មន្ត្រី​និង​សង្គមស៊ីវិល​បន្ត​ធ្វើ​យុទ្ធនាការ​អន្ទាក់សូន្យ​នៅ​ខេត្តព្រះវិហារ ដើម្បី​បញ្ចប់​វិបត្តិ​អន្ទាក់

មន្ត្រីក្រសួងបរិស្ថាន និងអាជ្ញាធរមូលដ្ឋាន ក្នុងពិធីបើក «យុទ្ធនាការអន្ទាក់សូន្យ» នៅសហគមន៍តំបន់ទេសចរណ៍ធម្មជាតិត្មាតប៉ើយ ស្ថិតក្នុងដែនជម្រមសត្វព្រៃគូលែន-ព្រហ្មទេព ភូមិសាស្ត្រស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២។ (ក្រសួងបរិស្ថាន)

ក្រសួង​បរិស្ថាន សង្គមស៊ីវិល និងអាជ្ញាធរពាក់ព័ន្ធ បន្តធ្វើយុទ្ធនាការ «​អន្ទាក់សូន្យ» នៅ​ខេត្តព្រះវិហារ នៅថ្ងៃចន្ទនេះ ដើម្បីលុបបំបាត់ការដាក់អន្ទាក់​​​​សត្វព្រៃគ្រប់ប្រភេទ​ នៅ​ក្នុង​​តំបន់ការ​ពារ​ធម្មជាតិ​។

សេចក្តីប្រកាសព័ត៌មានរួម​បានឱ្យដឹងថា យុទ្ធនាការ​នេះរៀបចំដោយ​​អង្គការ WCS សហការជាមួយក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្ត​ព្រះវិហារ រដ្ឋបាលខេត្តព្រះវិហារ គម្រោងព្រៃឡង់បៃតង និង​អង្គការអភិរក្សអន្តរជាតិ (CI)។

សេចក្តីប្រកាសព័ត៌មានដដែលបន្តថា៖ «យុទ្ធនាការអន្ទាក់សូន្យនេះ​អំពាវនាវឱ្យមានការដាក់ចេញ​នូវវិធាន​ការ​បន្ទាន់នានា ដើម្បីបង្កើនការពង្រឹងការអនុវត្តច្បាប់ និងពិនិត្យមើលបទប្បញ្ញត្តិពាក់ព័ន្ធ ក្នុងគោលបំណងទប់ស្កាត់​ការ​បរបាញ់​សត្វ​ព្រៃ​ខុស​ច្បាប់ និង​បញ្ចប់​វិបត្តិ​អន្ទាក់​ដែលកំពុង​គំរាមកំហែងដល់ជីវិតសត្វព្រៃកម្ពុជាកាន់តែខ្លាំងឡើង»។

រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានលើកឡើងក្នុងសេចក្តីប្រកាសព័ត៌មាន​រួម​នោះថា៖ «រាប់ចាប់ពីប្រជាពលរដ្ឋក្នុងភូមិដល់អ្នកផ្តល់សេវាដឹកជញ្ជូន អ្នកលក់ដូរម្ហូបអាហារ​នៅទីផ្សារ​ក្នុង​ក្រុង​និងទីប្រជុំជន រហូតដល់ម្ចាស់ភោជនីយដ្ឋាន និងអតិថិជន ការចូលរួមរបស់ប្រជាពលរដ្ឋសហគមន៍ គឺដើរតួយ៉ាងសំខាន់ក្នុងការផ្តល់សុវត្ថិភាពដល់ការរស់រាននៃសត្វព្រៃគ្រប់ប្រភេទក្នុងទីជម្រកព្រៃធម្មជាតិរបស់ពួកវា និងក្នុងការចូលរួមបញ្ឈប់ការប្រើប្រាស់និង​ការដាក់អន្ទាក់នៅក្នុងដែនជម្រកធម្មជាតិសម្រាប់សត្វព្រៃ»។

លោក​ក៏បាន​អំពាវ​នាវ​ដល់​ប្រជាពលរដ្ឋទាំងអស់ឱ្យបញ្ឈប់ការទទួលទានសាច់សត្វព្រៃ ឬ​ជាវផលិត​ផល​សត្វ​ព្រៃដទៃ​ទៀត ព្រមទាំង​ចូល​រួម​ក្នុង​សកម្ម​ភាព​អភិរក្ស​ធន​ធានធម្មជាតិ​​ឱ្យនៅគង់វង្សផងដែរ។

នាយកអង្គការ WCS លោកបណ្ឌិត កែន សេរីរដ្ឋា បានថ្លែងថា ការទប់ស្កាត់សកម្មភាពដាក់អន្ទាក់នៅក្នុងប្រទេសកម្ពុជា​ នឹងមិនអាចទទួលបានជោគជ័យទេ ប្រសិនបើគ្មានការចូលរួមពីសាធារណជន។

លោកថា៖ «យុទ្ធនាការនេះគឺជាយន្តការមួយប្រកបដោយប្រសិទ្ធភាពសម្រាប់យើងទាំងអស់គ្នាក្នុងការផ្សព្វផ្សាយសារបន្ទាន់ទៅកាន់សាធារណជន ដើម្បីបញ្ឈប់​ការប្រើប្រាស់ផលិតផលសត្វព្រៃឱ្យបានទាន់ពេលវេលា»។

លោក​បន្ថែម​​ថា៖ «អង្គការ WCS សូមទទូចស្នើសុំឱ្យអ្នកពាក់ព័ន្ធទាំងអស់ចូលរួមអនុវត្តតាមការអំពាវនាវនេះ ទាំងអ្នកដែលបង្កើតឱ្យមានតម្រូវការប្រើប្រាស់ផលិតផលសត្វព្រៃ និងទាំងអ្នកជួញដូរសាច់សត្វព្រៃ។ សត្វព្រៃ គឺជាផ្នែកដ៏សំខាន់មួយនៃប្រព័ន្ធអេកូឡូស៊ី។ ការចូលរួមរបស់លោកអ្នកថ្ងៃនេះ នឹងធានាដល់​ការរស់រានរបស់សត្វព្រៃនាពេលអនាគត»។

បើតាមសេចក្តីប្រកាសព័ត៌មានរួម នេះ​ជាយុទ្ធនាការទី៣ ​ក្នុងចំណោម «យុទ្ធនាការអន្ទាក់​សូន្យ» ចំនួន​៨ ក្នុងនោះ ​​យុទ្ធនាការ​ទី១ បាន​រៀបចំ​ឡើង​ដោយ​ក្រសួងបរិស្ថាន​ នៅ​រាជធានីភ្នំពេញ កាលពីថ្ងៃទី​៣ ខែមីនា និង​យុទ្ធនា​ការទី២ រៀបចំឡើង​នៅខេត្ត​ស្ទឹងត្រែង ដោយអង្គការ WWF សហការជាមួយមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង អង្គការ CI អង្គការ WEA និងគម្រោងព្រៃឡង់បៃតង កាលពីដើមខែមេសាកន្លងទៅ។

ចំណែកយុទ្ធនាការបន្តបន្ទាប់ទៀតនឹងរៀបចំធ្វើឡើងនៅខេត្តក្រចេះ មណ្ឌលគិរី កំពង់ធំ រតនគិរី និងបញ្ចប់នៅរាជធានីភ្នំពេញ។

ក្នុង​ឆ្នាំ២០២១ ក្រសួងបរិស្ថាន និងស្ថាប័នអង្គការដៃគូរបស់ខ្លួនបានដក​អន្ទាក់សរុបចំនួន៦១ ៦១១អន្ទាក់ ចេញពីតំបន់ការពារធម្មជាតិ ចំនួន​៧២ និងច្រករបៀង​ជីវ​ចម្រុះផ្សេងៗទៀតក្នុងប្រទេសកម្ពុជា។ ជាមធ្យម ក្នុងមួយឆ្នាំ មានអន្ទាក់សរុបចំនួនប្រមាណជាង៤០ ០០០ ត្រូវបានដកចេញពីតំបន់ការពារធម្មជាតិទាំងនេះ។

បើតាមលោក នេត្រ ភក្ត្រា ក្នុងឆ្នាំ២០២១នោះដែរ ក្រុមសង្គ្រោះសត្វព្រៃបន្ទាន់​មកពី​អង្គភាពចម្រុះ បានចុះប្រតិបត្តិការបង្ក្រាប​​ការ​ជួញដូរសត្វ​ព្រៃ​​ចំនួន៦២៥​ករណី សង្គ្រោះសត្វព្រៃបាន១ ២៧១ក្បាល រឹបអូសសាច់សត្វព្រៃចំនួន៣ ៦០៩ក្បាល និង​រឹបអូស​សាច់សត្វព្រៃគ្រប់ប្រភេទបានចំនួន៣៥៤គីឡូក្រាម បញ្ចូនសំណុំរឿងចំនួន១១ទៅ​តុលាការ និងបានដោះលែងសត្វព្រៃចូលទៅព្រៃធម្មជាតិ​វិញចំនួន៨៦៤ក្បាល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ