រដ្ឋសភា​អនុម័ត​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​សុវត្ថិភាព​ម្ហូបអាហារ

សម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ National Assembly Of Cambodia)

រដ្ឋសភា នៅព្រឹកថ្ងៃពុធនេះ បាន​អនុម័ត​គាំទ្រទាំងស្រុង​លើសេចក្ដីព្រាងច្បាប់ស្ដីពី «សុវត្ថិភាព​ម្ហូប​អាហារ» ដោយសំឡេង១០២សំឡេង ខណៈមន្ត្រីរដ្ឋាភិបាលអះអាងថា សេចក្ដីព្រាងច្បាប់​នេះមានសារៈសំខាន់សម្រាប់ការពារ​សុខុមាលភាព និងអាយុជីវិតប្រជាពលរដ្ឋ។

សេចក្ដីប្រកាសព័ត៌មាន​របស់រដ្ឋសភា ស្ដីពីលទ្ធផលសម័យ​ប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ បានលើកឡើងថា សេចក្ដីព្រាងច្បាប់ស្ដីពីសុវ​ត្ថិ​ភាពម្ហូបអាហារ ដែលមាន១១ជំពូក និង៤៣​មាត្រា ត្រូវបាន​អង្គសភាអនុម័តយល់ព្រម​ឱ្យប្រើប្រាស់ទាំងមូល មានចំនួន១០២សំឡេង។

ក្រសួងពាណិជ្ជកម្មបានឱ្យដឹងនៅក្នុងទំព័រហ្វេស​ប៊ុករបស់ខ្លួន​ដែរថា ក្នុងសម័យ​ប្រជុំរដ្ឋសភានោះ លោក អង្គ វង្ស​វឌ្ឍានា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និង​ជា​តំណាង​​រដ្ឋាភិបាល បានលើកឡើងថា សេចក្ដីព្រាងច្បាប់នេះមានអត្ថប្រយោជន៍ និងចំណុចសំខាន់ៗជាច្រើន ដូចជា ការបង្កើតឱ្យមាន​យន្តការ​ទទួល​ខុស​ត្រូវ​របស់​ក្រសួង​ស្ថាប័ន​ជាតិ​ ដើម្បី​គ្រប់​គ្រងប្រតិ​បត្តិ​ករ​អាជីវកម្មម្ហូបអាហារនៅគ្រប់ដំណាក់កាលនៃខ្សែសង្វាក់ផលិតកម្ម ចាប់ពីកសិដ្ឋានផលិតរហូតដល់តុអាហារ និងធានាថាផលិតផលម្ហូបអាហារទាំងអស់ដែលចរាចរនៅ​កម្ពុជាមាន​គុណភាព សុវត្ថិ​ភាព និង​អនាម័យ​ល្អសម្រាប់ប្រជាពលរដ្ឋគ្រប់ៗរូប។

លោកបន្តថា សេចក្តីព្រាងច្បាប់នេះក៏បានកំណត់​គោលការណ៍​ជាមូលដ្ឋាន ដើម្បី​ជំរុញផលិត​ផល​ម្ហូប​អាហារ​ត្រូវ​បាន​ផលិត កែច្នៃ វេចខ្ចប់ និងចែកចាយ ផ្អែក​ទៅតាមស្តង់ដារនិងបទប្បញ្ញត្តិ​​​បច្ចេក​​ទេស​ជាតិ សំដៅធានាឱ្យបាននូវការការពារអាយុជីវិតនិង​សុខភាពប្រជាពលរដ្ឋ និង​​ជំរុញ​ប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្តពាណិជ្ជកម្ម​​ស្មើភាព សំដៅការពារផលប្រយោជន៍អ្នកប្រើប្រាស់។

លោក អង្គ វង្សវឌ្ឍនា បានគូសបញ្ជាក់ថា៖ «សេចក្ដីព្រាងច្បាប់នេះពិតមានសារៈសំខាន់ខ្លាំងណាស់សម្រាប់កម្ពុជា ព្រោះច្បាប់នេះនឹងចូលរួមគាំពារដល់សុខសុវត្ថិភាពផ្នែកម្ហូបអាហារជូនប្រជាពលរដ្ឋគ្រប់រូប ដោយធានាបាននូវការការពារសុខភាព និងអាយុជីវិត តាមរយៈការការពារការទទួលទានអាហារគ្មានសុវត្ថិភាព ដែលបណ្ដាលឱ្យកើតមានជំងឺផ្សេងៗ ព្រមទាំងអត្ថប្រយោជន៍សំខាន់ៗមួយចំនួនទៀតដែលកម្ពុជាអាចទទួលបាន នៅពេលដែលសេចក្ដីព្រាងច្បាប់នេះចូលជាធរមានក្នុងពេលឆាប់ៗខាងមុខ»។

ប្រភពដដែលបន្តថា សុវត្ថិភាពម្ហូបអាហារ ​ជាការទទួលខុសត្រូវរួម និងមានលក្ខណៈពហុវិស័យ ដែលចាំបាច់តម្រូវឱ្យមានការចូលរួមពីក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ ក្នុង​ការ​អនុវត្តការគ្រប់​គ្រង សម្រប​សម្រួល និងត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារ នៅតាមគ្រប់​ដំណាក់​​កាល​នៃខ្សែសង្វាក់ផលិតកម្ម។

ក្រៅពីនោះ សេចក្តីព្រាងច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ នឹងបង្កលក្ខណៈឱ្យប្រទេសកម្ពុជារៀបចំនូវប្រព័ន្ធសុវត្ថិភាពម្ហូបអាហារដែលមានលក្ខណៈទំនើប តាមរយៈការកសាងវិធីសាស្រ្តទប់ស្កាត់ជាមុន និងការត្រួតពិនិត្យខ្សែសង្វាក់ផលិតកម្ម ប្រសើរជាងការត្រួតពិនិត្យ និងវិភាគលើផលិតផលសម្រេច ដែលជាគោលការណ៍មួយយ៉ាងសំខាន់ក្នុងការជំរុញផលិតផលកម្ពុជា ឱ្យមានការទទួលស្គាល់ក្នុងទីផ្សារពិភពលោ‍ក។

សេចក្ដីព្រាងច្បាប់ស្តីពី​សុវត្ថិភាពចំណីអាហារនេះ​ ត្រូវបាន​គណៈរដ្ឋមន្ត្រីអនុម័ត កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ ដោយក្នុងសេចក្តីព្រាងច្បាប់​នោះបានបញ្ញត្តិពីគោលបំណងបង្កើតប្រព័ន្ធសុវត្ថិភាពម្ហូបអាហារសម្រាប់ការពារសុខភាពមនុស្សនិង​អ្នកប្រើប្រាស់ តាមរយៈការទប់ស្កាត់ ការគ្រប់គ្រង និងលុបបំបាត់ការបំពុលនិងគ្រោះថ្នាក់ដែលបណ្ដាលមកពីម្ហូបអាហារផងដែរ។

សេចក្តីព្រាងច្បាប់ស្តីពី​សុវត្ថិភាពអាហារនេះ​ ត្រូវបានរៀបចំឡើងក្នុងឆ្នាំ២០១៥ ដោយ​គ្រប​ដណ្តប់​លើម្ហូប​អាហារ​ទាំង​កែច្នៃ និងមិនកែច្នៃដែលមានកំណត់ក្នុងច្បាប់ ព្រម​ទាំង​លើខ្សែសង្វាក់ផលិតកម្មម្ហូបអាហារទាំងមូល ស្របតាមគោលការណ៍សុវត្ថិភាពម្ហូបអាហារ ចាប់ពីកសិដ្ឋានដល់តុបរិភោគ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ