តុលាការ​ជំនុំជម្រះ​បណ្ដឹងសាទុក្ខ​ស្រ្តីម្នាក់ ពាក់ព័ន្ធ​សំណុំរឿង​យក​កាំបិត​ឆូត​មុខ​ក្មេងស្រី​មួយរូប​ក្នុង​ឆ្នាំ២០២០

ទិដ្ឋភាពពីមុខតុលាការកំពូល ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

តុលាការកំពូល នៅថ្ងៃចន្ទម្សិលមិញ បានជំនុំជម្រះលើបណ្ដឹងសាទុក្ខរបស់ស្រ្ដីមួយរូបដែលត្រូវបានកាត់ទោសពីបទធ្វើទារុណកម្ម និងអំពើឃោរឃៅដោយឆូតមុខនិងអារដៃ ទៅលើកុមារីម្នាក់ក្នុងឆ្នាំ២០២០ ខណៈមេធាវីរបស់ពិរុទ្ធជន​រូបនេះបានអះអាង​ថា កូនក្ដីរបស់ខ្លួនជាជនវិបល្លាសស្មារតី។

កាលពីឆ្នាំ២០២០ ស្រ្ដីឈ្មោះ លីវ ប៊ុនធឿន ត្រូវ​បាន​តុលាការ​កាត់ទោស​ពី​បទធ្វើ​ទារុណកម្ម និងអំពើឃោរឃៅមានស្ថានទម្ងន់ទោស ដែលបានប្រព្រឹត្តទៅលើកុមារីម្នាក់អាយុ៥ឆ្នាំ តាមរយៈការចាប់ឆូតមុខនិងអារដៃ ដោយសារតែ​ខឹងនឹងជនរងគ្រោះបានយកដុំថ្មគប់លើកូនប្រុសរបស់ខ្លួន។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច ពិរុទ្ធជន​ខាងលើនេះបានយកកាំបិតឆូតមុខនិងអារដៃជនរងគ្រោះ​​ ក្នុងរយៈពេលពីរថ្ងៃបន្ទាប់ពីកុមារីជាជនរងគ្រោះរូបនេះបានយកដុំថ្មគប់លើកូនប្រុសរបស់ខ្លួន។

ពិរុទ្ធជន​ឈ្មោះ លីវ ប៊ុនធឿន ភេទស្រី អាយុ៤៣ឆ្នាំ ​ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ក្នុងឆ្នាំ២០២០ ផ្ដន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល១២ឆ្នាំ និងបានបង្គាប់ឱ្យ​សងជំងឺចិត្តចំនួន២០០លានរៀល ឬស្មើ​ប្រមាណ៥ម៉ឺនដុល្លារសហរដ្ឋអាមេរិកដល់គ្រួសារកុមារីរងគ្រោះ ប៉ុន្តែពិរុទ្ធជន​ក៏បានប្ដឹងឧទ្ធរណ៍ផងដែរ។

ទោះជាយ៉ាងណា សាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានតម្កល់ទណ្ឌកម្មរបស់ស្រ្ដីរូបនេះរក្សាទុកជាបានការដដែល ហើយជនជាប់ចោទក៏បានសម្រេចបន្តប្ដឹងសាទុក្ខមកកាន់តុលាការកំពូល។

យោងតាមលោក ពុធ ធាវី ជាមេធាវីការពារក្ដីឱ្យអ្នកស្រី លីវ ប៊ុនធឿន បានថ្លែងឱ្យដឹងថា កូនក្ដីរបស់លោកបានទទួលស្គាល់ថា ខ្លួនបានប្រព្រឹត្តនូវបទឧក្រិដ្ឋនេះ ប៉ុន្តែលោកយល់ថា កូនក្ដីរបស់លោកគួរតែត្រូវបានចោទប្រកាន់ពីបទហិង្សាដោយចេតនាវិញ។

លោកបន្ត​ថា ​​កូនក្ដីរបស់ខ្លួនជាមនុស្សមានសតិវិបល្លាស។ ទោះជាយ៉ាងណា មេធាវីរូបនេះមិនអាចបង្ហាញលិខិត​បញ្ជាក់ដោយវេជ្ជសាស្ត្រណាមួយឡើយអំពីបញ្ហាផ្លូវចិត្តរបស់កូនក្ដី នៅពេលដែល​ចៅក្រមស្នើសុំ។

ទាក់ទិននឹងករណីនេះ ប្តី​របស់​ពិរុទ្ធជនដដែលក៏បានអះអាងប្រាប់​តុលាការ​ថា ភរិយារបស់ខ្លួនគឺតែងតែទៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀតជាទៀងទាត់ ប៉ុន្តែ​បុរសរូបនេះក៏មិន​មានជា​ឯកសារ​បញ្ជាក់ណាមួយផងដែរ។

លោក ពុធ ធាវី បន្ថែមថា៖ «សូមឯកឧត្ដម ប្រធានក្រុមប្រឹក្សាជំនុំជម្រះ​ ទម្លាក់ចោលនូវការសម្រេចនេះ ហើយ​បង្វែរ​សំណុំរឿង​ទៅ​សាលា​ឧទ្ធរណ៍​វិញ ​ដើម្បី​​ចោទប្រកាន់​ឱ្យចំបទចោទ​»​។

ជាការឆ្លើយតប ចៅក្រមតុលាការកំពូល លោក សាលី ធារ៉ា បានចោទប្រកាន់ប្ដីរបស់ពិរុទ្ធជនថាកុហកតុលាការ ពីព្រោះប្រសិនបើប្រពន្ធរបស់ខ្លួនធ្លាប់ទៅកាន់មន្ទីរពេទ្យដើម្បី​ពិនិត្យបញ្ហាផ្លូវចិត្តមែននោះ គឺវាត្រូវតែមានឯកសារវេជ្ជសាស្ត្រជាក់លាក់ជាមិនខាន ។

ថ្លែងរៀបរាប់ដោយ​​យំបណ្ដើរផងដែរនោះ ស្រ្ដីឈ្មោះ លីវ ប៊ុនធឿន បាន​ទទួលស្គាល់នូវ​កំហុស​ និងបានស្នើសុំឱ្យមានការបន្ធូរបន្ថយទោស ខណៈចៅក្រម​តុលាការ​កំពូល​ លោក ឃឹម ប៉ុណ្ណ គ្រោងនឹង​ប្រកាស​សាលក្រម​នៅ​ថ្ងៃ​ទី​១៦ ខែ​ឧសភា ខាងមុខនេះ៕

បកប្រែនិងសម្រួលដោយលោក ភុន ច័ន្ទឧសភា ចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Woman Convicted of Slashing Girl Appeals 12-Year Sentence

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ