ក្រសួងព័ត៌មាន​ស្នើ​សុំ​មេធាវី​ការពារក្ដី​របស់​រដ្ឋាភិបាល​ជួយ​ការពារ​អ្នកកាសែត​៤នាក់

រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន លោក ខៀវ កា​ញា​រី​ទ្ធ ឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មានក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សៀវភៅវិជ្ជាជីវៈសារព័ត៌មាន ដំណឹងក្លែងក្លាយ និងព័ត៌មានមិនពិត នៅរាជធានីភ្នំពេញ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

ក្រសួងព័ត៌មានស្នើសុំមេធាវីរបស់រដ្ឋាភិបាល ដើម្បីជួយ​ការពារក្តី​​ឱ្យអ្នកកាសែតក្នុង​​ស្រុកចំនួន​​​៤​​នាក់ដែលជាប់ពាក់ព័ន្ធក្នុងសំណុំរឿងព្រហ្មទណ្ឌ។

យោងតាមលិខិតមួយច្បាប់ដែលចេញដោយក្រសួងព័ត៌មាននៅថ្ងៃចន្ទនេះ បង្ហាញថា ខ្លួនបាន​​ស្នើ​​សុំ​​គោល​ការណ៍ទៅប្រធានក្រុមមេធាវីរបស់រដ្ឋាភិបាល និងមេធាវីស្ម័គ្រចិត្តដែលមានឈ្មោះថា «សម្តេ​​ច​​​​​តេជោ» ក្រោយទទួលបានសំណុំរឿង និងកិច្ចអន្តរាគមន៍ពីក្រុមអ្នកកាសែត។

លិខិតបន្តថា ការស្នើសុំក្រុមមេធាវីរបស់រដ្ឋាភិបាលនេះ នៅបន្ទាប់ពី​តំណាងអយ្យការអមសាលាដំ​​បូងខេត្ត​​កំ​​ពង់​ឆ្នាំង កាលពីដើមខែមករា ឆ្នាំ២០២២ កន្លងទៅ សម្រេចចោទប្រកាន់ អ្នកកាសែត​​៤​​នាក់ ពី​​បទ ​«កាន់កាប់ ឬដឹកជញ្ជូនអាវុធគ្មានការអនុញ្ញាត និងបទញុះញង់​​ឱ្យប្រព្រឹត្តបទ​​ឧក្រិដ្ឋ​​ជាអាទិ៍​​​​ »។

បើតាមលិខិតស្នើសុំកិច្ចអន្តរាគមន៍របស់ក្រសួងព័ត៌មាន អ្នកកាសែតទាំង៤រូប ដែលរងការចោទ​​​ប្រ​​កាន់ក្នុងសំណុំរឿងនេះ មានដូចជាឈ្មោះ សាំង ចាន់ថន ភេទប្រុស ជាចាងហ្វាងគេហទំព័រ MC TV Online លោក អុក ប៉ារ៉ាឌី ចាងហ្វាងគេហទំព័រ Kriell hot news online លោក ឈួន គង់តារា ប្រធានស៊ើបការព័ត៌មានរបស់ទូរទស្សន៍មហាជន SMC TV និងជាអគ្គនាយករងគេហទំព័រ យុវ​​ជន​ការពារសន្តិភាព​ ព្រមទាំងលោក ប្រាក់ សង្ហា ជាអ្នកបើករថយន្ត ឱ្យចាងហ្វាង នៃគេហទំព័រ M​C TV Online។

ប្រភពដដែលបន្តថា អ្នកកាសែតទាំង ៤រូបនេះ ត្រូវបានតុលាការខេត្តកំពង់ឆ្នាំង​ ចោទប្រកាន់ថា​​បា​ន​ប្រព្រឹត្តបទល្មើសនៅក្នុងទីតាំងភូមិគុយ និងភូមិប្រាសាទ ស្ថិតក្នុងឃុំដារ ស្រុកកំពង់លែង ស្រុក​​​កំពង់ឆ្នាំង កាលពីដើមខែមករា ឆ្នាំ២០២២៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ