ខុមហ្វ្រែលរកឃើញថា សភាអាណត្តិនេះអសកម្មក្នុងការការពារសិទ្ធិម្ចាស់ឆ្នោត

តំណាងរាស្រ្តជាប់ឆ្នោតបក្សប្រជាជនកម្ពុជា បោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តលើសមាសភាពរដ្ឋាភិបាលថ្មី​សម្រាប់អាណត្តិទី៦ ឆ្នាំ២០១៨។ (ជន ចាន់រ៉ែន)

អង្គការឃ្លាំមើលការបោះឆ្នោតរកឃើញថា សភាអាណត្តិទី៦នេះអសកម្មក្នុងការលើកយកបញ្ហារបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោត មកជជែកដេញដោលជាមួយរដ្ឋាភិបាល ដើម្បីជំរុញឱ្យការការអនុវត្តច្បាប់ធានាដល់ផលប្រយោជន៍ម្ចាស់ឆ្នោតដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។

ការលើកឡើងរបស់អង្គការខុមហ្វ្រែល ក្នុងកម្មវិធីកិច្ចពិភាក្សាស្ដីពី «ការសង្កេតរដ្ឋសភា និងតំណាងរាស្ត្រ ក្នុងនីតិកាលទី៦ ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣» នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ។

អ្នកសម្របសម្រួលកម្មវិធីអង្កេត និងតស៊ូមតិ នៃអង្គការខុមហ្វ្រែល លោក កន សាវាង្ស បានលើកឡើងថា តំណាងរាស្ត្រដែលបានចុះបេសកកម្ម និងជួបជាមួយប្រជាពលរដ្ឋ ព្រមទាំងក្នុងហេតុផ្សេងៗមានចំនួន១២៣​រូប ខណៈដែលតំណាងរាស្ត្រផ្សេងទៀតមិនបានចុះបេសកកម្មទាល់តែសោះ។

លោកបន្តថា ការចុះបេសកកម្មរបស់តំណាងរាស្ត្រ មានគោលបំណងចំនួន៥ ក្នុងនោះ ចុះពិនិត្យ និងទទួលបញ្ហា ទី២ ការចុះសួរសុខទុក្ខ និងសំណេះសំណាល ទី៣ ការចុះពង្រឹងបណ្ដាញ ទី៤ ការចុះចូលរួមកិច្ចប្រជុំ  និងទី៥ ចុះអមដំណើរថ្នាក់ដឹកនាំ។

ក្នុងចំណោមគោលបំណងទាំង៥ខាងលើនេះ លោកថា ការចុះសួរសុខទុក្ខ និងសំណេះសំណាលមានចំនួនច្រើនជាងគោលបំណងផ្សេងៗ ហើយប្រៀបធៀបនឹងអាណត្តិទី៥វិញ ​ចំនួននេះក៏បានកើនឡើងលើសពីគោលបំណងចុះបេសកកម្មនៅក្នុង​អាណត្តិទី៥ដែរ ​ក្នុងនោះ អាណត្តិទី៥ មានចំនួន៣ ៥០០បេសកកម្ម ខណៈអាណត្តិទី៦ មានចំនួន៣ ៦០០។

លោក កន សាវាង្ស បញ្ជាក់ថា សកម្មភាពក្នុងការចុះបេសកកម្មរបស់តំណាងរាស្ត្រ ទាំងនៅក្នុងមណ្ឌល និងនៅក្រៅមណ្ឌល ក្នុងនីតិកាលទី៦ នៃរដ្ឋសភា មិនសមមាត្ររវាងចំនួនសំណួរដាក់ចូលក្នុងយន្តការរដ្ឋសភា និងបញ្ហានានាដែលបានលើកឡើងដោយប្រជាពលរដ្ឋក្នុងពេលចុះបេសកកម្មនោះទេ។

ជាងនេះទៀត លោកថា ដ្បិតសកម្មភាពចុះបេសកកម្មរបស់តំណាងរាស្រ្តបានច្រើនក៏ពិតមែន ប៉ុន្តែតំណាងរាស្ត្រទាំងនោះមិនបានធ្វើរបាយការណ៍ដាក់ចូលជជែកដេញដោលក្នុងរដ្ឋសភា ទោះបីក្នុងកម្រិតគណៈកម្មការជំនាញ ឬសម័យប្រជុំពេញអង្គក៏ដោយ។

លោកថា៖ «សកម្មភាពមួយចំនួនមិនស្ថិតក្នុងអាណត្តិ និងតួនាទីតំណាងរាស្ត្រនោះទេ ដូចការការចុះពង្រឹងបណ្ដាញ និងការអមដំណើរ ការរកដំណោះស្រាយមួយចំនួនមានលក្ខណៈដែលមិនតម្រូវនៅក្នុងតួនាទីរបស់តំណាងរាស្ត្រ។ ការដោះស្រាយផ្ទាល់ ដែលមានលក្ខណៈអង្គនីតិប្រតិបត្តិ យើងឃើញមានករណីខ្លះ។ ហេតុដូច្នេះ ផ្អែកតាមរបាយការណ៍សង្កេតនេះ រដ្ឋសភានីតិកាលទី៦ មិនមានសកម្មភាពតាមមាត្រា៩៦ នៃរដ្ឋធម្មនុញ្ញនោះទេ ដែលការណ៍នេះ ប្រព័ន្ធសភានិយម និងប្រជាធិបតេយ្យនៅខ្សោយ បើប្រៀបធៀបទៅនឹងរដ្ឋសភា ដែលមានតំណាងរាស្ត្រមកពីពហុបក្ស ដែលចោទសំណួរដល់គោលការណ៍ដែលមានចែងក្នុងមាត្រា១ នៃរដ្ឋធម្មនុញ្ញ»។

លោកថា អង្គការខុមហ្វ្រែល នឹងដាក់របាយការណ៍ជូនរដ្ឋសភា ដើម្បីស្នើសុំការឆ្លើយបំភ្លឺពីរដ្ឋសភាជុំវិញរឿងនេះ ទោះបីជាក្នុងកិច្ចពិភាក្សានាព្រឹកមិញ ខាងរដ្ឋសភាមិនបានទៅចូលរួមក្ដី។

អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង បានច្រានចោលការរកឃើញរបស់អង្គការខុមហ្វ្រែល ដោយថា ការលើកឡើងនេះជាការមើលពីសម្បកខាងក្រៅតែប៉ុណ្ណោះ។

លោកថា៖ «តាមធម្មតា គេធ្វើការ គឺគេធ្វើការរបស់គេត្រឹមត្រូវ ទោះបីធ្វើការមិនចំហ គេធ្វើការដោយស្ងាត់ៗ ទៅតាមមូលដ្ឋាន ឧទាហរណ៍ដូចជា នៅក្នុងវេទិកាសាធារណៈ ​ក៏សភាបានចូលរួម ការចុះជួបជាមួយប្រជាជន ការដោះស្រាយបញ្ហាជូនប្រជាជន ទោះបីមិនធ្វើនៅក្នុងសភា ក៏ធ្វើនៅក្នុងការចុះមូលដ្ឋាន ឬក៏ធ្វើដោយសហការជាមួយរដ្ឋអំណាច។ ដូច្នោះ គណបក្សនិងសភា វានៅជាមួយគ្នា។ អ៊ីចឹងហើយកាលដែលមើលពីក្រៅ ឃើញថា សភាអត់មានហៅអញ្ជើញរដ្ឋាភិបាលមក មកសួរដេញដោល គឺរដ្ឋាភិបាល និងសភា គេធ្វើការសហការគ្នារួចទៅហើយ ដើម្បីដោះស្រាយបញ្ហាជូនប្រជាជន មិនមែនថាគេអត់ធ្វើទេ។ អាហ្នឹងគាត់មើលពីខាងក្រៅ ហើយជាទស្សនៈយល់ឃើញរបស់គាត់ទេ ខ្ញុំក៏គ្មានយោបល់អីចំពោះគាត់ដែរ»។

អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ និងបច្ចុប្បន្នជាអនុប្រធានគណបក្សខ្មែររួបរួមជាតិ លោក យ៉ែម បុញ្ញឫទ្ធិ លើកឡើងថា សភាមិនអាចបំពេញកាតព្វកិច្ចក្រៅពីបន្ទាត់នយោបាយ ដោយសារច្បាប់មួយចំនួនបានចងពួកគាត់អស់ហើយ។

 លោកថា៖ «សួរថាគាត់ជាតំណាងរាស្ត្រ គាត់ហ៊ាន ឬមិនហ៊ាន? ឃើញបញ្ហាអសកម្ម ហ៊ានហៅរដ្ឋមន្ត្រីមកសួរអត់? ដូចខ្ញុំលើកអ៊ីចឹង វាពាក់ព័ន្ធទៅបុគ្គលិកលក្ខណៈរបស់បុគ្គល ជាអ្នកតំណាងរាស្ត្រ។ តំណាងរាស្រ្ត មិនហ៊ាន ដោយសារច្បាប់ចែងអ៊ីចឹង។ បើសិនគាត់លើក អាចខុសគោលការណ៍បក្ស អាចខុស! នេះគេអាចដកចេញសមាជិកបក្ស គាត់បាត់បង់តួនាទី។ ចំណុចនេះ ខ្ញុំបញ្ជាក់ហើយបញ្ជាក់ទៀត យើងត្រូវរៀបចំប្រជាធិបតេយ្យយើងឱ្យមានការរីកចម្រើនឡើង កុំឱ្យយករឿងបក្ខពួកមកសង្កត់ប្រជាធិបតេយ្យ យើងមើលគន្លឹះមួយៗហើយនាំគ្នាដោះ»។

មាត្រា១៣៩ នៃច្បាប់បោះឆ្នោត ចែងថា សមាជិករដ្ឋសភាត្រូវបាត់បង់សមាជិកភាពរបស់ខ្លួន ករណីសាម៉ីខ្លួនបាត់បង់សមាជិកភាពពីគណបក្សនយោបាយរបស់ខ្លួន។

 ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោកបណ្ឌិត ប៉ា ចន្ទរឿន មានប្រសាសន៍ថា បើសភាអសកម្មក្នុងការបម្រើប្រជាពលរដ្ឋ និងបំពេញតួនាទី ព្រមទាំងកាតព្វកិច្ចរបស់ខ្លួនឱ្យបានពេញលេញទៅតាមច្បាប់ទេ លោកថា វាប៉ះពាល់ដល់សេវាបម្រើ និងការមិនយកចិត្តទុកដាក់ទៅលើបញ្ហារបស់ប្រជាពលរដ្ឋ។ ជាក់ស្ដែង បច្ចុប្បន្ន មានបញ្ហាជាច្រើនកើតឡើងក្នុងសង្គមកម្ពុជា ដូចជា បញ្ហាអយុត្តិធម៌ រឿងទំនាស់ដីធ្លី  វិវាទការងារ និងបញ្ហាខ្វះទីផ្សាររបស់កសិកម្មជាដើម។

លោកថា៖ «ក្នុងអាណត្តិទី៦នេះ អាសនៈសភាទាំងអស់ក្ដោបក្ដាប់ដោយគណបក្សកាន់អំណាច។ ផ្ទុយទៅវិញ នៅពេលដែលអំណាចកាន់ពេញដៃ បានធ្វើឱ្យភាពសកម្មរបស់តំណាងរាស្រ្ត​ត្រូវបានធាក់ថយ»។

លោកបណ្ឌិត ប៉ា ចន្ទរឿន យល់ថា ប្រសិនសភាមកពីគណបក្សតែមួយ វាងាយស្រួលក្នុងការធ្វើការងារច្រើនជាងមានសភាពហុបក្សទៅទៀត បើសិនជាគិតពីប្រសិទ្ធភាព និងឆន្ទៈក្នុងការដោះស្រាយជូនប្រជាពលរដ្ឋ។ ផ្ទុយទៅវិញ គណបក្សកាន់អំណាចបែរជាមិនចាប់យកឱកាសនេះ ដោយបន្ថយការបំពេញតួនាទីរបស់ខ្លួនក្នុងការស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋ។

លោកថា៖ «ខ្ញុំជឿថា នៅស្រុកយើង គំនាបនយោបាយ វាធំជាងគំនាបអ្វីៗទាំងអស់។ ហើយដើម្បីឱ្យតំណាងរាស្រ្តបំពេញតួនាទីត្រឹមត្រូវតាមបែបប្រព័ន្ធសភានិយម ដូចអ្វីដែលមានចែងក្នុងធម្មនុញ្ញរបស់យើង ទី១ ទាំងអ្នកនយោបាយ ទាំងសមាជិកសភា ទាំង​ថ្នាក់ដឹកនាំរដ្ឋាភិបាល គួរពិនិត្យឡើងអំពីធម្មនុញ្ញរបស់យើង។ បើសិនជាយើងដើរដូចមានការគូសវាសដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ​ ខ្ញុំជឿថា ដំណើរការងាររដ្ឋបាលយើង ការគ្រប់គ្រងទាំងការធ្វើការសភាតំណាងរាស្រ្ត នឹងប្រព្រឹត្តដោយរលូន»។

មាត្រា៩៦​ នៃរដ្ឋធម្មនុញ្ញ ចែងថា តំណាងរាស្ត្រ​មាន​សិទ្ធិ​ដាក់​សំណួរ​ដល់​រាជរដ្ឋាភិបាល។ សំណួរ​នេះ​ត្រូវ​​សរសេរ​ជា​លាយលក្ខណ៍​អក្សរ​ប្រគល់​ជូន​តាម​រយៈ​ប្រធាន​រដ្ឋសភា។ ចម្លើយ​អាច​ធ្វើ​ឡើង​ដោយ​រដ្ឋមន្ត្រី​មួយ​រូប​ ឬ​ច្រើន​រូប​​ អាស្រ័យ​ដោយ​បញ្ហា​ដែល​​បាន​ចោទ​ឡើង​ ​ពាក់ព័ន្ធ​នឹង​ការ​ទទួល​ខុសត្រូវ​​របស់​មន្ត្រី​មួយ​រូប​ ឬ​ច្រើន​រូប។ បើ​បញ្ហា​ពាក់ព័ន្ធ​​ដល់​នយោបាយ​ទូទៅ​របស់​រាជរដ្ឋាភិបាល ​នាយករដ្ឋមន្ត្រី​ត្រូវ​ឆ្លើយ​ផ្ទាល់​ខ្លួន។

ចម្លើយ​របស់​រដ្ឋមន្ត្រី​ ឬ​របស់​នាយករដ្ឋមន្ត្រី​ អាច​ធ្វើ​ដោយ​ផ្ទាល់​មាត់​ ឬ​សរសេរ​ជា​លាយលក្ខណ៍​អក្សរ។ ចម្លើយ​ខាង​លើ​នេះ​​ត្រូវ​ធ្វើ​ឡើង​ក្នុង​រយៈពេល​ប្រាំ​ពីរ​ថ្ងៃ​ បន្ទាប់​ពី​បាន​ទទួល​សំណួរ។ 

ចំពោះ​ចម្លើយ​ផ្ទាល់​មាត់​ ប្រធាន​រដ្ឋសភា​អាច​សម្រេច​បើក​ឱ្យ​មាន​ ឬ​មិន​ឱ្យ​មាន​ការ​ជជែក​ដេញ​ដោល។ បើ​គ្មាន​ការ​បើក​​ឱ្យ​ជជែក​ដេញដោល​ទេ ​នោះ​ចម្លើយ​របស់​រដ្ឋមន្ត្រី​ ឬ​នាយករដ្ឋមន្ត្រី​​ នឹង​បញ្ចប់​សំណួរ​តែ​ម្ដង។ បើ​មាន​ការ​បើក​ឱ្យ​ជជែក​ដេញដោល ​ម្ចាស់​សំណួរ​ វាគ្មិន​ឯ​ទៀត​ និង​​រដ្ឋមន្ត្រី​ពាក់ព័ន្ធ​ ឬ​នាយករដ្ឋមន្ត្រី​ អាច​ជជែក​ប្ដូរ​យោបល់​ក្នុង​រយៈពេល​ដែល​មិន​អាច​លើស​ពី​មួយ​ពេល​ប្រជុំ​ឡើយ។

រដ្ឋសភា​កំណត់​ទុក​ពេល​មួយ​ថ្ងៃ​ ក្នុង​មួយ​សប្ដាហ៍​ សម្រាប់​ការ​ឆ្លើយ​សំណួរ។ ទោះបី​យ៉ាង​ណា​ក៏​ដោយ​ សម័យ​ប្រជុំ​សម្រាប់​ឆ្លើយ​សំណួរ​ខាង​លើ​នេះ​មិន​អាច​បើក​លទ្ធភាព​​ឱ្យ​មាន​ការ​បោះឆ្នោត​ប្រភេទ​ណា​មួយ​បាន​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ