កម្មករ​រោងចក្រ ឃែនធើរេន តវ៉ា​នៅ​មុខ​រោងចក្រ​មួយ​ផ្សេង​ទៀត​ទាមទារ​ឱ្យ​ថៅកែ​ចេញមុខ​ដោះស្រាយ​សំណង

កម្មការិនីម្នាក់បម្រើការងារនៅ​រោងចក្រកាត់ដេរសម្លៀកបំពាក់ ឃែនធើរេន អីភែរឹល ខេមបូឌា (CANTERAN APPAREL Cambodia co.,ltd) នៅ​​​សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ផ្ដល់បទសម្ភាសន៍ពាក់ព័ន្ធការតវ៉ាទាមទារឱ្យ​ថៅកែរោងចក្រនេះចេញមុខដោះស្រាយសំណង ​ក្រោយបិទទ្វាររោងចក្រ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២។ (ហ៊ី ឆាយ)

កម្មករ-កម្មការិនីជាង៣០០នាក់ បម្រើការងារនៅ​រោងចក្រកាត់ដេរសម្លៀកបំពាក់ ឃែនធើរេន អីភែរឹល ខេមបូឌា (CANTERAN APPAREL Cambodia co.,ltd) នៅ​​​សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃចន្ទនេះ បាន​​នាំគ្នាទៅតវ៉ានៅ​មុខ​រោងចក្រ ខ្វលីធី តេក្សស្ទីល (QUALITY TEXTILES) ស្ថិតក្នុងសង្កាត់ដូចគ្នា ដើម្បីទាមទារឱ្យ​ថៅកែរោងចក្រនេះចេញមុខដោះស្រាយសំណង ​ក្រោយបិទទ្វាររោងចក្រ។

កម្មករបម្រើការងារនៅ​រោងចក្រកាត់ដេរសម្លៀកបំពាក់ ឃែនធើរេន អីភែរឹល (ខេមបូឌា) បាន​នាំគ្នាដេកយាម​មុខ​រោង​ចក្រជាង១សប្តាហ៍ហើយ ដើម្បីការពារមិនឱ្យមានការដឹកសម្ភារផ្សេងៗចេញពីរោងចក្រ ក្រោយ​​សង្ស័យ​ថៅកែ​រត់​ចោលដោយ​មិន​​បាន​​ដោះ​ស្រាយ​សំណង​តាម​ផ្លូវ​ច្បាប់​ជូន​ពួក​គេ។

អ្នកស្រី សេង សុផាត អះអាងថា​ជា​​កម្មការិនីផ្នែកដេរ​នៅរោងចក្រ ឃែនធើរេន អស់រយៈពេល​១៨ឆ្នាំមក​ហើយ បាន​ប្រាប់​វីអូឌី​ថា មូល​ហេតុ​ដែល​ក្រុម​កម្មករទៅតវ៉ានៅមុខរោងចក្រ ខ្វលីធី តេក្សស្ទីល ដោយសាររោងចក្រទាំង២នេះមានថៅកែតែមួយ ហើយ​កាលពីរោងចក្រ ឃែនធើរេន នៅដំណើរការអាជីវកម្ម គឺរោងចក្រតែងតែដោះដូរអីវ៉ាន់និងសម្ភារផ្សេងៗ​ជាមួយ​រោង​ចក្រ ខ្វលីធី តេក្សស្ទីល នេះ ​ដើម្បីជំរុញដំណើរការចង្វាក់ផលិតកម្ម។

អ្នកស្រី សេង សុផាត បន្ត​ថា ថ្នាក់ដឹកនាំរោងចក្រ ឃើធើរេន ដែលបានលាឈប់ពីការងារនៅរោងចក្រនេះ និងសម្ភារមួយចំនួន​ដែល​ថៅកែបាន​ដឹក​ចេញ គឺបានដឹក​ចូលទៅរោងចក្រ​ ខ្វលីធី តេក្សស្ទីល។

អ្នកស្រីបន្ថែមថា៖ «ថ្នាក់ដឹកនាំរោងចក្រនេះ កន្លងមក​បានហៅពួកខ្ញុំទៅមើលគំរូចង្វាក់ផលិតកម្មនៅរោងចក្រ ខ្វលីធី​ ដែលគាត់​ប្រាប់ថាជាសាខាជាមួយគ្នា។ ឥលូវថៅកែនៅរោងចក្រ ខ្វលីធី បែរជាគាត់ថាមិនស្គាល់ពួកខ្ញុំ​ ទាំង​ដែល​ពួក​ខ្ញុំ​ធ្វើការជាមួយ​ជាង​២០ឆ្នាំ​ហើយ​ហ្នឹង។ ខ្ញុំសុំអំពាវនាវដល់នាយករដ្ឋមន្ត្រី និងអ្នកពាក់ព័ន្ធទាំងអស់ជួយដោះស្រាយដល់ពួកខ្ញុំជាកម្មករផង កម្មករក្រីក្រណាស់! ហើយដល់ថ្ងៃបោះឆ្នោត តែពួក​ខ្ញុំអត់មាន​លុយអីសម្រាប់ធ្វើដំណើរទៅបោះឆ្នោត»។

អ្នកស្រី នៅ ហាន បម្រើ​ការងារនៅរោងចក្រ ឃើធើរេន រយៈពេល​២១ឆ្នាំ និយាយ​ថា ករណីរោងចក្រនេះ​ផ្អាក​ដំណើរ​អាជីវកម្ម ខាង​ថៅកែមិនបាន​​ជូនដំណឹង​មុន និង​ដោះស្រាយប្រាក់សំណងតាមផ្លូវច្បាប់ជូនកម្មករឡើយ ហើយបានលួចដឹកសម្ភារចេញ​​​ពី​រោង​ចក្រ​ថែម​ទៀត ប៉ុន្តែត្រូវបានរារាំងដោយក្រុមកម្មករ។

កម្មការិនីវ័យ៤០ឆ្នាំរូបនេះបន្តថា ក្រុម​កម្មករកំពុងប្រឈមជាមួយការខ្វះខាតក្នុង​ជីវភាពគ្រួសារ និង​គ្មានលុយសម្រាប់បង់សងបំណុលធនាគារ និងប្រឈមគ្មានការងារធ្វើ ខណៈវ័យពួកគាត់កាន់តែចាស់។

អ្នកស្រីបន្ថែមថា៖ «ខ្ញុំធ្វើការរាល់ថ្ងៃសម្រាប់​ចំណាយលើកូនរៀន ទឹកភ្លើង និង​បង់​ធនាគារ ដល់​រោងចក្របិទ​ មិន​ដោះស្រាយ​សំណង​ជូន​ពួកខ្ញុំ​ តើ​ខ្ញុំបានអីសងគេ? អ៊ីចឹងសុំឱ្យអាជ្ញាធរដែនដី និងអ្នកពាក់ព័ន្ធ ត្រូវស្វែងរកថៅកែមក​ទទួល​ខុសត្រូវ»

វីអូឌី មិនអាចសុំការបញ្ជាក់ពី​អតីត​បុគ្គលិក​​ផ្នែ​ក​​រដ្ឋបាល​រោង​ចក្រ​​ ឃែន​ធើរេន លោក ឌាវ គឹមប៊ូ ដែលកម្មករអះអាងថា បច្ចុប្បន្ន​​កំពុង​បម្រើ​ការងារនៅរោងចក្រ ខ្វលីធី តេក្សស្ទីល និងអភិបាលខណ្ឌពោធិ៍សែនជ័យ លោក​ ហែម ដារិទ្ធ បាន​ទេ ​នៅ​ថ្ងៃ​ចន្ទនេះ។

ចំណែកអគ្គលេខាធិការ​នៃសមាគម​រោងចក្រកាត់ដេរនៅកម្ពុជា (GMAC) លោក ខេន លូ សុំមិនឆ្លើយពាក់ព័ន្ធករណីនេះ។

មន្ត្រីសម្ព័ន្ធ​​សហ​ជី​ព​ចលនា​កម្មក​រ លោក ស៊ុត ចិត្រ មានប្រសាសន៍ថា ករណីថៅកែបិទអាជីវកម្មដោយមិនបានជូនដំណឹងត្រឹមត្រូវដល់កម្មករនេះ គឺជារឿង​ខុសច្បាប់។ លោកថា តាមច្បាប់ មុន​នឹង​បិទរោង​ចក្រ ថៅកែ​ត្រូវជូនដំណឹងដល់កម្មករ​ជាមុន និង​ត្រូវ​​ដោះស្រាយសំណងជូនកម្មករចំនួន ៥ចំណុច រួមមាន​ ប្រាក់​ឈ្នួលចុង​ក្រោយ ប្រាក់​ជូន​​ដំណឹង ប្រាក់ជំងឺចិត្ត ប្រាក់អតីតភាពការងារ និងប្រាក់ដំណាច់ឆ្នាំដែលនៅសល់។

មន្ត្រីសហជីពរូបនេះលើកឡើងថា ថៅកែរោងចក្រ​ ឃើធើរេន មាន​ចេតនា​គេច​វេះ​មិន​ទទួលខុសត្រូវលើការ​ទូទាត់ប្រាក់អត្ថ​ប្រយោជន៍ផ្សេងៗជូនកម្មករ​។ លោកថា នេះមិនមែនជាលើកទី១ទេដែលជនបរទេសមករកស៊ីនៅកម្ពុជា ហើយបានធ្វើបាប​កម្មករខ្មែរ តាមរយៈការផ្អាក​អាជីវកម្មដោយមិនផ្តល់សំណងត្រឹមត្រូវជូនកម្មករ។

លោកបន្ថែមថា៖ «នេះវាជាចេតនាមួយអាក្រក់ អ៊ីចឹងសុំឱ្យរដ្ឋាភិបាលពិនិត្យឡើងវិញ ទាក់ទងនឹងរោងចក្រដែលបានបិទទ្វារ ដោយ​ធ្វើយ៉ាងណា​ជួយ​អន្តរាគមន៍ឱ្យមានការទូទាត់សំណងជូនបងប្អូនកម្មករតាមផ្លូវច្បាប់។ មិនត្រូវមក​បើ​ក​រកស៊ីចំណេញ​រាប់​ឆ្នាំ បង្កើត​សាខា​៤ឬ១០​ហើយ ដល់ពេលបិទ ​អត់ទទួលខុសត្រូវរបៀបនេះទេ អាហ្នឹងវាមិនល្អទេ»

អគ្គលេខាធិការរងគណៈកម្មការដោះស្រាយកូដកម្មបាតុកម្មគ្រប់មុខសញ្ញា នៃក្រសួងការងារ និងបណ្តុះ​​បណ្តាល​​វិជ្ជា​ជីវៈ​ លោក វង្ស សុវណ្ណ មាន​ប្រសាសន៍​ថា រហូតមក​ដល់​ពេលនេះ ក្រសួងមិនទាន់ទទួលបានបណ្តឹងពីក្រុមកម្មករនៅឡើយទេ។ លោកថា ពេលទទួលបាន​បណ្តឹង​ពីកម្មករ ក្រសួងនឹងដោះស្រាយតាមនីតិវិធីច្បាប់ស្តីពី​ការ​ងារ។

លោកបន្ថែមថា៖ «បើយើងនឹងដោះ​ស្រាយ​តាម​ច្បាប់​ស្តីពី​ការ​ងារ​ហើយ ​ថៅកែនៅ​តែ​មិន​ចេញ​មុខ​មក​ដោះ​ស្រាយទៀត។ យើង​​នឹងបញ្ជូនសំណុំរឿងនេះ​ទៅក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងតុលាការតាមនីតិវិធីរបស់យើង»

បើតាមប្រធានសហជីពដើម្បីសិទ្ធិការងារប្រចាំរោងចក្រ​ ឃែនធើរេន អ្នក​ស្រី សុខ ម៉ាលី គឺដើមឡើយ រោងចក្រនេះមានកម្មករសរុបចំនួនជាង​១ ០០០​នាក់ ប៉ុន្តែ​បច្ចុប្បន្ន​នៅ​សល់​ជាង​​៣០០នាក់​ប៉ុណ្ណោះ ដោយភាគច្រើនពួកគេមានអតីតភាពការងារច្រើន ចន្លោះពី១០ឆ្នាំ​ ទៅ២០ឆ្នាំ។

ក្រុមកម្មករអះអាងថា ថ្ងៃស្អែកពួកគេនាំគ្នាទៅតវ៉ាមុខរោងចក្រ​ ខ្វលីធី តេក្សស្ទីល ដែលមានទីតាំងស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ម្តងទៀត បើនៅតែមិនមានដំណោះស្រាយ​សម្រាប់​ពួកគេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ