សហជីពមួយបានជំរុញទៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឱ្យមានចំណាត់ការចំពោះថៅកែរោងចក្រដែលមិនព្រមទទួលយកកម្មករឱ្យចូលធ្វើការងារវិញ តាមសេចក្ដីបង្គាប់របស់ក្រសួង។
ប្រធានសហព័ន្ធសហជីពឯករាជ្យ លោក រី សិទ្ធីណែត ប្រាប់វីអូឌីនៅថ្ងៃព្រហស្បតិ៍នេះថា ថ្នាក់ដឹកនាំ និងសមាជិកសហជីពដែលបម្រើការងារនៅរោងចក្រមួយចំនួនក្នុងខេត្តកណ្ដាល ត្រូវបានថៅកែបញ្ឈប់ពីការងារជាបន្តបន្ទាប់ ក្រោយពួកគេចងក្រងបង្កើតសហជីពក្នុងរោងចក្រ។
លោកបន្តថា ថៅកែរោងចក្រផលិតស្បែកជើង «ឈឺមីង ស៊ីន ហ្វេកធើរី» ស្ថិតនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល បានបញ្ឈប់ថ្នាក់ដឹកនាំសហព័ន្ធសហជីពឯករាជ្យប្រចាំរោងចក្រនេះចំនួន៥នាក់ និងថៅកែរោងចក្រកាត់ដេរសម្លៀកបំពាក់ «អេសវ៉ាយអេចជេ ហ្គាមិន» ស្ថិតនៅឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល បានបញ្ឈប់ថ្នាក់ដឹកនាំសហព័ន្ធសហជីពឯករាជ្យប្រចាំរោងចក្រនេះចំនួន៣នាក់ ក្រោយពួកគេចេញឈ្មោះបង្កើតសហជីព។
ប្រធានសហព័ន្ធសហជីពរូបនេះបន្តទៀតថា ក្រោយពីថៅកែបញ្ឈប់ពីការងារ ក្រុមកម្មករបានប្តឹងទៅក្រសួងការងារឱ្យជួយដោះស្រាយ ហើយនាយកដ្ឋានវិវាទការងារបានចេញសេចក្តីបង្គាប់ឱ្យថៅកែរោងចក្រទទួលយកកម្មករចូលធ្វើការងារវិញ ប៉ុន្តែថៅកែរោងចក្រទាំងនោះមិនអនុវត្តតាមឡើយ។
លោក រី សិទ្ធីណែត បន្ថែមថា ប្រសិនបើក្រសួងការងារមិនចាត់វិធានការច្បាប់ ឬបង្ខំឱ្យអនុវត្ត និងដាក់ពិន័យទៅលើរោងចក្រទេនោះ កម្មករខ្មែរនឹងរងការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងរំលោភបំពានសិទ្ធិធ្ងន់ធ្ងរពីសំណាក់ថៅកែ។
លោកបន្ថែមថា៖ «រដ្ឋាភិបាល ជាពិសេសក្រសួងការងារ គាត់ត្រូវមានវិធានការដោយជំរុញឱ្យរោងចក្រហ្នឹងអនុវត្តច្បាប់ ហើយត្រូវបានពិន័យគាត់ និងចេញរបាយការណ៍ថា រោងចក្រនោះបានបំពានច្បាប់ និងរំលោភសិទ្ធិកម្មករនិយោជិត។ ហើយបើមិនមានចំណាត់ការទេ វាជាឱកាសមួយធ្វើឱ្យថៅកែបានដៃ ហើយលែងគោរពច្បាប់ និងកាន់តែមើលងាយច្បាប់នៅក្នុងប្រទេសកម្ពុជាទៀត និងធ្វើបាបកៀបសង្កត់សិទ្ធិដែលមាន ហើយមិនអាចអនុវត្តបានទៀត»។
កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២នេះ នាយកដ្ឋានវិវាទការងារបានចេញសេចក្តីបង្គាប់មួយឱ្យថៅកែរោងចក្រ «អេសវ៉ាយអេចជេ ហ្គាមិន» ទទួលយកថ្នាក់ដឹកនាំសហជីពឯករាជ្យចំនួន២នាក់ រួមមាន អ្នកស្រី ប្រាក់ តុលា និងលោក នី តុលា ចូលធ្វើការងារវិញ ក្រោយពីរកឃើញថា ការបញ្ឈប់នោះធ្វើឡើងដោយខុសច្បាប់។
ប្រធានផ្នែកវេចខ្ចប់ និងជាប្រធានសហជីពឯករាជ្យប្រចាំរោងចក្រ «អេសវ៉ាយអេចជេ ហ្គាមិន» អ្នកស្រី ហ៊ុល សុឃីម ប្រាប់វីអូឌីថា រហូតមកដល់ពេលនេះ ថៅកែរោងចក្រមិនទាន់ឱ្យពួកគាត់ចូលធ្វើការងារនៅឡើយទេ។
អ្នកស្រីបន្ថែមថា៖ «ខាងក្រសួងគេចេញលិខិតឱ្យយើងចូលធ្វើការងារវិញហើយ ប៉ុន្តែប្រធានរដ្ឋបាលគេមិនឱ្យចូល។ បើពួកខ្ញុំចូល គាត់ខ្លាចបាត់បង់ផលប្រយោជន៍ដែលគាត់បានកិបកេងពីកម្មករ ព្រោះយើងជាសហជីពឯករាជ្យ យើងនឹងតវ៉ា»។
លោក ពិសិដ្ឋ ដែលកម្មករប្រាប់ថាជាប្រធានរដ្ឋបាលរោងចក្រ អេសវ៉ាយអេចជេ ហ្គាមិន សុំមិនឆ្លើយតបពាក់ព័ន្ធករណីនេះ។
កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ នាយកដ្ឋានវិវាទការងារបានចេញសេចក្តីបង្គាប់មួយឱ្យថៅកែរោងចក្រផលិតស្បែកជើង «ឈឺ មីង ស៊ីន ហ្វេកធើរី» ទទួលយកថ្នាក់ដឹកនាំសហជីពឯករាជ្យចំនួន៥នាក់ រួមមាន អ្នកស្រី ដួង សុកណាង, លោក ឌួង តុលា, លោក រឿន សុភា, លោក ឆេង សិទ្ធ និងអ្នកស្រី ឡុង សុខលីន ឱ្យចូលបម្រើការងារវិញ។
ប្រធានសហជីពឯករាជ្យប្រចាំរោងចក្រ ឈឺ មីង ស៊ីន អ្នកស្រី ដួង សុកណាង ឱ្យដឹងថា រហូតមកដល់ពេលនេះ ថៅកែរោងចក្រមិនទាន់ទទួលយកពួកគាត់ចូលធ្វើការងារវិញទេ។ អ្នកស្រីចាត់ទុកករណីថៅកែបញ្ឈប់ពួកគាត់ពីការងារនេះថា ជាការរើសអើងសហជីព និងជាទង្វើខុសច្បាប់។
វីអូឌី មិនអាចសុំការឆ្លើយតបពីតំណាងរោងចក្រផលិតស្បែកជើង ឈឺ មីង ស៊ីន ហ្វេកធើរី បានទេ នៅថ្ងៃនេះ។
ប្រធានការិយាល័យវិវាទការងារទី៣ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ជា ស៊ាងហុង មានប្រសាសន៍ថា ប្រសិនបើភាគីណាមួយមិនពេញចិត្តចំពោះសេចក្តីសម្រេចរបស់អធិការការងារនេះ ពួកគេអាចប្តឹងតវ៉ាតាមនីតិវិធីទៅក្រសួងការងារបន្តទៀត។
លោកបន្ថែមថា៖ «ចំពោះសេចក្តីសម្រេចនេះ ទាំងនិយោជកឬនិយោជិត និងសហជីព ប្តឹងជំទាស់បាន ប្រសិនពួកគេមិនពេញចិត្ត។ ពួកគេអាចប្តឹងទៅក្រសួងការងារឱ្យរកដំណោះស្រាយទៀត»។
មាត្រា៤៥ នៃច្បាប់ស្តីពីសហជីព ចែងថា ក្នុងករណីកម្មករនិយោជិតមានកំហុសធ្ងន់ធ្ងរដែលមានចែងក្នុងច្បាប់ស្តីពីការងារ និយោជកនៃសហគ្រាស ឬគ្រឹះស្ថាន អាចចេញលិខិតព្យួរការងារសាម៉ីខ្លួនភ្លាមៗបាន ដើម្បីរង់ចាំសេចក្តីសម្រេចរបស់អធិការការងារ ហើយក្នុងករណីដែលអធិការការងារមិនយល់ព្រមឱ្យបញ្ឈប់ការងាររបស់សាម៉ីខ្លួនទេ ការព្យួរការងារនេះត្រូវទុកជាមោឃៈ ហើយផលប៉ះពាល់នៃការព្យួរការងារនេះក៏ត្រូវលុបចោលដោយច្បាប់។ និយោជកត្រូវទទួលយកកម្មករនិយោជិតដែលខ្លួនបានព្យួរការងារនោះឱ្យចូលធ្វើការងារវិញភ្លាម បន្ទាប់ពីបានទទួលសេចក្តីសម្រេចពីអធិការការងារ។
កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (CCAWDU) បានឱ្យដឹងថា មានរោងចក្រចំនួន២៣ទីតាំង ដែលមានកម្មករសរុប១ ៤០៨នាក់ បានរងគ្រោះដោយការបញ្ឈប់ពីការងារ បន្ទាប់ពួកគេប្រើប្រាស់សិទ្ធិក្នុងការបង្កើតសហជីពក្នុងសហគ្រាស និងគ្រឹះស្ថានដែលពួកគេកំពុងធ្វើការ ខណៈរោងចក្រខ្លះទៀតត្រូវបានបិទទ្វារ ដោយសារថៅកែមិនបានទូទាត់ប្រាក់ជូនកម្មករតាមច្បាប់ស្តីពីការងារ។ មួយទៀតនោះ សំណុំរឿងមួយចំនួនដែលក្រុមប្រឹក្សាអាជ្ញាកណ្ដាលបានដោះស្រាយ និងសម្រេចឱ្យកម្មករឈ្នះហើយ គឺមិនត្រូវបានថៅកែ ឬនិយោជក អនុវត្តតាមសេចក្ដីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលឡើយ ដែលករណីនេះ សហជីពចាត់ទុកថា ជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងជាការកេងប្រវ័ញ្ចកម្លាំងពលកម្មកម្មករ ដែលត្រូវបានហាមឃាត់ដោយច្បាប់ផងនោះ៕