លោក ហ៊ុន សែន ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក ខណៈ​លោក ស ខេង មក​កម្ពុជា​វិញ​ដោយ​ស្ងាត់ស្ងៀម

ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២នេះ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនដំណើរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមរំព្ញកខួបអនុស្សាវរីយ៍លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក ស ខេង)

លោកនាយករដ្ឋមន្ត្រី  ហ៊ុន សែន នាថ្ងៃអង្គារនេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាធ្វើដំណើរទៅកាន់ទឹកដីសហរដ្ឋអាមេរិក ដើម្បីដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅទីក្រុងវ៉ាស៊ីនតោន ចាប់ពីថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២។

បើយោងតាមហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី  ហ៊ុន សែន នាថ្ងៃទី១០ ខែឧសភានេះ បានឱ្យដឹងថា ការចូលរួមរបស់លោកនៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ក្នុងនាមជាប្រធានអាស៊ាន កម្ពុជាត្រូវធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក និងដើម្បីរំព្ញកខួបអនុស្សាវរីយ៍លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក។

លោកបន្តថា៖ «ស្ថិតនៅទឹកដីសហរដ្ឋអាមេរិក​ ខ្ញុំនឹងជួបជាមួយមេដឹកនាំសំខាន់ៗមួយចំនួន ព្រមទាំងបងប្អូនខ្មែរអាមេរិកាំងដែលរស់នៅទីនោះកំពុងរង់ចាំទទួលខ្ញុំ»។  

ការទៅចូលរួមកិច្ចប្រជុំរបស់លោក ហ៊ុន សែន នាថ្ងៃអង្គារនេះ ធ្វើឡើងស្របពេលដែលឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានត្រលប់ពីប្រទេសបារាំង មកកម្ពុជាវិញ យ៉ាងស្ងៀមស្ងាត់ បន្ទាប់លោកបានចេញទៅកាន់សាធារណរដ្ឋបារាំង កាលពីថ្ងៃទី​២ ខែឧសភា ឆ្នាំ២០២២ រយៈពេល១សប្តាហ៍ ដើម្បីបន្តពិនិត្យតាមដានសុខភាព ជាលើកទីពីរ តាមការតម្រូវរបស់វេជ្ជបណ្ឌិត។

ពាក់ព័ន្ធនឹងការធ្វើដំណើរទៅសហរដ្ឋអាមេរិករបស់លោក ហ៊ុន សែន នេះដែរ កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ក្រសួងការបរទេសកម្ពុជាបានចេញសេចក្តីថ្លែងការណ៍មួយ ឱ្យដឹងថា កិច្ចប្រជុំកំពូលពិសេសនេះជាកិច្ចប្រជុំកំពូលពិសេសលើកទី២ គិតពីឆ្នាំ២០១៦មក។

ជាមួយគ្នានេះ ថ្នាក់ដឹកនាំអាស៊ាន និងប្រធានាធិបតី ចូ បៃឌិន នឹងពិភាក្សាគ្នាអំពីមធ្យោបាយ និងវិធីសាស្ត្រនានា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើន ក្នុងនោះ ការឆ្លើយតបនឹងជំងឺកូវីដ-១៩ សន្តិសុខ សុខភាពសកល ការផ្លាស់ប្តូរបញ្ហាអាកាសធាតុ ការអភិវឌ្ឍប្រកបដោយចីរភាព កិច្ចសហប្រតិបត្តិការលំហសមុទ្រ ការអភិវឌ្ឍធនធានមនុស្ស ការអប់រំ និងចំណងទាក់ទងរវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ ក៏ដូចជាការតភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ច ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ