ពលរដ្ឋ​ខេត្តស្វាយរៀង​ចោទ​ក្រុមហ៊ុនចិន​មួយ​ថា​បិទផ្លូវ​ក្នុង​សហគមន៍​មិន​ឱ្យ​ពួកគេ​ធ្វើដំណើរ​ឆ្លងកាត់

ពលរដ្ឋជាច្រើននាក់មកពី៣ភូមិ នៃឃុំព្រៃគគីរ ស្រុកចន្ទ្រា បានប្រមូល​ផ្ដុំត​វ៉ា​មុខ​សាលាស្រុកចន្ទ្រា ខេត្តស្វាយរៀង ដើម្បីរកអន្តរាគមន៍ពីអាជ្ញាធរឱ្យជួយដោះស្រាយករណីក្រុមហ៊ុនចិននៅ​ក្នុងតំបន់​សេដ្ឋកិច្ចពិសេស​តាយ​សេង បិទផ្លូវក្នុងសហគមន៍មិនឱ្យពួកគេធ្វើដំណើរឆ្លងកាត់ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២។ (ផ្ដល់ឱ្យ)

ពលរដ្ឋ​នៅ​ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង ចោទក្រុមហ៊ុនចិនមួយ​ថាបានបិទផ្លូវក្នុងសហគមន៍​មិន​ឱ្យប្រជាពលរដ្ឋ​ធ្វើដំណើរឆ្លងកាត់​ ក្រោយអភិវឌ្ឍផ្លូវ​នោះរួចរាល់។

កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ពលរដ្ឋជាច្រើននាក់មកពី៣ភូមិ នៃឃុំព្រៃគគីរ ស្រុកចន្ទ្រា បានប្រមូល​ផ្ដុំត​វ៉ា​មុខ​សាលាស្រុក ដើម្បីរកអន្តរាគមន៍ពីអាជ្ញាធរឱ្យជួយដោះស្រាយករណីក្រុមហ៊ុនចិននៅ​ក្នុងតំបន់​សេដ្ឋកិច្ចពិសេស​តាយ​សេង បិទផ្លូវក្នុងសហគមន៍មិនឱ្យពួកគេធ្វើដំណើរឆ្លងកាត់។

លោក ពុំ សុម៉ាល័យ អះអាងថាជាពលរដ្ឋ​​រស់​នៅភូមិគគីរ ឃុំព្រៃគគីរ ប្រាប់វីអូឌីនៅថ្ងៃពុធនេះថា ក្រុមហ៊ុនចិនឈ្មោះ តាយ សេង បានសុំពលរដ្ឋ និងអាជ្ញាធរអភិវឌ្ឍផ្លូវមួយខ្សែ​ក្នុងសហគមន៍ ដោយសន្យាពេលធ្វើរួច នឹងអនុញ្ញាតឱ្យពលរដ្ឋធ្វើដំណើរឆ្លងកាត់ធម្មតា។ ប៉ុន្តែកាលពីដើមសប្ដាហ៍នេះ ក្រុមហ៊ុនបានបិទផ្លូវ​នោះ​ មិនឱ្យ​ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ឡើយ ដែលធ្វើឱ្យពលរដ្ឋខឹងសម្បា និងផ្ទុះការតវ៉ា។

លោកបន្ថែមថា៖ «មុនដំបូង ប្រជាពលរដ្ឋតវ៉ា​មិនឱ្យក្រុមហ៊ុនធ្វើផ្លូវហ្នឹងទេ ដោយសារបារម្ភខ្លាចក្រុមហ៊ុនធ្វើ​ហើយ​មិនឱ្យពលរដ្ឋធ្វើដំណើរឆ្លងកាត់ ប៉ុន្តែក្រោយអភិបាលរងខេត្តស្វាយរៀងចុះមកដោះស្រាយ គាត់បានឱ្យប្រជាពលរដ្ឋដែលមានដីជាប់ផ្លូវនោះជួយបរិច្ចាគ​ដី​ខ្លះ ដើម្បី​ឱ្យក្រុមហ៊ុនធ្វើផ្លូវបានធ្វើដំណើរទាំងអស់​គ្នា ហើយប្រជាពលរដ្ឋក៏ព្រមឱ្យធ្វើ ប៉ុន្តែពេលក្រុមហ៊ុនធ្វើរួច​ បានបិទផ្លូវហ្នឹងមិនឱ្យពលរដ្ឋធ្វើដំណើរចេញ​ចូល​ទៅវិ​ញ»

ពលរដ្ឋនៅឃុំព្រៃ​គគីរ​ម្នាក់​ទៀត អ្នកស្រី អ៊ុង ផល្លី បានឱ្យដឹង​ថា ផ្លូវដែលក្រុមហ៊ុនបិទនោះមានប្រវែងប្រហែល​៣គីឡូម៉ែត្រ មាន​ប្រជាពលរដ្ឋចំនួន៣ភូមិ ក្នុងឃុំនេះ ធ្វើដំណើរ​ឆ្លង​កាត់​ជា​ប្រចាំ​ថ្ងៃ ដើម្បីទៅធ្វើការងារ ធ្វើកសិកម្ម និងប្រកបមុខរបរ​ផ្សេងៗ។

អ្នកស្រីបន្ថែមថា៖ «កន្លែងហ្នឹងមានទួលប្រវត្តិ​សាស្ត្រមួយកន្លែង​ដែល​ប្រជា​ពលរដ្ឋ និង​ព្រះសង្ឃ​ ចូល​ធ្វើបុណ្យ​ធ្វើទាននៅទីហ្នឹង ហើយ​មាន​ប្រជាពលរដ្ឋ​ជាច្រើន​ធ្វើដំណើរចូលទៅធ្វើស្រែនៅជិតៗនោះ អ៊ីចឹងគាត់បិទ​ផ្លូវហ្នឹងម៉េច​កើត! បើក្រុមហ៊ុននៅតែមិនគោរពសម្តីរបស់គាត់ យើងនឹងនាំគ្នាតវ៉ាទៀត»

វីអូឌី មិនអាច​រក​ការ​ឆ្លើយ​តប​ពី​តំណាង​ក្រុមហ៊ុនដែលរងការចោទប្រកាន់នោះ​បានទេ នៅថ្ងៃពុធនេះ។

មេឃុំព្រៃគគី លោក ពេទ ស៊ាន​ បានទទួលស្គាល់ថា ក្រុមហ៊ុនចិនពិតជាបានបិទផ្លូវមិនឱ្យពលរដ្ឋធ្វើដំណើរ​ឆ្លង​កាត់​មែន ប៉ុន្តែបញ្ហានេះត្រូវបានដោះស្រាយបញ្ចប់ហើយ ដោយ​ក្រុមហ៊ុន​បាន​សម្រេច​​បើក​ផ្លូវ​ឱ្យ​ពលរដ្ឋធ្វើដំណើរ​ឡើងវិញនៅថ្ងៃនេះ ក្រោយមានការសម្របសម្រួល​ពី​អាជ្ញាធរ​ពាក់​ព័ន្ធ​។

លោកបន្ថែមថា៖ «យើងដោះស្រាយបានមួយរយ​ភាគ​រយ​ហើយ ដោយ​ពលរដ្ឋ និងក្រុមហ៊ុនបានព្រមព្រៀងគ្នា ក្រុមហ៊ុនគេ​ឱ្យ​ចរាចរធម្មតាវិញ​ហើយ គេឱ្យ​​ដឹកបានត្រឹម៥តោន​ ឱ្យជួយថែទាំទាំងអស់គ្នា ហើយ​មានកិច្ចសន្យារវាងភាគីទាំងសងខាង»

បើតាមមេឃុំរូបនេះ នៅឃុំព្រៃគគីរ មានប្រជា​ពលរដ្ឋរស់នៅ​​ជិត៦ ០០០នាក់ និងមានភូមិចំនួន៥ រួមមាន ​ភូមិគគី ភូមិកោះគោ ភូមិចំការលាវ ភូមិអង្គក្ដួច និងភូមិត្រពាំងបុណ្យ។ លោកអះអាងថា ការបិទផ្លូវនេះ គឺប៉ះពាល់​ពលរដ្ឋតែមួយភូមិប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ