កម្មករ​រោងចក្រ ឃែនធើរេន ដេក​យាម​មុខ​រោងចក្រ​មិន​ឱ្យ​ដឹក​អីវ៉ាន់​ចេញ ក្រោយ​សង្ស័យ​ថៅកែ​រត់ចោល

កម្មករជាច្រើននាក់បម្រើការងារនៅ​រោងចក្រកាត់ដេរសម្លៀកបំពាក់ ឃែនធើរេន អីភែរឹល (ខេមបូឌា) ស្ថិត​​ក្នុ​​ង​សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឈរយាម​មុខ​រោង​ចក្រ ក្រោយ​​សង្ស័យ​ថៅកែ​រត់​ចោល ដោយ​មិន​​បាន​​ដោះ​ស្រាយ​សំណង​តាម​ផ្លូវ​ច្បាប់​ជូន​ពួក​គេ។ (ពលរដ្ឋអ្នកសារព័ត៌មាន)

កម្មករជាច្រើននាក់បម្រើការងារនៅ​រោងចក្រកាត់ដេរសម្លៀកបំពាក់ ឃែនធើរេន អីភែរឹល (ខេមបូឌា) ស្ថិត​​ក្នុ​​ង​សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បាន​នាំគ្នាដេកយាម​មុខ​រោង​ចក្រ ក្រោយ​​សង្ស័យ​ថៅកែ​រត់​ចោល ដោយ​មិន​​បាន​​ដោះ​ស្រាយ​សំណង​តាម​ផ្លូវ​ច្បាប់​ជូន​ពួក​គេ។

កម្មការិនីផ្នែកដេរ អ្នកស្រី ឃួន សុខា បម្រើកា​រងារ​នៅ​រោងចក្រ​ ឃែនធើរេន ២១ឆ្នាំ ប្រាប់​វីអូឌី​នៅ​ថ្ងៃ​សុក្រនេះ​ថា ក្រុម​កម្មករ​បាន​ដេក​យាម​មុខ​រោង​ចក្រ​រយៈពេល១សប្ដាហ៍ហើយ ដើម្បីរារាំងមិនឱ្យមានការដឹកសម្ភារចេញពីរោង​ចក្រ ក្រោយពីថ្នាក់ដឹកនាំរបស់រោងចក្រនេះចាប់​ពីផ្នែករដ្ឋបាល​រហូតដល់អ្នកគ្រប់គ្រងបាន​លាឈប់ពីការងារអស់ និងថៅកែក៏បានបាត់ពីរោងចក្រ។

កម្មការិនីរូបនេះបន្តថា រោងចក្រនេះបាន​ផ្អាក​ដំណើរ​ការ​អាជីវកម្មជាច្រើនថ្ងៃហើយ ដោយថៅ​កែ​មិន​បានជូន​ដំណឹងនិងដោះស្រាយប្រាក់សំណងជូនកម្មករតាមច្បាប់ឡើយ ហើយបានលួចដឹកសម្ភារ​ចេញ​ពីរោង​ចក្រ​ថែម​ទៀត។

អ្នកស្រីបន្ថែមថា៖ «គេ [ថៅកែរោងចក្រ] អត់ជូនដំណឹងយើងថាក្ស័យ​ធន ឬប្តូរទីតាំងអី អត់ផង! យើងធ្វើការ​សុខៗ​តាំង​ពី​ថ្ងៃ​ទី​១ ខែឧសភា រហូត​ដល់​ថ្ងៃ​ទី​៧ ស្រាប់​តែ​នៅថ្ងៃទី៩​ វាបិទទ្វាររោងចក្រលែងឱ្យកម្មករចូល​តែ​ម្តង។ ឥលូវកម្មករទាមទារឱ្យក្រុមហ៊ុនទូទាត់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករតាមផ្លូវច្បាប់ ព្រោះវា​បានប៉ះពាល់ខ្លាំងដល់ជីវភាពរបស់ពួកគាត់។ និយាយទៅសឹង១០០ភាគ១ ០០០ ដែល​បាន​កម្មករជំពាក់​បំណុល​ធនាគារ និងត្រូវបង់ថ្លៃសាលាកូនរៀន និងថ្លៃចំណាយផ្សេងៗទៀត»

ប្រធាន​សហជីព​ដើម្បី​សិទ្ធិ​ការ​ងារ​ប្រចាំ​រោង​ចក្រ ឃែនធើរេន អ្នកស្រី សុខ ម៉ាលី មានប្រសាសន៍​ថា ថៅកែរោង​ចក្រ​ ឃែនធើរេន មានចេតនាគេចវេះមិន​ទទួល​ខុស​ត្រូវ​លើ​ការ​ទូទាត់​ប្រាក់​អត្ថ​ប្រយោជន៍​ជូន​កម្មករ ខណៈ​កម្មករ​បម្រើកា​រងារ​នៅរោងចក្រនេះភាគច្រើនមានអតីតភាពការងារ​យូរឆ្នាំ​ ចន្លោះពី​១០ ​ទៅ២០ឆ្នាំ។ អ្នកស្រី​បាន​​ស្នើដល់ក្រសួង​ការ​ងារ និង​អាជ្ញាធរ​ពាក់​ព័ន្ធ ស្រាវជ្រាវរកថៅកែរោងចក្រមកទទួល​ខុសត្រូវ​លើការទូទាត់សំណងជូនកម្មករ។

ប្រធានសហជីពរូបនេះលើកឡើងថា តាមផ្លូវច្បាប់ ពេលដែលរោងចក្របិទទ្វារ​ដោយមិនបានជូនដំណឹងត្រឹម​ត្រូវ គឺ​ថៅកែត្រូវដោះស្រាយសំណងជូនកម្មករចំនួន៥ចំណុច រួមមាន ប្រាក់ឈ្នួលចុងក្រោយ ប្រាក់ជូន​ដំណឹង ប្រាក់ជំងឺចិត្ត ប្រាក់អតីតភាពការងារ និងប្រាក់ដំណាច់ឆ្នាំដែលនៅសល់។

អ្នកស្រីបន្ថែមថា៖ «ក្រសួងការងារត្រូវតែជួយដល់បងប្អូនកម្មករយើង ត្រូវស្វែងរកចាប់ថៅកែឱ្យមកទទួលខុសត្រូវ ធ្វើយ៉ាងណាកុំថៅកែក្រុមហ៊ុនហ្នឹងវាគេចរួច។ ឥលូវនេះ ពួកខ្ញុំទឹកភ្នែក គ្មានលុយគ្មានកាក់ទេ។ ខ្លះ​គ្មាន​លុយ​សម្រាប់​ហូប​បាយ ខ្លះគ្មានលុយបង់ធនាគារទេ»

បុគ្គលិក​ផ្នែក​រដ្ឋបាល​រោង​ចក្រ ឃែនធើរេន លោក ឌាវ គឹមប៊ូ សុំមិន​ឆ្លើយតបជុំវិញវិវាទ​ការ​ងារ​នេះ​ទេ ដោយថា លោកបានឈប់ធ្វើការងារនៅរោងចក្រ ឃែនធើរេន តាំងពីខែមករា ឆ្នាំ២០២២នេះ។

អគ្គលេខាធិការរងគណៈកម្មការដោះស្រាយកូដកម្មបាតុកម្មគ្រប់មុខសញ្ញា នៃក្រសួងការងារ និងបណ្តុះ​​បណ្តាល​​វិជ្ជា​ជីវៈ​ លោក វង្ស សុវណ្ណ មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​ថា រោង​ចក្រ​ ឃែន​ធើរេន បិទ​ទ្វារដោយ​សារ​​ថៅកែ​រត់​ឬយ៉ាងណានៅឡើយទេ ដោយរង់ចាំការស្រាវជ្រាវសិន។

លោក​បន្តថា ក្រសួងកំពុងរង់ចាំបណ្តឹងផ្លូវការពីក្រុមកម្មករឱ្យជួយអន្តរាគមន៍ដោះស្រាយ ហើយ​នៅ​​ពេលទទួល​បាន​បណ្តឹង​ពីកម្មករ ក្រសួងនឹងដោះស្រាយតាមនីតិវិធី និងច្បាប់ស្តីពី​ការ​ងារ។ លោកបញ្ជាក់​​ថា ប្រសិ​ន​បើ​ដោះស្រាយនីតិវិធីមិនបាន នឹងបញ្ជូនសំណុំរឿងទៅតុលាការ។

លោកបន្ថែមថា៖ «ប្រសិនបើថៅកែមិនចេញមុខមកដោះស្រាយ​ អាហ្នឹងខាង​អធិការ​កិច្ច​ការ​ងារ​របស់​យើងនឹង​​ធ្វើការ​​ត្រួត​​ពិនិត្យ​​រឿង​​ហ្នឹង និង​បញ្ជូនសំណុំឯកសារពាក់ព័ន្ធតាមនីតិវិធីច្បាប់ស្តីពីការងារ។ បើយើងដោះ​ស្រាយ​តាម​ច្បាប់​ស្តីពី​ការ​ងារ​ហើយ​ ថៅកែនៅ​តែ​មិន​ចេញ​មុខ​មក​ដោះ​ស្រាយ។ យើង​អាច​បញ្ជូនសំណុំរឿងនេះ​ទៅអាជ្ញាកណ្ដាល និងតុលាការតាមនីតិវិធីរបស់យើង»

កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ កម្មករ​ជាង​៣០០​នាក់ របស់​រោងចក្រកាត់ដេរ ឃែនធើរេន អីភែរឹល (ខេមបូឌា) បាន​នាំគ្នា​​តវ៉ា​បិទ​កំណាត់​​ផ្លូវ​វេង​ស្រេង ក្នុ​ង​សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ អស់រយៈពេល​ជិត​១​ម៉ោង ដើម្បី​​​​​ទាម​​ទារ​ឱ្យថៅកែទូទាត់​ប្រាក់អតីតភាពការងារ និងប្រាក់​អត្ថប្រយោជន៍​​ផ្សេងៗ​​​តាម​​ច្បាប់ ក្រោយពួកគេឃើញ​ថៅកែ​ដឹកសម្ភារ​ផ្សេងៗ​​ចេញពីរោងចក្រដោយមិនផ្ដល់ដំណឹងដល់កម្មករ។

បើតាមប្រធានសហជីពដើម្បីសិទ្ធិការងារប្រចាំរោងចក្រ​ ឃែនធើរេន អ្នក​ស្រី សុខ ម៉ាលី គឺដើមឡើយ រោងចក្រនេះមានកម្មករសរុបចំនួនជាង​១ពាន់នាក់ ប៉ុន្តែបច្ចុប្បន្ននៅសល់ជាង​៣០០នាក់ប៉ុណ្ណោះ ដោយភាគច្រើនពួកគេមានអតីតភាពការងារច្រើន ចន្លោះពី១០ ទៅ២០ឆ្នាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ