅ​កាន់​​ប្រទេស​​សមាជិក​​អឺរ៉ុប​​ទាំង ២៧ ឱ្យ​ដាក់​​ទណ្ឌកម្ម​លើ​ប្រទេស​​កម្ពុជា​​ដោយ​​ដក​​ប្រព័ន្ធ​អនុគ្រោះពន្ធ​ទាំង​ស្រុង​​ប្រសិន​បើ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ នៅ​ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ និង​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្រ្ត​នៅ​ឆ្នាំ ២០២៣ ត្រូវ​បាន​គេ​រកឃើញថា គ្មាន​ភាព​សេរី ត្រឹម​ត្រូវ និង​យុត្តិធ៌ម។

ក្នុងញត្តិរបស់សមាជិកសភាអឺរ៉ុប ពួកគេបានស្នើទៅកាន់គណៈកម្មការអឺរ៉ុបឱ្យ ប្រើប្រាស់​រាល់​មធ្យោបាយ​ដែល​មានក្នុងនោះរួមមានទាំងការដកចេញទាំងស្រុងនូវប្រព័ន្ធអនុគ្រោះពន្ធ EBA ដែល​សហភាពអឺរ៉ុបនៅ​បន្តផ្តល់​ដល់កម្ពុជាចេញពីប្រទេសមួយនេះ ព្រមទាំង ទណ្ឌកម្ម​ផ្សេង​ទៀត។

សេចក្តីស្នើទៅកាន់សហភាពអឺរ៉ុបនេះ ត្រូវបានទទួលការបោះឆ្នោតគំាទ្រពីសមាជិកសភាអឺរ៉ុប ចំនួន ៥២៦ សំឡេង ក្នុងចំណោមសមាជិក ៥៩៤ នាក់។

សមាជិកសភាអឺរ៉ុបបានសម្តែងការបារម្ភយ៉ាងខ្លាំងអំពីការដើរថយក្រោយនៃការគោរពសិទ្ធិមនុស្សនៅកម្ពុជា ជាពិសេស​នៅមុនពេលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅ​ក្នុង​ខែមិថុនាខាងមុខ និងការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្តនៅឆ្នាំក្រោយ។

សមាជិកសភាអឺរ៉ុបក៏បានទទូចឱ្យសហភាពអឺរ៉ុប និងសហគមន៍អន្តរជាតិផ្តល់ការគំាទ្រដល់ សកម្មជនសង្គម អ្នកការពារសិទ្ធិមនុស្ស និងគណបក្សនយោបាយដែលកំពុងទាមទារឱ្យមាន ការគោរពលិទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា ដែលត្រូវបានគេមើលឃើញថា លំហទាំងអស់នេះនៅមានកម្រិតតិចតួចនៅឡើយ។

សមាជិកសភាអឺរ៉ុបក៏បានថ្កោលទោសចំពោះការរំលាយគណបក្សសង្រ្គោះជាតិដោយតុលាការកំពូលរបស់កម្ពុជា និងបាន​ទាមទារឱ្យតុលាការទម្លាក់ចោលរាល់ការចោទប្រកាន់មក លើប្រធានគណបក្សសង្រ្គោះជាតិដែលតុលាការរំលាយ លោក កឹម សុខា និង​ថ្នាក់ដឹកនាំគណបក្ស សង្រ្គោះជាតិ រួមមាន លោក សម រង្ស៊ី អ្នកស្រី មូរ សុខហួរ និងសកម្មជននយោបាយ​កំពូលៗ របស់គណបក្សប្រឆាំងផ្សេងទៀត។

ក្រៅពីថ្កោលទោសលើការទុក្ខបុកម្នេញចំពោះគណបក្សប្រឆាំងដោយរដ្ឋាភិបាលលោក ហ៊ុន សែន សមាជិកសភាអឺរ៉ុប​ក៏បានថ្កោលទោសការធ្វើទុក្ខបុកម្នេញរបស់អាជ្ញាធរកម្ពុជាលើអ្នក ការពារសិទ្ធិមនុស្ស សហជីព អ្នកកាសែត សកម្មជន​ការពារបរិស្ថាន និងជនមួយចំនួនទៀត ដែលបានតស៊ូមតិហើយត្រូវបានរដ្ឋាភិបាលកម្ពុជាធ្វើបាប។

វីអូឌីមិនទាន់អាចទាក់ទងលោក ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា និងលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបាននៅឡើយទេនៅថ្ងៃទី៦ ខែឧសភា ដោយទូរស័ព្ទចូលមិនលើក។

ចំណែក លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានឆ្លើយ តបយ៉ាងខ្លីថា អ្វីដែល គ.ជ.ប អាចធ្វើបានគឺការអនុវត្តទៅតាមច្បាប់បោះឆ្នោតរបស់កម្ពុជា ដែលមានស្រាប់។

ទោះជាយ៉ាងណា នាយកប្រតិបត្តិអង្គការណិចហ្វិច លោក សំ គន្ធាមី ចាត់ទុកញត្តិរបស់​សមាជិកសភា អឺរ៉ុបថា ជាការជូន​ដំណឹង​ដល់​រដ្ឋាភិបាលកម្ពុជាជាមុន។ ដូច្នេះ លោកថា បើសិនជាកម្ពុជា នៅតែមិនធ្វើតាមសភាអឺរ៉ុបទេ លោកថា កម្ពុជា​នឹង​ទទួល​រងទណ្ឌកម្ម​កាន់​តែធ្ងន់ពីអឺរ៉ុបមិនខាន។

លោកថា៖ «ការដាក់កម្រិតអ៊ីចឹង វាជាការត្រឹមត្រូវហើយ ចង់បានការបោះឆ្នោតត្រឹមត្រូវសេរី និងយុត្តិធម៌។ គេចង់បានតាម​ស្ដង់ដារវា ព្រោះយើងបានផ្ដល់ធម្មនុញ្ញភាព និងកតិកាសញ្ញា អន្តរជាតិយើងបានទទួល និងផ្ដល់សច្ចាប័ន​ច្រើនហើយ  អ៊ីចឹង​យើង​ត្រូវគោរពតាមអ៊ីចឹង ហើយ។ អាហ្នឹងគេធ្វើតាមច្បាប់អ៊ីចឹង ច្បាប់ជាតិក៏អ៊ីចឹងដែរ រដ្ឋធម្មនុញ្ញ  ច្បាប់បោះ​ឆ្នោត អ៊ីចឹងគេដាក់អ៊ីចឹងត្រឹមត្រូវហើយ។ យើងកំពុងរៀបចំសង្កេតការណ៍អីហ្នឹងដែរ»

សមាជិកសភាអឺរ៉ុបបានទាមទារឱ្យរដ្ឋាភិបាលកម្ពុជា បញ្ចប់នូវរាល់ទម្រង់នៃការធ្វើទុក្ខបុក ម្នេញ ការសម្លុតបំភ័យ គំរាមកំហែងមកលើអ្នកនយោបាយប្រឆាំងនិងសកម្មជនផ្សេងៗ ទៀត និងទទូចឱ្យសមត្ថកិច្ចកម្ពុជា​បញ្ឈប់រាល់ការ​ប្រើប្រាស់​កម្លាំងមិនចាំបាច់ និងលើសលប់ប​ង្រ្កាបទៅលើអ្នកធ្វើការតវ៉ាដោយសន្តិវិធី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ